អានតួអត្ថបទ
អ៊ុយក្រែន

ចលនា​តវ៉ា​រាលដាល​នៅ​អ៊ុយក្រែន​ ប្រធានាធិបតី​ប្រកាស​រុះរើ​រដ្ឋាភិបាល​និង​ធ្វើ​វិសោធនកម្ម​ច្បាប់ថ្មី​

ចលនា​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅ​អ៊ុយក្រែន​ ​មិនបាន​ថមថយ​ចុះ​នោះទេ។ បាតុកម្ម​​ បានរាលដាល​ដល់​តំបន់​ជាច្រើន​នៅ​ភាគខាង​លិច​ប្រទេស បង្ក​សម្ពាធ​ដល់​រដ្ឋាភិបាល។ ប្រធានាធិបតី​​​វ៉ិចទ័រ យ៉ានូកូវិច ​បាន​​បន្ទន់​ជំហរ ដោយ​បាន​ប្រកា​ស​រុះរើរដ្ឋាភិបាល និង​ធ្វើវិសោធនកម្ម​ច្បាប់​ថ្មី ដើម្បី​បន្ថយភាពតានតឹង​ជាមួយ​ក្រុមប្រឆាំង។

ទង់ជាតិ​​បក្ស​ប្រឆាំង​​​និង​ទង់ជាតិជាតិ​អ៊ុយក្រែន បាតុករ​អ៊ុយក្រែន​នៅតែ​​មិនទុកចិត្ត​រដ្ឋាភិបាល​ខ្លួន។
ទង់ជាតិ​​បក្ស​ប្រឆាំង​​​និង​ទង់ជាតិជាតិ​អ៊ុយក្រែន បាតុករ​អ៊ុយក្រែន​នៅតែ​​មិនទុកចិត្ត​រដ្ឋាភិបាល​ខ្លួន។ REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

 

ចលនា​តវ៉ាប្រឆាំង​រដ្ឋាភិបាល នៅ​អ៊ុយក្រែន ​បាន​រាលដាល​ដល់​តំបន់​ចំនួន​៦ នៅ​ភាគ​ខាងលិច​​ប្រទេស។ នៅទីនោះ បាតុករ​បាន​ចូលកាន់កាប់​អគារ​រដ្ឋបាល​​ជាច្រើន​កន្លែង។
នៅ​ក្រុងខៀវ ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្រុមបាតុករ​និង​ប៉ូលិស​បានបញ្ចេញ​​ភាពតានតឹង​ដាក់​គ្នា នៅ​ទីកន្លែង​ដែល​ប៉ូលិស​បាន​ប្រើ​ហិង្សា​បង្ក្រាប​​បាតុកម្ម ធ្វើអោយ​មាន​មនុស្ស​ស្លាប់​​​៥នាក់ និង​របួស​ច្រើននាក់​ កាលពីថ្ងៃពុធ​នោះ។

ដោយសារ​តែ​សម្ពាធ​របស់​ចលនា​បាតុកម្ម​ និង​សម្ពាធពី​បណ្តាប្រទេស​អឺរ៉ុប​ជាច្រើន​នោះ ប្រធានាធិបតី​​​វ៉ិចទ័រ យ៉ានូកូវិច បាន​ប្រកាស​​ថា នៅ​សម័យប្រជុំ​សភា ថ្ងៃ​អង្គារ​២៨មករា​នេះ នឹង​រុះរើ​រដ្ឋាភិបាល​ ដោះលែង​សកម្មជន​បាតុកម្ម​ដែល​បានចាប់ខ្លួន ហើយ​ក៏​នឹង​ធ្វើ​វិសោធនកម្ម​​ច្បាប់ចែង​​ប្រឆាំង​​សកម្មភាពតវ៉ា ដែល​បាន​​អនុម័ត​កាលពី​សប្តាហ៍​មុនផងដែរ។

ច្បាប់​ប្រឆាំង​សកម្មភាព​តវ៉ា​នេះ មានទិសដៅ​ពង្រឹងទណ្ឌកម្ម​​ប្រឆាំង​បាតុករ រហូត​ដាក់អោយ​បាតុករ​អោយ​ជាប់ពន្ធនាគារ​ទៀតផង។ គួរបញ្ជាក់​ឡើងវិញថា សកម្មភាព​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ ​បាន​កើតឡើង កាលពី​ខែ​​វិច្ឆិកា​ឆ្នាំ​មុន ដំបូង​ឡើយ គឺដោយសារ​តែ​ ​រដ្ឋាភិបាល​​​​អ៊ុយក្រែន ស្ថិតក្រោម​សម្ពាធ​របស់​រុស្ស៊ី បាន​​​ផ្អាក​ការចុះហត្ថលេខា​បង្កើត​ដៃគូយុទ្ធសាស្ត្រ​ជាមួយ​សហភាព​អឺរ៉ុប។ សប្តាហ៍មុន ក្រោយ​ពេលអ៊ុយក្រែន​បាន​អនុម័ត​ច្បាប់​ប្រឆាំង​សកម្មភាពតវ៉ា​​មក បាតុករ​​​ប្រឆាំង​រដ្ឋាភិបាល​ បាន​ធ្វើ​បាតុកម្ម​​​កាន់តែ​ខ្លាំង។

ថ្វី​បើប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​បន្ទន់​ជំហរ​ ដោយ​ប្រកាស​រុះរើ​រដ្ឋាភិបាល និង​ធ្វើ​វិសោធនកម្ម​​​បែបនេះ​ក្តី ក្រុមបាតុករ​​នៅតែ​មិនទុកចិត្ត​​ ហើយ​​នៅតែ​បន្ត​ការតវ៉ា​​ដដែល។ ​​
ការប្រកាស​រុះរើរដ្ឋាភិបាល និង​ធ្វើវិសោធនកម្ម​ច្បាប់​ប្រឆាំង​បាតុកម្ម គឺ​ជាការ​ព្រមាន​ដល់​ក្រុមប្រឆាំងផងដែរ​ ព្រោះ​ថា ​បើ​រដ្ឋាភិបាល​មិនអាច​រក​ឃើញ​កិច្ចព្រមព្រៀង​​ជាមួយ​​បក្ស​ប្រឆាំង​​ទេ រដ្ឋាភិបាល​នឹង​ប្រើ​គ្រប់មធ្យបាយ​​ស្របតាម​ច្បាប់ ដើម្បីដោះស្រាយ​បញ្ហា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ