អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សវនាការ​លើ​កាយសម្បទា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជា​សញ្ញាអាសន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​កាត់​ថា​សាលាក្តី​ខ្មែរក្រហម​នឹង​បើក​សវនាការ​មួយ​នៅ​ថ្ងៃ​ទី​២៩​សីហា​ខាង​មុខ​នេះ​ដើម្បី​ពិនិត្យ​មើល​កាយសម្បទា​របស់​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​៣​រូប​ថា​តើ​ពួកគេ​អាច​ចូល​រួម​ក្នុង​សវនាការ​កាត់​ទោស​នៅ​ពេល​ខាង​មុខ​នេះ​បាន​ដែរ​ឬ​ទេ? ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំង​បី​រូប​មាន​នួន ជា​ អៀង សារី​ និង​អៀង ធិរិទ្ធ។​ សវនាការ​ពិសេស​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​ធ្វើ​ឡើង​ដោយ​ហេតុ​ថា ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​០០២​ទាំង​នោះ​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។​សវនាការ​នេះ​ត្រូវ​គេ​ចាត់ទុក​ជា​សញ្ញា​អាសន្ន​មួយ​សម្រាប់​យុត្តិធម៌​ក្នុង​សំណុំរឿង​ខ្មែរក្រហម។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ខ្មែរក្រហម​បាន​បង្ហាញ​សញ្ញា​អាសន្ន​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​នោះ​គឺ​ភាព​ចាស់​ជរា​របស់​ជន​ជាប់ចោទ​៣​នាក់​កំពុង​ក្លាយ​ជា​ប្រធានបទ​នៃ​ចំណោទ​បញ្ហា​សម្រាប់​ដំណើរការ​តុលាការ​ទាំងមូល។ ​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២​៣​នាក់​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គឺ ​នួន ជា ​អតីត​ប្រធាន​សភា​ប្រជាជន​ខ្មែរក្រហម​អាយុ ៨៥ឆ្នាំ, អៀង សារី​ អតីត​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស ​អាយុ ៨៦ឆ្នាំ និង​អៀង ​ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម ​អាយុ ៧៩ឆ្នាំ។

ចៅក្រម​និល ណុន ​ប្រធានអង្គជំនុំជម្រះសាលាដំបូងបាន​កោះ​ហៅ​ជន​ជាប់ចោទ​ទាំងបី​ឲ្យ​ចូល​​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៩​សីហា​ខាងមុខ​ដើម្បី​ពិនិត្យ​មើល​អំពី​កាយ​សម្បទា​របស់​ពួកគេ​ថា​តើ​ជនជាប់​ចោទ​ទាំង​នោះ​អាច​ចូល​រួម​សវនាការ​កាត់ក្តី​នៅ​ពេល​ខាង​មុខ​នេះ​បាន​ដែរ​ឬ​ទេ? ​សវនាការ​នេះ​ធ្វើ​ឡើង​តាម​សេចក្តី​ស្នើ​របស់​មេធាវី​ជនជាប់ចោទ​ដោយ​សម្អាង​លើ​សុខភាព​ដ៏​ទ្រុឌទ្រោម​នៃ​កូនក្តី​របស់​ខ្លួន។ ​គួរ​កត់សម្គាល់​ថា ​ការ​ព្រួយ​បារម្ភ​ជាទូទៅ​អំពី​បញ្ហា​សុខភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម​គឺ​ជា​បញ្ហា​សំខាន់​ជាង​គេ​មួយ​នៅ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​អាច​បង្កឧបសគ្គ​ក្នុង​ដំណើការ​របស់​តុលាការ​ខ្មែរក្រហម។ ​ទោះបី​ជា​បញ្ហា​នយោបាយ​ចម្រូង​ចម្រាស​នៃ​សំណុំ​រឿង​០០៣​ឬ​០០៤​បាន​និង​កំពុង​បន្ត​កើត​ឡើង​ក៏ដោយ ​ក៏ប៉ុន្តែ ​នោះ​វា​គ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​សម្រាប់​បំពេញ​បន្ថែម​ទៅ​លើ​សំណុំរឿង​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ។ ​ដូច្នេះ​ បើ​ទោះបី​ជា​សំណុំរឿង​ថ្មី​ទាំងនោះ​ចេញ​មិន​រួច​ក៏​វា​មិន​មែន​មានន័យ​ថា ​តុលាការ​ខ្មែរក្រហម​បរាជ័យ​នោះ​ដែរ។​ រឿង​ដែល​សំខាន់​ជាងគេ​បំផុត​ក្នុង​ដំណើរការ​នេះ​គឺ​សំណុំរឿង​០០២​នេះ​ឯង។

ឥឡូវ​នេះ ​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ឈាន​ចូល​ដំណាក់កាល​សំខាន់​ហើយ។ ប៉ុន្តែ ​ខណៈ​ដែល​មហាជន​ទូទៅ​ដែល​រងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម​កំពុង​ទន្ទឹង​រង់ចាំ​ស្តាប់​ចម្លើយ​ពន្យល់​បកស្រាយ​ការពិត​របស់​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​ទាំងនោះ ​ពួកគេ​​បែរ​ជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ព្រួយបារម្ភជាថ្មី។ ព្រួយបារម្ភ​ទី១គឺ​ដោយសារ​ជនជាប់​ចោទ​ទាំង​នោះ​ហាក់​មិន​បាន​ត្រៀម​ខ្លួន​សហការ​ជាមួយ​តុលាការ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឡើយ។ ​និង​ទី២ ​ជរាភាព​របស់​ជនជាប់ចោទ​បាន​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ។ សវនាការ​លើ​កាយ​សម្បទា​ជន​ជាប់ចោទ​នៅ​ចុង​ខែ​នេះ​គឺ​ជា​សញ្ញា​អាសន្ន​មួយ​​។

ជា​ការ​ពិត​ តុលាការ​បាន​ខិតខំ​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ធ្វើ​ឲ្យ​អង្គ​សវនាការ​កាត់ក្តី​សំណុំ​រឿង​០០២​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ​ជាក់ស្តែង ​ប្រសិន​បើ​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ពួកគេ​មិន​អាច​ចូល​រួម​សវនាការ​ដោយ​ផ្ទាល់​បាន​ទេ​នោះ តុលាការ​នឹង​អនុញ្ញាត​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ចូល​រួម​សវនាការ​ពី​ចម្ងាយពោលគឺ​ពី​បន្ទប់​ពិសេស​ដែល​ភ្ជាប់​ទៅ​អង្គ​សវនាការ​ដោយ​ប្រព័ន្ធ​បច្ចេកវិជ្ជា ​Video Conference ​។ ​ប៉ុន្តែ​ បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ ដូច​ជា​ករណី​បាត់​ការ​ចងចាំ ឬ​ឈាន​ដល់​ដំណាក់កាល​វង្វេង លែង​មាន​ការ​ទទួល​ខុសត្រូវ ច្បាប់​នឹង​មិន​អាច​កាត់ក្តី​ពួក​គេ​បាន​ឡើយ។ នេះ​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ជួប​នឹង​បញ្ហាធំ​កណ្តាលទី។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​លើក​ចុង​ក្រោយ​កាលពី​ខែ​កក្កដា​កន្លង​ទៅ ​តុលាការ​ចម្រុះ​បាន​ឈាន​រហូត​ដល់​ការ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង​ទាក់ទង​នឹង​ការ​ធ្វើ​កោសលវិច័យ​សាកសព​ជនជាប់ចោទ​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​ទៀត​ផង។ នេះ​ជា​សញ្ញា​មួយ​រួច​ទៅ​ហើយ អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ដែល​ជា​បុព្វហេតុ​នាំឲ្យ​មាន​សវនាការ​លើ​កាយសម្បទា​នៃ​ជនជាប់ចោទ​ទាំង​៣នាក់។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ហើយ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​របប​នេះ កំពុង​នាំ​គ្នា​បន់ស្រន់​កុំ​អាល​ឲ្យ​ជនជាប់ចោទ​ទាំង​នោះ​មាន​បញ្ហា​អ្វី​ឲ្យ​សោះ។ ការ​បន់ស្រន់​នេះ មិនមែន​មាន​ន័យ​ថា ពួក​គេ​បួងសួង​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នោះ​មាន​អាយុ​យឺនយូរ​នោះ​ឡើយ ប៉ុន្តែ​អ្នក​រង់ចាំ​យុត្តិធម៌​គ្រាន់​តែ​ចង់​ឲ្យ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ខ្ជាក់​ចេញ​ពី​បបូរមាត់​របស់​ខ្លួន​នូវ​ការ​ពិត មុននឹង​លា​ចាកលោក​នេះ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ