អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន​ធ្វើ​ឲ្យ​ជំនួប​កំពូល​សហភាព​អឺរ៉ុប និង​រុស្ស៊ី​បើក​ធ្វើ​ឡើង​នៅក្នុង​បរិយាកាស​ដ៏​អាប់អួរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ​ទី ២៨ មករានេះ ជំនួបកំពូល​សហភាពអឺរ៉ុប និង​រុស្ស៊ី បាន​បើក​ធ្វើឡើង នៅទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក។ នៅក្នុង​ជំនួបកំពូល ថ្នាក់ដឹកនាំ កំពូលៗ​របស់​សហភាព​អឺរ៉ុប ដូចជា លោក​អ៊ែរម៉ាន់ វ៉ាន់រុមពុយ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ជាដើម បាន​ជួប​ពិភាក្សា ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន។ ជំនួប​កំពូល​អឺរ៉ុប និង​រុស្ស៊ី​ត្រូវ​បាន​កាត់បន្ថយ​ពី​ពីរថ្ងៃ មក​មួយថ្ងៃ ទៅតាម​ការទាមទារ​របស់ទីក្រុង​ព្រុយស៊ែល ត្រូវ​ប្រឈម​នឹង​​ភាពតានតឹង ដោយសារ​វិបត្តិ​នយោបាយ នៅអ៊ុយក្រែន។

សន្និសីទ​កាសែត កាលពីថ្ងៃ​ទី ២១ ធ្នូ ២០១២ ពីឆ្វេងទៅស្តាំ:លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine,លោកប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប Herman Van Rompuy និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​José Manuel Barroso.
សន្និសីទ​កាសែត កាលពីថ្ងៃ​ទី ២១ ធ្នូ ២០១២ ពីឆ្វេងទៅស្តាំ:លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine,លោកប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប Herman Van Rompuy និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​José Manuel Barroso. REUTERS/Sebastien Pirlet
ផ្សាយពាណិជ្ជកម្ម

ភាគី​ម្ខាងៗ សហភាព​អឺរ៉ុប និង​រុស្ស៊ី បាន​ចោទ ចង្អុល​ដាក់​គ្នា ថា​បាន​លូកដៃ ក្នុង​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ុយក្រែន រហូត​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ហិង្សា សម្លាប់​មនុស្ស​នៅ​អ៊ុយក្រែន។ សម្រាប់​ម៉ូស្គូ សហភាព​អឺរ៉ុប​ជាប្រភពដើម​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​នៅ​អ៊ុយក្រែន ជា អ្នក​អុជអាល​ឲ្យ​ក្រុមប្រឆាំង​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​បច្ចុប្បន្ន។ ត្រូវ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ទីក្រុង​ម៉ូស្គូ​នៅតែ​បន្ត​គាំទ្រ គ្មាន​វៀចវេ លោក​ប្រធានាធិបតី​អ៊ុយក្រែន យ៉ានូកូវិច ដែល​ធ្លាប់​បាន​បែរ​ខ្នង​ដាក់​សហភាព​អឺរ៉ុប និង​ត្រលប់​មក​ចុះកិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី កាលពី​ខែ​វិច្ចិកា​កន្លង​ទៅ។

 
នៅភាគី សហភាព​អឺរ៉ុប​វិញ មេដឹកនាំ​នៅ ​អឺរ៉ុប​បាន​សំដែង​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់ ទៅលើ​ការបង្រ្កាប​ដ៏​ហិង្សា​របស់​អាជ្ញាធរ​អ៊ុយក្រែន ដែល​បាន​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​រងរបួស នៅទីក្រុង​គៀវ កាលពី​សប្តាហ៍មុន។ សហភាព​អឺរ៉ុប​ធ្លាប់​បាន​ពន្លយ​ពាក្យថា ទីក្រុង​ម៉ូស្គូ​អាច​នៅពីក្រោយ​ក្រុម​អាជ្ញាធរ​អ៊ុយក្រែន និង​ជា​អ្នក​ញុះញង់​ឲ្យ​អាជ្ញាធរ​បើក​ការបង្រ្កាប​យ៉ាង​ហិង្សា ទៅលើ​បាតុករ​អ៊ុយក្រែន ដែល​តាមពិត​បាន​ចុះថ្នល់​ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ត្រលប់ទៅ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ប៉ុន្តែ មិនមែន​រុស្ស៊ីនោះ។

តាម​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ជំនួប​នៅថ្ងៃ​នេះ មិនមែន​ជា​ជំនួប​ដែល​ត្រូវ​និយាយ​ពី​អ៊ុយក្រែន ប៉ុន្តែ អ្នកនាំពាក្យ​របស់​សហភាព​អឺរ៉ុប​វិញ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សា​ថ្ងៃនេះ គេ​នឹង​លើក​ឡើង​ពី បញ្ហា​សមាហរណកម្ម​នៅក្នុង​តំបន់។ ដូច្នេះ វាប្រាកដណាស់ថា កិច្ចពិភាក្សា នឹង​ត្រូវ​និយាយ​ដោយ​ចៀសមិន​ផុត​ពី​វិបត្តិ​នយោបាយ នៅ អ៊ុយក្រែន ហើយ​ភាគី​ចូលរួម ពោល​គឺ​រុស្ស៊ី និង​សហភាព​អឺរ៉ុប ត្រូវ​ធ្វើ​សារ​មួយ នៅក្រោយ​ជំនួប​កំពូល ដើម្បី បញ្ជាក់​ជំហរ​របស់​ខ្លួន ទៅលើ​វិបត្តិ​ដែល​កំពុង​កើតមាន​នៅ អ៊ុយក្រែន។

បញ្ហា​ជាន់លើ​បញ្ហា

ទំនាក់ទំនង​ល្អក់កករ​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី​កើតមាន​តាំងពី​យូរណាស់​មកហើយ គឺ​តាំងពីមុន​មាន​ផ្ទុះវិបត្តិ​នៅ អ៊ុយក្រែនទៅទៀត។ រហូតមក ភាគី​ទាំងពីរ​អាច​និយាយ​គ្នា​តែ​ពីសំណុំរឿង​បរទេស ដូចជា​​វិបត្តិ​នៅ​ស៊ីរី ឬ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ បើ​ឲ្យ​និយាយ​ពី​ទំនាក់​ទំនង​ទ្វេភាគី វិញ គឺ​គ្មានតែម្តង។ កិច្ចចរចា​ស្តីពី​ទំនាក់ទំនង​ទ្វេភាគី​ជា​យុទ្ធសាស្រ្ត​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី​បាន​កប់ស្លាប់ តាំងពី​ឆ្នាំ ២០០៨​ម្ល៉េះ។ ភាគី​ទាំងពីរ​នៅតែ​មិន​ទាន់​ទុកចិត្ត​គ្នា ទៅវិញ ទៅមក និង​ធ្លាប់​ថ្នាំងថ្នាក់ នឹង​គ្នា ទៅលើ​សំណុំរឿង​ជាច្រើន ដូចជា​សហភាព​អឺរ៉ុប​រិះគន់​រនាំង​ពន្ធគយ​របស់​រុស្ស៊ី ទៅលើ​ទំនិញ​នាំចូល​ពី អឺរ៉ុប។ សហភាព​អឺរ៉ុប​ ធ្លាប់​បាន​គំរាម​ប្តឹង​រុស្ស៊ី ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ចំណែក​ភាគី​រុស្ស៊ី​វិញ នៅតែ​បន្ទោស​សហភាព អឺរ៉ុប​ថា គ្មាន​ចេតនា​ចង់​ពន្លឿន​កិច្ចចរចា​ស្តីពី​ការ​លុបចោល​​ទិដ្ឋាការ​របស់​ពលរដ្ឋ​រុស្ស៊ី ដែល​ចង់​ចូល​មក​ក្នុង​សហភាព​អឺរ៉ុប។

នៅក្នុង​ពេល​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី​កំពុង​ចុះ​ល្អក់កករ បញ្ហា​អ៊ុយក្រែន​បាន​ចូល​មក​បន្ថែម ធ្វើ​ឲ្យ​រុស្ស៊ី និង​ មើល​មុខ​គ្នា​មិន​សូវចំ។ ត្រូវ​ដឹងថា សហភាព​អឺរ៉ុប​មិន​សប្បាយ​ចិត្ត​ទេ ​រុស្ស៊ី​អូសទាញ អ៊ុយក្រែន រហូត​ធ្វើ​ឲ្យ​អ៊ុយក្រែន​ផ្អាក​លែង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយសហភាព​អឺរ៉ុប។ កាលណោះ រុស្ស៊ី​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ ដល់​អ៊ុយក្រែន និង​យល់ព្រម​កាត់​បន្ថយ​យ៉ាងច្រើន​លើ​តម្លៃ​ឧស្ម័ន​ដែល​អ៊ុយក្រែន​ត្រូវ​ទិញ​ពី​រុស្ស៊ី។

ត្រូវដឹងថា សហភាព​អឺរ៉ុប​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន ព្រោះវា ​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្រ្ត​របស់​សហភាព​អឺរ៉ុប ដែល​ចង់​បង្កើត​ភាពជាដៃគូ​​ទាំង​ខាង​នយោបាយ និង​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត រួមមាន អ៊ុយក្រែន ម៉ុលដាវី ហ្សកហ្ស៊ី អាមេនី អាស៊ែបៃហ្សង់ និង​បេឡារុស ដែល​ភាគច្រើន​ជា​ប្រទេស​ធ្លាប់​ស្ថិត​ក្រោម​អតីត​សហភាព​សូវៀត។

តាំងពី​មុន​ជំនួប​បើក​នៅថ្ងៃនេះ សហភាព​អឺរ៉ុប​ធ្លាប់​អះអាងថា ចង់​ឲ្យ​រុស្ស៊ី​បកស្រាយ​ ពី​សហភាព​ពន្ធគយ ដែល​រុស្ស៊ី​បាន​បង្កើតឡើង ដែល​បើ​តាម​សហភាព​អឺរ៉ុប គឺ​រុស្ស៊ី​មាន​មហិច្ឆតា​ចង់​ត្រលប់​ទៅ​រក​សហភាព​សូវៀត គឺ​ចង់​ប្រមូល​អតីត​រដ្ឋ​ក្នុង​សហភាព​សូវៀត ឲ្យ​ត្រលប់មក​រួម​គ្នា នៅក្រោម​ឥទ្ធិពល​ដឹកនាំ​របស់​រុស្ស៊ី ជាថ្មី​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ