អានតួអត្ថបទ
ថៃ

ការបង្ហូរឈាម​រវាង​ថៃនឹងថៃ​ឬ​Consensus​សម្រុះ​សម្រួល​គ្នា?​

ប្រទេសថៃ​ចាំបាច់​ត្រូវតែ​រកឲ្យ​ឃើញនូវ​Consensus​ នយោបាយ​ឬ​កិច្ច​ព្រមព្រៀង​សម្រុះ​សម្រួល​គ្នាមួយ​ បើ​ប្រសិន​ជា​គេចង់​ចេញ​ឲ្យផុត​ពី​វិបត្តិ​ដ៏សែន​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​រុញ ​ច្រាន​ប្រទេស​ថៃ​ឲ្យធ្លាក់​ទៅក្នុង​ជ្រោះ​មហន្តរាយ​នៃសង្គ្រាម​ស៊ីវិល។​

©RFI
ផ្សាយពាណិជ្ជកម្ម

 

05:44

បទ​អត្ថាធិប្បាយ​របស់​សៀក សារិន

ក្រោយ​ពី​​មាន​​ការ​វាយ​​ប្រហារ​​ដោយ​បាញ់​​បំផ្លោង​​គ្រាប់បែក​​កាលពី​​ ថ្ងៃ​​ព្រហស្បតិ៍​​កន្លង​​ទៅ​​ដែល​បាន​​បណ្តាល​​ឲ្យ​មាន​​មនុស្ស​​ស្លាប់​​ ម្នាក់​​និង​​របួស​​ជាង​​៨០នាក់​​ ហើយនិង​​ការ​វាយ​​ប្រយុទ្ធ​​គ្នា​​យ៉ាង​​សាហាវ​​រវាង​​បាតុករ​​អាវ​ក្រហម​​ នឹង​​នគរបាល​​ថៃ​​ កាលពី​​ថ្ងៃ​ទី​​១០​​មេសា​​ដែល​​បាន​​បណ្តាល​​ឲ្យ​មាន​​មនុស្ស​​ស្លាប់​​២៥​ នាក់​​និង​​របួស​​ជាង​​៨០០​នាក់​​ ដែល​​បាន​​រុញ​​ច្រាន​​ឲ្យ​ប្រទេស​ថៃ​​ធ្លាក់​​ទៅក្នុង​​ជ្រោះ​​វិ​បត្តិ​​ ដ៏​​ខ្មៅ​ងងឹត​​រួចមក​​ អ្នក​ដឹកនាំ​​និង​​សកម្មជន​​ខ្លះ​​នៃ​ភាគី​​អាវក្រហម​​ដែល​​គាំទ្រ​​លោក​​ ថាក់​ស៊ីន​​ និង​ភាគី​​អាវលឿង​​ដែល​​គាំទ្រ​​លោក​អភិស៊ីទ​​ហាក់​​ដូច​​ជា​​ចង់​​ស្វែង​រក ​​ធ្វើការ​​ចរចា​​នឹងគ្នា។​​
 

ក្រុម​គាំទ្រ​រដ្ឋាភិបាល​
ក្រុម​គាំទ្រ​រដ្ឋាភិបាល​ ©Reuters

ក៏​​ប៉ុន្តែ​គ្រោះ​​កាច​​សាហាវ​​នៃ​​អំពើ​​ហិង្សា​​ឋិត​​នៅ​ពុំ​​ឆ្ងាយ​​ពី​ គូប​ដិបក្ស​ទាំងពីរ​ឡើយ។​ ដោយ​ហេតុ​ថា​ ការវាយ​ប្រយុទ្ធ​តទល់​គ្នា​រវាង​ពួកអាវក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ អភិស៊ីទ​ហើយនិង​នគរបាលថៃ​អាច​កើតមាន​នៅ​រាល់​ពេល​វេលា។

គួរកត់​សម្គាល់ថា​ ប្រទេស​ថៃ​ដែល​គេ​មើល​ឃើញ​មាន​ភាព​ញញឹម​ស្រស់​នៅ​សំបក​ក្រៅ​ តាមពិត​មាន​បង្កប់​នូវ​ភាព​ហិង្សា​យ៉ាង​ច្រើន​នៅ​ខាងក្នុង។​ ចាប់តាំង​ពី​មាន​ការ​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​របប​រាជា​ធិប​តេយ្យ​​អាស្រ័យ​ នឹង​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៣២​មក​ គេ​សម្គាល់​ឃើញ​​ប្រទេស​ថៃ​បាន​ជួប​នឹង​រដ្ឋ​ប្រហារ​ឬ​ការប៉ុន​ប៉ង​ធ្វើ​ រដ្ឋ​ប្រហារ​ដល់ទៅ​១៨​លើក។

ប្រវត្តិសាស្ត្រ​នៃ​ប្រទេសថៃ​ក៏​ធ្លាប់បាន​ហែល​ឆ្លងកាត់​សម័យកាល​បង្ហូរ​ឈាម ​និង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​យោធា​នឹង​​ក្រុម​បាតុករ​​ មាន​ដូចជា​នៅ​ឆ្នាំ១៩៩២​ ដែល​កាលណោះ​ព្រះចៅ​Bhumibol Adulyadej ព្រះ​មហា​ក្សត្រ​ថៃ​ដែល​ជាអ្នក​បង្រួប​បង្រួម​ប្រទេសជាតិ​បាន​យាង​ចេញ​ធ្វើ​ ព្រះ​រាជ​អន្តរាគមន៍​ដើម្បី​បិទ​បញ្ចប់​អធិករណ៍​រវាង​គូ​បដិបក្ស។

លើក​នេះ​ ព្រះចៅ​Bhumibol Adulyadej ព្រះ​មហា​ក្សត្រ​ថៃ​ទ្រង់​នៅ​ស្ងៀម​ស្ងាត់​ ដោយ​ហេតុ​តែ​ទ្រង់​ព្រះ​ប្រឈួន​ហើយ​គង់​នៅ​មន្ទីរពេទ្យ​តាំង​ពី​ខែ​កញ្ញា​ ម៉្លេះ។​ ក្រុម​បាតុករ​អាវ​ក្រហម​បាន​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហា​ក្សត្រ​ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ពុំ​បាន​យាង​ចេញ​មក​ធ្វើ​អន្តរាគមន៍​ជា​សាធារណៈ​ឡើយ។

អស់​រយៈ​រាប់​ទសវត្សរ៍​មក​ហើយ​ ឥស្សរជន​នៅ​ទីក្រុង​បាងកក​ដែល​ជា​អ្នក​ជំនិត​នឹង​ព្រះ​រាជវាំង​ មាន​ដូច​មន្ត្រី​រាជការ​ យោធា​ជាន់​ខ្ពស់​ និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​គឹ​ជា​អ្នក​បាន​ទាញ​យក​ផល​ចំណេញ​ពី​ការ​រីក​ ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ថៃ។​ ក៏​ប៉ុន្តែ ប្រជាកសិករ​ដ៏​ច្រើន​មហិមា​ដែល​ប្រកប​អាជីវកម្ម​របស់​ខ្លួន​នៅ​ប៉ែក​ខាង​ជើង ​និង​ប៉ែក​ឦសាន​នៃ​ប្រទេស​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ ពុំ​ទទួល​បាន​ផ្លែផ្កា​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ថៃ​ដូច​អ្នក​ ទីក្រុង​បាងកក​ឡើយ។
 

ក្រុមអាវក្រហម​ទល់​នឹង​ទាហានថៃ
ក្រុមអាវក្រហម​ទល់​នឹង​ទាហានថៃ ©Reuters

ការ​លេចឡើង​នៅ​រវាង​ឆ្នាំ២០០០​នូវ​រូប​លោក​Thaksin Shinawatra នាយក​រដ្ឋមន្ត្រី​មាន​គំនិត​ប្រជានិយម​ដែល​បាន​ឈ្នះឆ្នោត​សភា​ពីរលើក​ហើយ​ បាន​ត្រូវ​ផ្តួល​រំលំ​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ២០០៦​ ជា​កត្តា​មួយ​ដ៏សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​អ្នក​ស្រែ​និង​ អ្នក​ទី​ក្រុង​​បាងកក។​ ហើយ​ទាំងនេះ​ ក៏​បាន​ជួយ​ដាស់​តឿន​”សតិ​សម្បជញ្ញៈ​នយោបាយ​របស់​ប្រជាកសិករ​ក្រីក្រ​ថៃ​ ទាំង​នោះ​ឲ្យ​ចេះ​ភ្ញាក់រលឹក។

ក្រោយពី​លោក​អភិស៊ីទ​បាន​បដិសេធ​សំណើ​របស់​ពួក​អាវក្រហម​ឲ្យ​រំលាយ​សភា​ ក្នុង​រយៈពេល​៣០​ថ្ងៃ​រួចមក​ លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​បាន​ប្រកាស​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ នេះ​ថា​ លោក​នឹង​ធ្វើការ​បណ្តេញ​បាតុករ​អាវ​ក្រហម​ដែល​បាន​ធ្វើ​ឲ្យ​សកម្មភាព​នៅ​ ទីក្រុង​បាងកក​ជួប​នឹង​ការ​គាំងស្ទះ។​ទាំងនេះ​នៅតាម​រយៈ​កញ្ចក់​ទូរទស្សន៍​ ដែល​​មាន​អម​ដោយ​ប្រមុខ​នៃ​កងកម្លាំង​យោធា​ថៃ​លោក​Anupong Paojinda។​ ធ្វើ​យ៉ាងនេះ​ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញថា​ គ្មាន​ទេ​ការ​បាក់​បែក​នៅ​ក្នុង​រង្វង់​កំពូល​នៃ​អ្នក​ដឹកនាំ​ថៃ។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​អភិស៊ីទ​បាន​ប្រកាស​បញ្ជាក់​ទៀតថា​ នឹងមាន​បេសកកម្ម​យោធា​ដើម្បី​ធ្វើការ​កាន់​កាប់​សង្កាត់​ពាណិជ្ជកម្ម​ Ratchaprasong ដែល​ជា​ទី​កន្លែង​ប្រជុំ​ដ៏​សំខាន់​របស់​ពួក​បាតុករ​អាវ​ក្រហម។​ ក៏​ប៉ុន្តែ​ លោក​អភិស៊ីទ​ពុំ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ដំណើរការ​ ពី​វិធានការ​ ឬ​ពី​ពេល​វេលា​ឡើយ។

សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​និង​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ជាច្រើនលើក​ ឲ្យ​ ភាគី​អាវក្រហម​ដែល​គាំទ្រ​លោក​ថាក់​ស៊ីន​និង​ភាគី​អាវលឿង​ដែល​គាំទ្រ​លោក​ អភិស៊ីទ​ ចេះ​រិះ​រក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ថៃ​ដោយ​របៀប​សន្តិវិធី​ ដោយ​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម។

ក៏​ប៉ុន្តែ​ ក្តី​សង្ឃឹម​នៃ​ការ​រិះរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ឲ្យ​វិបត្តិ​នយោបាយ​ថៃ ​ហាក់​ដូចជា​រសាត់​កាន់​តែ​ឆ្ងាយទៅៗ​ ក្រោយពី​លោក​អភិស៊ីទ​បាន​បដិសេធ​សំណើ​របស់​ពួក​អាវក្រហម​ឲ្យ​រំលាយ​សភា​ ក្នុង​រយៈពេល​៣០​ថ្ងៃ​រួចមក។

ដូច្នេះ​ វិបត្តិ​នយោបាយ​ថៃ​បច្ចុប្បន្ន​នេះ​អាច​វិវត្ត​ទៅរក​ស្ថានភាព​មួយ​ដ៏គួរ​ឲ្យ ​សែន​បារម្ភ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ