អានតួអត្ថបទ
ស៊ីរី

ការវាយ​បង្ក្រាប​នៅតែ​កើតមាន​ ​របប​ផ្តាច់ការ​បាស្ហារអែល-អាស្សាដ​យល់ព្រម​ធ្វើសម្បទាន​

ជាងមួយខែ​ក្រោយពី​ប្រជាជន​ស៊ីរី​បាន​ងើប​បះបោរ​ប្រឆាំង​ ​ រដ្ឋាភិបាល​នៃ​របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​បាន​អនុម័ត​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​នូវ​គម្រោង​ច្បាប់​មួយ​សម្រាប់​ដកចេញ​ “ការប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យឋិត​នៅ​ក្រោម​ភាពអាសន្ន” ​ដែល​ជា​ការ​ទាមទារ​ដ៏​សំខាន់​មួយ​របស់​បាតុករ​ស៊ីរី។របប​គ្របគ្រង​បាស្ហារ​ អែល-អាស្សាដ​ស្រែក​ថា​ ​ មាន​ការ​ងើប​បះបោរ​ដោយ​ប្រើ​អាវុធ​ ​ ហើយ​បាន​ចោទថា​ ពួក​អ៊ីស្លាមនិយម​ជា​អ្នក​ធ្វើការ​បំបះ​បំបោរ​ ​ ហើយ​និងទីក្រុង​វ៉ាស៊ីនតោន​ជា​ខ្នង​បង្អែក​របស់​ពួក​បាតុករ​ស៊ីរី។ 

នៅទីក្រុង Banias, បាតុករ​​សរសេរ​​លើ​បដាថា​​  "ពុំចង់​បាន​ទេ​​ភេរវនិយម​​ យើងចង់បាន​​សេរីភាព"
នៅទីក្រុង Banias, បាតុករ​​សរសេរ​​លើ​បដាថា​​ "ពុំចង់​បាន​ទេ​​ភេរវនិយម​​ យើងចង់បាន​​សេរីភាព" © Reuters
ផ្សាយពាណិជ្ជកម្ម

02:07

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅខណៈនេះ​ ទីក្រុង​ដាម៉ាស​បាន​យល់ព្រម​ធ្វើ​កំណែ​ទម្រង់​ខ្លះៗ​មាន​ដូចជា​ ការដកចេញ​នូវ​“ការប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យឋិត​នៅ​ក្រោម​ភាពអាសន្ន” ​ដែល​បាន​ចូល​ជា​ធរមាន​អស់​រយៈពេល​៤៨ឆ្នាំ​មកហើយ។​ ការដកចេញ​នូវ​“ការប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យឋិត​នៅ​ក្រោម​ភាពអាសន្ន” ​នេះ​គឺ​ពិតជា​សម្បទាន​មួយ​ដ៏​សំខាន់​ពី​សំណាក់​របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​​ ​ ទោះបីជា​នៅ​ពេល​ទន្ទឹមគ្នា​នេះ​ អាជ្ញាធរ​ស៊ីរី​បាន​ប្រកាស​ឲ្យដឹងថា​ ​ គេ​នឹង​ចេញ​ច្បាប់​ថ្មី​សម្រាប់​គ្រប់គ្រង​បញ្ហា​បាតុកម្ម​ក៏​ដោយ។

 
ចំណែកឯ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​វិញ​ ​ បាន​ថ្លែងថា​៖​ ច្បាប់ថ្មី​របស់​អាជ្ញាធរ​ស៊ីរី​អាច​នឹងមាន​លក្ខណៈ​តឹងរ៉ឹង​ដូច​​“ការប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យឋិត​នៅ​ក្រោម​ភាពអាសន្ន” ​អ៊ីចឹងដែរ។​ រីឯ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក៏មាន​ការ​យល់ឃើញ​ដូចគ្នា​ដែរ។

ក៏​ប៉ុន្តែ​មាន​សញ្ញា​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ អាជ្ញាធរ​ស៊ីរី​នៅ​ពុំ​យល់ព្រម​តាម​ការ​ទាមទារ​របស់​បាតុករ​ប្រឆាំង​នៅ​ប្រទេស​ស៊ីរី​ឡើយ។​ ប៉ុន្មាន​ម៉ោង​ក្រោយពី​ការប្រកាស​របស់​រដ្ឋាភិបាល​ ​ ស្រាប់តែ​លោក​ម៉ាហមូដ​ អ៊ីស្សា​ដែល​ជា​មេដឹកនាំ​ប្រឆាំង​ស៊ីរី​ម្នាក់​បាន​ត្រូវ​កម្លាំង​សន្តិសុខ​មក​ចាប់​ពី​គេហដ្ឋាន​របស់​លោក​ទាំងយប់​យកទៅ​ឃុំឃាំង។

នៅ​ទីក្រុង​Homs ​ឯណោះ​ ​ នគរបាល​បាន​បាញ់​ទៅលើ​បាតុករ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៦នាក់។​ គឺនៅ​ក្នុង​ទីក្រុង​ឧស្សាហកម្ម​ដែល​មាន​ប្រជាជន​ជាង​១លាននាក់​រស់នៅ​នេះ​ហើយ​ដែល​ភាព​តានតឹង​បាន​កើតមាន​អស់​រយៈពេល​ពីរថ្ងៃ​មកហើយ។​ ពួកបាតុករ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​មាន​ “បាតុកម្ម​ធំ​ជាទូទៅ”​មួយ​នៅ​ប្រទេស​ស៊ីរី។

បើ​យោងតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ ​ ទីក្រុង​Homs​មាន​សភាព​ជា​តំបន់​សង្គ្រាម​ ​ ដោយហេតុថា​ កាលពី​ម្សិលមិញ​វិថី​នានា​មាន​សភាព​ស្ងាត់​ជ្រងំ​ ​ ហាង​លក់​ទំនិញ​បាន​នាំគ្នា​បិទទ្វារ​អស់​ ​ នគរបាល​បាន​ហាមឃាត់​ពុំ​ឲ្យ​មាន​ការ​ជួបប្រជុំ​គ្នា​នៅ​ “ទីលាន​នាឡិកា”​​ដែល​ជា​ទីកន្លែង​មួយ​ដ៏​សំខាន់​សម្រាប់​បាតុករ​ប្រមូលផ្តុំ​គ្នា​នៅ​ ទីក្រុង​Homs​។

នៅទីក្រុង​Banias ឯណោះវិញ​ ​ ពួកបាតុករ​ប្រឆាំង​នៅតែ​កេណ្ឌ​ប្រមូល​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ពួកគេ​ដែល​ជា​មូលហេតុ​នាំឲ្យ​របប​គ្របគ្រង​បាស្ហារ​ អែល-អាស្សាដ​ស្រែក​ថា​ ​ មាន​ការ​ងើប​បះបោរ​ដោយ​ប្រើ​អាវុធ​ ​ ហើយ​បាន​ចោទថា​ ពួក​អ៊ីស្លាមនិយម​ជា​អ្នក​ធ្វើការ​បំបះ​បំបោរ​ ​ ហើយ​និងទីក្រុង​វ៉ាស៊ីនតោន​ជា​ខ្នង​បង្អែក​របស់​ពួក​បាតុករ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ