អានតួអត្ថបទ
ម៉ាឡេស៊ី

យន្តហោះ​ម៉ាឡេស៊ី​ដឹក​មនុស្ស​២៣៩នាក់​ បាត់​ស្រមោលក្នុង​ដែន​អាកាស​វៀតណាម ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

នៅថ្ងៃ​សៅរ៍នេះ យន្តហោះ​បូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ដឹកមនុស្ស​២៣៩នាក់ ជាពលរដ្ឋ​ចំរុះ​១៤ប្រទេស បាន​បាត់​ស្រមោល​សូន្យ​ឈឹង​ ក្នុង​ដែនអាកាស​វៀតណាម​ នៅ​​សមុទ្រ​ចិន​ខាងត្បូង ក្រោយពេល​បាន​ហោះចេញពីចំណត​យន្តហោះ​នៅក្រុង​កូឡាឡុំពួរ មិនដល់​មួយម៉ោង​ផង។ ក្រុមហ៊ុន​ម៉ាឡេស៊ី​​អ៊ែរឡាញ​​​​មិនទាន់​អាច​ប្រាប់ថា តើ​យន្តហោះ​ខ្លួន​បាន​ឆេះ​ធ្លាក់​រឺយ៉ាងណា​នោះ​ទេ។ ពេលនេះ អាជ្ញាធរ​វៀតណាម ម៉ាឡេស៊ី ចិន និង​សាំងហ្កាពួរ កំពុង​​ ធ្វើការ​រុករក​យន្តហោះ​ នៅ​តំបន់​មួយ​ស្ថិត​នៅភាគខាងត្បូង​កោះថូជូ​​របស់​វៀតណាម។ ​រដ្ឋមន្ត្រី​​បារាំង​ទទួល​បន្ទុក​ផ្នែក​ដឹកជញ្ជូន​ បាន​ស្នើជួយ​អាជ្ញាធរ​វៀតណាម​ និង​ម៉ាឡេស៊ី​ ក្នុង​ការ​ស៊ើប​អង្កេត​រក​កំទេចកំទី​យន្តហោះ។​

សមាជិក​ក្រុមគ្រួសារ​អ្នកដំណើរ​​ក្នុង​យន្តហោះ​បូអ៊ីង ៧៧៧ កំពុង​យំសោក និងបញ្ចេញ​កំហឹង​ចំពោះ​ការដែល​យន្តហោះ​បាត់ដំណឹង​បែបនេះ
សមាជិក​ក្រុមគ្រួសារ​អ្នកដំណើរ​​ក្នុង​យន្តហោះ​បូអ៊ីង ៧៧៧ កំពុង​យំសោក និងបញ្ចេញ​កំហឹង​ចំពោះ​ការដែល​យន្តហោះ​បាត់ដំណឹង​បែបនេះ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​បូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ដែល​បាត់ខ្លួនម្តុំ​​កោះវៀតណាម​ថូជូ ស្ថិត​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ​​​ថ្ងៃ​សៅរ៍នេះ បាន​ចាកចេញ​ពី​ក្រុងកូឡាឡុំពួរ​ប្រទេស​ម៉ាឡេស៊ី​ នៅ​អាធ្រាត​ថ្ងៃ​សុក្រ។ ប៉ុន្តែ ខណៈ​យន្តហោះ​​​ត្រូវ​ចុះចត​នៅ​ក្រុងប៉េកាំង នៅ​ព្រឹក​ម៉ោង​៦និង៣០នាទី គេ​នៅមិនទាន់​រកឃើញ​យន្តហោះ នេះ​នៅ​ឡើយទេ។ ​យន្តហោះ​ដឹក​មនុស្ស​​​២៣៩នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​២២៧នាក់។ អ្នក​ដំណើរ​​ជាពលរដ្ឋ​ចម្រុះ​មក​ពី​១៤ប្រទេស​ មានដូចជា​ចិន ម៉ាឡេស៊ី បារាំង អូស្ត្រាលី អាមេរិក​ និង​ឥណ្ឌូណេស៊ី។ អ្នក​ដំណើរ​​​ភាគច្រើន​​ជាជនជាតិ​ចិន។ សមាជិក​គ្រួសារ​អ្នកដំណើរ​ចិន​ បាន​យំសោក និង​សំដែង​ការ​ខឹងសម្បារ​ចំពោះ​ក្រុមហ៊ុន​ម៉ាឡេស៊ីអ៊ែរឡាញ​ និង​បរិហារ​ក្រុមហ៊ុន​ថា មិនបាន​ផ្តល់​ដំណឹង​គ្រប់គ្រាន់។

យោងតាម​ឧត្តមនាវី​វៀតណាម ង៉ូ វ៉ាន់ផាត ​យន្តហោះ​ម៉ាឡេស៊ី​ប្រហែល​ជា​​បាក់​ធ្លាក់​ទៅ​​ក្នុង​សមុទ្រ ក្នុង​ដែនទឹក​ម៉ាឡេស៊ី។ ប៉ុន្តែ​រដ្ឋមន្ត្រីផ្នែក​​ដឹកជញ្ជូន​ម៉ាឡេស៊ី​ បាន​អះអាងថា មិនបាន​រកឃើញ​កំទេចកំទី​យន្តហោះ​នោះទេ។ អាជ្ញាធរ​វៀតណាម ម៉ាឡេស៊ី និង​សាំងហ្កាពួរ កំពុង​តែ​ធ្វើការ​រុករក​យន្តហោះ​ នៅ​តំបន់​មួយ​ស្ថិត​នៅភាគខាងត្បូង​កោះវៀតណាម​ ឈ្មោះថា ថូជូ​​ ជាទីកន្លែង​​ដែលយន្តហោះ​បាត់ស្រមោល។ អាជ្ញាធរ​ចិន​ក៏​បាន​បញ្ជូន​នាវា​ពីរគ្រឿង ទៅ​ជួយ​​​រុករក​យន្តហោះផងដែរ។

នៅចុងរសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ នៅពេល​យន្តហោះ​ម៉ាឡេស៊ី បូអ៊ីង ៧៧៧ នេះ​ហោះ​ក្នុង​ដែនទឹក​ចន្លោះ​​ម៉ាឡេស៊ី និង​ក្រុងហូជីមិញ​វៀតណាម យន្តហោះ​មិនបាន​ជូនដំណឹង​​ទៅ​ផ្នែក​ត្រួតពិនិត្យ​ដែនអាកាស​វៀតណាម តាម​ការគ្រោងទុក​នោះទេ។ អាជ្ញាធរ​ចិន​ក៏បាន​ប្រាប់​ដែរ​ថា បាន​បាត់​ទំនាក់ទំនង​​ជាមួយ​យន្តហោះនេះ​​ ក្នុង​ដែន​អាកាស​វៀតណាម។

ប្រសិន​បើ​យន្តហោះ​នេះ​ពិតជា​ជួបគ្រោះថ្នាក់​មែន នេះ​​ជាគ្រោះថា្នក់​​ធ្ងន់ធ្ងរ​បំផុត ដែល​យន្តហោះ​​បូអ៊ីង​ប្រភេទ​៧៧៧-២០០ER ជួប​ប្រទះ​ គិតចាប់ពី​ពេលផ្តើម​​ដំណើរការ​ខ្លួន​លើកដំបូង នៅ​ឆ្នាំ​១៩៩៥មក។ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ យន្តហោះ​បូអ៊ីង​៧៧៧នេះ បាន​​ជួបគ្រោះថ្នាក់​ នៅ​ពេល​ចុះចត​នៅ​ក្រុងសាន់ហ្វ្រាន់ស៊ិសស្កូ សហរដ្ឋអាមេរិក។ កាលណោះ​ អ្នកដំណើរ​៣នាក់​បាន​ស្លាប់ ហើយ​១៨០នាក់ទៀត​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ