អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ដី​ធ្លី និង​សេវា​សាធារណៈ​ជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​កាន់​អំណាច​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណោះស្រាយ​បញ្ហា​ដី​ធ្លី និង​ការ​បម្រើ​សេវា​សាធារណៈ គឺ​ជា​បញ្ហា​អាទិភាព​២ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​មុន​គេ​ដើម្បី​ស្តា​ប្រជាប្រិយភាព​របស់​ខ្លួន។ ប៉ុន្តែ រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ បញ្ហា​ស្លាប់​រស់​ទាំង​ពីរ​នៅ​តែ​បន្ត​ដុត​រោល​ប្រជាប្រិយភាព​គណបក្ស​កាន់​ អំណាច​នៅឡើយ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​កំណែទម្រង់​ជា​ច្រើន​ក៏ដោយ។ ប្រសិន​បើ​បញ្ហា​គន្លឹះ​ទាំងនេះ​មិន​អាច​ដោះស្រាយ​បាន​ទេ គេ​មិន​ចាំ​បាច់​និយាយ​ពី​កំណែទម្រង់​អ្វី​ទៀតឡើយ។

អ្នក​ភូមិ​បឹង​កក់​តវ៉ា​រឿង​ដីធ្លី។
អ្នក​ភូមិ​បឹង​កក់​តវ៉ា​រឿង​ដីធ្លី។ © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយភាព មាន​បញ្ហាសំខាន់២ដែល​លេច​ធ្លា​ជាងគេ នោះ​គឺ​បញ្ហាដីធ្លី និង​ការទារ​កម្រៃ​សេវាកម្ម​ក្រៅផ្លូវការ​ពី​សំណាក់​អាជ្ញាធរ​ដែនដី ដែលជា​ទម្រង់​នៃ​អំពើពុករលួយ​ដុះ​ស្លែ​មួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ។

វា​ពិតជា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​គណបក្ស​កាន់​អំ​ណាច​បាត់បង់​សន្លឹកឆ្នោត​អស់ ២២ កៅអី​ពី​ក្នុង​រដ្ឋសភា។ នរណា​ក៏​ដឹង​ដែរ​ថា​បញ្ហាដីធ្លី ដែល​កើតមាន​ក្នុង​ខេត្ត​ក្រុង​ជាច្រើន​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​ក្រីក្រ​ជាច្រើន។ គ្រាន់​តែ​ជម្លោះ​ដី​នៅ​បូរី​កីឡា និង​បឹង​កក់​​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​របូត​សំឡេងឆ្នោត​អស់​មិន​ស្ទើរ​ឡើយ។ នេះ​នៅ​មិនទាន់​រាប់ការ​ជះ​រូបភាព​មិនល្អ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផង​ទេ។ សូម​កុំ​ភ្លេច​ថា បញ្ហា​បឹងកក់​និង​បូរី​កីឡា បាន​ក្លាយទៅជា​រឿងភាពយន្ត​ឯកសារ​ដែល​អង្រួន​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង​ផងដែរ។

តាមពិត បញ្ហា​ហាក់​មិន​ពិបាក​នឹង​ដោះស្រាយ​សោះ ប៉ុន្តែ «ការ​បណ្តែត​បណ្តោយ» ឬ​ស្ថានភាព «​លេប​ស្លាក់ ខ្ជាក់​ស្លែង» របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​បញ្ហា​តូចតាច​សោះ​ប្រែ​ក្លាយ​ទៅ​ជា​​ព្យុះ​ភ្លៀង​ស្ទើរ​គ្រប់ពេលវេលា។ វេទិកាសាធារណៈ ដែល​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១២​សីហា​​ អាច​ជា​ពន្លឺ​មួយ​ក្នុងការ​ឈានទៅ​បញ្ចប់​សំណុំ​រឿងនេះ។ ប៉ុន្តែ សំណួរ​មួយ​បាន​ចោទឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ពិតជា​ចង់​ស្វែងយល់​និង​ចង់​ដោះស្រាយ​បញ្ចប់​បញ្ហា​មែន​នោះ គេ​ប្រហែលជា​មិនបាច់​រង់ចាំ​វេទិកាសាធារណៈ​នៅថ្ងៃនេះ​ទេ?

ជម្លោះ​ដី​នៅ​កន្លែង​ជាច្រើន​ទៀត ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ។ ជាក់ស្តែង អ្នក​ដែល​មក​ចូលរួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​កន្លងទៅ ភាគច្រើន​គឺជា​អ្នក​ដែលមាន​កំហឹង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បើ​មិន​ដោយសារ​បញ្ហាដីធ្លី ក៏​បញ្ហា​សេវា​សាធារណៈ​ ឬក៏​ការបំពាន​អំណាចផ្សេងៗទៀត​ដែរ។ នេះ​សបញ្ជាក់​ពី​ការបម្រើ​ពលរដ្ឋ​មិន​បាន​​ល្អ ​របស់​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់។ សូម​កុំភ្លេចថា អ្នកក្រីក្រ​រំពឹង​តែ​លើដី​លំនៅដ្ឋាន និង​ដី​កសិកម្ម​ដើម្បី​រស់។ ដូច្នេះ ប្រសិន​បើ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ងើប​តស៊ូ​នោះឡើយ។

ចំណែកឯ​បញ្ហា​ពុករលួយ នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​វិញ ក៏​បាន​ក្លាយជា​ទម្លាប់​ដុះ​ស្លែ​មួយ​ដែល​ពិបាក​កែ​និង​បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ។ តើ​អ្នកណាខ្លះ​ដែល​ធ្លាប់​ទទួលបាន​ឯកសារ​អ្វីមួយ​ពី​អាជ្ញាធរ​ដោយ​ស្រួល និង​ដោយ​មិន​បង់ប្រាក់​ថ្លៃ​សេវា​ក្រៅ​ផ្លូវ​ការ? សំណួរ​ដ៏​សាមញ្ញ​នេះ​អាច​បញ្ជាក់បាន​អំពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ការបោះឆ្នោត​ចុងក្រោយ​នេះ​ជា​សារ​ច្បាស់​ណាស់ ដែល​បង្ហាញថា វា​ដល់​ពេលដែល​ត្រូវ​គាស់​រំលើង​អំពើពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ និង​ត្រូវ​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​ហើយ។

មេដឹកនាំ​រដ្ឋាភិបាល​យល់​ច្បាស់​អំពី​បញ្ហា​នេះ។ ជាក់ស្តែង តាំង​ពីមុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ឃុំ​​សង្កាត់​ឆ្នាំ ២០១២ ម្ល៉េះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​ប្រយុទ្ធ​ប្រឆាំងនឹង​ទម្លាប់​យក​សេវាកម្ម​ក្រៅផ្លូវការ​នៅក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់។ ភ្លាមៗក្រោយ​ការ​ប្រកាស​​នេះ គណបក្សកាន់អំណាច​ក៏បាន​ប្រកាស​គាំទ្រ និង​ថែមទាំង​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហការ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន​ផងដែរ។ ប៉ុន្តែ នៅ​មិនទាន់មាន​ការប្រែប្រួល​ធំដុំ​គួរ​ឲ្យ​កត់សម្គាល់​ទេ​រហូតមកដល់​បច្ចុប្បន្ន។

ទាក់ទង​នឹង​ទំនាស់​ដីធ្លី​វិញ រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​កំណែទម្រង់​ជាច្រើន​ដែរ។ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏បាន​ធ្វើ​កិច្ចការ​មិនតិច​ដែរ​ដូចជា​ការវាស់វែង​និង​ចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ និង​ការដោះស្រាយ​ទំនាស់ផ្សេងៗទៀត។ រដ្ឋាភិបាល​ក៏បាន​បញ្ជូន​ក្រុម​យុវជន​​ចុះ​វាស់ដី​មានទំនាស់​ចែកជូន​ពលរដ្ឋ​បានជា​ច្រើន​ផងដែរ ប៉ុន្តែ វា​មិន​បានធ្វើ​ឲ្យ​បញ្ហាដីធ្លី​ស្ងប់ស្ងាត់​ឡើយ។ ជា​ញឹកញាប់ ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​តែង​ឡើងមក​ភ្នំពេញ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល។

ដំណោះស្រាយ​មិន​ពិបាក​តែ​មិន​ងាយ​ធ្វើបាន​ក៏​ព្រោះ​តែមាន​មូលហេតុ​ពិតប្រាកដ​របស់​វា៖ ការឃុបឃិត​ដើម្បី​ផលប្រយោជន៍ ការ​លូកដៃ​ពី​អ្នកមាន​ឥទ្ធិពល និង​ទម្លាប់​ប្រើ​អំណាច​ដើម្បី​រក​លាភសក្ការៈ គឺជា​ឫសគល់​នៃ​បញ្ហា​ដែល​ត្រូវ​គាស់​រំលើង។ ដូច្នេះ ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ គណបក្សកាន់អំណាច​មិនអាច​មើលស្រាល​បញ្ហា​ទាំងនេះ​បាន​ទៀតឡើយ។ ការ​យឺតយូរ​តែមួយ​ជំហាន​ទៀត​វា​នឹង​ក្លាយជា​រឿង​ហួសពេល​សម្រាប់​រដ្ឋាភិបាល​បក្ស​ប្រជាជន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ