អានតួអត្ថបទ
ស៊ីរី

តើបាតុកម្ម​គាំទ្ររបប​បាស្ហារអែល-អាស្សាដ​អាចមាន​ឥទ្ធិពល​អ្វីខ្លះ​ទៅលើ​ចលនា​ប្រឆាំង​?

នៅ​ថ្ងៃអង្គារ​ទី២៩មីនា​ឆ្នាំ២០១១​  បាតុករ​រាប់​ម៉ឺននាក់​ដែល​គាំទ្រ​របប​​គ្រប់គ្រង​​បាស្ហា​រ​អែល-អាស្សាដ​​បាន​ នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​សម្ដែង​បង្ហាញ​ឲ្យ​ឃើញនូវ​ការគាំទ្រ ​របស់​ពួកគេ។​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​បាស្ហា​រអែល-អាស្សាដ​ក៏​នៅ​តែ​ត្រូវ​រំលាយ​ចោល។​ ដូច្នេះ​ តើ​បាតុកម្ម​គាំទ្រ​របប​គ្រប់គ្រង​បាស្ហា​រអែល-អាស្សាដ​ហើយនិង​ការ​រំលាយ​ រដ្ឋាភិបាល​អាច​មាន​ឥទ្ធិពល​អ្វីខ្លះ​ទៅលើ​ចលនា​ប្រឆាំង​នៅ​ប្រទេស​ស៊ីរី?

ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អែល-អាស្សាដ​
ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អែល-អាស្សាដ​ © AFP / Yuri Kadobnov
ផ្សាយពាណិជ្ជកម្ម

05:53

បទវិភាគរបស់​ សៀក សារិន

នៅទីលាន​នៃ​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​ដាម៉ាស​ ​ គេ​ឃើញមាន​បាតុករ​រាប់​ម៉ឺននាក់​ដែល​គាំទ្រ​របប​គ្រប់គ្រង​បាស្ហារ ​អែល-អាស្សាដ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃអង្គារ​ទី២៩មីនា​ឆ្នាំ២០១១ ដើម្បី​សម្ដែង​បង្ហាញ​ឲ្យ​ឃើញនូវ​ការគាំទ្រ​របស់​ពួកគេ​ ដោយ​បានស្រែក​ជា​ពាក្យស្លោកថា​ ​ “​ដើម្បី​ព្រះអាទិទេព​ ដើម្បី​ប្រទេស​ស៊ីរី​និង​ដើម្បីប្រជាពលរដ្ឋ”។

 
នៅក្នុង​សេចក្តី​ប្រកាស​ជាច្រើន​ដោយ​លោក​ស្រី​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ នារយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ និង​កំណែ​ទម្រង់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​បាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​ស៊ិរី​មាន​ការ​ចាប់​អារម្មណ៍។​ ចំណែកឯ​បាតុកម្ម​គាំទ្រ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​ហើយនិង​ការ​រំលាយ​ចោល​រដ្ឋាភិបាល​នៅពេល​ថ្មីៗនេះ​ក៏​បាន​ធ្វើឲ្យ​ពួកអ្នក​ប្រឆាំង​មាន​ចំណាប់​អារម្មណ៍​ផងដែរ។​ ក៏​ប៉ុន្តែ​អ្វីដែល​សំខាន់​នៅពេលនេះ​សម្រាប់​ចលនា​ប្រឆាំង​ស៊ីរី​គឺ​គេ​នៅ​រង់ចាំ​មើល​អន្តរាគមន៍​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​ដែល​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ​ដ៏​សំខាន់​នៅ​ថ្ងៃពុធនេះ។

អ្វីដែល​ចលនា​ប្រឆាំង​ស៊ីរី​រង់ចាំ​ជាងគេ​នៅក្នុង​សុន្ទរកថា​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​គឺ​ សេចក្តី​ប្រកាស​ដកចេញ​នូវ​ “​ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន”​ដែល​បាន​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ១៩៦៣។​ នេះ​ជាការ​ទាមទារ​ដ៏​សំខាន់​មួយ​របស់​ចលនា​ប្រឆាំង​ស៊ីរី។

សូម​បញ្ជាក់ថា​ ​ ការ​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅក្រោម​ភាព​អាសន្ន​នេះ​បាន​ចាប់មាន​នៅ​ពេល​ដែល​គណបក្ស​Baas ​បាន​ឡើង​មក​កាន់កាប់​អំណាច​នៅ​ប្រទេស​ស៊ីរី​ ក្រោយពី​បាន​ធ្វើ​រដ្ឋ​ប្រហារ។​​ ​ “​ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន”​នេះ​គឺ​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​Baas ​ចងរឹត​ខ្ទប់​បិទមាត់​គណបក្ស​ប្រឆាំង​ហើយនិង​សម្រាប់​ចាប់​ឃុំឃាំង​អ្នកប្រឆាំង​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​មាន​ប្រជាជន​ប្រមាណ​២២លាន​នាក់​ ​ ហើយ​មាន​ប៉ូលិស​រក្សាសន្តិសុខ​នៅគ្រប់​ទីកន្លែង។

គួរកត់​សម្គាល់ថា​ ​ បាស្ហារ​អែល-អាស្សាដ​ដែលបាន​ឡើង​មក​កាន់កាប់​អំណាច​បន្ត​ពី​ឪពុក​របស់​ខ្លួន​នៅ​ឆ្នាំ២០០០​ក៏​បាន​ប្រើ​“​ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន”​នេះ​មក​ដាក់​គំនាប​លើ​ពួកអ្នក​ប្រឆាំង​ស៊ីរី។​ ក្រោយពី​បាន​ធ្វើការ​ដោះលែង​អ្នក​ទោស​នយោបាយ​ប្រមាណ​៣០០​នាក់​ ហើយនិង​បាន​កេណ្ឌ​ប្រមូល​គ្នីគ្នា​មក​ធ្វើ​បាតុកម្ម​គាំទ្រ​ខ្លួន​ ​ ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​សង្ឃឹមថា​ ​ អាច​ធ្វើការ​ទប់ទល់​នឹង​ចលនា​ប្រឆាំង។

ការរំលាយ​រដ្ឋាភិបាល​ស៊ីរី​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ដោយ​បាស្ហារ ​អែល-អាស្សាដ​បាន​ត្រូវ​ចលនា​ប្រឆាំង​ស៊ីរី​មើល​ឃើញ​ថា​ ​ ជា​វិធានការ​សម្រាប់​កែលំអ​តែ​ប៉ុណ្ណោះ។​ អំណាច​ទាំងប៉ុន្មាន​គឺ​ឋិត​នៅក្នុង​កណ្តាប់ដៃ​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​និង​ក្រុមគ្រួសារ​ ហើយនិង​នៅក្នុង​កណ្តាប់ដៃ​របស់​ក្រុម​រក្សា​សន្តិសុខ។

គួរកត់​សម្គាល់ថា​ ​ កាលពី​សប្តាហ៍មុន​ប្រមុខរដ្ឋ​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​ធ្លាប់បាន​ថ្លែងឲ្យ​ដឹងថា​ ​ គេគ្រោង​ដកចេញ​“​ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន”​ហើយនិង​គ្រោង​ចាត់​វិធានការ​ឲ្យ​មាន​សិទ្ធិសេរីភាព​សម្រាប់​អ្នក​នយោបាយ​និង​សម្រាប់​សារព័ត៌មាន។

ក៏​ប៉ុន្តែ​ទាំង​អ្នកទទួល​ខុស​ត្រូវ​ស៊ីរី​ ​ ទាំង​អ្នកការទូត​ ​ ទាំង​សកម្មជន​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ឡើយថា​ បាស្ហារ​អែល-អាស្សាដ​នឹង​ធ្វើការ​ដកចេញ​នូវ​“​ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន”​​ដោយ​ពុំ​ដាក់​ច្បាប់​ឬ​វិធានការ​អ្វី​ថ្មី​មក​ជំនួស​នោះឡើយ។

បច្ចុប្បន្ន​នេះ​ បាស្ហា​រអែល-អាស្សាដ​ឋិត​នៅ​ក្រោម​គំនាបពីរ​គឺ​គំនាប​ខាងក្នុង​ផង​ ​ គំនាប​ខាងក្រៅ​ផង។​ ហេតុ​ដូច្នេះហើយ​ បានជា​ បាស្ហា​រអែល-អាស្សាដ​ខិតខំ​រៀបចំ​ផែនការ​សម្រាប់​ធ្វើឲ្យ​សាធារណមតិ​មើល​ឃើញថា​ របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​កំពុង​រៀបចំ​ធ្វើ​កំណែ​ទម្រង់។

សម្រាប់​ក្រសួង​ការបរទេស​អាមេរិក​ ​ ប្រមុខរដ្ឋ​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​កំពុង​តែ​ដើរដល់​ច្រកមួយ​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើការ​ជ្រើសរើស។​ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​លោក​Mark Toner បាន​ថ្លែង​បញ្ជាក់ថា​ ​ “​ជាង១០ឆ្នាំ​មកហើយ​ដែល​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​បាន​ប្រកាស​ប្រាប់ថា​ គាត់ជា​អ្នក​កំណែ​ទម្រង់​និយម​ ​ ប៉ុន្តែ​គេ​គ្មាន​ឃើញ​កំណែ​ទម្រង់​អ្វី​សោះ​ក្នុង​វិស័យ​នយោបាយ​ ​ ដូច្នេះ​ បាស្ហា​អែល-អាស្សាដ​ត្រូវតែ​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការទាមទារ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​ស៊ីរី”។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​អាឡាំង​ហ្ស៊ូប៉េ​ក៏​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅលើ​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុករ​ស៊ីរី​ហើយ​បាន​ទាមទារ​ឲ្យ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ ​អែល-អាស្សាដ​ធ្វើការ​កែ​ទម្រង់​ឲ្យ​បាន​សមស្រប​ទៅនឹង​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ