អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​កម្លំាង​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម​កាន់​តែ​ឡើង​ឥទ្ធិពល​នៅ​ក្បែរ​ស្រុក​កូបាណេ​ក្នុង​ទឹកដី​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំ​ពេល​ដែល​កម្លំាង​អន្តរជាតិ​ដឹកនំា​ដោយ​អាមេរិក​កំពុង​បន្ត​វាយប្រហារ​លើ​ទីតំាង​របស់​ពួកជីហាត​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី កម្លំាង​របស់​ពួកជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​កំពុង​បន្ត​រុល​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​ប្រទេស​តួកគី​គួរ​ឲ្យ​ព្រួយបារម្ភ។ ខណៈ​នេះ កម្លំាង​ប្រដាប់អាវុធ​គៀដ​ក្នុង​ស្រុក​កូបាណេ​ប្រទេស​ស៊ីរី​កំពុង​ប្រយុទ្ធ​ទប់​យ៉ាង​វេទនា​ទល់​នឹង​ឥទ្ធិពល​របស់​កម្លំាង​ជីហាត។ ការ​ប្រយុទ្ធ​គ្នា​បាន​លាត​សន្ធឹង​នៅ​ប៉ែកខាង​លិច និង​ខាងត្បូង​នៃ​ស្រុក​កូបាណេ។ ក្រុមអ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី​បាន​បញ្ជាក់​ថា សម្បី​តែ​ប្រជាជន​គៀដ​ដែល​រស់​ក្នុង​ទឹកដី​តួកគី​ជាប់​ព្រំដែន​នឹង​ស្រុក​កូបាណេ​ក្នុង​ប្រទេស​ស៊ីរី​ក៏​កំពុង​ស្រឡំាងកំាង​នឹង​កម្លំាង​ខ្លំាងក្លា​របស់​ពួកជីហាត​ដែរ។

ជនជាតិ​គៀដ​ម្នាក់​កំពុង​ឆ្លុះមើល​ការ​ប្រយុទ្ធគ្នា​នៅ​ក្បែរ​ស្រុក​កូបាណេ​ពី​ព្រំដែន​រវាង​ប្រទេស​ស៊ីរី និង​តួកគី
ជនជាតិ​គៀដ​ម្នាក់​កំពុង​ឆ្លុះមើល​ការ​ប្រយុទ្ធគ្នា​នៅ​ក្បែរ​ស្រុក​កូបាណេ​ពី​ព្រំដែន​រវាង​ប្រទេស​ស៊ីរី និង​តួកគី AFP PHOTO / ARIS MESSINIS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​រវាង​កម្លំាង​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​កម្លំាង​ប្រដាប់អាវុធ​គៀរ​ក្នុង​ស្រុក​កូបាណេ ប្រទេស​ស៊ីរី​ដែល​ជាប់​នឹង​ព្រំដែន​ប្រទេស​តួកគី​ប៉ែក​ខាង​ជើង។ ខណៈ​នេះ ពួក​ជីហាត​បាន​វាយ​ចូល​កាន់កាប់​តំបន់​មួយ​ចំនួន​នៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​លិច​នៃ​ស្រុក​កូបាណេ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​ក្លាយ​តែ​ស្រុក​កូបាណេ​ទំាង​មូល​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ គួរ​ជម្រាប​ជូន​ថា តំាង​ពី ៣សប្តាហ៍​មក​ហើយ​ដែល​ស្រុក​កូបាណេ​បាន​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ពួក​ជីហាត។ នៅ​ក្រោម​ការ​គំរាមកំហែង​របស់​ពួក​ជីហាត មាន​ប្រជាជន​គៀដ​ក្នុង​ស្រុក​កូបាណេ​ជិត ៩០% ពោល​ជិត ៣០០ ០០០នាក់​បាន​បាន​រត់ភៀសខ្លួន​ទៅ​កាន់​ព្រំដែន​ជាប់​នឹង​ប្រទេស​តួកគី ក្នុង​នោះ​មាន ១៨០ ០០០នាក់​បាន​ចូល​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​តួកគី។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ មាន​ប្រជាជន​គៀដ-ស៊ីរី​សឹង​តែ​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ផ្តើម​កាន់​អាវុធ​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ពួកជីហាត ពោល​មិនមែន​មាន​តែ​កម្លំាង​ប្រដាប់អាវុធ​ប៉ុណ្ណោះ​ទេ។ ទន្ទឹម​គ្នា​នេះ ថ្នាក់ដឹកនំា​គៀដ​ក្នុង​ស្រុក​កូបាណេ​ក៏​បាន​អំពាវនាវ​សុំជំនួយ​បន្ទាន់​ពី​សហគមន៍​អន្តរជាតិ ពិសេស​ជំនួយ​សព្វាវុធ។ នៅ​ព្រលឹម​ស្រាងៗ​ព្រឹកមិញ គេ​សង្កេត​ឃើញ​មាន​អន្តរាគមន៍​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​របស់​ពួក​ជីហាត​ពី​សំណាក់​កម្លំាង​អន្តរជាតិ​ដឹក​នំា​ដោយ​សហរដ្ឋអាមេរិក។

មូលហេតុ​នៃ​ការ​រុល​ទៅ​មុខ​យ៉ាង​លឿន​របស់​កម្លំាង​ជីហាតនៅក្បែរ​ស្រុក​កូបាណេ-ស៊ីរី

មាន​មូលហេតុ​សំខាន់​ពីរ​ដែល​បញ្ជាក់​ពី​ការ​រុល​ទៅ​មុខ​យ៉ាង​លឿន​របស់​ពួក​ជីហាត​នៅ​ក្បែរ​ស្រុក​កូបាណេ​ក្នុង​ទឹកដី​ស៊ីរី។ ទី១ គឺ​គម្លាត​ដាច់​គ្នា​ឆ្ងាយ​ទំាង​ធនធាន​មនុស្ស និង​សម្ភារៈសឹក​រវាង​កម្លំាង​គៀដ ស៊ីរី​ក្នុង​ស្រុក​កូបាណេ និង​កម្លំាង​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ កម្លំាងជីហាត​មាន​បំពាក់​ទៅ​ដោយ​អាវុធសង្រ្គាម​ពេញធឹង ដូច​ជា​រថក្រោះ និង​កំាភ្លើង​ធំ​ធុនធ្ងន់​គ្រប់​ប្រភេទ ចំណែក​កម្លំាង​គៀដ ស៊ីរី​វិញ មាន​បំពាក់​តែ​អាវុធ​តូចតាច​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ពួកជីហាត​ក៏​សុទ្ធសឹង​ជា​យុទ្ធជន​ជ្រុលនិយម និង​មាន​មនោគមន៍វិជ្ជា​ដាច់ខាត។ មូលហេតុ​ទី២ គឺ​មក​ពី​កង្វះ​ជំនួយ ឬ​មួយ​ក៏​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​កម្លំាង​អន្តរជាតិ​ដឹកនំា​ដោយ​អាមេរិក​នៅ​ស្ទើរ​ដែល​មិន​អាច​រារំាង​ដំណើរ​រុល​ទៅ​មុខ​របស់​កម្លំាង​ជីហាត​ទៅ​កាន់​ស្រុក​កូបាណេ។

នៅ​ពេល​នេះ កម្លំាង​យុទ្ធជន​គៀដ-ស៊ីរី ក៏​ដូច​ជា​កម្លំាង​ឧទ្ទាម​ស៊ីរី​មិន​ញញើត​នឹង​ធ្វើ​ការ​ទិតៀន​សហគមន៍​អន្តរជាតិ​ពេញ​មាត់ ពិសេស​សហរដ្ឋអាមេរិក​ដែល​មិន​បាន​ជួយ​គំាទ្រ​កម្លំាង​របស់​គៀដ​ក្នុង​ស្រុក​កូបាណេ​ឲ្យ​បាន​ពេញ​ទំហឹង​ក្នុង​ការ​ប្រឈម​ទប់​នឹង​ពួកជីហាត។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បាន​ស្តីបន្ទោស​រដ្ឋបាល​អាមេរិកំាង​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​អាវុធ​ទំនើបៗ​ឲ្យ​ពួក​គេ។ គឺ​ភាព​យឺតយ៉ាវ ឬ​មួយ​ក៏​ការ​ពិចារណា​វែងឆ្ងាយ​របស់​លោក​អូបាម៉ា​នេះ​ហើយ​ដែល​ត្រូវ​បាន​លោក​អតីត​រដ្ឋមន្រ្តី​ការពារ​អាមេរិក​ឡេអុង ប៉ាណេតា​ក្នុង​អាណត្តិទី១ របស់​លោក​អូបាម៉ា​ចេញ​មុខ​រិះគន់​លោក​អូបាម៉ា​តាម​រយៈ​សៀវភៅ​មួយ​របស់​លោក​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ។

យោង​តាម​លោក​ប៉ាណេតា គឺ​កំហុស​របស់​លោក​អូបាម៉ា​មិនព្រម​វាយប្រហារ​ស៊ីរី​កាល​ពី​ឆ្នំា​ទៅ​មិញ​នោះ​ឯង​ដែល​ជា​ដើមចម​នៃ​ការ​លេច​រូបរាង​អង្គការ​រដ្ឋអ៊ីស្លាម​ដ៏​សាហាវ​ពេល​នេះ និង​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​លែង​ជឿ​ទុកចិត្ត​អាមេរិក​មក​ដល់​សព្វថ្ងៃ។ សម្រាប់​លោក​ប៉ាណេតា បើ​អាមេរិក​វ៉ៃ​ស៊ីរី​តំាង​ពី​មុន​​នោះ ម្ល៉េះ​ពិភពលោក​មិន​ធ្លាក់​ក្នុង​ស្ថានការណ៍​ដូច​ថ្ងៃ​នេះ​ទេ។ លោក​អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​រូប​នេះ​ដដែល​បាន​ប្រមើលមើល​ថា សង្រ្គាម​ប្រឆំាង​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ពេល​នេះ ជា​សង្រ្គាម​ដែល​នឹង​ត្រូវ​អូសបន្លាយ​រយៈពេល ៣០ឆ្នំា។

សហគមន៍​គៀដ​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ផ្ទៃក្នុង

គួរ​ជម្រាប​ជូន​ថា ប្រជាជន​គៀដ​ភាគច្រើន​កំពុង​រស់នៅ​រប៉ាត់រប៉ាយ​ក្នុង​ប្រទេស​ចំនួន ៤ គឺ​តួកគី ស៊ីរី អ៊ីរ៉ាក់ និង​ប្រទេស​អ៊ីរ៉ង់។ នេះ​ដោយ​មិន​រាប់​បញ្ចូល​ពី​ចំនួន​ជនភៀសខ្លួន​គៀដ​តិចតួច​​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទេ។ នៅ​ពេល​នេះ ការ​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​រវាង​ប្រជាជន​គៀដ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​គំាទ្រ​គៀដ​ក្នុង​ប្រទេស​តួកគី។ ជា​លទ្ធផល មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​តំបន់​ផ្សេងៗ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​ដើម្បី​ជួយ​គំាទ្រ​បុព្វហេតុ​របស់​ប្រជាជន​គៀដ។ ការ​គំាទ្រ​ស្រដៀង​គ្នា​នេះ​ក៏​មាន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​បារំាង អាល្លឺម៉ង់ បែលហ្ស៊ិក ឬ​មួយ​ក៏​ប្រទេស​ហូឡង់។ ចំណែក​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​ជា​បន្ទាន់​មួយ​ដើម្បី​បញ្ចៀស​ទង្វើ​សម្លាប់​រង្គាល​លើ​ប្រជាជន​គៀដ​នៅ​ស្រុក​កូបាណេ​ដោយ​ពួក​ជីហាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ