អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការចាប់​ចរចាគ្នា​​ឡើងវិញ​​រវាង​​ឥណ្ឌា​​និង​​ប៉ាគីស្ថាន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ Hina Rabbani Khar ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​អញ្ជើញ​ទៅ​ប្រទេស​ឥណ្ឌា​ ​ ដើម្បី​ចាប់​ចរចាគ្នា​ឡើងវិញ​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​ ​ ដែលបាន​ស្គាល់​ការ​រកាំ​រកូស​ក្រោយពី​មាន​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​Bombay​ នៅឆ្នាំ២០០៨។​ លោកស្រី​ប្រមុខ​ការទូត​ប៉ាគីស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះថា​ ​ ប៉ាគីស្ថាន​ចង់​​រឹត​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ឥណ្ឌា។

លោកស្រី ​​Hina Rabbani Khar​​ រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​ប៉ាគីស្ថាន​ ​និង​​ លោកប្រមុខ​​ការទូត​​ឥណ្ឌា​​ krishna​​
លោកស្រី ​​Hina Rabbani Khar​​ រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​ប៉ាគីស្ថាន​ ​និង​​ លោកប្រមុខ​​ការទូត​​ឥណ្ឌា​​ krishna​​ © REUTERS
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​ស្វែងរក​ធ្វើការ​ចរចាគ្នា​ឡើងវិញ​ជាមួយ​ប្រទេស​ឥណ្ឌា​មាន​ច្រើន៖

 
ទី១-ការចាកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៃ​កងកម្លាំង​យោធា​បរទេស។​ ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​សម្បូណ៌​ទៅដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ហើយ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។

ទី២-ការបាត់បង់​បរិយាកាស​និង​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​ក្រោយពី​មាន​ការបាញ់​សម្លាប់​មេដឹកនាំ​អាល់កៃដា​ អ៊ូសាម៉ា​បេនឡាដេន។

ទី៣-ទំនាក់​ទំនង​ដ៏​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា​បាន​ធ្វើឲ្យ​ប្រទេស​ប៉ាគីស្ថាន​កើតមាន​ក្តីបារម្ភ។

ទាំងនេះ​ពិតជា​មូលហេតុ​ដ៏សំខាន់​ជំរុញ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​ងាកមក​ស្វែងរក​ធ្វើការ​ចរចាគ្នា​ឡើងវិញ​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​នៅពេល​នេះ។

យើង​បាន​ដឹង​រួចមក​ហើយថា​ ​ ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​ជាប្រទេស​បងប្អូន​សត្រូវ​នឹងគ្នា​អស់រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​មកហើយ។​ តាំងពី​ឆ្នាំ១៩៤៧​មក​ ​ ប្រទេស​ទាំងពីរ​ធ្លាប់បាន​ធ្វើ​សង្គ្រាម​នឹងគ្នា​ដល់ទៅ​បីលើក​ ​ ពីរលើក​ពាក់ព័ន្ធ​នឹង​ការដណ្ដើម​ដែនដី​Cachemire។

ចំណែកឯ​ការបែរមក​រក​តុចរចា​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ​គឺជា​ការចាំបាច់​ចៀស​ពុំផុត​ ​ ដោយហេតុថា​បើគ្មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ក្នុងតំបន់​ទេ​ ​ ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌា​ក៏​ពុំ​អាច​សម្រេច​បាន​ឡើយ។​ ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ដល់ទៅ​១ ២០០លាន​នាក់​។​ រីឯ​ប្រទេស​ប៉ាគីស្ថាន​វិញ​ មាន​ប្រជាជន​ជិត​២០០លាននាក់។

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រវាង​ប្រទេស​ទាំងពីរ​នៅពេលនេះ​គឺ​ជា​ជំនួប​ពិភាក្សា​លើក​ទីមួយ​ហើយ​ នារយៈ​ពេល​១ឆ្នាំ​ចុងក្រោយនេះ​។​ ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​បងប្អូន​សត្រូវ​នឹងគ្នា​ ​ ហើយ​ក៏​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់គ្នា។​នៅ​ខណៈនេះ​ ប្រទេស​ទាំងពីរ​យល់ឃើញថា​ ​ « ​គេ​ពុំត្រូវ​ឲ្យ​រឿងរ៉ាវ​អតីតកាល​ក្លាយជា​ឧបសគ្គ​មក​ខាឃាំង​ដល់​ទំនាក់​ទំនង​នៃ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​ជា​បងប្អូនឡើយ»។

ឆ្លើយតប​ទៅនឹង​លោកស្រី​Hina Rabbani Khar ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ ​ លោក​ប្រមុខ​ការទូត​ឥណ្ឌា​បាន​ថ្លែង​ថា​ ​ “​ទីក្រុង​ញីវ​ ដែលី​ចង់​ឲ្យ​សន្តិភាព​កើតមាន​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន។​ ទីក្រុង​ញីវ​ ដែលី​ដែលបាន​ផ្អាក​បញ្ឈប់​កិច្ចចរចា​ដើម្បី​សន្តិភាព​ក្រោយពី​មាន​អំពើ​ភេរវកម្ម​ដ៏​ហិង្សា​នៅ​ឆ្នាំ២០០៨​នៅ​ទីក្រុង​Bombay ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១៦៦នាក់។​ អំពើ​ភេរវកម្ម​ដែលបាន​ប្រព្រឹត្ត​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​Lashkar-e-Taïba ( LeT )​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ាគីស្ថាន។

ទំនាក់​ទំនង​ប៉ាគីស្ថាន-ឥណ្ឌា​ដែលបាន​វិវឌ្ឍ​ឈាន​ទៅរក​ការចាប់​ធ្វើការ​ចរចា​គ្នា​ឡើងវិញ​ជាផ្លូវការ​ក៏​ដោយសារតែ​មាន​សម្ពាធ​ពិសេស​ពី​សហរដ្ឋ​អាមេរិក​ដែល​ចង់ឲ្យ​តំបន់​ឧបទ្វីប​ឥណ្ឌា​ស្គាល់​សន្តិភាព​និង​ស្ថិរភាព។​ លោក​ស្រី​ហ៊ីល្លារី​គ្លីនតុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​កាលពី​សប្តាហ៍មុន​បាន​ថ្លែង​សរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​ដើម្បី​សម្រេច​បាន​នូវ​ការចាប់​ចរចាគ្នា​ឡើងវិញ​ជា​ផ្លូវការនេះ។

នាឱកាស​ជំនួប​ពិភាក្សា​គ្នា​ជាផ្លូវការ​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​នេះ​ ​ ភាគី​ឥណ្ឌា​នឹង​បន្ត​ដាក់​សម្ពាធ​ទៅលើ​ប៉ាគីស្ថាន​ឲ្យ​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​ដែលមាន​ទីតាំង​នៅ​ប្រទេស​ប៉ាគីស្ថាន​។

ចំណែកឯ​ភាគី​ប៉ាគីស្ថាន​វិញ​ ​ គេនឹង​ធ្វើការ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដែនដី​Cachemire។​ បញ្ហា​ដែនដី​Cachemire​ដែល​បាន​ធ្វើឲ្យ​កើតមាន​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​ជា​បងប្អូន​ដល់ទៅ​ពីរលើក​តាំងពី​ឆ្នាំ១៩៤៧​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ