អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លក្ខន្តិកៈ​ជំទាវទី១​នៅបារាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​បារាំង ដើម​​ខែ​មករា​នេះ​ រឿង​រ៉ាវ​ស្នេហា​លួចលាក់​​រវាងប្រធានាធិបតី​​ហ្វ្រង់ស៊័រ​ ហូឡង់ ​​និង​​​តារា​កំប្លែង Julie Gayet ហ្ស៊ុយលី ហ្កៃយេត ​បានធ្វើ​អោយ​មាន​ការចោទសួរ​​ជុំវិញ​លក្ខន្តិកៈ​​​របស់​ជំទាវទី១​ នៅបារាំង ពិសេស​គឺ​លោកស្រី Valérie Trierweiler វ៉ាឡេរី ទ្រីយាល​វេលឡឺ ​ដែល​​ជា​គូជីវិត​​ផ្លូវការ​របស់​ប្រធានាធិបតី​​បារាំង​តែម្តង ព្រោះថា លោកស្រី​វ៉ាឡេរី មិនបាន​​រៀបការ​​ជាមួយ​​លោក​ហូឡង់​​នោះឡើយ។ គួររំលឹក​ថា ក្នុង​ប្រវត្តិសាស្ត្រ​បារាំង មានតែ​លោក ល្វី ណាប៉ូឡេអុង បូណាប៉ាក់ និង​លោក​ហ្វ្រង់ស៊័រ​ ហូឡង់ ប៉ុណ្ណោះ ដែល​មិនបាន​រៀបការ ក្នុង​ពេល​កាន់កាប់​តំណែង​​ប្រធានាធិបតី​។

លោកស្រី Valérie Trierwieler ជា​គូជីវិត​ផ្លូវការ​របស់​ប្រធានាធិបតី​បារាំង លោក François Hollande
លោកស្រី Valérie Trierwieler ជា​គូជីវិត​ផ្លូវការ​របស់​ប្រធានាធិបតី​បារាំង លោក François Hollande REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បារាំង​ សប្តាហ៍​នេះ ​​រឿងរ៉ាវ​អាស្រូវ​ស្នេហា​លួចលាក់​រវាង​​ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ និង​តារា​កំប្លែង ហ្ស៊ុយលី ហ្កៃយេត អាច​ជា​មូលហេតុ​​​នាំអោយ​លោកស្រី Valérie Trierweiler វ៉ាឡេរី ទ្រីយាល​វេលឡឺ ​ដែល​​ជា​គូជីវិត​​ផ្លូវការ​​ប្រធានាធិបតី​បារាំង​​ ចូល​ សម្រាក​ក្នុង​​​មន្ទីរពេទ្យ។ ការផ្ទុះ​​រឿងរ៉ាវ​ស្នេហាលួចលាក់​នេះ បានធ្វើអោយ​អ្នក​នយោបាយ​​មួយចំនួន ចោទសំណួរ​ជុំវិញ​លក្ខន្តិកៈ​របស់​ជំទាវទី១​នៅបារាំង ពិសេស​លក្ខន្តិកៈ​លោកស្រី វ៉ាឡេរី តែម្តង ព្រោះថា គូស្នេហា​ប្រធានាធិបតី​បារាំង​អាណត្តិ​នេះ មាន​លក្ខណៈ​ពិសេស​ខុសពី​ប្រធានាធិបតី​ដទៃទៀត ពោលគឺ​ថា លោក​ហ្វ្រង់ស៊័រ ហូឡង់ មិនដែល​បាន​រៀបការ​នោះទេ។

មុន​ក្លាយជាប្រធានាធិបតី​បារាំង ក្នុង​ឆ្នាំ​២០១២ លោកហូឡង់​​មានកូន​៤នាក់ ជាមួយ​អតីត​​គូកំណាន់​របស់​លោក គឺ​លោកស្រី សេហ្កូឡែន រយយ៉ាល់។ ប៉ុន្តែ អ្នកទាំង២​បាន​ចែកផ្លូវគ្នា ក្នុង​ឆ្នាំ២០០៧។ នៅឆ្នាំ២០១០ លោក​ហូឡង់ បាន​​​បង្ហាញ​ដល់​សាធារណជន​​ជាផ្លូវការ​​ថា គូប្រចាំ​ជីវិត​ថ្មី​របស់​លោក គឺ​លោកស្រី វ៉ាឡេរី ទ្រីយាល​វេលឡឺ។ គឺជាមួយ​លោកស្រី​ទ្រីយាលវេលឡឺ​នេះហើយ ដែល​លោកហូឡង់ បានចាប់ដៃ ចូល​កាន់តំណែង​ជាប្រធានាធិបតី​បារាំង​ជាផ្លូវការ កាលពី​ឆ្នាំ២០១២។

កាលពី​​យប់​ថ្ងៃ​អង្គារ​​​ ក្នុង​សន្និសីទ​សារព័ត៌មាន​ លោកហ្វ្រង់ស៊័រ ហូឡង់ មិនបាន​ឆ្លើយ​​តបទៅ​អ្នក​សារព័ត៌មាន​​ដែល​បាន​ចោទ​សួរលោកថា តើ​លោកស្រី​វ៉ាឡេរី នៅតែ​ជា​ជំទាវទី១​នៅបារាំង​រឺក៏យ៉ាងណានោះឡើយ។ លោក​ហូឡង់ គ្រាន់តែ​ប្រាប់ថា ពេលនេះ ជីវិត​ឯកជន​របស់​លោក និង​លោកស្រី​វ៉ាឡេរី ​​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏លំបាក​មួយ។ ប្រធានាធីបតី​បារាំង​សន្យា​ថា នឹង​បំភ្លឺ​រឿងផ្ទាល់ខ្លួន​លោក​ នៅ​មុនថ្ងៃ១១កុម្ភៈ​ខាងមុខ​នេះ មុនពេល​លោក​ទៅ​បំពេញទស្សនកិច្ច​នៅ​អាមេរិក។

ការជជែក​វែកញែក ជុំវិញ​លក្ខន្តិកៈ​ជំទាវ​ទី១​បារាំង ​បានចោទជាសំណួរឡើង ក៏​ព្រោះតែ​​លោកស្រី​វ៉ាឡេរី មិន​បានរៀបការ ធ្វើ​ជាភរិយា​របស់​លោក​ហូឡង់នេះឯង។ នៅ​បារាំង​ពាក្យថា​ ជំទាវទី១​ ​ត្រូវ​បាន​សារព័ត៌មាន​អោយ​និយមន័យ​​ថា ជា​ភរិយា រឺក៏​ជា​គូជីវិត​របស់​ប្រធានាធិបតី​បារាំង។ ​អស់ច្រើនទសវត្ស​កន្លងមក ធ្លាប់​មាន​គេដាក់ឈ្មោះ​អោយ​ជំទាវទី១​ថា លោកស្រីប្រធានាធិបតី គឺ​ជា​ពាក្យសំដៅ​លើ​ភរិយា រឺក៏គូប្រចាំ​ជីវិត​របស់​ប្រធានាធិបតី​នោះហើយ។ ដោយឡែក​ ​ក្រៅពី​ពិធីសារ នៅបារាំង គ្មានច្បាប់ណាមួយ​​បាន​​​ចែង​ពី​លក្ខន្តិកៈ​​ជំទាវទី១នេះ អោយបានពិតប្រាកដ​ផ្លូវការ​នោះទេ។ ​​ក្នុងមុខរបរ​ការងារ​​ ពាក្យថា ជំទាវទី១នេះ គ្មានចែង​ក្នុង​​ច្បាប់នោះឡើយ​​ ហើយ​ច្បាប់​បារាំង​ក៏​មិន​ផ្តល់​អាទិភាព​អ្វី​​ដល់​ជំទាវទី១​នោះដែរ។

​ឆ្លងកាត់​ច្រើន​ទស្សវត្ស​ ច្រើនឆ្នាំ​មក ​តួនាទី​ជំទាវទី១​នៅ​បារាំង​បាន​​ខិតខំ​លេចចេញ​មុខមាត់​ គួរអោយចាប់អារម្មណ៍។ ដំបូងឡើយ ​ភរិយា រឺក៏​គូជីវិត​​ប្រធានាធិបតី​ ​បាន​ចេញមុខមាត់​ជាសាធារណៈ តាមរយៈកម្មវិធី​ផ្សេងៗ ដូចជា​កម្មវិធី​មនុស្សធម៌​ រឺ​ដំណើរ​ទស្សនកិច្ច​ ទាំងក្នុង​និងក្រៅប្រទេស។ ​​អ្វីដែល​គួរអោយ​កត់សម្គាល់​ដែរ​នោះគឺថា​ ​ភរិយា​​ ប្រធានាធិបតី​មួយចំនួន​ ធ្លាប់​បានប្រឡូក​ក្នុង​ឆាកនយោបាយ​រួចមកហើយដែរ។ ជាក់ស្តៃង ​​ លោកស្រី​អាន អៃមន ជា​ភរិយា​របស់​អតីតប្រធានាធិបតី​​ វ៉ាឡេរី ហ្ស៊ិសស្កា ដេស្តាំង ​ធ្លាប់​បាន​ធ្វើជា​​អ្នកប្រឹក្សា​ក្រុង​​មួយ នៅ​ភាគកណ្តាល​ប្រទេស។ ហើយ​លោកស្រី​ប៊ែរណាដែត ជាភរិយា​របស់​អតីត​ប្រធានាធិបតី ហ្សាក់ ស្ហ៊ីរ៉ាក់ ក៏​ជា​អ្នកប្រឹក្សា​ទូទៅ​នៅ​តំបន់ កររ៉ែហ្ស Corrèze ភាគខាងត្បូង​បារាំង​ផងដែរ។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទំព័រ​អ៊ីនថឺនេត​បានចាប់​ផ្តើមបង្ហាញ​ពី​សកម្មភាព​ផ្សេងៗ​របស់​ភរិយា​ប្រធានាធិបតី​​​បារាំង។ នៅឆ្នាំ២០១០ ​ទំព័រអ៊ីនថឺនេត​ប្រធានាធិបតី​​ បាន​ចុះផ្សាយ​ពី​​កម្មវិធី​ប្រចាំថ្ងៃ​ផ្សេងៗ​របស់​ភរិយា​ប្រធានាធិបតី។ ក្នុង​ខៃ​កញ្ញា​ កន្លងមក ​ជំទាវទី១​ក៏មាន​វត្តមាន​ក្នុង​ទំព័រ​ទ្វីតថឺ ផងដែរ។ 

​ថ្វី​បើ​ជំទាវទី១​បារាំង​ គ្មាន​លក្ខន្តិកៈ​អ្វី​ពិសេស​តាមផ្លូវច្បាប់​​ក្តី ​​ប៉ុន្តែ តួនាទី​ជំទាវទី១​ស្តែងចេញ​​ពី​របៀបរបប​ភរិយា​​បារាំង ក្នុង​សង្គម តាំងតែ​ពីដើម​រៀងមក។ នៅវិមាន​ប្រធានាធិបតី​​អេលីហ្សេ ទោះ​រៀបការ​រឺ​មិនរៀបការ​ជាមួយ​ប្រធានាធិបតីក៏ដោយ​​​ ក៏​ជំទាវទី១​ជាអ្នក​សំរេច​ថា តើ​ខ្លួន​ត្រូវ​ធ្វើសកម្មភាព​អ្វី ក្នុងពេល​ដែល​ប្រធានាធិបតី​​កំពុងកាន់កាប់​ប្រទេស។ ជំទាវទី១​មិនបានទទួលប្រាក់ខែ​អ្វី​ទេ។ ប៉ុន្តែ គាត់​មាន​ខទ្ទកាល័យ​ផ្ទាល់​ខ្លួន​​មួយកន្លែង​ ក្នុង​វិមានប្រធានាធិបតី មាន​អ្នកបំពេញការងារ​ក្រោមបង្គាប់​ ៤ទៅ​៥នាក់។ វិមាន​ប្រធានាធិបតី​ ទទួលបន្ទុក​លើ​ការចាយវាយ​របស់​ខទ្ទការល័យ​នេះទាំងស្រុង។ ខទ្ទកាល័យ​​​​លោកស្រី​វ៉ាឡេរី ទ្រីយាលវេឡឺ​ ដែល​ជា​គូជីវិត​របស់​ប្រធានាធិបតី​ហូឡង់ មួយខែ​ៗ បាន​ចំណាយ​​ប្រមាណ​ជិត២ម៉ឺនអឺរ៉ូ។ ​អាស្រ័យ​ហេតុនេះហើយ ទើបនៅពេល​ផ្ទុះរឿង​ស្នេហាលួចលាក់​រវាង​លោកហូឡង់​និងតារាកំប្លែង​បារាំង ​​ ​ការជជែក​ជុំវិញ​លក្ខន្តិកៈ​​ជំទាវទី១​ បានផ្ទុះឡើងវិញ​ផងដែរ។ មានទាំង​ពាក្យថា​ជំទាវទី២​ផុសឡើង​ទៀតផង។ ជនមួយចំនួន មិនបានពេញចិត្ត​នឹង​រដ្ឋាភិបាល​បារាំងដែល​​​​​ចំណាយ​ថវិកាឥតប្រយោជន៍​ដល់​សកម្មភាព​​​​ជំទាវទី១ ​ដែលគ្មាន​​​មុខងារ​តាម​ច្បាប់​នោះទេ។

ដោយសារ​តែ​លោកស្រី​វ៉ាឡេរី មិនបានរៀបការ​ជាប់​ផ្លូវច្បាប់​អ្វី​ជាមួយ​ប្រធានាធិបតី​ហូឡង់ កន្លងមក មាន​​បុរស​ម្នាក់​បាន​ប្តឹង​ថា​ លោកស្រី​បានបន្លំថវិការ​រដ្ឋ ព្រោះថា​ រដ្ឋបារាំង​​បាន​ចាយវាយ​លើ​សកម្មភាព​ការងារ​ផ្សេងៗ​របស់​លោកស្រី។ ជនមួយចំនួន​​ក៏​ធ្លាប់​លើក​​ឡើងដែរ​ថា​ ទ្រព្យសម្បត្តិ​របស់​លោកហូឡង់និង​លោកស្រី​វ៉ាឡេរី​ ប្រសិន​បើ​ប្រកាស​ដាក់​រួមគ្នា អាច​​អោយ​​អ្នកទាំង​ពីរនេះ បង់ពន្ធទ្រព្យសម្បត្តិ​​​​​​ស្របតាម​ច្បាប់​រដ្ឋ​ចៀសមិនរួច។ ថ្វីបើ​លក្ខន្តិកៈ​ជំទាវទី១​បារាំង​ មិនមានចែង​ក្នុងច្បាប់ជាផ្លូវការ​​ ប៉ុន្តែ​អ្នកនយោបាយ​មួយចំនួន​ចង់អោយ​បារាំង​លុបចោល​​​លក្ខន្តិកៈអរូបិយ​​នេះចេញ ​ព្រោះថា​អ្នក​កាន់កាប់​ប្រទេស​ពិតប្រាកដ គឺប្រធានាធិបតី​ មិនមែន​ជំទាវទី១​នោះ​ទេ។ ពួកគេ​ប្រហែល​ចង់​សំដៅ​ថា​ រដ្ឋមិនត្រូវ​ខ្ជះខ្ជាយ​ប្រាក់កាស​​ចំពោះ​​សកម្មភាព​ជំទាវទី១​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ