អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៣ថ្ងៃ ក្រោយ​ការបាត់​យន្តហោះ Malaysia Airlines ក្តីសង្ឃឹម​មាន​កាន់​តែ​ស្តួចស្តើង​ចំពោះ​អ្នកដំណើរ​ទំាង ២៣៩នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អាថ៌កំបំាង​កំពុង​បន្ត​មាន​ជុំវិញ​ការ​បាត់​យន្តហោះ​មួយ​គ្រឿង ជាមួយ​នឹង​អ្នកដំណើរ​ចំនួន ២៣៩នាក់​របស់​ក្រុមហ៊ុន Malaysia Airlines កាល​ពី​ថ្ងៃសៅរិ៍ ទី៨ មីនា។ ជាង ៦០ម៉ោង ក្រោយ​ពី​ការ​បាត់​យន្តហោះ​ប៊ូអ៊ីង (Boeing) ប្រភេទ ៧៧៧ នោះ​មក ការ​ស្រាវជ្រាវ ស្វែង​រក​បាន និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម ដោយ​មាន​ជំនួយ​ពី​ប្រទេស​ជិត​ខាង ពិសេស​វៀតណាម ចិន ហ្វីលីពីន សិង្ហបុរី និង​សហរដ្ឋអាមេរិក។ ទន្ទឹម​គ្នា​នេះ ក្រុម​គ្រួសារ​របស់​អ្នកដំណើរ ពិសេស​ជនជាតិ​ចិន​កំពុង​បន្ត​រង់ចំា​ដំណឹង​យ៉ាង​អន្ទះសារ ព្រម​ទំាង​​បាន​ចោទ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់។

៣ថ្ងៃ ក្រោយ​ការបាត់​យន្តហោះ Malaysia Airlines ក្តីសង្ឃឹម​មាន​កាន់​តែ​ស្តួចស្តើង​ចំពោះ​អ្នកដំណើរ​ទំាង ២៣៩នាក់
៣ថ្ងៃ ក្រោយ​ការបាត់​យន្តហោះ Malaysia Airlines ក្តីសង្ឃឹម​មាន​កាន់​តែ​ស្តួចស្តើង​ចំពោះ​អ្នកដំណើរ​ទំាង ២៣៩នាក់
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹកមិញ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បើក​ធ្វើ​សន្និសីតកាសែត​មួយ​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មី​ចុង​ក្រោយ។ នៅ​ក្នុង​សន្និសីតកាសែត​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​ហាក់​ដូច​ជា​មិន​បាន​និយាយ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ទេ ពោល​គឺ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​អ្វី​ដូច​ដែល​ក្រុមគ្រួសារ​របស់​អ្នកដំណើរ​កំពុង​រង់ចំា​ឡើយ។ ជាមួយ​គ្នា​នេះ រដ្ឋអំណាច​ម៉ាឡេស៊ី​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ភាពអសមត្ថភាព​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ដ៏​អាថ៌កំបំាង​មួយ​នេះ។ លោក​នាយក​អាកាចរណ៍ស៊ីវិល​ម៉ាឡេស៊ី​បាន​លើក​ឡើង​ពី​អភូតហេតុ​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​នៃ​ការ​បាត់​យន្តហោះ​នោះ។

៣ថ្ងៃ​មក​ហើយ​ដែល​ការ​ស្រាវជ្រាវ ស្វែង​រក​យន្តហោះ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​នាវា ឧទ្ធម្ភាគចក្រ និង​យន្តហោះ​សរុប​ប្រមាណ​ជា ៦០គ្រឿង​មក​ពី​ប្រទេស​ជិតខាង ពិសេស​វៀតណាម ចិន ហ្វីលីពីន សិង្ហបុរី និង​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​អាទិត្យ ទី៩ មីនា ទាហាន​ជើងអាកាស​វៀតណាម​បាន​រក​ឃើញ​វត្តមាន​ប្រេង​នៅ​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ តែ​បន្ទាប់​ពី​បាន​ធ្វើ​ការ​វិភាគ​មក ប្រេង​នោះ​មិនមែន​ជា​ប្រេងសំាង​របស់​យន្តហោះ​នោះ​ទេ។ បន្ទាប់​មក​ទៀត ក្រុមទាហាន​វៀតណាម​ដដែល​បាន​ប្រទះ​ឃើញ​វត្ថុ​ពណ៌ ស មួយ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹក​សមុទ្រ​ដែល​គេ​សង្ស័យ​ថា ជា​បំណែក​កន្ទុយ​យន្តហោះ។ តែ​ក្រុមហ៊ុន Malaysia Airlines អះអាង​ថា មិនមែន​ជា​បំណែក​យន្តហោះ​នោះ​ទេ។

នៅ​ថ្ងៃ​ចន្ទ​នេះ និង​ក្រោយ​ពី​បាន​ស្រាវជ្រាវ ស្វែង​រក​ពេញ​មួយ​ថ្ងៃ​មក ក្រុមទាហាន​ជើងអាកាស​វៀតណាម​ដដែល​បាន​ពើប​ប្រទះ​ឃើញ​វត្ថុមួយ​ពណ៌លឿង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ដែល​គេ​សង្ស័យ​ថា ជា​ពោងសង្រ្គោះ​របស់​យន្តហោះ។ តែ​ក្រុម​អ្នកស៊ើបអង្កេត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​វៀតណាម​ទើប​បាន​ប្រកាស​ថា វត្ថុ​ដែល​គេ​ប្រទះ​ឃើញ​នោះ មិនមែន​ជា​ពោងសង្រ្គោះ​របស់​យន្តហោះ​បាត់ខ្លួន​នោះ​ទេ តែ​ជា​ឆ្នុក​ខ្សែមួយ​ដុំ​រុំព័ទ្ធជុំវិញ​ដោយ​ស្នោ។

សរុប​មក ជិត ៣ថ្ងៃ​ក្រោយ​បាត់​យន្តហោះ​នោះ​មក ចម្ងល់​កំពុង​បន្ត​មាន​តែ​ខ្លំាង ដោយ​នៅ​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​ទីកន្លែង​ដែល​យន្តហោះ​នោះ​ធ្លាក់ ឬ​មួយ​ក៏​បាន​ចុះចត​សម្ងំ​នៅ​ភព​ណា​មួយ​ទេ។

រដ្ឋអំណាច​ម៉ាឡេស៊ី​ពង្រឹង​ការ​ស៊ើបអង្កេត​រឿង​ភេរវកម្ម

ការ​ស៊ើបអង្កេត​រឿង​ទង្វើ​ភេរវកម្ម​កំពុង​បន្ត​មាន​យ៉ាង​សកម្ម ពិសេស​ជុំវិញ​អ្នកដំណើរ​សង្ស័យ​ចំនួន ៤នាក់។ យោង​តាម​រដ្ឋអំណាច​ម៉ាឡេស៊ី ក្នុង​ចំណោម​អ្នកដំណើរ​សង្ស័យ​ទំាង ៤នាក់​នោះ មាន​យ៉ាង​តិច ២នាក់​បាន​ប្រើ​លិខិត​ឆ្លងដែន​អឺរ៉ុប​ក្លែងក្លាយ ពោល​ជា​លិខិត​ឆ្លងដែន​របស់​ជនជាតិ​អូទ្រីស​ម្នាក់ និង​អ៊ីតាលី​ម្នាក់។ លិខិត​ឆ្លងដែន​របស់​ជនជាតិ​អឺរ៉ុប​ទំាង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចោរ​លួច​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នំា ២០១២ និង ២០១៣។ ឈ្មោះ​របស់​ជនជាតិ​អូទ្រីស និង​អ៊ីតាលី​ទំាង​ពីរ​នាក់​ពិត​ជា​មាន​នៅ​ក្នុង​បញ្ជីរ​ហោះហើរ​របស់​យន្តហោះ Malaysia Airlines នោះ​មែន តែ​អ្នក​ទំាង​ពីរ​មិន​មាន​វត្តមាន​នៅ​ក្នុង​យន្តហោះ​នោះ​ទេ។ យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី អ្នកដំណើរ​ដែល​បាន​ប្រើ​លិខិតឆ្លងដែន​លួច​ពី​ជនជាតិ​អឺរ៉ុប​នោះ មាន​ភិនភាគ​ជា​ប្រជាជន​អាស៊ី តែ​មិន​បាន​បញ្ជាក់​ថា ជា​ជនជាតិ​អ្វី​ទេ។ រីឯ​ប៉ូលិស​ថៃ​វិញ​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​លទ្ធភាព​នៃ​ការ​រត់ពន្ធ​លិខិតឆ្លងដែន។

អាថ៌កំបំាង​មួយ​ទៀត​ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កូឡាឡំាពួរ​ផ្តោត​ការ​ស៊ើបអង្កេត​រឿង​ទង្វើ​ភេរវកម្ម គឺ​ការ​ដែល​មាន​អ្នកដំណើរ​ចំនួន ៥នាក់​មាន​សំបុត្រ​យន្តហោះ​ក្នុង​ដៃ និង​បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ថ្លឹងអីវ៉ាន់​រួច​ហើយ តែ​បែរ​ជា​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ពេល​ឡើង​ជិះ​យន្តហោះ​ទៅ​វិញ។ ត្រង់​ចំណុច​នេះ ក្រុមហ៊ុន Malaysia Airlines បាន​ធានា​ថា បន្ទាប់​ពី​មិន​បាន​ឃើញ​វត្តមាន​អ្នកដំណើរ​ទំាង ៥នាក់​នោះ​មក ក្រុមហ៊ុន​ក៏​បាន​ដក​អីវ៉ាន់​របស់​ពួក​គេ​ចេញ​ពី​យន្តហោះ​វិញ​ដែរ មុន​នឹង​ធ្វើ​ការ​ហោះឡើង​របស់​យន្តហោះ។

ការ​ទន្ទឹម​រង់ចំា និង​ការ​ផ្ទុះ​កំហឹង​កំពុង​មាន​កាន់​តែ​ខ្លំាង​ចេញ​ពី​ក្រុមគ្រួសារ​អ្នកដំណើរ

ការ​ទន្ទឹម​រង់ចំា លាយឡំ​នឹង​កំហឹង​កំពុង​មាន​កាន់​តែ​ខ្លំាង​ចេញ​ពី​ក្រុមគ្រួសារ​អ្នកដំណើរ ពិសេស​ជនជាតិ​ចិន​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​យន្តហោះ​បាត់ខ្លួន​នោះ។ ទន្ទឹម​គ្នា​នេះ មធ្យោបាយ​ឃោសនា​មហាជន​ចិន​ក៏​បាន​នំា​គ្នា​រិះគន់ ទិតៀន​រដ្ឋអំណាច​ម៉ាឡេស៊ី ព្រម​ទំាង​ក្រុមហ៊ុន Malaysia Airlines យ៉ាង​ចាស់​ដៃ​ដែរ។ រិះគន់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​លឿន និង​ច្បាស់លាស់។ ទន្ទឹម​គ្នា​នេះ កាសែតចិន​ក៏​បាន​ឆ្លៀត​ព្រមាន​ទុក​ជា​មុន​ថា ទោះ​បី​ជា​យន្តហោះ​នោះ​ធ្លាក់​ក្នុង​សមុទ្រ ឬ​មួយ​ក៏​យ៉ាង​ម៉េច​ក៏​ដោយ ក៏​រដ្ឋាភិបាល​ម៉ាឡេស៊ី​មិន​អាច​គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ដែរ។

កាសែត​ចិន​ជា​ភាសា​អង់គ្លេស​ឈ្មោះ « China Daily » បាន​យល់ស្រប​តាម​សេណារីយ៉ូ​ដែល​លើក​ឡើង​ដោយ​រដ្ឋអំណាច​ម៉ាឡេស៊ី​រឿង​ទង្វើ​ភេរវកម្ម។ តែ « China Daily » បាន​ឆ្លៀត​វាយប្រហារ​ថា ការ​ដែល​មាន​អ្នកដំណើរ​មួយ​ចំនួន​បាន​ប្រើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ រហូត​ដល់​ឡើង​ជិះ​យន្តហោះ​បាន គឺ​សក្ខីកម្ម​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ​របស់​ក្រុមហ៊ុន Malaysia Airlines។ ដោយឡែក ក្រុមអ្នក​ប្រើ​អ៊ីនធឺណែត​ចិន​វិញ​បាន​លើក​ឡើង​ពី​អំពើភេរវកម្ម​កាល​ពី​មួយ​សប្តាហ៍​មុន នៅ​ក្នុង​ស្រុក Kunming ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៩នាក់។ អំពើភេរវក្ម​កាល​ណោះ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ទម្លាក់​កំហុស​លើ​ក្រុម​អ៊ីស្លាម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​ខេត្ត​ស៊ីនជំាង។

អ្វី​ជា​ការ​កត់សម្គាល់ ការ​បាត់​យន្តហោះ Malaysia Airlines ពេល​នេះ​បាន​កើត​មាន​ឡើង ជិត​មួយ​សប្តាហ៍ បន្ទាប់​ពី​អំពើ​ភេរវកម្ម​នៅ​ស្រុក Kunming។ អ៊ីចឹង​ហើយ​បាន​ជា​ក្រុមអ្នក​ប្រើ​អ៊ីនធឺណែត​ចិន​សង្ស័យ​ថា ក្រុមអ៊ីស្លាម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​ខេត្ត​ស៊ីនជំាង​ដដែល​នេះ​អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​បាត់​យន្តហោះ Malaysia Airlines ពេល​នេះ ព្រោះ​ថា អ្នកដំណើរ​ភាគ​ច្រើន​នៅ​ក្នុង​យន្តហោះ​នោះ ជា​ជនជាតិ​ចិន។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​អះអាង​រួច​ហើយ​ថា នឹង​បើក​ការ​ស៊ើបអង្កេត​លើ​គ្រប់​សេណារីយ៉ូ​ទំាង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ