អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបារម្ភខ្លាច​អំពើហិង្សា​កើតមានឡើងវិញ​នៅប្រទេសថៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​វាយ​ប្រហារ​ពីរ​លើក​បន្ត​បន្ទាប់​គ្នា​ នៅ​ថ្ងៃ​ទី៧​និង​នៅ​ថ្ងៃ​ទី៨​ឧសភា​នៅ​កណ្តាល​ទីក្រុង​បាងកក​ដែល​បាន​បណ្តាល​ ឲ្យ​នគរបាល​ពីរនាក់​ស្លាប់​និង​របួស​ដប់​ប្លាយនាក់​ដែល​ក្នុង​នោះ​មាន​ នគរបាល​និង​ជន​ស៊ីវិល។​ ការ​វាយ​ប្រហារ​នេះ​បាន​បង្កើន​ក្តីបារម្ភ​ខ្លាច​អំពើ​ហិង្សា​កើត​មាន​ឡើង​ វិញ​នៅ​ប្រទេសថៃ​ នៅ​ខណៈ​ដែល​មេ​ដឹក​នាំ​អាវ​ក្រហម​​ហាក់​ដូច​ជា​យល់​ព្រម​អំពានាវ​ឲ្យ​បញ្ឈប់ ​ធ្វើ​បាតុកម្ម​ដែល​បាន​អូស​បន្លាយ​អស់រយៈ​ពេល​ជិត​ពីរខែ។

កងកម្លាំងរក្សាសន្តិសុខ​ត្រួតពិនិត្យ​​ទីកន្លែងរងទទួល​ការវាយប្រហារ​នៅទីក្រុង​បាងកក​នៅ​ថ្ងៃទី៨ឧសភាឆ្នាំ២០១០
កងកម្លាំងរក្សាសន្តិសុខ​ត្រួតពិនិត្យ​​ទីកន្លែងរងទទួល​ការវាយប្រហារ​នៅទីក្រុង​បាងកក​នៅ​ថ្ងៃទី៨ឧសភាឆ្នាំ២០១០ ©Chaiwat Subprasom / Reuters
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​ប្រហារ​លើក​ទីមួយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃសុក្រ​ទី៧​ឧសភា​នៅ​វេលា​ម៉ោង២៣​និង​៣០នាទី​ដោយ​មនុស្ស​ជិះ​ម៉ូតូ​ពីរនាក់​បាញ់រះ​ទៅលើ​ជន​មួយ​ក្រុម​ដែល​ប្រឆាំង​នឹង​ពួក​អាវ​ក្រហម​ដែល​ធ្វើ​បាតុកម្ម​នៅ​សង្កាត់​ពាណិជ្ជកម្ម​Silom នៅ​ទីក្រុង​បាងកក។​ ការ​វាយ​ប្រហារ​នេះ​ បាន​បណ្តាល​ឲ្យ​នគរបាល​បីនាក់​រង​របួស​ដែល​ក្នុង​ចំណោម​នេះ​មាន​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។

បី​ម៉ោង​ក្រោយមក​ គ្រាប់បែក​បី​គ្រាប់​បាន​ត្រូវ​គេ​បាញ់​ទៅលើ​ប៉ុស្តិ៍​នគរបាល​ដែល​ឋិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​កន្លែង​កើត​ហេតុ​លើក​ទីមួយ។​ ការ​វាយ​ប្រហារ​លើកទី​ពីរនេះ​ បាន​បណ្តាល​​ឲ្យ​នគរបាល​ម្នាក់​ទៀត​រង​របួស​ស្លាប់។

ក្រោយ​ពី​មាន​ការ​យល់ព្រម​ទទួល​យក​ផែនការ​ផ្សះផ្សារ​ជាតិ​របស់​រដ្ឋាភិបាល​ដោយ​មេ​ដឹកនាំ​អាវ​ក្រហម​ ការ​វាយ​ប្រហារ​ពីរលើក​នៅ​កណ្តាល​ទីក្រុង​បាងកក​បែប​នេះ​ បាន​ធ្វើ​ឲ្យ​គេ​កើត​មាន​ការ​ងឿង​ឆ្ងល់។​ អ្នក​ខ្លះ​បាន​សន្និដ្ឋាន​ថា​ ទង្វើ​ហិង្សា​ទាំងនេះ​ប្រហែល​ជា​ស្នាដៃ​របស់​ក្រុម​អាវក្រហម​ដែល​មាន​និន្នាការ​ជ្រុល​និយម​ដែល​មាន​គំនិត​ចង់​បំផ្លិច​បំផ្លាញ​ផែនការ​ផ្សះផ្សារជាតិ។

ក្រុម​អាវក្រហម​ដែល​មាន​និន្នាការ​ជ្រុល​និយម​ដែល​មាន​គំនិត​ចង់​បំផ្លិច​បំផ្លាញ​ផែនការ​ផ្សះផ្សារជាតិ​នេះ​ អាច​នឹង​ទទួល​ការ​បង់ខាត​ច្រើន។​ រដ្ឋាភិបាល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មេ​ដឹកនាំ​នៃ​ក្រុម​អាវក្រហម​ដែល​មាន​និន្នាការ​ជ្រុល​និយម​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បាន​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​កាលពី​ខែមុន​នៅ​ទីក្រុង​បាងកក។
ដូច្នេះ​ គេ​នៅ​រង់ចាំ​មើល​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ថាតើ​លោក​អភិស៊ីទ​នឹង​ចាត់​វិធានការ​ណា​ទៀត។​ រដ្ឋាភិបាល​អភិស៊ីទ​ដែល​មាន​ការ​ពុំ​ពេញចិត្ត​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​បាតុករ​អាវក្រហម​ដែល​ពុំ​ដក​ខ្លួន​ថយ​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​ដែល​ឋិត​នៅ​កណ្តាល​ទីក្រុង​បាងកក​ ក្រោយ​ពី​បាន​យល់ព្រម​ទទួល​ផែនការ​ផ្សះផ្សារជាតិ។

ការ​ផ្ទុះ​ចេញ​ឡើង​នូវ​អំពើ​ហិង្សា​នៅ​ពេល​ថ្មីៗ​នេះ​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​ វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ​នេះ​នឹង​អាច​បន្ត​ញាំញី​ប្រទេស​ថៃ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទៀត។

គួរកត់​សម្គាល់ថា​ ពួក​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ ស៊ីន​ធ្លាប់​បាន​ប្រមួល​ផ្តុំ​គ្នា​បាន​ប្រមាណ​១០០ ០០០នាក់​នៅ​ទីក្រុង​បាងកក​កាលពី​ខែ​មីនា​កន្លងទៅ​ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​ចាកចេញ​ពី​មុខ​តំណែង។​ ហើយ​ស្រាប់​តែ​អំពើ​ហិង្សា​នៅ​ពេល​ថ្មីៗ​នេះ​បាន​កើតមាន​នៅ​ចំពេល​ដែល​ការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ថៃ​ហៀបនឹង​រក​ច្រក​ចេញ​រួច។

ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ផ្សះផ្សារ​ជាតិ​ស្នើ​ដោយ​លោក​អភិស៊ីទ​ដែល​គ្រោង​រៀបចំ​ធ្វើការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃទី​១៤​វិច្ឆិកា​ខាង​មុខ​នេះ​បាន​ទទួល​ការ​យល់ព្រម​ពី​សំណាក់​ពួក​អាវ​ក្រហម។​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ថៃ​រិត​តែ​ស្មុគ្រ​ស្មាញ​បន្ថែម​ទៀត​គឺ​ពួក​អាវ​លឿង​អ្នក​រាជានិយម​ដែល​ជា​អ្នក​គាំទ្រ​លោក​អភិស៊ីទ​បាន​ថ្លែង​បរិហារ​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​ ដោយ​​ពួក​អាវ​លឿង​បាន​ទាមទារ​ឲ្យ​លុប​ចោល​ការ​រៀបចំ​ធ្វើការ​បោះ​ឆ្នោត​សភា​មុន​ចប់​អាណត្តិ។

ដូច្នេះ​ឃើញថា​ វិបត្តិ​នយោបាយ​ថៃ​កំពុង​វិវត្ត​ទៅរក​ស្ថានភាព​មួយ​ដ៏​សែន​ស្មុគ្រ​ស្មាញ​និង​ដ៏​គួរ​ឲ្យ​បារម្ភ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ