អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជួយ​កសាង​អាហ្វហ្កានីស្តង់​ដើម្បី​ប្រយោជន៍​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អាហ្វហ្កានីស្តង់ ៩​ឆ្នាំ​កន្លង​មក​ហើយ ដែល​កងទ័ព​អន្តរជាតិ​ខិតខំ​ខ្ទប់​កុំ​ឲ្យ​ពួក​តាលីបង់​វិល​មក​កាន់​អំណាច​ វិញ ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ផ្តល់​លុយ និង​ជំនួយ​គ្រប់​បែប​យ៉ាង​ទៅ​ឲ្យ​រដ្ឋអំណាច​នៃ​ប្រទេស​នេះ ដើម្បី​បង្កើត​រដ្ឋបាល និង​រដ្ឋាភិបាល​មួយ​ឡើង។ បេសកកម្ម​នេះ ដែល​បំពេញ​ជា​ពិសេស​ដោយ​បស្ចិមលោក ត្រូវ​បាន​ទទួល​ការ​រិះគន់​ថា ជា​អាណានិគមនិយម​បែប​ថ្មី។ តែ​ការ​ពិត​មិនមែន​អ៊ីចឹង​ទេ។ ជួយ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អាហ្វហ្កានីស្តង់​មួយ​មាំមួន និង​ប្រជាធិបតេយ្យ គឺ​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក​ទាំង​មូល។

អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ​ដែល​កងទ័ព​អន្តរជាតិ​ខិតខំ​ខ្ទប់​កុំ​ឲ្យ​ពួកតាលីបង់​វិល​មក​កាន់​អំណាចនៅ​អាហ្វហ្កានិស្តង់
អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ​ដែល​កងទ័ព​អន្តរជាតិ​ខិតខំ​ខ្ទប់​កុំ​ឲ្យ​ពួកតាលីបង់​វិល​មក​កាន់​អំណាចនៅ​អាហ្វហ្កានិស្តង់ ©reuters
ផ្សាយពាណិជ្ជកម្ម

 

គោលដៅ​ចំបង​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាហ្វហ្កានីស្តង់​នៅ​ទីក្រុង​កាប៊ូល​ដែល​ទើប​តែ​ត្រូវ​បាន​បិទ​បញ្ចប់ នៅ​ថ្ងៃ​នេះ គឺ​កសាង​ប្រជាជាតិ​ឯករាជ្យ​និង​អធិបតេយ្យ​មួយ​ឡើង​វិញ nation building។ តាម​ពិត ពាក្យ​ថា nation building នេះ ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស​លើក​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០០១​ម្ល៉េះ។ កាលណោះ អាមេរិក និង​អឺរ៉ុប ក្រោយ​ពេល​ដែល​បាន​រំលំ​របប​តាលីបង់​រួច​ហើយ បាន​ផ្តេជ្ញា​ចិត្ត​ថា ចាំបាច់​ត្រូវ​តែ​ផ្តល់​ជំនួយ ជួយ​បង្កើត​ឡើង​នូវ​រដ្ឋបាល​មួយ​មាំមួន និង​រដ្ឋាភិបាល​មួយ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​មួយ​នេះ។

៩​ឆ្នាំ​ក្រោយ​មក គោលការណ៍​នៃ​ការកសាង​ប្រជាជាតិ និង​រដ្ឋ​អាហ្វហ្កានីស្តង់​មួយ​ឡើង នៅ​តែ​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក​ដដែល។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា ពិបាក​ណាស់ ពិបាក​មែនទែន ស្តែង​ឲ្យ​ឃើញ​ថា មិនមែន​ងាយ​ទេ ការបង្កើត​ឲ្យ​មាន​មនសិការ​ជាតិ​ឡើង​វិញ នៅ​ក្នុង​ប្រទេស​មួយ​ដូច​អាហ្វហ្កានីស្តង់ ប្រទេស​មួយ​ដែល​ក្រ​ខ្លាំង ដែល​ខ្ទេចខ្ទី​គ្មាន​សល់ ដោយហេតុតែ​សង្គ្រាម​៣០​ឆ្នាំ និង​ដែល​បែកបាក់​គ្នា​ជា​បក្សពួក ជា​កុលសម្ព័ន្ធ និង​ជា​ស្តេចក្រាញ។

តើ​សំខាន់​ដែរ​ឬ​ទេ នយោបាយ nation building នេះ​របស់​បស្ចិមលោក នៅ​អាហ្វហ្កានីស្តង់? ចម្លើយ គឺ​ពិត​ជា​សំខាន់។ ចូរ​កុំ​ភ្លេច​ថា សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ គឺ​ជា​សង្គ្រាម​រំលំ​របប​អ៊ីស្លាម​ជ្រុលនិយម​របស់​ពួក​ឆ្គួតលីលា​តាលីបង់ គឺ​ជា​សង្គ្រាម​គាស់​រំលើង​អង្គការ​ភេរវកម្ម​Al-Qaida របស់​Oussama Ben Laden ដែល​បាន​ពួន​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ។ ម្ល៉ោះ​ហើយ ការ​កសាង​ស្ថាបនា​អាហ្វហ្កានីស្តង់​ឡើង​វិញ គឺ​ជា​បេសកកម្ម​មួយ​ចាំបាច់ ដើម្បី​ខ្ទប់​កុំ​ឲ្យ​ពួក​តាលីបង់​វិល​មក​កាន់​អំណាច​វិញ និង​ដើម្បី​រារាំង​កុំ​ឲ្យ​Al-Qaida មាន​លទ្ធភាព​បង្ក​មហាភេរវកម្ម​មួយ​ថ្មី ដូច​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញ​ឆ្នាំ​២០០១។

តើ​នយោបាយ nation building នៅ​អាហ្វហ្កានីស្តង់​នេះ អាច​ទទួល​ជ័យជំនះ​បាន​ដែរ​ឬ​ទេ? ចម្លើយ មិន​ប្រាកដ​ជា​ទទួល​ជ័យ​ជំនះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​តែ​ហ៊ាន​និយាយ​ការ​ពិត​ប្រាប់​ពិភពលោក​ ប្រាប់ថា ត្រូវ​ការ​ពេល​វេលា​យូរ ត្រូវ​ការ​លុយ​ច្រើន​ទៀត ទោះ​បី​ជា​សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ទៅ​ឲ្យ​អាហ្វហ្កានីស្តង់​ប្រាក់​ប្រមាណ​ជាង​៤​ម៉ឺន​លាន​ដុល្លារ​ហើយ​ក៏​ដោយ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ គេ​ក៏​ត្រូវ​ហ៊ាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​អាហ្វហ្កានីស្តង់​បច្ចុប្បន្ន​ចេះ​ជួយ​ខ្លួន​ឯង​សិន​ដែរ តាម​រយៈ​ការកាត់​បន្ថយ​អំពើ​ពុក​រលួយ ការកំចាត់​អាភៀន គ្រឿង​ញៀន និង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ