អានតួអត្ថបទ
ឥណ្ឌា

សហគមន៍​អន្តរជាតិ​នាំគ្នា​ថ្កោលទោស​ភេរវកម្ម​នៅ​ប៊ុមបៃ

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ១៣ កក្កដា ២០១១ នេះ ការវាយប្រហារ​ដោយ​គ្រាប់បែក​ច្នៃ​ បានកើតមាន​ឡើង​បីកន្លែង​ផ្ទួនៗគ្នា ក្នុង​ទីក្រុង​ប៊ុមបៃ ប្រទេស​ឥណ្ឌា។ មនុស្ស​យ៉ាងតិច ១៧នាក់​បាត់បង់​ជីវិត និង​ជាង ១៤០​នាក់​ផ្សេងទៀត​រងរបួស។ នេះ​គឺ​ជា​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង នៅ​ប៊ុមបៃ ចាប់តាំង​ពី​ភេរវកម្ម កាល​ពី​ឆ្នាំ​២០០៨ ដែល​បាន​សម្លាប់​មនុស្ស​ ១៦៦នាក់។

ប៉ូលិស​ឥណ្ឌា​កំពុង​ពិនិត្យ​ទីតាំង​ដែល​រង​ការវាយប្រហារ​ភេរវកម្ម នៅថ្ងៃ​ពុធ ១៣ កក្កដា ២០១១
ប៉ូលិស​ឥណ្ឌា​កំពុង​ពិនិត្យ​ទីតាំង​ដែល​រង​ការវាយប្រហារ​ភេរវកម្ម នៅថ្ងៃ​ពុធ ១៣ កក្កដា ២០១១ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​បី​គ្រាប់​បាន​ផ្ទុះឡើង នៅ​បីកន្លែង​ផ្សេងគ្នា ក៏ប៉ុន្តែ ក្នុង​គម្លាតពេល​ពី​គ្នា​តែ​ប្រមាណ ១៥នាទី​ប៉ុណ្ណោះ។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​អះអាង​ថា នេះ​គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម ដោយ​មាន​ការ​រៀបចំ​ផែនការ​ហ្មត់ចត់​ជាមុន។

រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​ក្រុមណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ ​អ្នកជំនាញ​ខាង​ភេរវកម្ម នៅ​ឥណ្ឌា បាន​សន្និដ្ឋាន​ថា វិធីសាស្រ្ត​ក្នុង​ការ​វាយប្រហារ​នេះ គឺ​​ទំនង​ជា​ចេញ​ពី​ក្រុម​ភេរវកម្ម​អ៊ីស្លាម​នៅ​ឥណ្ឌា ឈ្មោះ​ថា មូចាហ៊ីឌីន​ឥណ្ឌា។

 

ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​អះអាង​ថា ការស៊ើបអង្កេត​ទើប​នឹង​ចាប់ផ្តើម​ធ្វើ ដូច្នេះ គេនៅមិនទាន់​អាច​កំណត់​មុខ​សញ្ញា​ណាមួយ​បាន​នៅឡើយទេ។

 

ក្រុមភេរវជន ដែល​ជា​មុខសញ្ញា​សង្ស័យ​ដ៏ធំមួយទៀត គឺ​ក្រុម Lashkar-e-Taiba ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ Lashkar-e-Taiba គឺ​ជា​ក្រុមភេរវជន ដែល​ទទួល​បាន​នូវការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន ដើម្បី​ធ្វើការ​ប្រឆាំង​នឹង​ឥណ្ឌា នៅ​តំបន់​កាស្មៀរ។ គឺ​ក្រុមនេះ​ហើយ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​វាយប្រហារ​នៅ​ប៊ុមបៃ កាល​ពី​ឆ្នាំ​២០០៨ ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​សន្តិភាព​ជាមួយ​ប៉ាគីស្ថាន។

 

ឥណ្ឌា​ទើប​នឹង​បាន​ព្រមព្រៀង​បើក​កិច្ចចរចា​ជាមួយ​ប៉ាគីស្ថាន​ឡើងវិញ កាល​ពី​ដើមឆ្នាំ​២០១១​។ ជំនួប​ថ្នាក់​មន្រ្តីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ គ្រោង​នឹង​បើកធ្វើ នៅចុង​ខែ​កក្កដា​ខាងមុខនេះ។ ក៏ប៉ុន្តែ ការវាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃ​ពុធ កំពុង​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឥណ្ឌា-ប៉ាគីស្ថាន​ត្រូវ​ប្រឈមមុខ​នឹង​ភាព​ស្មុគស្មាញ​ឡើងវិញ។

 

លោក​អូបាម៉ា​បាន​ប្រកាស​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម នៅប៊ុមបៃ​នេះ ហើយ​បាន​សន្យា​នឹង​ជួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត ប្រសិន​បើ​ឥណ្ឌា​ត្រូវការ។ លោកស្រី​គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នឹង​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅឥណ្ឌា នៅសប្តាហ៍​ក្រោយ​នេះ។ អាមេរិក​កំពុង​តែ​បារម្ភ​ខ្លាច​​ភេរវកម្ម កាលពីថ្ងៃ​ពុធ ធ្វើ​ឲ្យ​មានភាព​តានតឹង​ផ្នែក​យោធា​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ក្នុងករណី​មាន​ការប្រឈមមុខ​ដោយ​អាវុធ​ជាមួយ​ឥណ្ឌា កងទ័ព​ប៉ាគីស្ថាន ដែល​កំពុង​តែ​ជួយ​អាមេរិក ក្នុង​ការ​ប្រយុទ្ធ​នឹង​ពួក​តាលីបង់ នៅ​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន ប្រាកដ​ជា​នឹង​ត្រូវ​​ប៉ាគីស្ថាន​ដកយក​ទៅ​ដាក់ពង្រាយ​នៅ​តាម​ព្រំដែន​ជាមួយ​ឥណ្ឌា​វិញ​មិនខាន។

 

ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប.​ សហភាព​អឺរ៉ុប ព្រមទាំង​ប្រទេស​ជាច្រើន​ផ្សេងទៀត រួមមាន ស្រីលង្កា អូស្រ្តាលី និង ជាពិសេស ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មានប្រជាជន​កាន់សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ​បំផុត នៅលើ​ពិភពលោក ក៏​បាន​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃពុធ​នេះ​ដែរ។ បារាំង អង់គ្លេស អ៊ីស្រាអែល កាណាដា និង​ចិន​បាន​ចូលរួម​រំលែកទុក្ខ​ដល់​ប្រជាជន​ឥណ្ឌា ព្រមទាំង​បាន​សន្យា​ថា​នឹង​ជួយ​គាំទ្រ​ឥណ្ឌា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ