អានតួអត្ថបទ
កម្ពុជា

ជម្លោះ​ដី​ធ្លី​នៅ​បុរី​កីឡា​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​ប្រសិន​បើ​វេទិ​កា​សាធារណៈ​ផ្តល់​ផល​វិជ្ជ​មាន​

អា​​ជ្ញា​​ធរ​​​រាជ​​ធានី​​​ភ្នំ​ពេញ​​​បាន​​​បើក​​​វេ​ទិការ​​​ជា​​​លើក​​​ដំបូង​​​ដើម្បី​​​ឈាន​​​ទៅ​​​បញ្ចប់​​​ជម្លោះ​​​ដី​​ធ្លី​​​បុ​រី​​​កី​ឡា​​​ ដែល​​​មាន​​​អាយុ​​កាល​​​ជិត​​មួយ​​​ទស​វត្ស​​​មក​​​ហើយ​​​។ វេ​ទិកា​សាធារណៈ​​​នេះ​​​ត្រូវ​បាន​​អ្នក​​​​​​សង្កេត​​​​ការណ៍​​​​និង​​​អង្គ​ការ​​សង្គម​​​ស៊ីវិល​​​ពាក់​ព័ន្ធ​​នឹង​​ដី​ធ្លី​​យល់​​ថា​ជាការ​​ល្អ​​ ប្រសិន​បើការ​​ធ្វើ​​វេទិកា​​​នេះ​​ប្រព្រឹត្តិ​​ទៅ​​បាន​​ត្រឹម​​ត្រូវ​​។

ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែ​ក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ
ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែ​ក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

វា​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​យល់​ព្រម​បើក​ឲ្យ​ប្រជាពល​រដ្ឋបុរី​កីឡា​មាន​ឱកាស​ជួប​នឹង​សម្តែង​មតិដោ​យ​ផ្ទាល់​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ដែន​ដី​ បន្ទាប់​ពីជម្លោះ​ដីធ្លី​ដ៏រ៉ាំរៃ​នេះបាន​អូស​បន្លាយ​អស់​ជាច្រើន​ឆ្នាំ​។វេ​ទិការ​នេះត្រូវ​បានរៀប​ចំរយៈ​ពេល​ពេញ​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី១២​ខែ​សីហា​នេះ​ នៅ​សាល​មហា​ស្រព​ចេន​ឡា។​

លោក​ ឃួង​ ស្រេង​ អភិ​បាល​រង​រាជធា​នី​ភ្នំពេញ​ នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​ ១៨០​គ្រួសារ​ និង​អ្នក​សង្កេត​ការណ៍​មក​ពី​សហគមន៍​បឹងកក់​និងសហគម​ផ្សេងៗ​ទៀត​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​នោះ​បាន​ថ្លែង​ថា​ វេទិការ​នេះ​មាន​គោល​បំណង​បី​សំខាន់​គឺ​ ទី​មួយ​ស្វែង​រក​ចំនួន​ពិត​នៃ​គ្រួសារដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ត្រូវទ​ទួល​បាន​ផ្ទះ​ពី​រដ្ឋ​ និង​គ្រួសារ​ដែល​នៅ​សេស​សល់​ក្នុង​សហគមន៍​បុរី​កីឡា​។​

ទី​ពីរ​​​​​ គឺ​​​​​អនុវត្ត​​​នីតិ​វិធី​​បន្ត​​​ក្នុង​​ការ​​​ផ្តល់​​​ជូន​​​លំ​នៅ​​​ដ្ឋាន​​​ចំពោះ​​​​ប្រជាជន​​​ដែល​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​​គ្រប់​​គ្រាន់​​​ និង​​​ផ្តល់​​​ជា​​​គោល​​​នយោបាយ​​​ផ្សេង​​​ដល់​​​អ្នក​​​ដែល​​​ពុំ​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​គ្រប់​​គ្រាន់​​។ហើយ​​​ចំណុច​ទី​បី​គឺ​បញ្ចប់​ការតវ៉ារឿងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅសេសសល់។

លោក​ ឃួង​ ស្រេង​ បញ្ជាក់​ថា​បន្ទាប់​ពីដោះស្រាយ​រួចអ្នក​ដែលមាន​សិទ្ធិ​ត្រូវ​ឡើង​ទៅ​នៅ​លើ​ផ្ទះ​នៅ​ក្នុង​សហគមន៍​បុរីកី​ឡា​ ហើយ​អ្នក​ដែល​គ្មាន​សិទ្ធិ​នឹង​ត្រូវ​អភិបាល​ក្រុង​នឹង​រក​ទីតាំង​ណា​ផ្សេង​ទៀតដើ​ម្បីដោះស្រាយជូនអ្នកទាំងនោះ។

លោក​ ចាន់​ សុវ៉េត ​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​អប់​អរ​ដល់​វេទិការ​ដ៏​កំម្រ​នេះ​។ លោក​បញ្ជាក់​ថា​ វេទិការ​នេះ​ជា​គំរូ​មួយ​ប្រសិន​ណាវា​ប្រព្រឹត្តិ​ទៅ​បាន​ល្អ​។តែ​បើ​ពុំនោះ​ទេ​ វេទិការ​នេះ​មិន​អាច​យក​ជា​ការ​បាន​ ហើយ​ក៏​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋ​បាន​ដែរ​។​
សូម​រំលឹក​ថា​ កាល​ពី​ឆ្នាំ​២០០៣​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ប្រកាសផ្តល់​ដី​សម្ប​ទាន​សង្គម​​កិច្ច​​ចំនួន​ ៤.​៦​ហិច​តា​ ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បុរី​កីឡា​ ហើយ​ពេល​នោះ​ក្រុមហ៊ុន​ ផាន​អី​ម៉ិច​ជា​ដៃ​គូ​អភិវឌ្ឍន៍​បាន​ទទួល​ចំណែក​ជិត​ពាក់​កណ្តាល​នៃដីសម្បទាន​ជាថ្នូរ​នឹង​​ការ​សាង​សង់​អគារ​ស្នាក់​នៅ​ចំនួន​១០​។​

តាម​ការ​ឲ្យ​ដឹង​ពី​សាលា​ក្រុង​ភ្នំ​ពេញ​ ប្រជាពល​រដ្ឋ​ចំនួន​១៣៣៤​គ្រួសារ​ ក្នុង​ចំណោម​គ្រួសារ​សរុប​ចំនួន​ ១៣៧៨​ បាន​ទទួល​ផ្ទះ​រួច​ហើយ​។ជា​មួយគ្នា​នោះ​ប្រជា​ពលរដ្ឋ​ដែល​ពុំមាន​
លក្ខណៈ​គ្រប់គ្រាន់​ក៏ទទួល​បានផ្ទះ​ពីរដ្ឋ​ចំនួន​៣៧៣​គ្រួសារ​ ដែល​ក្រុមហ៊ុ​ន​ដោះ​ស្រាយ​ឲ្យ​។ក៏​ប៉ុន្តែ​អ្នក​ដែល​មិន​ព្រម​ទទួល​យក​សំណង​ក៏​បន្ត​ការ​តវ៉ារ​ហូតម​ក​ទល់​បច្ចុប្បន្ន​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ