អានតួអត្ថបទ
ស៊ីរី

បាតុករ​ស៊ីរី​រាប់ម៉ឺននាក់​ទាមទារ​ឲ្យមាន​សិទ្ធិសេរីភាព​នៅទូទាំង​ប្រទេស​

បាតុករ​ស៊ីរី​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចុះថ្នល់​ធ្វើបាតុកម្ម​នៅទូទាំង​ប្រទេស​នៅថ្ងៃសុក្រ​ម្សិលមិញ​ ​ ដើម្បី​សម្ដែង​ការប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​បាស្ហារ​ អាល-អាស្សាដ។​ ទោះបីជា​មានការ​​ដោះលែង​បាតុករ​ដែល​បាន​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំឃាំង​តាំងពី​ថ្ងៃទី​១៥មីនា​ ​ ហើយនិង​មាន​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីរី​ថ្មី​ដើម្បី​ដឹកនាំ​កំណែ​ទម្រង់​នៅក្នុង​ប្រទេស​ក៏ដោយ។

លោក​​ប្រធានាធិបតី​​បាស្ហារ​​អាល-អាស្សាដ​នៃប្រទេស​​ស៊ីរី​. .
លោក​​ប្រធានាធិបតី​​បាស្ហារ​​អាល-អាស្សាដ​នៃប្រទេស​​ស៊ីរី​. . ©​ Reuters/Syrian state TV
ផ្សាយពាណិជ្ជកម្ម

05:25

បទវិភាគរបស់​ សៀក សារិន

បាតុករ​ស៊ីរី​ដែល​ស្រឡាញ់​ “សិទ្ធិសេរីភាព”​ បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​សន្តិវិធី​ដើម្បី​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ពួកគេ​ក្នុង​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ីរី​លើកចេញ​នូវ​៖​

 
ទី១-​ការ​ប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យ​ឋិតនៅ​ក្រោម​ភាព​អាសន្ន​។

ទី២-​បញ្ឈប់​ជា​បន្ទាន់​អំពើ​ហិង្សា​និង​ការ​ចាប់​ឃុំឃាំង​ហើយនិង​ការ​ធ្វើ​ទារុណកម្ម​ទៅលើ​បាតុករ​ដែល​បាន​ត្រូវ​បរិហារ​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស។

ទី៣-​ទាមទារ​ឲ្យ​រំលាយ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​ដែល​បាន​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​តែ​មួយគត់​គឺ​គណបក្ស​Baas ​ដែល​បាន​ក្តោបក្តាប់​គ្រប់គ្រង​ប្រទេស​ស៊ីរី​តាំងពី​ឆ្នាំ១៩៦៣មក។

ហើយ​បាតុករ​ស៊ីរី​ដែល​ស្រឡាញ់​ “សិទ្ធិសេរីភាព”​បាន​សម្ដែង​បង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​ម្តងទៀត​នូវ​ការ​ប្រឆាំង​របស់​ពួកគេ​នៅ​ចំពោះមុខ​ “ជម្លោះ​សាសនា”​ដែល​កើតមាន​រវាង​សហគមន៍​ជាច្រើន​ដែល​មាន​នៅ​ប្រទេស​ស៊ីរី​ ​ ហើយ​បាន​នាំគ្នា​ស្រែក​ប្រកាស​ថា​ ​ "​ប្រទេស​ស៊ីរី​មាន​តែ​មួយ​គត់"​។

គួរកត់​សម្គាល់ថា​ ​ នៅ​តាម​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​ស៊ីរី​ ​ បាតុករ​ស៊ីរី​ដែល​ស្រឡាញ់​ “សិទ្ធិសេរីភាព”​ បាន​នាំគ្នា​ស្រែក​ប្រកាស​ថា​ “គេ​សុខចិត្ត​ស្លាប់​ជាជាង​រស់នៅ​ដោយគ្មាន​សេចក្តី​ថ្លៃថ្នូរ”។

នៅ​ចំពោះមុខ​ការទាមទារ​របស់​បាតុករ​ស៊ីរី​រាប់ម៉ឺននាក់​តាំងពី​ថ្ងៃទី​១៥មីនា​ឆ្នាំ២០១១​មក​ ​ លោក​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​បាន​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក​Adel Safar ដែល​ធ្លាប់​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អស់​រយៈពេល​៨ឆ្នាំ​នៅក្នុង​រដ្ឋាភិបាល​មុន។​ ចំណែកឯ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារជាតិ​ ​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​ ​ និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រេងឥន្ធនៈ​នៅក្នុង​រដ្ឋាភិបាល​ស៊ីរី​មុន​នៅ​កាន់កាប់​មុខតំណែង​ដដែល។​ ហើយ​រដ្ឋាភិបាល​ស៊ីរី​ថ្មីនេះ​មាន​បន្ទុក​ទទួល​រៀបចំ​ឲ្យមាន​កំណែទម្រង់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស។​ ក៏​ប៉ុន្តែ​ លោក​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ពុំបាន​លើកចេញ​ “ការ​ប្រកាស​ដាក់​ប្រទេស​ស៊ីរី​ឲ្យ​ឋិតនៅ​ក្រោម​ភាព​អាសន្ន​”​ឡើយ។

នៅ​សប្តាហ៍​នេះ​ លោក​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​អ្នកតំណាង​ជាច្រើននាក់​មកពី​ទីក្រុង​ដែរ៉ា​ដែល​មាន​បាតុករ​ស៊ីរី​រាប់សិបនាក់​បាន​ស្លាប់​ដោយហេតុ​តែ​មាន​ការ​វាយបង្ក្រាប​ដ៏​ហិង្សា​ពី​សំណាក់​នគរបាល។​ ហេតុ​ដូច្នេះហើយ​ ​ បាន​ជា​លោក​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​បាន​សន្យា​ថា​នឹង​បញ្ឈប់​ពុំ​ឲ្យ​មាន​ទង្វើ​ហិង្សា​ប្រព្រឹត្ត​ទៅលើ​បាតុករ​ស៊ីរី​នៅ​ពេល​អនាគត។

នៅ​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​ប្រទេស​ស៊ីរី​ ប្រជាជន​ស៊ីរី​ដែល​ស្រឡាញ់​ “សិទ្ធិសេរីភាព”​ និង​ស្រឡាញ់​ “យុត្តិធម៌”​គ្មាន​ជំនឿ​សោះឡើយ​ទៅលើ​គម្រោងការ​ធ្វើ​កំណែ​ទម្រង់​របស់​លោក​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ។​ ហេតុ​ដូច្នេះហើយ​ បានជា​ពួកគេ​បាន​ ទាមទារ​ឲ្យ​រំលាយ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​ដែល​បាន​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​តែ​មួយគត់​គឺ​គណបក្ស​Baas ​ដែល​បាន​ក្តោបក្តាប់​គ្រប់គ្រង​ប្រទេស​ស៊ីរី​តាំងពី​ឆ្នាំ១៩៦៣​ ​ ហើយ​ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ​ សិទ្ធិសេរីភាព​នយោបាយ។

ចំណែកឯ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Right Watch បាន​ចោទប្រកាន់​ក្រសួង​សន្តិសុខ​ស៊ីរី​ថា ​បាន​ធ្វើ​ទារុណកម្ម​ទៅលើ​បាតុករ​ស៊ីរី​ជាច្រើន​នាក់​នៅក្នុង​ចំណោម​បាតុករ​រាប់រយនាក់​ ដែល​ក្រសួង​សន្តិសុខ​ស៊ីរី​បាន​ចាប់​ឃុំខ្លួន​តាំងពី​មាន​បាតុកម្ម​នៅ​ថ្ងៃ​ដំបូង​ពោលគឺ​ពីថ្ងៃ​ទី១៥មីនា​ឆ្នាំ២០១១។​ រីឯ​អង្គការ​Amnesty International វិញ​ បាន​ថ្លែង​ឲ្យ​ដឹងថា​ មាន​បាតុករ​ស៊ីរី​យ៉ាងតិច​២០០នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយបង្ក្រាប​យ៉ាងហិង្សា​ដោយ​កងកម្លាំង​រក្សា​សន្តិសុខ​ស៊ីរី​ឬ​ដោយ​នគរបាល​ដែលមាន​ឯកសណ្ឋាន​ជា​ស៊ីវិល។

នៅឯទីក្រុង​ហ្សឺណែវ​ឯណោះ​ អ្នកឯកទេស​ខាងសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​អំពាវនាវ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ ​ ឲ្យ​រដ្ឋអំណាច​ស៊ីរី​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​វាយបង្ក្រាប​ដ៏ហិង្សា​ទៅលើ​បាតុករ​ស៊ីរី​ដែល​ធ្វើ​ការ​ទាមទារ​ដោយ​ប្រើ​សន្តិវិធី។

ហើយ​នៅ​ចំពោះមុខ​អ្នក​កាសែត​នៅទីក្រុង​ប៊ែរឡាំង​ លោក​ស្រី​គ្លីនតុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​ស៊ីរី​បញ្ឈប់​ឲ្យបាន​ឆាប់រហ័ស​នូវ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ទៅលើ​អ្នក​ប្រឆាំង​នៅ​ប្រទេស​ស៊ីរី​ដែល​គ្រាន់តែ​ទាមទារ​ចង់បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជាជន​ស៊ីរី​តែ​ប៉ុណ្ណោះ៕.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ