អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ឧស្សាហ៍​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ម្ល៉េះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រាន់​តែ​ក្នុង​រយៈពេល ១ឆ្នាំ​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​រុស្ស៊ី​រហូត​ដល់​ទៅ ៣ដង។ នៅ​ក្នុង​ទស្សនកិច្ច​ទាំង ៣លើក​នៅ​រស្ស៊ី លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បាន​ទទួល​ជួប​យ៉ាង​រាក់ទាក់ និង​ស្និទ្ធិស្នាល​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត អ៊ីស្រាអែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិនលេច​របស់​អាមេរិក ចុះ​ហេតុអ្វី​បាន​ជា​ឥឡូវ អ៊ីស្រាអែល​ហាក់​ដូច​ជា​ទៅ​ផ្អែម​ល្ហែម​ជាមួយ​រុស្ស៊ី​ខ្លាំង​ម្ល៉េះ?។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល Benyamin Netanyahu
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល Benyamin Netanyahu REUTERS/Jim Hollander/Pool
ផ្សាយពាណិជ្ជកម្ម

ជាង​ពេល​ណាៗ​ទាំង​អស់ ពិសេស​ក្នុង​រយៈពេល ១ឆ្នាំ​ចុង​ក្រោយ​នេះ ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ទីក្រុង​មួយ​ដែល​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ឧស្សាហ៍​ចេញ ចូល​ខ្លាំង​ណាស់។ ទស្សនកិច្ច​របស់​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​ទឹកដី​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ ទី៧ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ជា​ទស្សនកិច្ច​លើកទី៣ ក្នុង​រយៈពេល ១ឆ្នាំ និង​ដែល​គ្មាន​នរណា​បាន​រង់ចាំ​ទាល់​តែ​សោះ។ ជា​ការ​ពិត ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​មួយ លោក​នេតាន់យ៉ាហ៊ូ​ចង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ណា​ក៏​បាន និង​ចំនួន​ប៉ុន្មាន​ដង​ក៏​បាន​ដែរ។

តែ​ចម្ងល់​ដែល​គ្រប់​គ្នា​កំពុង​ឆ្ងល់​ពេល​នេះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​លោក​នេតាន់យ៉ាហ៊ូ​ឧស្សាហ៍​ចេញ ចូល​រុស្ស៊ី​ញឹកញាប់​ដល់​ម្លឹង ព្រោះ​វា​ជា​កាយវិការ​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ​នា​ពេល​កន្លង​មក។ ម្យ៉ាងទៀត អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អ៊ីស្រាអែល​បែរ​ជា​លោក​នេតាន់យ៉ាហ៊ូ​មិន​សូវ​ទៅ​វិញ។ តើ​វា​មាន​រឿង​អ្វី​កើត​ឡើង​រវាង​អ៊ីស្រាអែល និង​រុស្ស៊ី ឬ​មួយ​ក៏​ថា តើ​វា​មាន​រឿង​អ្វី​កើត​ឡើង​រវាង​អ៊ីស្រាអែល និង​អាមេរិក?។ ចម្លើយ​មាន​ទាំង​ពីរ រវាង​អ៊ីស្រាអែល និង​រុស្ស៊ី​ក៏​មាន ហើយ​រវាង​អ៊ីស្រាអែល និង​អាមេរិក​ក៏​មាន​ដែរ។

រវាង​រុស្ស៊ី និង​អ៊ីស្រាអែល គឺ​រូប​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ដែល​បាន​ទៅ​ញិកញ៉ក់​ដាក់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​មុន​គេ ពិសេស​តាំង​ពី​រុស្ស៊ី​បាន​ផ្តើម​ចេញ​មុខ​លូកដៃ​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​ផ្សេងៗ​នៅ​តំបន់ដើមបូព៌ា ពិសេស​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ សូម​ជម្រាប​ជូន​ថា​ក្នុង​រយៈពេល​ជិត ១ឆ្នាំ​ចុង​ក្រោយ​នេះ រុស្ស៊ី​បាន​ចូល​អន្តរាគមន៍​ផ្លូវយោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្រោម​ហេតុផល​ថា ដើម្បី​វាយ​កម្ទេច​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​តាម​ពិត​ទៅ​នោះ អន្តរាគមន៍​របស់​រុស្ស៊ី​គឺ​មាន​គោលដៅ​ជួយ​ការពារ និង​ជួយ​រក្សា​អំណាច​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ទៅ​វិញ​ទេ។

ម្យ៉ាង​ទៀត និង​ក្រៅ​ពី​ទ័ព​រុស្ស៊ី ប្រទេស​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​ក៏​បាន​បញ្ជូន​ទ័ព​របស់​ខ្លួន​ទៅ​ជួយ​ច្បាំង​ខាង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ក្នុង​គោលដៅជួយ​រក្សា​អំណាច​លោក​អាសាដ​ដូច​គ្នា។ នៅ​ត្រង់​ចំណុច​នេះ សហគមន៍​អន្តរជាតិ​បាន​យល់ និង​ឃើញ​ច្បាស់​ណាស់ ហើយ​អ្នក​ដែល​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​នោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ។ អ៊ីស្រាអែល​ដែល​បាន​មើល​ឃើញ​ថា វត្តមាន​ទ័ព​អ៊ីរ៉ង់ និង​ទ័ពហេស្បូឡា​ក្នុង​ទឹកដី​ស៊ីរី​សព្វថ្ងៃ ពិត​ជា​រឿង​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សន្តិសុខ​ខ្លួន។ អ្វី​ដែល​អ៊ីស្រាអែល​បារម្ភ​ខ្លាំង​នោះ គឺ​ខ្លាច​តែ​ពួក​នេះ​ប្រើ​ទឹកដី​ស៊ីរី​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បើក​ការ​វាយប្រហារ​លើ​ទឹកដី​អ៊ីស្រាអែល​ពី​ប៉ែក​ខាង​ជើង។

ដូច្នេះ​ការ​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ឧស្សាហ៍​ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ពិត​ជា​មិនមែន​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ព្រោះ​លោក​នេតាន់យ៉ាហ៊ូ​ដឹង​ថា មាន​តែ​លោក​ពូទីន​ម្នាក់​ទេ​ដែល​មាន​ទឹកមាត់ប្រៃ​អាច​និយាយ​ប្រាប់​ស៊ីរី អ៊ីរ៉ង់ និង​ហេស្បូឡាលីបង់​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីស្រាអែល​កុំ​ឲ្យ​វាយប្រហារ​អ៊ីស្រាអែល។ ជា​ថ្នូរ​ត្រឡប់​វិញ លោក​នេតាន់យ៉ាហ៊ូ​អាច​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​អ៊ីស្រាអែល​ចំពោះ​លោក​ពូទីន​នៅ​ក្នុង​ទង្វើ​មួយ​ចំនួន​របស់​រុស្ស៊ី​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ។

ទន្ទឹម​គ្នា​នេះ លោក​នេតាន់យ៉ាហ៊ូ​ក៏​អាច​លើក​មុខមាត់​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ផ្តល់​ឲ្យ​រុស្ស៊ី​នូវ​តួនាទី​ជា​អ្នក​សម្របសម្រួល​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គឺ​ជា​តួនាទី​មួយ​ដែល​បាន​ស្ថិត​ក្នុង​កណ្តាប់​ដៃ​អាមេរិក​ផ្តាច់​មុខ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ ឥឡូវ​នេះ​ទៀត លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​អាមេរិក និង​បារាំង​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​អាណានិគម​ជនជាតិ​ជ្វីហ្វ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ នេះ​ជា​រឿង​មួយ​ដែល​លោក​នេតាន់យ៉ាហ៊ូ​គ្មាន​ជម្រើស​អ្វី​ទៅ​ពឹង​លោក​ពូទីន​ឲ្យ​ជួយ​ទេ​ក្នុង​នាម​រុស្ស៊ី​ជា​ប្រទេស​សមាជិក​អចិន្រ្តៃយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​សិទ្ធិវ៉េតូ។

បើ​គេ​ក្រឡេក​មើល​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​អាមេរិក​វិញ​ម្តង អ្វីៗ​ហាក់​ដូច​ជា​មិន​សូវ​រលូន​ដូច​មុន​ឡើយ។ តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិក​​អូបាម៉ា​បាន​ទៅ​ល្អូកល្អឺន​ជាមួយ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អ៊ីស្រាអែល និង​ការ​ដែល​អាមេរិក​បាន​បង្វែរ​អាទិភាព​ការទូត​ចេញ​ពី​តំបន់​ដើមបូព៌ា​មក លោក​នេតាន់យ៉ាហ៊ូ​បាន​ដឹង​ខ្លួន​ថា អ៊ីស្រាអែល​មិន​អាច​ទៅ​ពឹងពាក់​អាមេរិក​ឲ្យ​ជួយ​ការពារ​ប្រយោជន៍​ខ្លួន​បាន​ទៀត​ឡើយ ពោល​ត្រូវ​ទៅ​រក​អ្នក​ផ្សេង​ឲ្យ​ជួយ​ការពារ​វិញ​ម្តង។ តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ មក លោក​នេតាន់យ៉ាហ៊ូ​មិន​បាន​ទៅ​អាមេរិក​ដើម្បី​ជួប​លោក​អូបាម៉ា​ទេ ហើយ​គម្រោង​ជួប​នា​ខែ​មីនា​កន្លង​ទៅ​ទៀត ក៏​ត្រូវ​បាន​លប់​ចោល​វិញ​ដោយសារ​រឿង​ខ្វែង​គំនិត​គ្នា​ទាក់ទង​នឹង​ជំនួយ​យោធា​អាមេរិក​ចំពោះ​អ៊ីស្រាអែល។

តើ​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ប្តូរ​យុទ្ធសាស្រ្ត​ទាត់​អាមេរិក​ទៅ​ចាប់​យក​រុស្ស៊ី​វិញ​ឬ?។ បើ​មើល​មួយ​ភ្លែត​ទៅ គឺ​អ៊ីចឹង​មែន តែ​បើ​មើល​ឲ្យ​យូរ​បន្តិច​ទៅ​ឃើញ​ថា អ៊ីស្រាអែល​នៅ​តែ​ទុក​ចិត្ត​អាមេរិក​ជាង​នរណា​ទាំង​អស់។ នៅ​ត្រង់​ចំណុច​នេះ រុស្ស៊ី​បាន​ដឹង​ច្បាស់ ហើយ​ក៏​មិន​ល្ងង់​ដែរ។ លោក​ពូទីន​ប្រយ័ត្នប្រយែង​នឹង​សម្តី​ស្នេហ៍​របស់​លោក​នេតាន់យ៉ាហ៊ូ​ដែល​អាច​ជា​ការ​រុញ​រុស្ស៊ី​ឲ្យ​ប្រឈម​មុខ​នឹង​អាមេរិក​កាន់​តែ​ខ្លាំង។ តែ​ទន្ទឹម​គ្នា​នេះ រុស្ស៊ី​ក៏​ព្យាយាម​បបោសអង្អែល​អ៊ីស្រាអែល​តិចៗ​ដើម្បី​ប្រយោជន៍​ខ្លួន​ដោយ​មិន​ចង់​បំបាក់មុខ​អ្នក​ណា​ម្នាក់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ