អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លុយដុល្លារ​ដើម្បី​សន្តិសុខ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ បាន​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ តុលា​ម្សិលមិញ ព្រឹទ្ធសភា​អាមេរិកំាង​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា មូលនិធិ​ដែល​សហរដ្ឋអាមេរិក​បាន​ជួល​ក្រុមហ៊ុន​ឯកជន​ឲ្យ​ទទួល​ខុស​ត្រូវ​ ផ្នែក​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​​ពួក​មេ​កន្ទ្រាញ​សង្រ្គាម និង​ពួក​ឧទ្ទាម​តាលីបង់។ របាយការណ៍​បាន​បរិហារ​ពី​​អសមត្ថភាព​របស់​រដ្ឋបាល​អាមេរិកំាង​ក្នុង​ការ​ ត្រួត​ពិនិត្យ​​សកម្មភាព​របស់​ក្រុមហ៊ុន​ទំាង​នោះ។

ព្រឹទ្ធសភា​អាមេរិក
ព្រឹទ្ធសភា​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​របស់​គណៈកម្មាធិការ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិកំាង។ អ្វី​ដែល​គណៈកម្មាធិការ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិកំាង​ចង់​ដឹង​ជាង​គេ គឺ​កិច្ចសន្យា​ស្តីពី​ការ​ធានា​សន្តិសុខ​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិកំាង​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ក្រុមហ៊ុន​ឯកជន​អាហ្វហ្កានីស្តង់ អាមេរិកំាង​ក្នុង​ចន្លោះ​ឆ្នំា ២០០៧ និង ២០០៩។ សូម​ជម្រាប​ជូន​ថា ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ក្រុម​ការងារ​របស់​កម្លំាង​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​តំាង​ពី​ឆ្នំា ២០០១ មក រដ្ឋបាល​អាមេរិកំាង​បាន​ចំណាយ​លុយ​អស់​រាប់​សិប​លាន​ដុល្លារ។

ក្រោយ​ពី​បាន​បើក​ការ​ស៊ើបអង្កេត​អស់​ជា​ច្រើន​ឆ្នំា​មក គណៈកម្មាធិការ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិកំាង​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដូច​ជា៖ ភាព​មិន​ឯករាជ្យ​របស់​ក្រុមហ៊ុន និង​សកម្មភាព​គ្មាន​តម្លាភាព​របស់​ក្រុមហ៊ុន​ទំាង​​នោះ។ របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិកំាង​មិន​ញញើត​នឹង​បរិហារ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ពី​​អសមត្ថភាព​ក្នុង​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​សកម្មភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ទំាង​នោះ។

របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិកំាង​បាន​លើក​ឡើង​អំពី​ការងារ​​របស់​ក្រុមហ៊ុន​ទំាង​នោះ​ដែល​បាន​យក​លុយ​ទៅ​ចិញ្ចឹម​មេកន្ទ្រាញ​សង្រ្គាម និង​ពួក​ឧទ្ទាម​តាលីបង់​ទៅ​វិញ។ និយាយ​ជា​រួម​ទៅ ក្រុមហ៊ុន​ទំាង​នោះ​កំពុង​តែ​យក​លុយ​របស់​មិត្ត ទៅ​ចិញ្ចឹម​សត្រូវ។ នេះ​ជា​ទង្វើ​មួយ​ដែល​បាន​និង​កំពុង​គំរាមកំហែង​លើ​សន្តិសុខ​របស់​កម្លំាង​អូតង់ និង​អាច​ជា​​របំាង​រារំាង​ភាព​ជោគជ័យ​របស់​អន្តរជាតិ​នៅ​ក្នុង​ដំណើរការ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​អាហ្វហ្កានីស្តង់​ទៀត​ផង។

កង​កម្លំាង​អូតង់​កំពុងដើរត្បាត
កង​កម្លំាង​អូតង់​កំពុងដើរត្បាត Reuters / Ahmad Nadeem

ចំណាយ​លុយ ដើម្បី​ទទួល​បាន​សន្តិសុខ

ដើម្បី​ការពារ​​សន្តិសុខ និង​សុវត្ថិភាព​ក្រុម​បុគ្គលិក​ស៊ីវិល និង​យោធា​របស់​កម្លំាង​អូតង់ និង​កម្លំាង​អាហ្វហ្កានីស្តង់ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ចាយ​លុយ​រាប់​សិប​លាន​ដុល្លារ ដើម្បី​ជួល​ក្រុមហ៊ុន​រក្សា​​សន្តិសុខ​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស។ នេះ​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន។ ជា​រួម​ទៅ បេសកកម្ម​របស់​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​មួយ គេ​ពិបាក​នឹង​ទាត់​ចោល​នូវ​​ការ​រួម​សហការ​របស់​ប្រទេស​នោះ។ ទោះ​បី​ជា​ការ​រួម​សហការ​នោះ​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​ក៏​ដោយ។

អ្វី​ដែល​របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិកំាង​បាន​លើក​ឡើង​ពេល​នេះ ក៏​ត្រូវ​បាន​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិកំាង Robert Gates ទទួល​ស្គាល់​ជា​ផ្លូវការ​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ លោក Robert Gates បាន​គូស​បញ្ជាក់​ថា លោក​បាន​និង​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គ្រប់​កិច្ចសន្យា​ដែល​ក្រសួង​ការពារជាតិ​បាន​ចុះ​ហត្ថលេខា​កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ ជម្រើស​យក​ក្រុមហ៊ុន​នេះ ឬ​នោះ​ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព ជា​រឿង​មួយ​ពិបាក ពិសេស​នៅ​ក្នុង​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ឲ្យ​ដល់​កម្លំាង​អន្តរជាតិ ប្រឈម​នឹង​ពួក​ឧទ្ទាម​តាលីបង់។ របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិកំាង​បាន​ចោទ​ក្រុមហ៊ុន​ទំាង​នោះ​ថា បាន​បង្វែរ​លុយ​ទៅ​ចិញ្ចឹម​ពួក​ឧទ្ទាម​តាលីបង់ តាម​រយៈ​ការ​ជ្រើស​យក​ពួក​នេះ​ឲ្យ​ការពារ​សុវត្ថិភាព​បុគ្គលិក​ជាតិ ក៏​ដូច​ជា​បុគ្គលិក​អន្តរជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ទី​នោះ។

តើ​នេះ​ជា​រឿង​មួយ​ត្រឹមត្រូវ​ដែរ ឬ​ទេ ?
ចម្លើយ គឺ​ពិត​ជា​មិន​ត្រឹមត្រូវ​ទេ ព្រោះថា គ្មាន​នរណា​យក​លុយ​ពី​មិត្ត​ទៅ​ជួល​សត្រូវ​ ​ឲ្យ​ការពារ​មិត្ត​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ នេះ​ជា​រឿង​មួយ​ចៀស​មិន​រួច ព្រោះ​ថា ទីមួយ៖ គេ​ត្រូវ​បង់​លុយ​ឲ្យ​ពួក​ឧទ្ទាម​តាលីបង់ ដើម្បី​កុំ​ឲ្យ​ពួក​នេះ​បង្ក​អសន្តិសុខ មាន​ន័យ​ថា យក​លុយ​ទៅ​ដូរ​នឹង​សន្តិសុខ។ ចំណែក​ឯ​ជម្រើស​ទីពីរ៖ មិន​សុខចិត្ត​បង់​លុយ​ឲ្យ​ពួក​ឧទ្ទាម​ទេ តែ​ត្រូវ​ប្រឈម​នឹង​ការ​វាយប្រហារ​ពី​ពួក​នេះ​ជា​អចិន្រ្តៃយ៍។

លោក​ Hamid Karzai ប្រធានាធិបតី​អាហ្វហ្កានីស្តង់
លោក​ Hamid Karzai ប្រធានាធិបតី​អាហ្វហ្កានីស្តង់ Reuters / O. Sobhani

ការ​ផ្សះផ្សា ជា​ដំណោះស្រាយ​ចុង​ក្រោយ

គិត​មក​ទល់​នឹង​ខែ​តុលា ឆ្នំា ២០១០ នេះ សង្រ្គាម​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​មាន​អាយុកាល ៩ឆ្នំា​ហើយ។ ៩ឆ្នំា​ក្រោយ​មក ស្ថានការណ៍​រឹត​តែ​ធ្លាក់​ដុនដាប​ទៅៗ។ អំពើ​ភេរវកម្ម​បាន​កើត​មាន​សឹង​តែ​រាល់​ថ្ងៃ។ ទាហាន​របស់​អូតង់ និង​អាហ្វហ្កានីស្តង់​កំពុង​បន្ត​បង់​ជីវិត​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​តាលីបង់។

អ៊ីចឹង​ហើយ​បាន​ជា​មាន​លេច​ឡើង​នូវ​​គំនិត​នៃ​ការ​ផ្សះផ្សា​ជា​មួយ​ពួក​ឧទ្ទាម​ដើម្បី​បញ្ចប់​សង្រ្គាម។ ថ្មីៗ​នេះ កាសែត​អាមេរិកំាង​ឈ្មោះ Washington Post បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់ Hamid Karzaï និង​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ផ្តើម​បើក​កិច្ច​ចរចា​ដោយ​សម្ងាត់។ នេះ​ជា​ព័ត៌មាន​មួយ​ដែល​អ្នក​នំា​ពាក្យ​របស់​លោក Karzaï មិន​បាន​បញ្ជាក់​ទេ ហើយ​ក៏​មិន​បាន​បដិសេធ​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ក្នុង​ឆ្នំា ២០១០ នេះ លោក Karzï ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ការ​ជំនះ​ពួក​តាលីបង់​មិន​ជ្រុល​និយម ឲ្យ​រួបរួម​ជា​មួយ​រដ្ឋាភិបាល បញ្ឈប់​អំពើ​ហិង្សា និង​ត្រូវ​ទទួល​យក​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ដើម​ខែ​កញ្ញា ឆ្នំា ២០១០ លោក Karzaï បាន​បង្កើត​ឡើង​នូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដើម្បី​សន្តិភាព ដើម្បី​អនុវត្ត​ផែនការ​ខាង​លើ។

ងាក​ទៅ​មើល​ជំហរ​​របស់​សហរដ្ឋអាមេរិក​វិញ ទីក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​មិន​បញ្ចេញ​ប្រតិកម្ម​លើ​ព័ត៌មាន​ខាង​លើ​ទេ តែ​គំាទ្រ​ឲ្យ​មាន​ការ​ផ្សះផ្សា។ ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ផ្តល់​មេរៀន​ពី​របៀប​ផ្សះផ្សា​នោះ​ទេ។ លោក Robert Gibbs អ្នក​នំា​ពាក្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​បាន​និយាយ​ថា រឿង​ផ្សះផ្សា​ជា​មួយ​អ្នក​ណា​នោះ គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្តង់ ដែល​អាមេរិក​មិន​លូក​ដៃ​ទេ។

ក្រឡេក​ទៅ​មើល​ឥរិយាបថ​របស់​ពួក​តាលីបង់​ម្តង ពួក​គេ​បាន​ប្រកាស​ក្តែងៗ​រួច​ហើយ​ថា ដរាប​ណា​នៅ​តែ​មាន​វត្តមាន​កម្លំាង​ទ័ព​អាមេរិកំាង និង​អូតង់​ក្នុង​ទឹកដី​អាហ្វហ្កានីស្តង់​នោះ ពួក​គេ​នឹង​មិន​ព្រម​ចរចា​ជា​ដាច់​ខាត។

សរុប​មក​វិញ បើ​គេ​មិន​ចង់​ឃើញ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​បន្ត​ទៅ​មុខ​ទៀត​ទេ ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត គឺ​ការ​ផ្សះផ្សា​ផ្ទៃក្នុង និង​ទុក​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្តង់ ជា​អ្នក​សម្រេច​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ