អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្តង់

បងប្អូន​គូសត្រូវ​ទំាង​ពីរ​ព្យាយាម​ចរចា​ស្វែង​រក​សន្តិភាព

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កក្កដា​នេះ ប្រមុខ​ការទូត​នៃ​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្តង់​បាន​ផ្តើម​អភិក្រម​នៃ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​ គ្នា​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្តង់។ នេះ​ជា​លើក​ទី​មួយ​ហើយ តំាង​ក្រោយ​អំពើ​ភេរវកម្ម​ នៅ​ទីក្រុង​បុំបៃ ប្រទេស​ឥណ្ឌា​ក្នុង​​ខែ​វិច្ឆិកា ឆ្នំា ២០០៨ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ១៦៦​នាក់​មក ដែល​មាន​កិច្ចចរចា​កម្រិត​រដ្ឋមន្រ្តី​ការបរទេស​រវាង​មហា​អំណាច​ បរមាណូ​ទាំង​ពីរ ​នៅ​អាស៊ី។

លោក Shah Mehmood Qureshi (រូបខាងស្តំា) ប្រមុខ​ការទូត​ប៉ាគីស្តង់ និង​លោក​ប្រមុខការទូត​ឥណ្ឌា S.M. Krishna
លោក Shah Mehmood Qureshi (រូបខាងស្តំា) ប្រមុខ​ការទូត​ប៉ាគីស្តង់ និង​លោក​ប្រមុខការទូត​ឥណ្ឌា S.M. Krishna ©Reuters/Adrees Latif
ផ្សាយពាណិជ្ជកម្ម

06:58

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

តំាង​ពី​ក្រោយ​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​បុំបៃ ប្រទេស​ឥណ្ឌា​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៩ វិច្ឆិកា ឆ្នំា ២០០៨ ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ១៦៦​នាក់​មក ឥណ្ឌា និង​ប៉ាគីស្តង់​មិន​ដែល​បាន​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​អភិក្រម​ស្វែង​រក​សន្តិភាព​រវាង​គ្នា​ជា​ថ្មី​ទេ។ កាល​ពី​ខែ​មេសា ឆ្នំា ២០១០​នេះ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្តង់​បាន​ជួប​គ្នា​មួយ​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​ប៊ូតង់។ ជំនួប​កាល​ណោះ គឺ​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​សន្និសីទ​តំបន់​រៀប​ចំ​ក្នុង​ប្រទេស​ប៊ូតង់។ ជា​ជំនួប​មួយ​មិន​បាន​គ្រោង​ទុក តែ​ដោយ​អ្នក​ទំាង​ពីរ​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នោះ​ហើយ ក៏​បាន​ជួប​ចាប់​ដៃ​គ្នា​ជា​ការ​គួរសម ដោយ​មិន​បាន​លើក​យក​អ្វី​មក​និយាយ​ឲ្យ​បាន​ប្រាកដប្រជា​ទេ។ បន្ទាប់​មក​នៅ​ក្នុង​ថ្ងៃទី ២៤ ខែ​មិថុនា ទើប​មាន​ជំនួប​ទល់​មុខ​គ្នា​នៅ​ក្នុង​ទីក្រុង New Delhi តែ​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស។ គឺ​តាម​រយៈ​កិច្ចចរចា​ថ្នាក់​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កាល​ពី​ខែ​មិថុនា​នោះ​ឯង ដែល​នំា​ឲ្យ​មាន​កិច្ចចរចា​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស នៅ​ថ្ងៃ​នេះ។

ភ្លើង​កំពុង​ឆាបឆេះ​លើ​សណ្ឋាគារ Taj ក្នុង​ទីក្រុង​បុំបៃ ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ឆ្នំា ២០០៨
ភ្លើង​កំពុង​ឆាបឆេះ​លើ​សណ្ឋាគារ Taj ក្នុង​ទីក្រុង​បុំបៃ ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ឆ្នំា ២០០៨ ©Reuters

ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់ ​ជា​អ្នក​បញ្ជា​អំពើ​ភេរវកម្ម​នៅ​ក្រុង​បុំបៃ​ក្នុង​ឆ្នំា​២០០៨

អ្វី​ជា​ការ​កត់​សម្គាល់ កិច្ចចរចា​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ឡើង ចំ​ពេល​ដែល​ឥណ្ឌា​បាន​ចោទ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់ Inter Service Intelligence ថា​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​បុំបៃ កាល​ពី ២​ឆ្នំា​មុន​នោះ។ តែ​ការ​ដែល​ឥណ្ឌា​បាន​លើក​ឡើង​របៀប​នេះ មិន​បាន​ធ្វើ​ឲ្យ​កិច្ចចរចា​ខកខាន​ទេ។ គេ​អាច​ថា​ជា​ឆន្ទៈ​របស់​ឥណ្ឌា​ផង​ក៏​ថា​បាន តែ​សម្រាប់​ភាគី​ប៉ាគីស្តង់​វិញ ជា​រឿង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​ទើស​ទាល់​ចិត្ត​យ៉ាង​ខ្លំាង។

ការ​ចោទ​របស់​ឥណ្ឌា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស គឺ​លោក GK Pillai។ លោក Pillai ដែល​បាន​ចង្អុល​ចំ​មុខ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់ Inter Service Intelligence ថា​ជា​អ្នក​ដែល​បាន​រៀបចំ និង​បញ្ជា​តំាង​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ នៅ​ក្នុង​អំពើ​ភេរវកម្ម​ប្រឆំាង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​បុំបៃ​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃ​ទី ២៩ វិច្ឆិកា ឆ្នំា ២០០៨។ ការ​លើក​ឡើង​របស់​លោក Pillai ពេល​នេះ​បាន​ធ្វើ​ឡើង ដោយ​សំអាង​លើ​ចម្លើយ​សារភាព​របស់​ជន David Hedley កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ David Hedley ជា​ជនជាតិ​អាមេរិកំាង ដើម​កំណើត​ប៉ាគីស្តង់ និង​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​លើ​ទឹកដី​អាមេរិកំាង។ David Hedley បាន​សារភាព​ថា បាន​ចូល​រួម​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​បុំបៃ និង​ថា ខ្លួន​មាន​ការ​ទាក់ទង​ជា​អចិន្ត្រៃយ៍​ជា​មួយ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់។ គួរ​​ជម្រាប​ជូន​ថា ឥណ្ឌា​មាន​ការ​សង្ស័យ និង​បាន​ចោទ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់​ដោយ​បញ្ឆិតបញ្ឆៀង​តំាង​តែ​ពី​ដំបូង​មក​ម្ល៉េះ និង​ដែល​ប៉ាគីស្តង់​តែង​តែ​បដិសេធ​ជានិច្ច។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh (រូបខាងឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគិស្តង់ Yousouf Raza Gilani
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh (រូបខាងឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគិស្តង់ Yousouf Raza Gilani ©Reuters

គេ​គ្មាន​សង្ឃឹម​លទ្ធផល​អ្វី ជា​ដុំ​កំភួន

តំាង​តែ​ពី​ឆ្នំា ២០០៤​មក​ម្ល៉េះ ដែល​ឥណ្ឌា និង​ប៉ាគីស្តង់​បាន​ផ្តើម​អភិក្រម​នៃ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​គ្នា ដោយ​ផ្តោត​ជា​ពិសេស នៅ​ក្នុង​ជម្លោះ​ដណ្តើម​ទឹកដី​គ្នា​នៅ​តំបន់ Cachemire ។ គឺ​ដោយសារ​តែ​តាម​រយៈ​កិច្ចចរចា​កាល​ណោះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​មហា​អំណាច​បរមាណូ​ទាំងពីរ​នៅ​អាស៊ី មាន​ការ​ចុះ​ថយ​មួយ​កម្រិត​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ឆ្នំា ១៩៤៧​មក ឥណ្ឌា និង​ប៉ាគីស្តង់​បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​ចំនួន​បី​លើក​រួច​មក​ហើយ​ ក្នុង​នោះ​មាន​ពីរ​លើក​ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​ទឹក​ដី​គ្នា​នៅ Cachemire។ បន្ទាប់​មក សង្រ្គាម​ហៀប​តែ​​នឹង​ផ្ទុះ​ម្តង​ទៀត​កាល​ពី​ឆ្នាំ​ ២០០១។

តែ​តំាង​ពី​ក្រោយ​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​បុំបៃ​មក ឥណ្ឌា​ចង់​ឲ្យ​ការ​ចរចា​​ផ្តោត​ជា​សំខាន់​លើ​សំណុំរឿង​ភេរវកម្ម។ អ្វី​ដែល​ទីក្រុង New Delhi ចង់​បាន គឺ​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាម​និយម​ជ្រុល។ មួយ​វិញ​ទៀត​គេ​ឃើញ​ថា ការ​ដែល​ឥណ្ឌា​បាន​ចោទ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់ Inter Service Intelligence ថា​ជា​អ្នក​ដែល​បាន​រៀបចំ និង​បញ្ជា​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​បុំបៃ អាច​ជា​ការ​ដាក់​សម្ពាធ​ជា​មុន​លើ​កិច្ចចរចា។ តែ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ប៉ាគីស្តង់​វិញ គឺ​ចង់​ឲ្យ​កិច្ចចរចា​ផ្តោត​ភ្លាមៗ​ទៅ​លើ​សំណុំរឿង​ដែនដី​នៅ​តំបន់ Cachemire។

សរុប​មក​វិញ គេ​ពិត​ជា​មិន​អាច​រង់ចំា​លទ្ធផល​វិជ្ជមាន​ណា​មួយ​ទេ។ កុំ​ថា​ឡើយ​សហគមន៍​អន្តរជាតិ សូម្បី​តែ​ឥណ្ឌា និង​ប៉ាគីស្តង់​ខ្លួន​ឯង​ដែល​ជា​ភាគី​ជម្លោះ​ក៏​មិន​បាន​បាន​រង់ចំា​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ដែរ។ មែនទែន​ទៅ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ មិន​មែន​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ទេ សំខាន់​គឺ​ការ​ដែល​បងប្អូន​ជម្លោះ​ទំាង​ពីរ​បាន​យល់​ព្រម​អង្គុយ​ចរចា​ទល់​មុខ​គ្នា។

លោក​ប្រធានាធិបតី​អាមេរិកBarack Obama និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌាManmohan Singh
លោក​ប្រធានាធិបតី​អាមេរិកBarack Obama និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌាManmohan Singh ©AFP / Nicholas Kamm

ហេតុ​អ្វី​បាន​ជា​ឥណ្ឌា​សុទ្ធចិត្ត​ចូល​អង្គុយ​ចរចា ?

ការ​ពិត​គឺ​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋ​អាមេរិក ដែល​បាន​បង្ខំ​ថ្នាក់​ដឹកនាំ​ឥណ្ឌា​ឲ្យ​ត្រឡប់​ទៅ​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប៉ាគីស្តង់​វិញ។ យើង​ដឹង​ហើយ​ថា​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​កំពុង​បន្ត​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​ និង​ដែល​ពឹងពាក់​ប្រទេស​ប៉ាគីស្តង់​ខ្លាំង​នៅ​ក្នុង​សង្គ្រាម​នេះ។ អ៊ីចឹង អាមេរិក​ពិត​ជា​មិន​ចង់​ឃើញ​ឥណ្ឌា និង​ប៉ាគីស្តង់​ឈ្លោះ​ប្រកែក​គ្នា​ទេ និង​ពិត​ជា​មិន​ចង់​ឃើញ​សង្គ្រាម​ផ្ទុះ​ឡើង​ជា​ថ្មី​រវាង​ឥណ្ឌា និង ប៉ាគីស្តង់​ទេ ព្រោះ​ថា ភាព​តានតឹង​ជា​អចិន្រៃ្តយ៍​រវាង​ឥណ្ឌា និង​ប៉ាគិស្តង់ នឹង​នំា​សមត្ថភាព​របស់​ប៉ាគីស្តង់​ចុះ​ថយ​នៅ​ក្នុង​ការ​ជួយ​អាមេរិក ដើម្បី​កំចាត់​ពួក​អាល់កៃដា និង​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្វានីស្តង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ