អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​បារាំង​​អនុម័តច្បាប់​ជំរុញ​អោយ​បុរស​ជា​​​ឳពុក​សម្រាក​ពីការងារ​​ដើម្បី​ជួយ​មើល​កូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ថ្ងៃ​ចន្ទ​ម្សិលមិញ សភាបារាំង​បាន​សិក្សា​លើ​គម្រោង​ច្បាប់​ស្តីពី​សមភាពរវាង​ស្ត្រីនិង​បុរស ដែល​ព្រឹទ្ធសភា​បាន​អនុម័ត កាលពី​ខែកញ្ញា ឆ្នាំ២០១៣។ អ្នក​តំណាង​រាស្រ្តបារាំង​បាននាំគ្នា​បោះឆ្នោត​លើកំណែទម្រង់​ស្តីពី​ពេលវេលា​ឈប់សម្រាកពីការងារ​​​​របស់​ឳពុកម្តាយ ពេល​ដែល​កូន​ខ្លួនប្រសូត​មក។ សភាបារាំង​ចង់ជំរុញ​អោយ​​​ឳពុក​កាន់តែច្រើន​​ បាន​ឈប់សម្រាក​ពី​ការងារ​ ដើម្បី​មើលថែកូន​ដែលកើតមកនោះ។

ទារក​ដែលទើប​កើត នៅមន្ទីរពេទ្យ​
ទារក​ដែលទើប​កើត នៅមន្ទីរពេទ្យ​ CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

គម្រោងច្បាប់​សមភាពរវាង​បុរសនិង​ស្ត្រី-ពេលវេលា​ឈប់សម្រាក​របស់​ឳពុកម្តាយ​ នៅ​បារាំង ពេល​កូនចាប់កំណើត​ក្នុង​គ្រួសារ​​

​ជាទូទៅ នៅប្រទេស​បារាំង ពេល​​ក្រុមគ្រួសារ​មួយ មាន​កូនកើតមក​​ បើសិន​ជា​កូនដំបូង រឺយើងអាច​ថា បើគ្រួសារ​នោះ​មានកូន​តែម្នាក់ នោះ​​ឳពុក​ម្តាយ​ មានសិទ្ធិ​ឈប់សម្រាក មិនធ្វើការងារ​ រយៈពេល​​៦ខែ។ ​នៅយប់ថ្ងៃ​ចន្ទ អ្នកតំណាងរាស្ត្រ​បារាំង​បាន​បោះឆ្នោត​​ អនុញ្ញាត​អោយ​ឳពុកម្តាយ​​ មានពេល​ឈប់សម្រាក​៦ខែ​ថែមទៀត ដូច្នេះ​ ​ពួកគេ​អាចឈប់សម្រាក​ពីការងារ​បាន​មួយឆ្នាំ បើសិន​ពួកគេ​មានកូន​ដំបូង។ ប៉ុន្តែ ពេលវេលា​មួយឆ្នាំសម្រាក​ពីការងារ​​​ដើម្បី​មើលថែកូននេះ គឺ​ម៉ែនិង​ឳ​នោះ ត្រូវ​ចែករំលែក​ជាមួយ​គ្នា ពោលគឺ​ម្នាក់​អាច​ឈប់បាន​៦ខែប៉ុណ្ណោះ។ ពេលវេលា​នេះ​ គឺគិតក្នុងពេល​កូន​កើត​រហូត​ដល់អាយុ​បាន៣ឆ្នាំ។

​​ហើយ​បើសិន​ជា​​គ្រួសារ​មួយ ​មានកូន​ចាប់ពី​២នាក់ឡើងទៅ ពួកគេ​អាច​ឈប់សម្រាក​ពីការងារ បាន​​​៣ឆ្នាំ។ ប៉ុន្តែ គឺចែកគ្នាថា ​បើ​ម្នាក់​​យកពេល​២ឆ្នាំកន្លះ ​ ​ម្នាក់ទៀត​អាច​យក​បាន​ត្រឹម​៦ខែ​ប៉ុណ្ណោះ។ ​បើ​ឳពុក​នៅតែ​សម្រេច​ថា ខ្លួន​នៅតែ​​ទៅធ្វើការ ហើយ​ទុកពេល​អោយ​ប្រពន្ធ​នៅផ្ទះ​មើលកូន នោះ​ប្រពន្ធ​នោះមានសិទ្ធិ​ឈប់​ត្រឹម​ពីរឆ្នាំកន្លះ​ប៉ុណ្ណោះ។

ក្នុង​កំណែទម្រង់​ផ្តល់​ពេលវេលាច្រើន​ ​ឈប់សម្រាក​ពីការងារ ដើម្បី​មើលថែទាំកូននេះ សភា​​បារាំង​ចង់ជំរុញ​អោយ​ឳពុក​កាន់តែច្រើន​​ បាន​ឈប់សម្រាក​ មើល​ថែទាំ​បីបាច់​កូន​ ដូច​ជា​​ម្តាយ​​ផងដែរ ព្រោះថា ជាទូទៅ ពេលមានកូន​កើត អ្នកដែល​ឈប់ធ្វើការ​ដើម្បី​មើលកូននោះ ច្រើន​ជាម្តាយ​ទៅវិញទេ។ បុរស​ជា​ឳពុកគេ​នោះ​កម្រ​ឈប់ណាស់ គឺត្រូវធ្វើការ​​លំបាក​ចិញ្ចឹម​គ្រួសារ។​ បើ​ស្ត្រីមានអាទិភាព​មើលថែកូន​ចៅ ​បុរស​ក៏​មានសិទ្ធិ​ដូចគ្នាដែរ។

បច្ចុប្បន្ន​នេះ មាន​ឳពុកម្តាយ​៥សែន៤ម៉ឺននាក់​នៅបារាំង ​ដែល​​ឈប់សម្រាក​ពីការងារ ដើម្បី​ថែទាំកូនកើត​មកនោះ ក្នុង​នោះ​មានបុរស​ជាឳពុក​ត្រឹមតែ​​១ម៉ឺន៨ពាន់​នាក់ ប៉ុណ្ណោះដែល​យកពេល​ឈប់​នៅផ្ទះ​មើលកូន។ ​​រដ្ឋាភិបាល​បារាំងមានទិសដៅ​ សម្រេច​អោយបាន​នូវ​តួលេខ​ឳពុក​១សែននាក់ ឈប់សម្រាកការងារ​​ពេល​កូនកើត​មក នៅឆ្នាំ​២០១៧ខាងមុខ។

ក្នុង​រយៈពេល​ឈប់សម្រាក​នេះ ឳពុកម្តាយ​ទាំងនោះ​មិនបានទទួលប្រាក់កំរៃ​នោះទេ។​ ដោយឡែក​ ​​ប្រាក់បំណាច់​​​ដែល​រដ្ឋបារាំង​ផ្តល់​អោយ​ដល់​​ឳពុកម្តាយ ​ក្នុង​មួយខែ​ ​​ចន្លោះ​ពី៣២៩អឺរ៉ូ ទៅ​៥៧៣អឺរ៉ូ ប្រាក់នោះ​ត្រូវ​គេ​ដាក់ឈ្មោះ​អោយ​ថ្មីថា ជា ប្រាក់ចែកគ្នា​ក្នុង​ការ​ស្វាគមន៍​បុត្រធីតា។

កំណែទម្រង់នេះ​ នឹង​ត្រូវ​អនុវត្ត​សម្រាប់​ឳពុកម្តាយណា​​ដែល​មានកូនប្រសូត្រ​មក ក្នុង​ខែ​កក្កដា ឆ្នាំ២០១៤ រឺ​ក៏​សម្រាប់​អ្នក​​យកកូន​មកចិញ្ចឹម​បីបាច់​ ចាប់ពី​ខែ​កក្កដា ឆ្នាំ២០១៤​ដូចគ្នា​ដែរ។

ក្រៅពី​សមភាព​​បុរស-ស្ត្រី ក្នុង​ការ​បីបាច់​ថែទាំកូន​នោះ គំរោងច្បាប់ស្តីពី​សមភាព​បុរសស្ត្រីនេះ ក៏​ផ្តោត​លើ​ចំណុច​សំខាន់​ផ្សេងៗទៀតផងដែរ ដូច​ជា ការធានា​​ផ្តល់​ប្រាក់សោធន​ផ្នែក​ចំណីអាហារ​ ជួយ​ដល់​ស្ត្រី​ដែល​ចិញ្ចឹមកូន​តែម្នាក់ឯង។​ ​​ការការពារស្ត្រី រឺក៏បុរស​ពី​អំពើហិង្សា វាយតប់ ក្នុង​គ្រួសារ។ ​ការ​ដាក់ពិន័យ​សហគ្រាស​ដែល​មិនផ្តល់សិទ្ធិសើ្មគ្នា​​ដល់បុរស​និងស្ត្រី មិនអោយ​សហគ្រាស​នោះ​បានចូលក្នុង​ទីផ្សាររដ្ឋ។ ហើយ​ក៏​មាន​ការការពារ​រូបភាពសង្គម​ផ្សេងៗ ដូច​ជា​ការ​ហាមឃាត់មិនអោយ​មាន​​ការ​ប្រកួតសម្រស់​កុមារី​អាយុ​ក្រោម​១៣ឆ្នាំ​ជាដើម។

​​សភាបារាំង​ចង់អោយ​មាន​ការ​អនុវត្តន៍​ជាក់ស្តែងលើ​គោលការណ៍​សមភាពបុរស-ស្ត្រីនេះ ពោលគឺ​មិនមែន​មានចែង​ត្រឹមតែ​ក្នុង​ក្រដាសនោះទេ។ ការ​ដែលបុរស​ជា​​ឳពុក​បាន​ឈប់សម្រាក​​នៅផ្ទះ នោះអាចជួយអោយ​ស្ត្រី​ជា​​ម្តាយ​ បញ្ចេញ​សមត្ថភាពការងារ​ក្នុង​សហគ្រាស ក្នុងសង្គម ក្នុង​ផ្នែកប្រឹក្សា​រដ្ឋបាល​​នានា ​បាន​រស់រវើក​ដូច​ជាបុរស​គ្រប់រូប​ផងដែរ។ គម្រោង​ច្បាប់​នេះគឺស្រប​តាម​​ពាក្យ​ចំនួន៣ ​ក្នុង​បាវចនា​បារាំង​ ​គឺ៖ ​សេរីភាព ភាពស្មើគ្នា និង​ភាព​ជាបងប្អូន​គ្នាជួយគ្នា​ទៅវិញ​ទៅមក។ បារាំង​ជាប្រទេស​គំរូ​ដោយសារ​តែ​ពាក្យស្លោក​ទាំង៣​នេះឯង។

បក្ស​សង្គមនិយម​ស្នើ​វិសោធនកម្ម​ច្បាប់ស្តីពីការរម្លូត​កូន ធ្វើអោយ​​មនុស្ស​ជិត២ម៉ឺននាក់​ធ្វើបាតុកម្ម​ នៅទីក្រុងប៉ារីស ថ្ងៃអាទិត្យ​១៩មករា


បាតុករ​​ទាំងអស់​នោះ ចង់អោយ​បារាំង​យកគំរូតាម​ប្រទេស​អេស្ប៉ាញ ដែល​បានបំបិទ​មិនអោយ​​មានការ​រម្លូតកូន​ក្នុង​ស្រុក។ យប់ថ្ងៃចន្ទ​ម្សិលមិញ​ សភាបារាំង​បាន​បញ្ចប់​ការ​ជជែកគ្នា​​លើ​គម្រោងច្បាប់​សមភាព​បុរស-ស្ត្រី​​ ​​​ត្រឹម​​មាត្រា​ទី៥ មាន​ខ្លឹមសារ​​ទាក់ទង​​ការ​រម្លូត​កូន។ ​បារាំង​មានច្បាប់​មួយ ចេញប្រើ​នៅ​ឆ្នាំ១៩៧៥ អនុញ្ញាត​អោយ​ស្ត្រី​ធ្វើការ​រម្លូត​កូន ជាច្បាប់​របស់​ស្ត្រី​រដ្ឋមន្ត្រី​​ មួយរូប គឺ​លោកស្រី​ ស៊ីមន វៃ។ ច្បាប់នោះចែងថា ប្រសិន​បើស្ត្រី​កំពុង​មានផ្ទៃពោះ មានបញ្ហា​បែបយ៉ាង​បញ្ហា​សុខភាព រឺក៏រងនូវ​ការ​រំលោភ​ផ្លូវភេទ ស្ត្រីនោះ​អាច​រម្លូតកូនបាន។

គណបក្ស​សង្គមនិយម​កំពុងកាន់អំណាច​សព្វថ្ងៃ​ បាន​​ស្នើ​វិសោធនកម្ម​លើ​ច្បាប់​រម្លូតកូន​នេះ ជាថ្មី។ បក្ស​កាន់អំណាច​បារាំង​ចង់អោយ​ច្បាប់នេះ​ចែងលើសពីនេះទៀតថា ​ស្ត្រី​ម្នាក់អាច​រម្លូត​កូនបាន ប្រសិន​បើ​ស្ត្រីនោះ​ចង់​។ ​ រដ្ឋមន្ត្រី​ទទួលបន្ទុកសិទ្ធិស្ត្រី លោកស្រី​ណាចាត វ៉ាឡូ បេលកាសេម បានលើកឡើងថា ក្នុង​ច្បាប់​ស្តីពី​ការ​រម្លូតកូន​ឆ្នាំ១៩៧៥នោះ ការដែលតំរូវ​អោយ​ស្ត្រី​បង្ហាញ​ថា ខ្លួនកំពុង​មានបញ្ហា មិនអាច​ទុកកូន​ក្នុងពោះ​បានទៀត​នោះ ​គឺជា​ភាពហួសសម័យ​ហើយ។ បក្សកាន់អំណាច​ ចង់​ផ្តល់សិទ្ធពេញលេញ​ដល់​ស្ត្រី​តែម្តង ក្នុង​ការ​សម្រេច​ចិត្ត​អ្វីមួយ។

គំរោង​វិសោធនកម្មរបស់​បក្ស​កាន់អំណាច​បានបង្ក​ភាពចម្រូងចម្រាស នៅសភា។ បក្ស​ស្តាំនិយម​ រណសិរ្ស​ជាតិ បាន​លើកឡើងថា វិសោធនកម្ម​នេះ​ អាច​ធ្វើអោយ​ការរម្លូតកូន ក្លាយជា​ទង្វើសាមញ្ញ​ក្នុង​សង្គម។ រីឯ​​បក្ស​ស្តាំនិយម UMP ​ដែល​ចាញ់ឆ្នោត​ កាលពី​ឆ្នាំ២០១២នោះ បាន​សំដែង​ជំហរ​ប្រុងប្រយ័ត្ន​ចំពោះ​ការជជែកលើច្បាប់​នេះ ឡើងវិញ។
នៅថ្ងៃ​អង្គារនេះ​ សភាបារាំង​នឹងបន្ត​ការ​ជជែកគ្នា​​លើខ្លឹមសារ​ទាក់ទង​នឹង​ការរម្លូតកូន​នេះ បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ