អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្មានឡើយ​កិច្ចព្រមព្រៀង​នៃក្រុម​ប្រទេសG20​ស្ដីពី​ពន្ធលើធនាគារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រី​ក្រសូង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេសG20​ដែល​ជា​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ជឿន​លឿន​ជាងគេ​ក្នុង​លោក​ ពុំ​សម្រេច​បាន​ឡើយ​កិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធ​លើ​ធនាគារ​ នាឱកាស​ជំនួប​ប្រជុំ​ពីរថ្ងៃ​នៅ​ទីក្រុង​Pusanនៃ​ប្រទេស​កូរ៉េ​ខាងត្បូង។ជំនួប​​កំពូល​​លើក​​ក្រោយ​​នៃ​​ក្រុម​​ប្រទេស​​G20​​​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​នៅ​​ទី​ក្រុង​​តូរ៉ុងតូ​​នៃ​​ប្រទេស​​កាណាដា​​នៅ​​ថ្ងៃទី​​២៦​​និង​​២៧​ ​មិថុនា​​ខាង​​មុខ​​នេះ។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Timothy Geithner
លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Timothy Geithner © FRI
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​ប្រទេស​G20​ពុំ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីពន្ធលើធនាគារ​ មូលហេតុ​គឺ​បណ្តាល​មក​ពី​មាន​ការ​ជំទាស់​ពី​សំណាក់​ប្រទេស​មួយ​ចំនួន​ មាន​ដូចជា​ប្រទេស​កាណាដា​និង​ប្រទេស​ឥណ្ឌា​ដែល​ធនាគារ​នៅ​ប្រទេស​ទាំងនោះ​គ្មាន​បាន​ដើរតួ​​នាទី​អ្វីឡើយ​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅពេល​កន្លង​ទៅនេះ។

ពន្ធ​លើ​ធនាគារ​នេះ​គឺ​ជា​ប្រធានបទ​មួយ​ដែល​សមាជិក​នៃ​ក្រុម​ប្រទេស​G20​បាន​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​ ដោយហេតុ​ថា​មាន​ប្រទេស​សមាជិក​G20​ជាច្រើន​មាន​បំណង​នឹង​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​ពន្ធ​លើ​ធនាគារ​ ដែល​តម្រូវ​ឲ្យ​ធនាគារ​ដែល​ជា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ ទទួល​ខុស​ត្រូវ​និង​បង់​ខាត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ពួក​ខ្លួន​បាន​បង្ក​ឲ្យ​កើត​មាន​ឡើង។​ ពុំ​ត្រូវ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​បង់​ពន្ធដារ​យក​មក​ជួយ​សង្គ្រោះ​ធនាគារ​ឡើយ។

ពន្ធ​លើ​ធនាគារ​នេះ​គឺ​គេ​ចង់​រៀបចំ​ឲ្យ​មាន​ឡើង​ក្នុង​គោល​បំណង​សម្រាប់​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​ដល់​មូលនិធិ​ដែល​ត្រូវ​ផ្តល់​ជំនួយ​ឲ្យ​បេសកកម្ម​ជួយ​សង្គ្រោះ​ធនាគារ។

គួរ​កត់​សម្គាល់​ថា​ រដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុនៃក្រុម​ប្រទេស​G20​ដែល​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​Pusan​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ស្គាល់​ថា​ ពួក​គេ​ពុំ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធ​លើ​ធនាគារ​ឡើយ។​ក៏ប៉ុន្តែលោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង​Christine Lagarde បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ស្រី​សង្ឃឹម​ជា​និច្ច​នឹង​ប្រមូល​ប្រជុំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធ​លើ​ធនាគារ​នេះ។

ក្រោយ​ពី​ជំនួប​នៃក្រុម​ប្រទេស​G20​នៅទីក្រុង​Pusanនៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បិទ​បញ្ចប់​ហើយ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជា​សមាជិក​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​សុទិដ្ឋិនិយម​របស់​ពួក​គេ​ ដោយ​បាន​ធ្វើការ​កត់​សម្គាល់​ជា​ឯកច្ឆ័ន្ទ​ថា​ “​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​”។

ថ្វី​ដ្បិតតែ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ចំនួន​មាន​កម្រិត​ខ្ពស់​ទាប​ពុំ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ ក៏​ប្រទេស​នីមួយៗ​ត្រូវ​តែ​អនុម័ត​ឲ្យ​មាន​វិធានការ​សម្រាប់​​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ត្រូវ​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​ផែនការ​ត្បិត​ត្បៀត​អនុលោម​តាម​ស្ថាន​ភាព​សេដ្ឋកិច្ច​និង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នីមួយៗ។

សូម​​គូស​​បញ្ជាក់​​ថា​​ ជំនួប​ប្រជុំ​ពីរថ្ងៃ​នៅទីក្រុង​​Pusan​នៃ​​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​​នៃ​​រដ្ឋ​មន្ត្រី​ក្រសូង​ហិរញ្ញវត្ថុ​នៃ​ក្រុម​​ប្រទេស​​G20​​ បាន​​ប្រព្រឹត្ត​​ទៅ​​នៅ​ក្នុង​​បរិបទ​​មួយ​​ដែល​​ប្រទេស​​មួយ​​ចំនួន​​នៅ​ក្នុង​​តំបន់​​អឺរ៉ូ​​កំពុង​​ត្រូវ​​ប្រឈម​​មុខ​​ទល់​នឹង​​វិបត្តិ​​ហិរញ្ញវត្ថុ​​ដ៏​​សែន​​​ធ្ងន់ធ្ងរ។​​ ហើយ​​ជំនួប​​នេះ​​ក៏​​មាន​​​គោល​​បំណង​​ផង​ដែរ​​រិះរក​​ឲ្យ​​បាន​​នូវ​​កិច្ច​​ព្រម​ព្រៀង​​ពាក់​ព័ន្ធ​​នឹង​​កំណែ​​ទម្រង់​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​ និង​​កំណែ​​ទម្រង់​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​​មាន​​តុល្យភាព​​ថវិកា។​

លោក​​អគ្គនាយក​​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​​FMI​​បាន​​សម្តែង​​ឲ្យ​​ឃើញ​​នូវ​​ការ​​ពេញ​​ចិត្ត​​របស់​​គេ​​នៅ​​ចំពោះ​​មុខ​​កិច្ច​​ប្រជុំ​​របស់​​រដ្ឋ​​មន្ត្រី​​ក្រសូង​​ហិរញ្ញវត្ថុ​នៃ​ក្រុម​​ប្រទេស​​G20​​ពីរ​ថ្ងៃ​នៅ​ទីក្រុង​​Pusan​​នៃ​​ប្រទេស​​កូរ៉េ​​ខាង​ត្បូង​​ ដោយ​​បាន​​គូស​​បញ្ជាក់​​ប្រាប់​ថា​​ ប្រទេស​​ទាំង​នោះ​​យល់​​ដឹង​​​ពី​​ការ​​ចាំ​បាច់​​ក្នុង​​កិច្ច​​សហ​​ប្រតិបត្តិការ​​ ហើយ​​លោក​​អគ្គ​នាយក​​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​​FMI​​បាន​​រំលឹក​​ទៀត​ថា​​ ជំនួប​​នៅ​ទីក្រុង​​Pusan​​នៃ​​ប្រទេស​​កូរ៉េ​​ខាង​ត្បូង​​គឺ​​ជា​​ដំណាក់​​ការ​​មួយ​​នៃ​​អភិក្រម​​សម្រាប់​​កិច្ច​​ពិភាក្សា។​​ ជំនួប​​កំពូល​​លើក​​ក្រោយ​​នៃ​​ក្រុម​​ប្រទេស​​G20​​ដែល​ជា​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ជឿន​លឿន​ជាង​គេ​ក្នុង​លោក​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​នៅ​​ទី​ក្រុង​​តូរ៉ុងតូ​​នៃ​​ប្រទេស​​កាណាដា​​នៅ​​ថ្ងៃទី​​២៦​​និង​​២៧​​មិថុនា​​ខាង​​មុខ​​នេះ៕​

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ