អានតួអត្ថបទ

ទស្សនកិច្ច លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នៅរុស្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahou ដែល​ថ្ងៃនេះ ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ នៅ​ក្រុង​ម៉ូស្គូ នៅថ្ងៃ​ស្អែក​ទី​៧​មិថុនា នឹង​ត្រូវ​ទទួល​ជួប​ចរចា ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ ដំណឹងនេះ ប្រកាស​ដោយ​វិមាន​ក្រេមឡាំង ដែល​សង្កត់​ធ្ងន់​ថា ទស្សនកិច្ច​នេះ ដែល​ជា​លើក​ទី​២ ទៅ​ហើយ បើ​គិត​ក្នុង​២​ខែ​កន្លង​ទៅ គឺ​ឧទ្ទិស​ដល់​ខួប​២៥ ឆ្នាំ នៃ​ការស្តារ​ឡើង​វិញ​ទំនាក់ទំនង​ការទូត រវាង​សហព័ន្ធ​រុស្ស៊ី និង រដ្ឋ​អ៊ីស្រាអែល។ គូភាគី​នឹង​ពិភាក្សា​ទៅលើ​ប្រធានបទ បែប​យ៉ាង ស្ថានការណ៍​នៅ​ស៊ីរី បញ្ហា​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម អន្តរជាតិ សភាពការណ៍ នៃ​ទំនាក់ទំនាក់​រវាង​ប្រទេស​ទាំងពីរ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahuទៅ​ម៉ូស្គូ ជា​លើក​ទីពីរ ក្នុង​រយៈ​ពេល​ពីរ​ខែ
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahuទៅ​ម៉ូស្គូ ជា​លើក​ទីពីរ ក្នុង​រយៈ​ពេល​ពីរ​ខែ REUTERS/Maxim Shipenkov/Pool
ផ្សាយពាណិជ្ជកម្ម

ជាការរំលឹក គឺ​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៤៨ ដែល​សហភាព​សូវៀត និង អ៊ីស្រាអែល បាន​តាំង​ទំនាក់ទំនង​ការទូត​នឹង​គ្នា។ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៦៧ ទំនាក់ទំនង​នេះ ត្រូវ​បាន​ផ្តាច់​ទៅ។ លុះ ២០​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ​១៩៨៧ គូភាគី​បាន​ស្តារ​ទំនាក់ទំនង​នឹង​គ្នា ត្រឹម​ថ្នាក់​កុងស៊ុល។ ហើយ នៅខែតុលា​ឆ្នាំ​១៩៩១ ទំនាក់ទំនង​ការទូត ត្រូវ​បាន​ស្តារ​ឡើង​វិញ បាន​ពេញ​ទំហំ ដោយ​ការបើក​ក្នុង​ខែ​ធ្នូ​ឆ្នាំ​នោះ​ឯង គឺ​ស្ថានទូត​អ៊ីស្រាអែល​នៅ​ម៉ូស្គូ និង ស្ថានទូត​រុស្ស៊ី នៅ​ក្រុង Tel-Aviv។

 
ក្នុងសម្ភាសន៍​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​សហព័ន្ធ​រុស្ស៊ី បាន​ថ្លែង​ថា ជា​តុល្យាការ​នៃ​កិច្ចចរចា នៅថ្ងៃ​៧​មិថុនា ប្រមុខ​រដ្ឋ​រុស្ស៊ី និង អ៊ីស្រាអែល នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ឧទ្ទិស​ដល់​ខួប​២៥​ឆ្នាំ នៃ​ការស្តារ​ឡើង​វិញ ទំនាក់ទំនង​រវាង​រដ្ឋ​ទាំងពីរ។

អ្នកការទូត​អ៊ីស្រាអែល​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ដែល​នឹង​ពន្យារ​ទៅ រហូត​ដល់ ថ្ងៃ​ទី​៨មិថុនា លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Netanyahou នឹង​អញ្ជើញ​ចូលរួម ក្នុងពិធី សម្ពោធ ពិព័រណ៌​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល នៅ​ក្រុង​ម៉ូស្គូ ក្រោម​ឈ្មោះ​ថា “អ៊ីស្រាអែល បើក​ទ្វារ​ចំហ” ដែល​នឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃ​ទី​៦​ដល់​ទី​១២​មិថុនា។

នឹងទទួលការចុះហត្ថលេខា ក៏ទាំង​កិច្ចព្រមព្រៀង​ស្តី​អំពី ការបង់​ប្រាក់​រ៉ឺត្រែត​ដោយ​រុស្ស៊ី ឲ្យ​ទៅ​អតីត​ពលរដ្ឋ​រុស្ស៊ី​រាប់​ពាន់​ពាន់​នាក់ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ពលរដ្ឋ​អ៊ីស្រាអែល​ទៅ​ហើយ ក្រោយ​ពី​គេ​ភៀស​ខ្លួន​ទៅ​រស់​នៅ​អ៊ីស្រាអែល ហើយ​បាត់បង់​សញ្ជាតិ​រុស្ស៊ី​ទៅ។

នាកិច្ចចរចាលើកនេះ នៅវិមាន​ក្រេមឡាំង នឹង​មាន​លើក​យក​ទៅ​ពិភាក្សា គឺ​អំពី​ដំណើរ​បំពេញ​តាម​កិច្ចព្រមព្រៀង ដែល​ត្រូវ​បាន​ចុះ​លើក​មុន ពេល​លោក Netanyahou ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​២១​មេសា​ឆ្នាំ​នេះ ដែល​និយាយ​អំពី​ការសហការ​គ្នា ក្នុង​វិស័យ​សន្តិសុខ ដើម្បី​បញ្ចៀស កុំ​ឲ្យ​មាន​ការថ្លោះធ្លោយ ការ​យល់​គ្នា​មិន​ច្បាស់ ឬ ក៏​ឧប្បត្តិហេតុ​កើត​ឡើង​តែម្តង ក្នុង​ករណី​ដែល​អ៊ីស្រាអែល ប្រតិបត្តិការ​នៅ​តំបន់ Golanតំបន់​ដែល​ស៊ីរី​ទាមទារ ចង់​បាន​វិញ ប៉ុន្តែ អ៊ីស្រាអែល​ចាត់ទុក​វា​ជា​ភាគ​មួយ​នៃ​ដែនដី​របស់​ខ្លួន។

វិមានក្រេមឡាំង ក៏​គូស​បញ្ជាក់​ថា ទន្ទឹម​នឹង​ស្ថានការណ៍​នៅ​ស៊ីរី បញ្ហា​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម ស្ថិត​ក្នុង​របៀប​វារៈគឺ ទស្សនវិស័យ​នៃ​ដំណោះស្រាយ​ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ