អានតួអត្ថបទ
អាមេរិក-ប៉ាគីស្ថាន

រដ្ឋាភិបាល​ប៉ាគីស្ថាន​ត្រូវ​បង្ខំចិត្ត​តាម​វែកមុខ​រក​អ្នកដឹកនាំ​ដែល​បាន​ជួយ​បិន ឡាដិន

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​Yusuf Raza Gilani បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ ជួន​ចំ​ពេល​មួយ​ដែល​សង្គ្រាម​ប៉ាកកា​ជុំវិញ​វត្តមាន​ជា​ច្រើន​ឆ្នាំ​របស់​ប្រមុខ​អាល់កៃដា​បិន ឡាដិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កំពុង​បន្ត​រីក​ធំ​ឡើង។ ជាង​មួយ​សប្តាហ៍​ក្រោយ​ការ​ស្លាប់​របស់​បិន ឡាដិន ទាំង​សហរដ្ឋអាមេរិក ទាំង​បណ្តា​បក្ស​ប្រឆាំង​ប៉ាគីស្ថាន ទាមទារ​ឲ្យ​អ៊ីស្លាម៉ាបាដ​​បើក​ការ​ស៊ើប​អង្កេត​វែក​មុខ​រក​ក្រុម​អ្នក​ដឹក​នាំ​ណា​ដែល​បាន​ជួយ​លាក់​ខ្លួន​បិន ឡាដិន នៅ​ក្នុង​ប្រទេស។

ប្រធានាធិបតីអាមេរិកនៅក្នុងបណ្តាញទូទស្សន៍ CBS កាលពីថ្ងៃទី ៨ឧសភា​២០១១.
ប្រធានាធិបតីអាមេរិកនៅក្នុងបណ្តាញទូទស្សន៍ CBS កាលពីថ្ងៃទី ៨ឧសភា​២០១១. CBS
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ឧសភា​ម្សិលមិញ ជា​លើក​ទីមួយ​បង្អស់ លោក​អូបាម៉ា​បាន​អះអាង​ថា បិន ឡាដិន​ទំនង​ជា​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​ដឹកនាំ​ប៉ាគីស្ថាន​ខ្លះ។ អ៊ីចឹង​ហើយ​បាន​ជា​ប្រធានាធិបតី​​អាមេរិក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អ៊ីស្លាម៉ាបាដ​បើក​ការ​ស៊ើប​អង្កេត​មួយ​ជា​បន្ទាន់។ «យើង​យល់​ឃើញ​ថា អាច​មាន​បណ្តាញ​សម្ងាត់​មួយ​ដែល​បាន​ជួយ​លាក់​ខ្លួន​បិន ឡាដិន​(...)​តែ​យើង​មិន​ដឹង​ថា តើ​បណ្តាញ​នោះ​ឋិត​នៅ​ខាង​ក្រៅ​ឬ​នៅ​ខាង​ក្នុង​រដ្ឋាភិបាល​ប៉ាគីស្ថាន​ទេ។ យើង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ខ្លួន​ឯង​ត្រូវ​បើក​ការ​ស៊ើប​អង្កេត» នេះ​ជា​សំដី​របស់​លោក​អូបាម៉ា។

ទន្ទឹម​នេះ នៅ​ប្រទេស​ប៉ាគីស្ថាន​ឯណោះ បណ្តា​គណ​បក្ស​ប្រឆាំង​បាន​និង​កំពុង​បន្ត​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ពាក្យ​សំដី​ទៅ​លើ​រដ្ឋាភិបាល។ ជាក់​ស្តែង​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ឧសភា​នេះ ប្រធាន​នៃ​សម្ព័ន្ធ​អ៊ីស្លាម​ដែល​ជា​បក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​Nawaz Sharif បាន​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​លាលែង​ចេញ​ពី​មុខ​តំណែង។

យ៉ាងណា​ក៏​ដោយ ឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក Husain Haqqani បាន​អះអាង​ថា អ៊ីស្លាម៉ាបាដ​នឹង​ចាត់​វិធានការ ឲ្យ​សម​តាម​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ដោយ​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​អាមេរិក​ABCថា«យើង​នឹង​ជម្រុះ​ចេញ​ពី​តំណែង អ្នកណា​ក៏​ដោយ​ដែល​បាន​ចូល​ដៃ​ក្នុង​ការ​លាក់​ខ្លួន​បិន ឡាដិន នៅ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន»។

អ្វី​ដែល​ជាក់​ច្បាស់​នៅ​ខណៈ​នេះ គឺ​បិន ឡាដិន​ពិត​ជា​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ហោច​ណាស់​ក៏​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ប៉ាគីស្ថាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ