អានតួអត្ថបទ
ស៊ីរី

ប្រឈមមុខទល់នឹង​ការងើប​ប្រឆាំង​របស់​ប្រជាពរដ្ឋ​ រដ្ឋអំណាច​ស៊ីរី​សន្យាថា​នឹងធ្វើ​កំណែទម្រង់​

ប្រាំបួនថ្ងៃ​មកហើយ​ដែល​ប្រជាពលរដ្ឋ​ស៊ីរី​បានងើប​បះបោរ​ធ្វើបាតុកម្ម​ ប្រឆាំងនឹង​របប​គ្រប់​គ្រង​​របស់​Bachar el-Assad។​ បាតុករ​ស៊ីរី​រាប់​ម៉ឺននាក់​បាន​នាំគ្នា​ចុះថ្នល់​សម្ដែង​បង្ហាញ​ឲ្យ​ឃើញ​​ នូវ​ការ​ប្រឆាំង​របស់​ពួកគេ​នៅតាម​វិថី​នៃ​ទីក្រុង​ដែរ៉ា​ដែល​ឋិត​នៅ​ ប៉ែកខាងត្បូង​នៃ​ប្រទេស។​ ទីក្រុង​ដែរ៉ា​បាន​ក្លាយ​ទៅជា​ដែនអំណាច​នៃ​ពួកអ្នក​ប្រឆាំង​ស៊ីរី។​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៤មីនា​ឆ្នាំ២០១១​ ការ​វាយ​បង្ក្រាប​ដោយ​នគរបាល​ទៅលើ​បាតុករ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​យ៉ាងតិច​មួយរយនាក់​ ​ នេះ​បើយោងតាម​សកម្មជន​សិទ្ធិមនុស្ស។​ ប្រឈមមុខ​ទល់នឹង​ចលនា​ងើប​បះបោរ​ប្រឆាំង​ដែល​រីក​រាលដាល​កាន់តែ​ខ្លាំងឡើងៗ​ ​ រដ្ឋអំណាច​ស៊ីរី​សន្យាថា​នឹងធ្វើ​កំណែទម្រង់។

លោក​ស្រី​ Boussaïna Chaabane ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​Bachar el-Assad នៅពេល​ធ្វើ​សន្និសីទ​កាសែតនៅទីក្រុង Damas,នៅថ្ងៃទី២៤​មីនា​ឆ្នាំ២០១១
លោក​ស្រី​ Boussaïna Chaabane ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​Bachar el-Assad នៅពេល​ធ្វើ​សន្និសីទ​កាសែតនៅទីក្រុង Damas,នៅថ្ងៃទី២៤​មីនា​ឆ្នាំ២០១១ © REUTERS/Khaled al-Hariri
ផ្សាយពាណិជ្ជកម្ម

02:10

សេចក្តីរាយការណ៍របស់​ សៀក សារិន

លោក​ស្រី​Boussaïna Chaabane ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​Bachar el-Assad​បាន​ប្រកាស​ឲ្យ​ដឹងថា​ នឹង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​មើល​ពីការ​លុបចោល​នូវ​ “ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅក្រោម​ភាព​អាសន្ន”​ដែល​នៅ​ជាធរមាន​តាំងពី​ឆ្នាំ១៩៦៣។​ “ការ​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅក្រោម​ភាព​អាសន្ន”​ដែល​អនុញ្ញាតឲ្យ​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​ដោយ​ពុំចាំបាច់​មាន​ដីកា​ ​ ​ ហើយនិង​អនុញ្ញាត​ឲ្យ​ចាប់​ឃុំឃាំង​ដោយ​ពុំចាំបាច់​មាន​ការ​ជំនុំ​ជម្រះ​អ្វីឡើយ។​ ហើយ​គណៈកម្មការ​នេះ​ក៏​នឹងមាន​បន្ទុក​សិក្សា​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ ដែល​ពួកគេ​ត្រូវ​បង្ខំ​ខ្លួន​ប្រកប​មុខ​របរ​ពីរឬបី​ដើម្បី​អាច​មាន​លទ្ធភាព​រស់នៅ​នឹងគេ។

 
លោក​ស្រី​Boussaïna Chaabane​ក៏​បាន​ប្រកាស​ប្រាប់​ទៀតថា​ ​ រដ្ឋអំណាច​ស៊ីរី​នឹង​បង្កើត​ឲ្យ​មាន​យន្តការ​ថ្មី​ជាច្រើន​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។​ ហើយ​លោក​ស្រី​Boussaïna Chaabane​បាន​ថ្លែង​បញ្ជាក់​ថា​ ​ លោក​ប្រធានាធិបតី​ស៊ីរី​Bachar el-Assad​ពុំបាន​ឲ្យ​បញ្ជា​ទៅ​នគរបាល​ឲ្យ​បាញ់​ទៅលើ​ក្រុមបាតុករ​នៅ​ទីក្រុង​ដែរ៉ា​ឡើយ។

ប្រធានាធិបតី​ស៊ីរី​Bachar el-Assad​ក៏​បាន​សន្យា​ផងដែរថា​ ​ នឹង​បង្កើត​ឲ្យ​មាន​ច្បាប់​សម្រាប់​ “ការពារ​សិទ្ធិ​សេរីភាព​របស់​អ្នកកាសែត”​ សម្រាប់​ “ការពារ​គណបក្ស​នយោបាយ”។​ ហើយ​Bachar el-Assad​បាន​ចេញ​ក្រិត្យ​ដើម្បី​ធ្វើការ​ដំឡើង​ប្រាក់ខែ​៣០%​ភ្លាមៗ​ជូន​មន្ត្រី​រដ្ឋការ​ ​ ហើយនិង​ឲ្យ​បញ្ជា​ឲ្យ​គេ​ដោះលែង​បាតុករ​ដែល​បាន​ត្រូវ​គេ​ចាប់ឃុំ​ខ្លួន​នាឱកាស​បាតុកម្ម​នៅ​ទីក្រុង​ដែរ៉ា។

ពាក្យសន្យា​ដែល​គេ​គ្មាន​ជំនឿ
 
ការប្រកាស​ទាំងនេះហើយ​ដែល​ប្រជាពលរដ្ឋ​ស៊ីរី​ទន្ទឹង​រង់ចាំ​ចង់បាន។​ ប្រជាពលរដ្ឋ​ស៊ីរី​ដែល​ពុំ​ចង់​ឲ្យ​កើតមាន​វិបត្តិ​ក៏​ប៉ុន្តែ​ពួកគេ​ចង់ឲ្យ​មាន​ការ​ប្តូរប្រែ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​ ហើយ​ការ​ប្រកាស​សន្យា​របស់​ប្រធានាធិបតី​ Bachar el-Assad​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី​មាន​ជំនឿ​ឡើយ។​ អ្វីដែល​ប្រជាពលរដ្ឋ​ស៊ីរី​ចង់​បាន​គឺ​ “កំណែ​ទម្រង់​ពិតប្រាកដ”​ ពុំ​មែន​ពាក្យសន្យា​ឡើយ។​ ប្រជាពលរដ្ឋ​ស៊ីរី​ចង់​បាន​ “សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ”​ ​ ចង់​បំបាត់​ចេញ​ឲ្យអស់​នូវ​ “ប៉ូលិស​សម្ងាត់”​ ​របស់​ប្រធានាធិបតី​ Bachar el-Assad​ដែល​មាន​នៅ​គ្រប់​ទីកន្លែង៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ