ការបាញ់សម្លាប់បិន ឡាដិន៖សហរដ្ឋអាមេរិកមិនសុំទោសប៉ាគីស្ថានឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៣
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilani បានទាមទារនៅថ្ងៃចន្ទទី៩ឧសភាម្សិលមិញឲ្យសហរដ្ឋអាមេរិកសុំទោស ប្រទេសប៉ាគីស្ថាន ដោយហេតុតែយោធាអាមេរិកមានទង្វើឯកតោភាគីក្នុងការវាយប្រហារទៅលើ គេហដ្ឋានដែលជាទីកន្លែងលាក់ខ្លួនរបស់មេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabad ដោយពុំបានប្រាប់អាជ្ញាធរប៉ាគីស្ថានឲ្យ ដឹងមុន។ ក៏ប៉ុន្តែ រដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ាបានបដិសេធមិនសុំទោសប្រទេសប៉ាគីស្ថាន ឡើយ។
អ្នកនាំពាក្យនៃសេតវិមានលោក Jay Carneyបានថ្លែងប្រកាសប្រាប់ថា សហរដ្ឋអាមេរិកនឹងមិនធ្វើការសុំទោសប្រទេសប៉ាគីស្ថានឡើយពាក់ព័ន្ធនឹង ការវាយប្រហារទៅលើមេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabad ហើយរដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ាក៏មិនសុំទោសផងទៀតស្ដីពីទង្វើ ឯកតោភាគីរបស់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារដោយពុំបានប្រាប់ អាជ្ញាធរប៉ាគីស្ថានឲ្យដឹងមុន។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកនៅចង់រក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេស ប៉ាគីស្ថាន។
ទាំងនេះមកពីរដ្ឋបាលអាមេរិកាំងយល់ឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុង អ៊ីស្លាម៉ាបាដមានសារៈសំខាន់ ថ្វីដ្បិតតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈសាំញ៉ាំចម្រូង ចម្រាសយ៉ាងណាក្តី។ ហេតុដូច្នេះហើយបានជាអ្នកទទួលខុសត្រូវអាមេរិកាំង មានចាប់តាំងពីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏បានគូសបញ្ជាក់ឲ្យ ដឹងថា ទោះបីជាយ៉ាងណាក្តីក៏ប្រទេសប៉ាគីស្ថានបានជួយឲ្យយោធាអាមេរិកាំងបាន តាមរកឃើញមេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabadផងដែរ។ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុង អ៊ីស្លាម៉ាបាដពិតជាមានសារៈសំខាន់ ដូច្នេះត្រូវតែមានបន្តទៅទៀតសម្រាប់ប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ មូលហេតុមួយទៀតគឺស្ថានភាពភូមិសាស្ត្ររបស់ប្រទេសប៉ាគីស្ថានដែលមាន ព្រំដែនជាប់ជាមួយនឹងប្រទេសអាហ្វហ្កានិស្តង់ដែលសហរដ្ឋអាមេរិកកំពុង ធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយនឹងពួកតាលីបង់។
បច្ចុប្បន្ននេះ ទំនាក់ទំនងអាមេរិក-ប៉ាគីស្ថាននៅមានសភាពតានតឹង។ ទីក្រុងអ៊ីស្លាម៉ាបាដដែលបានថ្លែងប្រាប់ឲ្យគេស្គាល់ឈ្មោះរបស់មេ យកការសម្ងាត់អាមេរិកាំងCIA នៅប្រទេសប៉ាគីស្ថាន ហើយទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនរង់ចាំ អស់រយៈពេលមួយសប្តាហ៍ ទម្រាំយល់ព្រមឲ្យអាមេរិកាំងសាកសួរយកចម្លើយពីភរិយាទាំងបីរបស់បិន ឡាដិន។
នៅក្នុងស្ថានការណ៍បែបនេះ រដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ានៅមានការយល់យោគដល់អ្នកដឹកនាំ ប៉ាគីស្ថានដែលខុសផ្ទុយពីសាធារណមតិអាមេរិកាំងដែលពុំអត់ឱនឡើយឲ្យ អ្នកទទួលខុសត្រូវប៉ាគីស្ថាន។ នៅក្នុងការស្ទាបស្ទង់មតិមួយរបស់NBC បានឲ្យដឹងថា ប្រជាជនអាមេរិកាំងដល់ទៅ៧០%មានជំនឿជឿថា អាជ្ញាធរប៉ាគីស្ថានដឹងទីកន្លែងដែលបិន ឡាដិនពួនលាក់ខ្លួនក៏ប៉ុន្តែពុំព្រមប្រាប់សហរដ្ឋអាមេរិក។ ហើយបើយោងតាមការស្ទាបស្ទង់មតិមួយទៀតបានឲ្យដឹងថា មានប្រជាជនតែ៥%ប៉ុណ្ណោះដែលបានចាត់ទុកប្រទេសប៉ាគីស្ថានជា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilaniបានបដិសេធកាលពីថ្ងៃចន្ទម្សិលមិញនូវការចោទប្រកាន់របស់ អាមេរិកថា អាជ្ញាធរប៉ាគីស្ថានបានឃុបឃិតជាមួយមេដឹកនាំអាល់កៃដាបិន ឡាដិន។ លោកYousouf Raza Gilaniបានថ្លែងថា ការចោទប្រកាន់នេះជាការចោទប្រកាន់មួយដ៏ “ល្ងិតល្ងង់”។ ក៏ប៉ុន្តែ លោកYousouf Raza Gilaniបានសន្យាថានឹងធ្វើការអង្កេតពីបញ្ហានេះ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងឲ្យដឹងទៀតថា អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាចិត្តថានឹងធ្វើការអង្កេតដោយប្រើ គ្រប់មធ្យោបាយដើម្បីឲ្យដឹងថា តើនៅពេលណាហើយតើហេតុអ្វីបានជាបិន ឡាដិនមកពួនលាក់ខ្លួននៅទីក្រុងAbbottabad ដែលឋិតនៅចម្ងាយមិនឆ្ងាយពីរដ្ឋធានីអ៊ីស្លាម៉ាបាដយ៉ាងដូច្នេះ ?
សម្រាប់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilani ការចោទប្រទេសប៉ាគីស្ថានថា ស្ថាប័នប៉ាគីស្ថានបានលេងស្នៀតល្បែងកាំបិតមុខពីរជាមួយពួកភេរវនិយម អាល់កៃដាគឺពិតជាការចោទប្រកាន់ដ៏លីលា ដោយហេតុថាពួកអាល់កៃដានិងសម្ព័ន្ធមិត្តរបស់ពួកគេធ្លាប់បានមក ប្រព្រឹត្តអំពើភេរវកម្មរាប់រយដងនៅលើដែនដីប៉ាគីស្ថាន។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី Yousouf Raza Gilaniបានគូសបញ្ជាក់ថា ទាំងនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវបរាជ័យរបស់អ្នកយកការ សម្ងាត់ទាំងខាងភាគីប៉ាគីស្ថាន ទាំងខាងអាមេរិកាំងនិងប្រទេសលោកខាងលិចទាំងមូល។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilaniបានចោទសួរថា តើនរណាជាអ្នកទទួលខុសត្រូវក្នុងការបង្កបង្កើតឲ្យមានចលនា អាល់កៃដារបស់បិន ឡាដិននៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ