អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបារម្ភ​ខ្លាចមាន​”សង្គ្រាមរូបិយវត្ថុ”​មុនជំនួប​កំពូល​G20​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្តីបារម្ភ​ខ្លាច​កើតមាន​”​សង្គ្រាម​រូបិយវត្ថុ​”បាន​កើន​កាន់តែ​ខ្លាំងឡើងៗ​នៅ​ថ្ងៃពុធ​ទី១០​វិច្ឆិកា​នេះ​ មុន​ជំនួប​កំពូល​G20​នៅ​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។​ ប្រទេស​សមាជិក​សំខាន់ៗ​នៃ​ក្រុម​ប្រទេស​G20​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ បាន​គំរាម​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក។ 

​ជំនួប​កំពូល​​G20​​នៅ​ទីក្រុង​​សេអ៊ូល​​នៃ​ប្រទេស​​កូរ៉េ​​ខាងត្បូង​
​ជំនួប​កំពូល​​G20​​នៅ​ទីក្រុង​​សេអ៊ូល​​នៃ​ប្រទេស​​កូរ៉េ​​ខាងត្បូង​ © REUTERS/Jo Yong-Hak
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ត្រូវគេ​ចោទ​ថា​ បាន​គំរាម​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​ ​ ដោយហេតុ​តែ​ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រកាស​ថា​នឹង​ចាក់​បញ្ចូល​សាច់​ប្រាក់​ប្រមាណ​៦០០ពាន់លាន​ដុល្លារ​បន្ថែម​ទៀត​ទៅក្នុង​សេដ្ឋកិច្ច​អាមេរិកាំង​តាមរយៈ​ការ​ទិញ​ប័ណ្ណ​រតនាគារ​និង​តាមរយៈ​វិធានការ​មួយ​ចំនួន​ទៀត​ ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​អាមេរិកាំង​មាន​សន្ទុះ​លឿន​ទៅមុខ។​ ទង្វើ​បោះពុម្ព​ក្រដាស​ប្រាក់​ដុល្លារ​យកមក​ទិញ​ប័ណ្ណ​រតនាគារ​នេះ​នឹង​បណ្តាល​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់​ស្រុត​ចុះ​ថ្លៃ។

 
តាមរយៈ​ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​ថ្លៃ​នេះហើយ​ ដែល​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ពង្រីក​ការនាំ​ទំនិញ​អាមេរិកាំង​ចេញ​ទៅលក់​ក្រៅ​ប្រទេស។​ ទាំងនេះ​ជាមូលហេតុ​នាំឲ្យ​ប្រទេស​សមាជិក​សំខាន់ៗ​នៃ​ក្រុម​ប្រទេស​G20​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​អ្នក​មេ​នាំភ្លើង​បង្ក​ឲ្យ​មាន​”​សង្គ្រាម​រូបិយវត្ថុ​”​។

សូម​បញ្ជាក់ថា​ ​ ក្រុម​ប្រទេស​G20​ដែល​តំណាង​ដល់​ទៅ​៩០%​នៃ​សេដ្ឋកិច្ច​សរុប​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នាជា​លើក​ទីប្រាំ​ចាប់​តាំងពី​ឆ្នាំ២០០៨​មក។

ជំនួប​កំពូល​G20​នេះ​បាន​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​ឡើង​៖

-ដើម្បី​គេចចៀស​ពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​”​នយោបាយ​ការពារ​ផលិតផល​ក្នុង​ស្រុក​ជ្រុលហួស​ហេតុ​”​។

-ដើម្បី​គេចចៀស​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដើរ​ថយក្រោយ​ក្រោយ​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅឆ្នាំ២០០៨។

-ហើយនិង​ដើម្បី​ធ្វើការ​កាត់​បន្ថយ​វិសមតា​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម។

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ទាំងនេះ​ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​ប្រទេស​សំខាន់ៗ​ក្នុង​ការនាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​សន្យា​ធ្វើការ​កាត់​បន្ថយ​សំណល់ផល​ពាណិជ្ជកម្ម​របស់​ខ្លួន​ ​ កុំ​ឲ្យ​មាន​លក្ខណៈ​ជ្រុល​ហួស​ហេតុ​ពេក។

ហើយ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ផងដែរ​ទាមទារ​ឲ្យ​ប្រទេស​ចិន​ចាត់ការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​របស់​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​ ​ ពី​ព្រោះ​បច្ចុប្បន្ន​នេះ​ តម្លៃ​ប្រាក់យ័ន​ចិន​មាន​តម្លៃ​ថោក​ជ្រុលពេក​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិកាំង​មាន​ឧនភាព​យ៉ាង​សែន​ធ្ងន់ធ្ងរ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។

ប្រទេស​ចិន​និង​ប្រទេស​អាល្លឺម៉ង់​ពុំ​យល់ព្រម​តាម​ការ​ទាមទារ​របស់​អាមេរិកាំង​ឲ្យ​ដាក់​កម្រិត​ទៅលើ​សំណល់ផល​ពាណិជ្ជកម្ម​ក្នុងការ​ដោះដូរ​ដែល​ពុំចង់​ឲ្យ​មាន​លើសពី​៤%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ឡើយ។​ ផ្ទុយ​ទៅវិញ​ ​ ប្រទេសចិន​ ប្រទេស​អឺរ៉ុប​មាន​ជាអាទិ៍​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើការ​ទិតៀន​យ៉ាង​ខ្លាំងក្លា​ទៅលើ​នយោបាយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​ ​ ហើយនិង​នយោបាយ​បញ្ចុះ​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ខុស​បែបបទ​ ដែល​អាច​ជា​មូលហេតុ​នាំ​ឲ្យ​មាន​”​សង្គ្រាម​រូបិយវត្ថុ​”​។

លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ “​ប្រាក់​អឺរ៉ូ​ពុំ​ត្រូវ​មក​ទទួល​រង​ថ្ម​បាក់​ដោយ​ហេតុ​តែ​នយោបាយ​រូបិយវត្ថុ​អាមេរិកាំង​ដែល​ចង់​បញ្ចុះ​ថ្លៃ​ប្រាក់​ដុល្លារ​ឲ្យ​ថោក​ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​នាំ​ទំនិញ​អាមេរិកាំង​ចេញ​ទៅលក់​ក្រៅ​ប្រទេស​នោះ​ឡើយ​”​។
 

ចំណែកឯ​ប្រទេស​បារាំង​ដែល​ត្រូវ​ធ្វើជា​ប្រធាន​នៃ​ក្រុម​ប្រទេស​G20​បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​គ្រោង​ធ្វើ​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​ដើម្បី​ប្រឆាំង​នឹង​​”​សង្គ្រាម​រូបិយវត្ថុ​”​។​ ក៏​ប៉ុន្តែ​ការដ្ឋាន​នៃ​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​នេះ​ ​ ពិត​ជា​ការដ្ឋាន​មួយ​ដ៏សែន​ស្មុគស្មាញ​និង​ដ៏​សែន​លំបាក​ក្រៃលែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ