អានតួអត្ថបទ

ជំនួប​អន្តរជាតិ​នៅ​ក្រុង​ម៉ូស្គូ ឧទ្ទិស​ដល់​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន

ចូលរួម​ក្នុង​ជំនួប​អន្តរជាតិ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១​កក្កដា នៅ​ក្រុង​ម៉ូស្គូ ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ឲ្យ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ាឡេស្ទីន គឺ​បណ្តា​មន្ត្រី​ទទួល​ខុសត្រូវ នៃ​រដ្ឋ​អំណាច​ប៉ាឡេស្ទីន នៃ​សម្ព័ន្ធ​រដ្ឋ​អារ៉ាប ជាពិសេស​រូប​លោក​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​នេះ និង​តំណាង​របស់​អង្គការ​សហប្រជាជាតិ ដែល​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​ទាំងនេះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ធ្វើការ​ជួប​ពិភាក្សា​ផ្ទាល់។ ប៉ុន្តែ ជាបឋម លោក​ប្រមុខ​ការទូត​រុស្ស៊ី ជា​ប្រទេស​ម្ចាស់​ផ្ទះ បាន​ផ្ញើ​សារ​អបអរ​ទៅ​កាន់​បណ្តា​ប្រតិភូ នៃ​ជំនួប​អន្តរជាតិ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov Reuters/路透社
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​នៃ​សារ​លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ដែល​ត្រូវ​បាន​អាន​ពី​លើ​វេទិកា នៃ​ជំនួប​នៅ​ក្រុង​ម៉ូស្គូ​ថ្ងៃនេះ ចាត់ចែង​ឡើង ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​គាំទ្រ​ដល់​អភិក្រម​ស្វែងរក សន្តិភាព​សម្រាប់​អ៊ីស្រាអែល និង ប៉ាឡេស្ទីន កត់​សម្គាល់​ជា ពិសេស​ថា ៖

-ប្រទេស​រុស្ស៊ី នឹង​បន្ត​ជំរុញ ដល់​ការស្តារ​ឡើង​វិញ ទាំង​កិច្ចចរចា​ទ្វេ​ភាគី រវាង​អ៊ីស្រាអែល និង ប៉ាឡេស្ទីន ទាំង​ពហុភាគី​ក្នុង​ជាន់​ថ្នាក់​អន្តរជាតិ​ប្លែកៗ ជា​បឋម គឺ ក្នុង​រូបមន្ត “ចតុភាគី” ខាង​រៀប​រយ​ស្ថានការណ៍​នៅ​មជ្ឈឹមបូព៌ា ដែល​ផ្សំ​ឡើង​ពី ៤ អន្តរការី​អន្តរជាតិ គឺ សហព័ន្ធ​រុស្ស៊ី សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ។

-ម៉ូស្គូ តែង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​គោលជំហរ សម្រាប់​ជា “គុណប្រយោជន៍ នៃ​ការដោះស្រាយ ឲ្យ​បាន​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​និង​យ៉ាង​ឆាប់​បំផុត ជម្លោះ​អ៊ីស្រាអែល​-​ប៉ាឡេស្ទីន ដោយ​ឈរ លើ​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ។

-កិច្ចចរចាលើកចុងក្រោយ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន ចាត់ចែង​ឡើង ដោយ​អន្តរការី ស.រ.អា.​បាន​ប្រព្រឹត្ត​ទៅ​តាំង​ពី​៩​ខែ​មុន​ម៉្លេះ ហើយ​បាន​ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល​អ្វី​ណា​ទេ។ បន្ទាប់​ពី​បរាជ័យ​នោះ ក៏​មាន​ផ្ទុះ​ឡើង​ជា​អំពើ​ហិង្សា នៅ​លើ​ត្រើយ​ខាង​លិច​នៃ​ទន្លេ Jourdain ហៅថា Cisjordanie និង​ក្នុង​ក្រុង Jerusalem ផ្ទាល់ ហើយ​ជាពិសេស គឺ​នៅ​តំបន់ Gaza។

ដោយផ្សាយ​ដំណឹង​នេះ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី Itar-tass ថ្ងៃនេះ រំលឹក​ថា ពិត​ជា​ខកចិត្ត នឹង​ទស្សនវិស័យ នៃ​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា ដែល​ភាគី​ប៉ាឡេស្ទីន បាន​សាកល្បង​រំដោះ តំបន់​ក្រោម​ការកាន់កាប់​អ៊ីស្រាអែល និង​សមិទ្ធិ​ឲ្យ​បាន​នូវ​ទ្រង់ទ្រាយ​រដ្ឋ តាមរយៈ​ការដាក់​ពាក្យ ទៅ ស្ថាប័ន​អន្តរជាតិ​នានា បូក​ទាំង​ ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប.។ ក្នុងឋានៈ ជា​ចម្លើយ​បក​វិញ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ខ្ទប់​ដង្ហើម​ប៉ាឡេស្ទីន ហើយ​ដោយ​បបូរមាត់ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​តែម្តង មាន​ប្រកាស​ថា ក្នុង​ស្ថានការណ៍​ជាក់ស្តែង​បច្ចុប្បន្ន​នេះ រាល់​សម្បទាន​ណា​ក៏​ដោយ​ខាង​បញ្ហា​ដែនដី គឺ​មាន​ន័យថា ជា​គ្រោះថ្នាក់​ដល់ សន្តិសុខ​ជាតិ​អ៊ីស្រាអែល។

មកពី​មូលហេតុ​នេះ​ឬ ដែល​គ្មាន​អ៊ីស្រាអែល ចូលរួម ក្នុង​ជំនួប​ថ្ងៃនេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ