អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំភូមា​ចាកចេញពី​តំណែងយោធា​មុនការបោះឆ្នោតសភា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រ​ទី២៧​សីហា​មេដឹកនាំ​របប​សឹក​ភូមា​បីរូប​សំខាន់ៗ​បាន​ ប្រកាស​លាចេញពី​មុខ​តំណែង​យោធា។​ ទាំងនេះ​ក្នុង​គោល​បំណង​រៀបចំខ្លួន​ដើម្បី​ឡើង​កាន់កាប់​មុខតំណែង​សំខាន់ៗ​ ក្រោយ​ការ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ 

ឧត្តមសេនីយ ​Than Shwe ​ប្រមុខ​ដឹកនាំ​នៃ​របបសឹក​ភូមា​នៅទីក្រុង Naypyidaw.
ឧត្តមសេនីយ ​Than Shwe ​ប្រមុខ​ដឹកនាំ​នៃ​របបសឹក​ភូមា​នៅទីក្រុង Naypyidaw. ©AFP / Hla Hla Htay
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​មេដឹកនាំ​របប​សឹក​ភូមា​បីរូប​សំខាន់ៗ​ដែល​បាន​ប្រកាស​លាចេញពី​មុខ​តំណែង​យោធា​ គេ​កត់​សម្គាល់​ឃើញ​មាន​ ឧត្តមសេនីយ​Than Shwe ដែល​ជា​ប្រមុខ​ដឹកនាំ​នៃ​របបសឹក​ភូមា​ ​ ហើយ​និង​សហការី​ដ៏ស្និទ្ធ​ពីររូប​ទៀត​របស់​លោក​ Than Shwe​ ពោលគឺ​លោក​Muang Aye និង​លោក​Thura Shwe Man ​ដែល​ត្រូវ​បោះបង់​ឯក​សណ្ឋាន​យោធា​ហើយ​ងាក​មក​យក​ឯក​សណ្ឋាន​ស៊ីវិល​ សម្រាប់​ចូល​រួម​ធ្វើ​ការ​បោះឆ្នោត​សភា​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ​ ដើម្បី​កាន់កាប់​តំណែង​ជា​ប្រធានាធិបតី​ឬ​ជា​អនុ​ប្រធានាធិបតី​ឬ​ជា​រដ្ឋមន្ត្រី។

 
ការ​បោះឆ្នោត​សភា​បាន​ត្រូវ​គេ​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៧វិច្ឆិកា​ឆ្នាំ២០១០។​ នេះ​ជា​ការ​បោះ​ឆ្នោត​​សភា​លើក​ទីមួយ​ហើយ​នៅ​ប្រទេស​ភូមា​ ​ ក្រោយពី​មាន​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ១៩៩០​ដែល​កាលណោះ​ លោក​ស្រី​Aung Sann Suu Kyi ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​ទទួល​​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។​ ក៏​ប៉ុន្តែ​របបសឹក​ភូមា​ពុំ​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នោះ​ ហើយ​បាន​ចាប់​ឃុំ​ខ្លួន​លោក​ស្រី​Aung Sann Suu Kyi។

គួរកត់​សម្គាល់ថា​ ដើម្បី​រៀបចំ​ខ្លួន​ចូល​ធ្វើការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​៧វិច្ឆិកា​ខាងមុខនេះ​ ​ អ្នកដឹក​នាំ​របបសឹក​ភូមា​សំខាន់ៗ​បាន​លាចេញ​ពី​តំណែង​យោធា​ ​ ហើយ​ទុក​ឲ្យ​សហការី​របស់​ខ្លួន​កាន់​កាប់​តំណែង​ជំនួស។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ លោក​Than Shwe នៅតែ​បន្ត​កាន់កាប់​តួនាទី​ជា​ប្រមុខ​ដឹកនាំ​នៃ​របប​សឹក​ភូមា​ រហូត​ដល់​មាន​ការតែងតាំង​ប្រធានា​ធិបតី​ថ្មី​ ​ ហើយ​តំណែង​ជា​ប្រមុខ​ដឹកនាំ​នៃ​កង​កម្លាំង​យោធា​ភូមា​ លោក​Than Shwe​ប្រគល់​ឲ្យទៅ​ឧត្តមសេនីយ​Thura Myint Aung។

សូមគូស​បញ្ជាក់ថា​ ក្រោយ​ការ​បោះឆ្នោត​សភា​នៃ​ថ្ងៃទី​៧វិច្ឆិកា​ឆ្នាំ២០១០​ សភា​ភូមា​ទាំងពីរ​ត្រូវ​បោះឆ្នោត​ជ្រើស​តែងតាំង​ប្រធានាធិបតី​ក្នុង​ចំណោម​បេក្ខជន​បីរូប។​ លោក​ប្រធានាធិបតី​ត្រូវ​រៀបចំ​បង្កើត​រដ្ឋាភិបាល។​ ហើយ​បេក្ខជន​ទាំងពីរូប​ដែល​នៅ​សល់​ត្រូវ​កា្លយ​ជា​អនុ​ប្រធានា​ធិបតី។

ដូច្នេះ​ សកម្មភាព​ប្តូរ​ប្រែ​ប្រួល​នៅ​ក្នុង​ជួរ​យោធា​នារយៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​បង្ហាញ​ឲ្យ​ឃើញថា​ គេ​គ្រោង​ឲ្យ​លោក​Than Shwe​អាយុ​៧២ឆ្នាំ​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ ​ ហើយ​សហការី​ទាំងពីរ​រូប​របស់​លោក​Than Shwe​ពោលគឺ​លោក​Muang Aye អាយុ​៧២ឆ្នាំ​និង​លោក​Thura Shwe Man អាយុ​៦៩ឆ្នាំ​នឹង​ទទួល​បាន​តំណែង​ជា​អនុ​ប្រធានាធិបតី។

ការ​ប្តូរ​ប្រែ​ឯកសណ្ឋាន​យោធា​របស់​ក្រុម​មេដឹកនាំ​របបសឹក​ភូមា​មក​ជា​ស៊ីវិល​គ្រាន់តែ​ជា​ការ​បោក​ប្រាស់​សម្រាប់​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា​ និង​ដើម្បី​បោក​បញ្ឆោត​សាធារណមតិ​និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហគមន៍​អន្តរជាតិ​បាន​នាំ​គ្នា​ស្រែក​បរិហារ​ពី​ការ​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា​បោកប្រាស់​នៅ​ថ្ងៃទី​៧វិច្ឆិកា​ខាងមុខនេះ​ ហើយ​បាន​ទាមទារ​ឲ្យ​របបសឹក​ដោះលែង​ លោក​ស្រី​Aung Sann Suu Kyi ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ហើយនិង​អ្នក​ទោស​នយោបាយ​ភូមា​ឯទៀតៗ​ជាបន្ទាន់។

គួរកត់​សម្គាល់ថា​ នៅ​ឆ្នាំ២០១០​នេះ​ មាន​នាយទាហាន​ភូមា​២៧នាក់​ហើយ​ដែល​បាន​លាចេញ​ពី​មុខតំណែង​យោធា​ហើយ​បាន​ក្លាយ​ខ្លួន​ជា​រដ្ឋមន្ត្រី។

ហើយ​លោក​Thura Shwe Man ដែល​មាន​អាយុ​៦៩ឆ្នាំ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​គេ​សម្គាល់​ឃើញ​ថា​ កំពុង​តែ​មាន​អំណាច​កាន់តែ​ច្រើន​ឡើងៗ​នៅ​ប្រទេស​ភូមា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។​ ប៉ុន្តែ​គេ​ពិបាក​នឹង​ដឹង​ណាស់​ថា​ តើ​ក្រុម​ឧត្តមសេនីយ​ភូមា​នឹង​ធ្វើការ​ចែក​អំណាច​គ្នា​យ៉ាង​ដូចម្តេច​នៅគ្រា​ដែល​ពួក​គេ​បាន​ក្លាយ​ទៅជា​ស៊ីវិល។​ ក៏​ប៉ុន្តែ​ អ្វី​ដែល​គេ​ដឹង​ច្បាស់​គឺ​ថា​ សកម្មភាព​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ​របស់​ក្រុម​ឧត្តមសេនីយ​ដែល​បាន​កាន់កាប់​អំណាច​នៅ​ប្រទេស​ភូមា​អស់រយៈ​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​ កំពុង​តែ​រៀបចំ​ធ្វើការ​បន្ត​កាន់កាប់​អំណាច​នៅ​ប្រទេស​ភូមា​ត​ទៅ​ទៀត​ ពួកគេ​ពុំ​ងាយ​នឹង​បោះបង់ចោល​អំណាច​ងាយៗ​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ