អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូតង់​បង្កើត​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល និង​បញ្ចប់​បេសកកម្ម​យោធា​នៅ​អាហ្វហ្កានីស្តង់​ក្នុង​ឆ្នំា ២០១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​លើក​ទី២៤​របស់​អង្គការ​អូតង់​រយៈពេល ២ថ្ងៃ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា​នេះ​នៅ​ក្នុង​ទីក្រុង​លីស្បូន​ប្រទេស​ព័រទុយហ្កាល់។ មាន​សំណុំរឿង​សំខាន់ៗ​ចំនួន ៣​ដែល​សមាជិក​ទំាង ២៨​ប្រទេស​របស់​អូតង់​បាន​លើក​ទៅ​ជជែក ទីមួយ៖ អនុម័ត​នូវ​យុទ្ធសាស្រ្ត​ថ្មី​សម្រាប់​​ផែនការ ១០​ឆ្នំា​ខាង​មុខ ទីពីរ៖ កំណត់​កាលវិភាគ​នៃ​ការ​ដក​កម្លំាង​អូតង់​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្តង់ និង​ទីបី៖ ស្ថាបនា​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​ទ្វីប​អឺរ៉ុប។

ជំនួប​កំពូល​អង្គការ​អូតង់ នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល
ជំនួប​កំពូល​អង្គការ​អូតង់ នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​អូតង់ ឬ​ជា​ភាសា​អង់គ្លេស​ហៅ​កាត់​ថា NATO ត្រូវ​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី ៤ មេសា ឆ្នំា ១៩៤៩ ពោល​គឺ​នៅ​ក្រោយ​សង្រ្គាមលោក​លើកទី​២។ គោលដៅ​​នៃ​ការ​បង្កើត​អង្គការ​អូតង់​នេះ​ឡើង គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​បច្ចិមលោក ប្រឈម​នឹង​ការ​ឈ្លានពាន​​របស់​ចក្រពត្តិ​​អាល្លឺម៉ង់ និង​មហិច្ឆតា​របស់​សហភាព​សូវៀត។

ប៉ុន្តែ តំាង​ពី​ក្រោយ​ការ​រលំរលាយ​សហភាពសូវៀត​ក្នុង​ឆ្នំា ១៩៩១​មក អង្គការ​អូតង់​បាន​ប្រឈមមុខ​នឹង​បញ្ហា​ថ្មីៗ​​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ក្នុង​នោះ​រួម​មាន៖ ការ​ទាមទារ​ផ្តាច់​ទឹកដី​​របស់​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្លុក​កុម្មុយនិស្ត និង​សន្ទុះ​នៃ​ភេរវនិយម​អន្តរជាតិ។

នៅ​ថ្ងៃ​នេះ​ទៀត ពិសេស ២០ឆ្នំា​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ត្រជាក់​មក អង្គការ​អូតង់​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ទៀត​នៅ​ ក្នុង​ពិភពលោក​នៃ​សតវត្ស​ទី២១​នេះ។ ពិភពលោក​សតវត្ស​ទី២១​ដែល​ដក់​ជាប់​ដោយ​មហាភេរវកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នំា ២០០១ និង​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវនិយម​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ការ​វាយប្រហារ​ពី​ចោរ​សមុទ្ទ និង​ការ​រីកសាយភាយ​នុយក្លេអ៊ែរ។

គឺ​ជា​មួយ​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ទំាង​អស់​ខាង​លើ​នេះ​ហើយ ដែល​អង្គការ​អូតង់​ត្រូវ​ស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ទប់ទល់ ព្រោះថា យុទ្ធសាស្រ្ត​ដ៏​ចាស់​គំរិល​របស់​ខ្លួន​ដែល​បាន​អនុម័ត​ក្នុង​ឆ្នំា ១៩៩៩ កន្លង​មក ហាក់​ដូច​ជា​លែង​មាន​ប្រសិទ្ធិភាព​ទៀត​ហើយ​នា​ពេល​នេះ។

អូតង់​បង្កើត​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​អឺរ៉ុប

ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ សហរដ្ឋអាមេរិក​ជា​អ្នក​ចេញ​មុខ​ជួយ​ការពារ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ ខ្លួន។ កាលណោះ​គេ​នំា​គ្នា​និយាយ​ថា សម្ព័ន្ធមិត្ត​អឺរ៉ុប​ស្ថិត​ក្រោម​ឆ័ត្រ​នុយក្លេអ៊ែរ​អាមេរិកំាង។

ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សហរដ្ឋអាមេរិក​របស់​លោក បារ៉ាក់ អូបាម៉ា បាន​ស្នើ​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​ប្រឆំាង​មីស្ស៊ីល​ថ្មី​មួយ​នៅ​ក្នុង​ ទ្វីប​អឺរ៉ុប។ សំណើ​លើក​នេះ មិន​មែន​ជា​របស់​អាមេរិក​ផ្តាច់មុខ​ទេ តែ​ក៏​មាន​ចំណែក​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​ជា​សមាជិក​អូតង់​ដែរ ពិសេស​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប។

គោលដៅ​​នៃ​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​ ក្នុង​ទ្វីប​អឺរ៉ុប​នា​ពេល​នេះ គឺ​ដើម្បី​ជួយ​ការពារ​ប្រទេស និង​ពលរដ្ឋ​អឺរ៉ុប​ប្រឆំាង​ទប់​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស្ស៊ីល​ នុយក្លេអ៊ែរ​ជា​យថាហេតុ​ពី​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​ប្រទេស​អៀរ៉ង់។ ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​ថ្មី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា ៤​ដំណាក់កាល ដំបូង​ដាក់​នៅ​លើ​នាវា​ចម្បំាង បន្ទាប់​មក​ដាក់​នៅ​ផ្ទាល់ដី​ក្នុង​រយៈពេល​១០​ឆ្នំា​ខាង​មុខ។

សូម​ជម្រាប​ជូន​ថា នៅ​មុន​បើក​កិច្ចប្រជុំ សំណុំរឿង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នេះ បាន​ក្លាយ​ជា​សង្រ្គាម​ពាក្យ​សំដី​រវាង​ប្រទេស​សមាជិក​អូតង់​មួយ​ចំនួន​ដែល​ មាន​ប្រព័ន្ធ​ការពារ​នុយក្លេអ៊ែរ​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ សង្រ្គាម​ពាក្យ​សំដី​លេច​ធ្លោ​ជាង​គេ គឺ​រវាង​ប្រទេស​បារំាង និង​អាល្លឺម៉ង់។ ទីក្រុង​ប៉ារីស​ដែល​បាន​អភិវឌ្ឍ​កម្លំាង​វាយប្រហារ​នុយក្លេអ៊ែរ​របស់​ខ្លួន​ តំាង​ពី​ទសវត្ស​ឆ្នំា៦០​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​គឺ​ជា​ប្រព័ន្ធ​ការពារ​ថ្មី បន្ថែម​លើ​ប្រព័ន្ធ​ការពារ​ដែល​ខ្លួន​មាន។ តែ​សម្រាប់​ទីក្រុង​ប៊ែរឡំាង ប្រទេស​អាល្លឺម៉ង់​វិញ​យល់​ថា បើ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​រួម​ទៅ​ហើយ គេ​មិន​ចំា​បាច់​រក្សា​ទុក​ប្រព័ន្ធ​ការពារ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន​ទេ។

នៅ​ទីបំផុត ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​បាន​ដោះស្រាយ។ ទំាង​បារំាង និង​អាល្លឺម៉ង់​បាន​យល់​ឃើញ​ថា ប្រព័ន្ធ​ការពារ​នុយក្លេអ៊ែរ​នៅ​បន្ត​ជា​បេះដូង​នៃ​យុទ្ធសាស្រ្ត​របស់​អូតង់ ចំណែក​ឯ​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នឹង​ចូល​ខ្លួន​ជា​ជំនួយ​ បន្ថែម។ ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​ដែល​ត្រូវ​ចំណាយ​ប្រាក់​សរុប​ ប្រមាណ ២០០លាន​អឺរ៉ូ និង​ដែល​ត្រូវ​ចែក​គ្នា​ចេញ រវាង​ប្រទេស​ទំាង ២៨ ជា​សមាជិក​អូតង់។

អូតង់​ត្រូវ​ពិភាក្សា​ជា​មួយ​ប្រទេស​រុស្ស៊ី ?

ការ​ដាក់​តំាង​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​ក្នុង​ទ្វីប​ ត្រូវ​បាន​លើក​ម្តង​ហើយ​នៅ​ក្នុង​សម័យ​លោក​ប្រធានាធិបតី​អាមេរិក George W Bush។ តែ​អ្វី​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​ពេល​នេះ មិន​ដូច​គ្នា​នឹង​សំណើ​របស់​លោក Bush ទេ។
ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​ដែល​ស្នើ​ឡើង​ដោយ​លោក អូបាម៉ា ​មិន​មែន​ជា​កម្មសិទ្ធិ​​ផ្តាច់​មុខ​របស់​អាមេរិក​ទេ តែ​មាន​ការ​ចូល​រួម​ពី​ប្រទេស​សមាជិក​ទំាង ២៨​របស់​អូតង់។

គម្រោង​របស់​លោក Bush ត្រូវ​បាន​លោក អូបាម៉ា​បោះបង់​ចោល ដោយសារ​តែ​មាន​ការ​ជំទាស់​ខ្លំាង​ពេក​ពី​ប្រទេស​រុស្ស៊ី។ ទីក្រុង​ម៉ូស្គូ​យល់​ឃើញ​ថា ការ​ដែល​អាមេរិក​ដាក់​តំាង​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​ជិត​ បង្កើយ​ប្រទេស​ខ្លួន​នា​ពេល​នេះ គឺ​ក្នុង​គោលដៅ​វាយប្រហារ​រុស្ស៊ី​តែ​ម្តង គឺ​មិន​មែន​ទុក​សម្រាប់​ទប់​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស្ស៊ីល​នុយក្លេអ៊ែរ ​ជា​យថាហេតុ​ពី​សំណាក់​ប្រទេស​អៀរ៉ង់ ដូច​ការ​អះអាង​របស់​លោក Bush​ទេ។

តែ​យ៉ាង​ណា​ក៏​ដោយ សំណើ​របស់​លោក អូបាម៉ា​ពេល​នេះ​ក៏​ត្រូវ​លើក​យក​ទៅ​ជជែក​ជា​មួយ​ប្រទេស​រុស្ស៊ី​ដែរ។ ជា​គោលការណ៍ អូតង់​មិន​ចំា​បាច់​មាន​ការ​យល់​ព្រម​ពី​ប្រទេស​រុស្ស៊ី​ទេ ហើយ​ប្រទេស​រុស្ស៊ី​ក៏​គ្មាន​ហេតុផល​អ្វី​នឹង​ជំទាស់​ដែរ។ ក៏​ប៉ុន្តែ អូតង់​ត្រូវ​ការ​ប្រទេស​រុស្ស៊ី​ឲ្យ​ជួយ​អន្តរាគមន៍​នៅ​ក្នុង​រឿង​ផ្សេង​ទៀត ដូច​ជា​បញ្ហា​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ និង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​ជា​ដើម ពិសេស អូតង់​ចង់​ឲ្យ​រុស្ស៊ី​អនុញ្ញាត​ឲ្យ​អូតង់​អាច​ដឹកជញ្ជូន​​ទ័ព និង​ពស្តុភារ​ឆ្លង​កាត់​ដែនដី​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ អាហ្វហ្កានីស្តង់។

អ្វី​ដែល​អូតង់​ព្យាយាម​ពន្យល់​រុស្ស៊ី​នោះ គឺ​ផលប្រយោជន៍​រួម​សម្រាប់​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​ការ​ដាក់​តំាង​ប្រព័ន្ធ​ ខែល​មីស្ស៊ីល​ប្រឆំាង​មីស្ស៊ីល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ពិសេស​ប្រាប់​រុស្ស៊ី​ថា មិន​មែន​ក្នុង​គោលដៅ​ប្រឆំាង​ប្រទេស​មួយ​ណា​ទេ។ តែ​អ្វី​ដែល​រុស្ស៊ី​ចង់​បាន​ការ​ធានា​ពី​អូតង់​នោះ គឺ​ជុំ​វិញ​កន្លែង​នៃ​ការ​ដាក់​តំាង​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆំាង​ មីស្ស៊ីល​ទំាង​នោះ ដោយ​ធ្វើ​យ៉ាង កុំ​ឲ្យ​ស្ថិត​ជាប់​នឹង​ប្រទេស​រុស្ស៊ី​ខ្លំាង​ពេក។

ដក​ទ័ព​ពី​ប្រទេស​អាហ្វហ្កានីស្តង់​នៅ​ឆ្នំា ២០១៤ ?

តំាង​ពី​ឆ្នំា ២០០៣​មក​ម្ល៉េះ​ដែល​កម្លំាង​អូតង់​បាន​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានីស្តង់។ គឺ​ជា​បេសកកម្ម​ដ៏​សំខាន់​​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អូតង់។ បច្ចុប្បន្ន អូតង់​មាន​កម្លំាង​ទាហាន ១៥ ម៉ឺន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ទាហាន​អាមេរិកំាង ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ សង្រ្គាម​ប្រឆំាង​ពួក​ឧទ្ទាម​តាលីបង់​អស់​រយៈពេល ៩ឆ្នំា​កន្លង​ទៅ​នេះ បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អូតង់​ចំនួន ២ ២០០នាក់។ អ្វី​ជា​ការ​កត់សម្គាល់​រួម​គឺ​ថា ពី​មួយ​ឆ្នំា ទៅ​មួយ​ឆ្នំា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​ ទៅៗ។

អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​មួយ​បាន​ចោទ​ឡើង​នៅ​ក្នុង​ជំនួប​កំពូល​អូតង់​ ពេល​នេះ ថា​តើ​គេ​ត្រូវ​បញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្តង់​ដោយ​វិធី​ណា ?

ពាក្យ​មួយ​ឃ្លា​ដែល​ទំាង​អស់​គ្នា​បាន​លើក​ឡើង និង​ព្រមព្រៀង​គ្នា គឺ​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ ទៅ​ឲ្យ​កង​ទ័ព​អាហ្វហ្កានិស្តង់ ជា​អ្នក​រ៉ាប់រង​សន្តិសុខ និង​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​វិញ។ ត្រង់​ចំណុច​នេះ អូតង់​បាន​សម្រេច​រួច​ហើយ​ថា ការ​ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្តង់ នឹង​ត្រូវ​ចាប់​ផ្តើម​ជា​បណ្តើរៗ​ចាប់​ពី​ពេល​នេះ ទៅ​ដល់​ដំណាច់​ឆ្នំា ២០១៤ មាន​ន័យ​ថា ចាប់​ពី​ដើម​ឆ្នំា ២០១៥​ទៅ អូតង់​លែង​មាន​បេសកកម្ម​យោធា ជា​​អ្នក​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ឲ្យ​ពលរដ្ឋ​អាហ្វហ្កានីស្តង់​ទៀត​ហើយ។ ក៏​ប៉ុន្តែ អូតង់​អាច​បន្ត​រក្សា​បេសកកម្ម​ជា​លក្ខណៈ​ស៊ីវិល។

សំណួរ​ដែល​ចោទ ជា​បន្ត​នោះ​នៅ​ត្រង់​ថា តើ​កម្លំាង​អាហ្វហ្កានីស្តង់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ ដើម្បី​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដែល​កាន់​តែ​មាន​ឥទ្ធិពល​ខ្លំាង​ទៅៗ​នៅ​ ពេល​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ