អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​តួកគីមាន​កំហុស ក្នុង​យុទ្ធនាការ​​​ប្រយុទ្ធ​ប្រឆាំងនឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​រដ្ឋ​អ៊ីស្លាម​មិន​ថមថយ​កម្លាំង​ទេ និង​កំពុង​ចង់​ក្តោប​យក​​ក្រុង​កូបាណេ របស់​​ស៊ីរី ដែ​ល​នៅជិត​បង្កើយ​ជាប់​​​ព្រំដែន​​តួកគី បើ​ទោះ​ពី​ជា​​ប្រតិបត្តិការ​ផ្លូវ​អាកាស​​របស់​សម្ព័ន្ធ​អន្តរជាតិ​អាមេរិក​និង​អារ៉ាប់ កំពុង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​ក៏​ដោយ។ ចំណែកឯ​រដ្ឋាភិបាលតួកគី​ដែល ព្រងើយ​កន្តើយ​រហូត​មក​ឈរ​មើល​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​វាយ​លុក​ក្រុង​កូបាណេ ​មិន​ចូល​ជួយ​បែរ​បាន​ទាមទារ​ឱ្យ​មាន​អន្តរាគមន៍​ទ័ព​ថ្មើរ​ជើងបន្ថែម​​។ ហេតុ​អ្វី​តួកគី​ទើប​ចង់​ឃើញ​អន្តរាគមន៍​ពេល​នេះ ? តួកគី​ពិត​ជា​បាន​ធ្វើ​ខ្លួន​ជា​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹ​ង​អង្គការ​រដ្ឋ​អ៊ីស្លាម​ឬ ?

ក្រុង​ Diyarbakir ភាគ​និរតី​ប្រទេស​តួកគី​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជនជាតិ​គួដ ផ្ទុះ​ហិង្សា​ខឹង​រដ្ឋាភិបាល​មិន​ជួយ​ក្រុម​គួដ​នៅ​ស៊ីរី
ក្រុង​ Diyarbakir ភាគ​និរតី​ប្រទេស​តួកគី​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជនជាតិ​គួដ ផ្ទុះ​ហិង្សា​ខឹង​រដ្ឋាភិបាល​មិន​ជួយ​ក្រុម​គួដ​នៅ​ស៊ីរី REUTERS
ផ្សាយពាណិជ្ជកម្ម

មិន​ត្រឹម​តែ​មិនសូវ​​អើ​ពើ​លូកដៃ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ក្នុង​ប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹងចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម ​តួកគី​បានថែម​ទាំង​ខា​ខាំង​មិន​ឱ្យ​ពល​រដ្ឋ​គួដ​នៅ​តួកគី​ចូល​ជួយ​ក្រុម​គួដ​នៅ​ស៊ីរី​ទៀត និង​មិន​ធ្វើ​អ្វី​ទាំង​អស់​សម្រាប់​ទប់​ស្កាត់​ពួកជីហាត។ មូលហេតុ​នៃ​ការ​រើ​អើង​នេះ គឺ​ក្រៅ​ពី​​តួកគី​មាន​នយោបាយ​មិន​​​ទម្លាប់​ចូល​ប្រយុទ្ធ​ក្នុង​ជម្លោះ​ណាមួយ​ជាមួយ​ប្រទេស​ជិត​ខាង​ឡើយ តាំង​ពី​សង្គ្រាម​លោក​លើក​ទីមួយ​មក ម្យ៉ាង​ទៀត អង្គការ​រដ្ឋ​អ៊ីស្លាម​មិន​មែន​ទិសដៅ​ទីមួយ​ដែល​តួកគី​ត្រូវ​ប្រឆាំង​ឡើយ តួកគី​ចង់​ឃើញ​តែ​ម្យ៉ាង​​គឺ​របប​លោក​បាស្ហា អាល់អាសាដ​ដួល​រលំ។ ​តួកគី​បាន​ចាត់​ទុក​ពួក​គួដ​ជា​ក្រុម​ភេរវនិយម មិន​ចង់​ឃើញ​មាន​តំបន់​ស្វយ័ត​គួដ តាម​បណ្តោយ​ព្រំដែន​តួកគី ដែល​ងាយ​ផ្តល់​ជម្រក​ដល់​ក្រុម​ប្រឆាំង​គួដ​នៅ​តួកគី​ PKK មាន​សំអាងទេ។​

 
ប៉ុន្តែ​នយោបាយ​នេះ កំពុងបង្ក​សោកនាដកម្ម​ពី​រ​យ៉ាង​ ៖ សម្រាប់​តំបន់​ និង​ផ្ទៃក្នុង​ប្រទេស​តួកគី។​ ព្រោះ​បើ​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​ដណ្តើម​ក្រុង​កូបាណេ​បាន នោះ​ចលនា​ជីហាត​អាច​នឹង​ត្រួត​ត្រា​ផ្លូវ​​តាម​បណ្តោយ​ព្រំដែន​ស៊ីរី-តួកគី​ ពង្រឹង​បាន​ដែនដី​របស់​ពួក​គេ​ផង និង​ពង្រីក​សកម្មភាព​​ជួញដូរ​បំប៉ន​ចលនា​​ជីហាត​រដ្ឋ​អ៊ីស្លាម។ បន្ទាប់​មក​ទៀត​ តួកគី​នឹងក្លាយ​ជា​មុខ​ព្រួញ​ទី​មួយ​របស់​​ពួក​ជីហាត​នេះ​តែ​ម្តង​ ទឹកដី​មួយ​ចំរៀក​របស់​តួកគី​ក្នុង​ដែន​ដី​ស៊ីរី ក៏​ត្រូវ​រង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​តែ​ម្តង​នា​ពេល​នេះ។ ចំណែក​នៅ​ក្នុង​ប្រទេស​បាតុកម្ម​របស់​ក្រុម​គួដ បានក្លាយ​ជា​អំពើ​ហិង្សា​មាន​ស្លាប់​យ៉ាង​ហោចណាស់​១៤​នាក់​កាលពី​ថ្ងៃ​អង្គារ អាច​នឹង​បញ្ចេះ​វិបត្តិ​៣០​ឆ្នាំ​មុន​ ឱ្យ​ផ្ទុះ​ឡើង​វិញ បំណង​ប្រាថ្នា​ចង់​បើក​ការចរចា​ជាមួយ​PKK ទំនង​ត្រូវ​បញ្ចប់។ ​ទំនង​ដោយ​ហេតុ​នេះ​ហើយ​ឬ​បាន​ជា​តួកគី​របស់​ Recep Tayyip Erdogan ភ្ញាក់​ខ្លួន​យល់​ថា​ដល់​ពេល​ត្រូវ​បើក​កម្លាំង​ទ័ព​ថ្មើរ​ជើង​ ដើម្បី​ទប់​ពួក​ជីហាត​កុំ​ឱ្យ​រាល​ដល់​តួកគី​ទាន់ ?!

​ម្យ៉ាង​វិញ បារាំង​និង​តួកគី បាន​សន្យា​ធ្វើសហប្រតិបត្តិការ​រវាងគ្នា ដើម្បី​ប្រយុទ្ធ​ ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ប្រឆាំងនឹង​បណ្តាញ​ជ្រើសរើស​​ជន​ជីហាត ទៅ​បំប៉ន​កម្លាំង​អង្គការ​​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី និងអ៊ីរ៉ាក់ តាម​រយៈ​ការ​ផ្តោះ​ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។ នៅ​ថ្ងៃទី ២៦​កញ្ញា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង បាន​សម្រេចដឹក​នាំ​​ទស្សនកិច្ច​ ដោយ​​រូប​ផ្ទាល់​ខ្លួន ទៅ​កាន់​ក្រុង​អង់ការ៉ា ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​តួកគី​ឱ្យ​ប្រសើរ​ឡើង​បន្ទាប់​ពី​មាន​ភាព​ប្រទាំង​ប្រទើស​ដោះលែង​​ជនជីហាត​បីនាក់​ឱ្យ​ដល់​ដៃ​អាជ្ញាធរ​បារាំង​ត្រឹម​ត្រូវ​មក។
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ការ​បង្ហើប​ទម្លាយ​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​ទី ៦ តុលា របស់​​សារព័ត៌មាន​អង់គ្លេស The Times បាន​ធ្វើ​ឱ្យ​ក្រសួង​មហាផ្ទៃ​បារាំង​ខឹង​ច្រឡោត​ខ្លាំង។ បើ​តាម​កាសែតអង់គ្លេស​​ ចំណាប់​ខ្មាំង​ជនជាតិ​តួកគី ៤៦​នាក់​ក្នុង​ដៃ​ពួក​​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដែល​បាន​ត្រូវ​ដោះលែង​កាលពីថ្ងៃ​ទី ២០ កញ្ញា​ បាន​ទទួល​សេរីភាព​ជា​ថ្នូរ​នឹង​​ការ​ផ្តោះ​ប្តូរអ្នក​ទោស ជា​ជន​ជីហាត​ចំនួន​១៨០​នាក់ ជាប់ឃុំ​ឃាំង​ក្នុង​ប្រទេស​តួកគី។ ក្នុង​ចំណោម​ជនជីហាត​ដែល​តួកគី​បាន​ប្រគល់​ទៅ​ឱ្យ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី នោះ​មាន​បី​នាក់​ជា​ជនជាតិ​បារាំង ពីរ​នាក់​អង់គ្លេស ពី​រនាក់​ស៊ុយអែត ម៉ាសេដ័នពីរនាក់ ​ស្វីស​ម្នាក់ និង​ម្នាក់​ទៀតជា​ជន​ជាតិ​ប៊ែលហ្សិក។​

ព័ត៌មាន​ទាំង​អស់​នេះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ទំព័រ​កាសែត​បារាំង​ Le Monde ដោយ​ប្រភព​ការទូត​បារាំង។ ប៉ុន្តែ​តុលាការ​និង​ប៉ូលិស​បារាំង​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម នៅ​ប៉ារីស​ ហាក់​ដូចជា​មិន​​បាន​ដឹង​​អំពី​វត្តមាន​ជនជីហាត​បារាំង​ទាំង​បី​ក្នុង​ពន្ធនាគារ​តួកគី​ឡើយ។ នេះក៏​ព្រោះ​តែ​ ប្រទេស​នីមួយៗ​ការ​ពារ​ផលប្រយោជន៍​ជាតិ​រៀងខ្លួនៗ គឺ​ជា​គោលការណ៍​នៃ​ការរក្សា​បូរណភាព​ដែនដី ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ខ្សែ​​នយោបាយ​ខាង​ផ្នែក​ស៊ើបការណ៍សម្ងាត់ និង​ទំនុកចិត្ត​ ដែល​គ្រប់គ្នា​ខំ​ស្វែង​រក​ និងធ្វើ​ឱ្យ​ប្រសើរ​ឡើង។

ក្នុង​ចំណោម​ជនជីហាត​ដែល​តួកគី​បាន​ដោះលែង មួយ​ភាគ​​ស្ថិត​នៅ​ក្នុង​ចង្ក្រោម​ភេរវនិយម អាប៊ូ បាក្រ អាល់​អ៊ីរ៉ាគី ដែល​មេកើយ​ត្រូវ​បាន​ពួក​ឧទ្ទាម​ស៊ីរី​សម្លាប់​បាន​កាលពី​ខែ​មករា​ឆ្នាំ​២០១៤។​ ចំណែក​ក្រុម​ជីហាត​អឺរ៉ុប​វិញ មាន​តែ​​ជនជាតិ​អង់គ្លេស​ពីរ​នាក់នោះ​​ទេ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្តោះ​ប្តូរ​ព័ត៌មាន​​របស់​បណ្តាញ​ស៊ើបការណ៍​​សម្ងាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ