អានតួអត្ថបទ
តួកគី-ស៊ីរី

ក្រុង​កូបាណេ ជាប់​ព្រំដែន​តួកគី​កំពុង​រង​គ្រោះ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​អង្គការ​រដ្ឋ​អ៊ីស្លាម

កូបាណេ នឹង​ត្រូវ​​ធា្លក់​ក្នុង​កណ្តាប់ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ឬ ? ​ក្រុម​យុទ្ធជន​គួដកំពុង​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​តែ​ម្នាក់​ឯង​ប្រឆាំង​នឹង​ក្រុម​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​បើ​ទោះ​បី​មាន​ប្រតិបត្តិការ​ផ្លូវ​អាកាស​ពី​សំណាក់​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​យ៉ាង​សន្ធាប់​យ៉ាង​ណា​ក្តី ក៏​អាច​ជ្រៀត​ចូល​ទៅ​អុកឡុក និង​កាប់​កាប់​សង្កាត់​មួយ​ចំនួន​​ក្នុង​ក្រុង​កូបាណេ។ ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ តំណាង​អង្គការ​សហប្រជាជាតិ​នៅ​ស៊ីរី​​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាំង​មូល បញ្ចេញ​សកម្មភាព​រួម​​ការពារ​ក្រុង​កូបាណេ។ ចំណែក​ឯ​ប្រធានាធិបតី​តួកគី​វិញ​ ចង់​ឃើញ​មាន​ការ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លើ​ដី។

ផ្សែង​ចេញ​ពី​ក្រុង​កូបាណេ ពេល​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ទម្លាក់​គ្រាប់​បែក​ថ្ងៃ​ទី ៧ តុលា ២០១៤
ផ្សែង​ចេញ​ពី​ក្រុង​កូបាណេ ពេល​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ទម្លាក់​គ្រាប់​បែក​ថ្ងៃ​ទី ៧ តុលា ២០១៤ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

កូបាណេ ក្រុង​គួដ​ទីបី​ក្នុង​ប្រទេស​ស៊ីរី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៣០​គីឡូម៉ែត្រ​ពី​ប្រទេស​តួកគី កំពុងក្លាយ​ជា​សមរភូមិ​យ៉ាង​ក្តៅ​គគុក។ យុទ្ធជន​គួដ កំពុង​​ទប់​ខ្លួន ការពារ​ក្រុង​​យ៉ាង​ត្រដាប​ត្រដួស​ប្រឈម​នឹង​ការ​វាយ​សម្រុករបស់​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​។ ​មាន​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ។ ចំណែក​ជន​ស៊ីវិល​ នាំ​គ្នា​សម្រុក​រត់​ភៀស​ខ្លួន​ចេញ ​សំដៅ​ទៅ​កាន់​ប្រទេស​តួកគី​ជិត​ខាង។ បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ អះអាង​ថា​គ្មាន​ជនស៊ីវិល​បន្ត​រស់​នៅក្នុង​ក្រុង​កូបាណេ​ទៀត​ទេ ប៉ុន្តែ​ប្រភព​ខ្លះ​ទៀត​សន្និដ្ឋាន​នៅ​មាន​ពលរដ្ឋ​ស៊ីវិល​រាប់​ពាន់​នាក់​កំពុង​ជាប់​កុន​​​នៅឡើយ។

 

ប្រឈម​មុននឹង​ស្ថានការណ៍​បែប​នេះ និង​ដូច​ជា​ហួស​ពេល​បន្តិច​ហើយ​ដែល​ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ីរី បាន​អំពាវនាវ​ពី​ប្រទេស​ស្វីស សូម​ឱ្យអន្តរជាតិ​ទាំង​មូល​រួម​គ្នា​បញ្ចេញ​សកម្មភាព​ជា​បន្ទាន់​ ធ្វើ​យ៉ាង​ណា​ក៏​ការពារ​ក្រុង​កូបាណេ កុំ​ឱ្យ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​។ ទង់ជាតិ​ខ្មៅ បាន​ដោត​​បង្ហោះ​ក្នុង​​ក្រុង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ​ នៅ​ថ្ងៃ​ម្សិលមិញ​ក្នុង​សង្កាត់​ខ្លះ មុន​នឹង​ត្រូវ​ដក​ទៅ​វិញ ដោយ​ការ​សម្រុក​វាយប្រហារ​ខ្លាំង​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ។ តាំង​ពី​ម្សិលមិញ និង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក បាន​បើក​យុទ្ធនាការទម្លាក់​គ្រាប់ ដៅ​ទិស​លើ​ពួក​ជីហាត​នៅ​ជុំ​វិញ​និង​នៅ​ក្នុង​ក្រុង​កូបាណេ។​ សម្ពាធ​មាន​កាន់​តែ​ធ្ងន់​លើក្រុម​ប្រទេស​មហាអំណាច លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ត្រូវ​ជួប​ពិភាក្សា​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ ថ្ងៃ​ពុធ​នេះ​ដើម្បី​បូក​សរុប​ប្រតិបត្តិការ​ផ្លូវអាកាស​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។

ភាព​តាន​តឹង​​បាន​រាល​ដាល​ដល់​ប្រទេស​តួកគី ប្រឈម​មុខ​នឹង​ការ​បាត់បង់​ក្រុងកូបាណេ បណ្តាជន​គួដ​នៅ​តួកគី​​បាន​នាំ​គ្នា​បះបោរ​ធ្វើ​បាតុកម្ម បរិហារ​ភាព​ស្ពឹក​ស្រពន់របស់​រដ្ឋាភិបាល​តួកគី​ដែល​​មិន​បញ្ចេញ​សកម្មភាព​អ្វី បណ្តោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជ្រៀត​ចូល​ក្រុង​កូបាណេ​បាន។​ តែ​នាឱកាស​ចុះ​សួរ​សុខ​ទុក្ខ​ជន​ភៀស​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ដែល​ទើប​បាន​ទទួល​ការ​អនុញ្ញាត​ពី​សភា​ឱ្យ​ចូល​ធ្វើ​អន្តរាគមន៍​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ បាន​ព្រមាន​ថា​ក្រុង​កូបាណេ អាច​នឹង​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ជីហាត និង​​បាន​ប្រកាស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ថា​ ប្រតិបត្តិការ​ផ្លូវ​អាកាស​មិន​គ្រប់​គ្រាន់​ទេ ត្រូវ​តែ​មាន​អន្តរាគមន៍​ទ័ព​ថ្មើរ​ជើង​ទៀត ទើប​អាច​យក​ឈ្នះ​​លើ​ចលនា​ជីហាតនេះ​បាន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ