អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរក្រហម​បើក​សវនាការ​លើ​បញ្ហា​សុខភាព​របស់ នួន ជា និង​អៀង ធីរិទ្ធ

តុលាការ​ខ្មែរក្រហម​បាន​ប្រកាស ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បញ្ហា​សុខភាព និង​កាយសម្បទា​របស់​លោកស្រី អៀង ធីរិទ្ធ និង​លោក នួន ជា នឹង​ត្រូវ​ធ្វើឡើង​រួមគ្នា នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ សីហា​ខាង​មុខ​។ សវនាការ​រយៈពេល ៣ ថ្ងៃនោះ នឹង​លើកឡើង​ពី​ការវាយតម្លៃ​របស់​គ្រូពេទ្យ​ជំនាញ លើ​បញ្ហា​សុខភាព និង​កាយសម្បទា ដូចជា ការ​អង្គុយ និង​រាងកាយ​របស់​អតីត​មេ​ខ្មែរក្រហម​ចាស់ជរា សម្រាប់​ចូលរួម​សវនាការ​លើ​អង្គសេចក្តី ក្នុង​សំណុំរឿង​០០២ ដែល​គ្រោង​ធ្វើឡើង នៅ​ចុងឆ្នាំ​២០១១​នេះ​។

លោកស្រី​អៀង ធីរិទ្ធិ ជនជាប់ចោទមួយរូប ក្នុង​ចំណោម​ជនជាប់ចោទ​ ៤រូប ​ក្នុង​សំណុំរឿង​០០២
លោកស្រី​អៀង ធីរិទ្ធិ ជនជាប់ចោទមួយរូប ក្នុង​ចំណោម​ជនជាប់ចោទ​ ៤រូប ​ក្នុង​សំណុំរឿង​០០២ RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

​តាមពិត សំណុំរឿង​០០២ មាន​ជនជាប់ចោទ ៤ រូប គឺ​នួន​ជា ខៀវ​សំផន អៀង​សារី និង​អៀង ធីរិទ្ធ​។ ក៏ប៉ុន្តែ​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេ​ត ភ័​ក្ត្រា អះអាងថា សម្រាប់​សុខភាព​របស់​លោក អៀង​សារី និង​លោក​ខៀវ​សំផន ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា អ្នក​ទាំង​ពីរ មាន​សុខភាព​គ្រប់គ្រាន់ ក្នុង​ការចូលរួម​សវនាការ ដែល​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ត្រីមាស​ទី​៤ ចុងឆ្នាំ​២០១១​។​

​​របាយការណ៍​លម្អិត​ពី​បញ្ហា​សុខភាព និង​កាយសម្បទា​​របស់​មេ​ខ្មែរក្រហម​ចាស់ជរា​ទាំង ៤ រូប មិន​ត្រូវ​បាន​សាលាក្តី​ប្រកាស​ឲ្យដឹង​នោះឡើយ​។​ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​បញ្ជាក់ថា សវនាការ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ២៩សីហា​ខាងមុខ មាន​សារៈសំខាន់ សម្រាប់​ឲ្យ​តុលាការ​កំណត់​កាលវិភាគ​ជាក់លាក់ ដើម្បីបើកសវនាការលើអតីតមេខ្មែរក្រហមទាំង ៤ រូប ក្នុង​បទឧក្រិដ្ឋ​សម្លាប់​​មនុស្ស​​សម័យខ្មែរ​ក្រហម​ជិត ២លាននាក់។

​យ៉ាងណាក៏ដោយ ក្នុង​ដីកា​កំណត់​កាលបរិច្ឆេទ​សវនាការ ស្តីពី​បញ្ហា​កាយសម្បទា​របស់​ជនជាប់ចោទ ក្នុង​ការចូលរួម​សវនាការ ចុះ​ថ្ងៃ​ទី​១១​សីហា ឆ្នាំ​២០១១ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​សម្រេច​ថា អង្គជំនុំជម្រះ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩​សីហា ឆ្នាំ​២០១១ និង​ថ្ងៃ​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ពុធ ទី​៣១​សីហា ឆ្នាំ​២០១១ ប្រសិនបើ​ចាំបាច់ ដើម្បី​អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្តី អៀង ធីរិទ្ធ និង នួន ជា​ សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី សួរ​សំណួរ​ដល់​អ្នកជំនាញ និង​បង្ហាញ​នូវ​អំណះអំណាង​ផ្សេងៗ អំពី​ការធ្វើ​សេចក្តីសន្និដ្ឋាន នៅក្នុង​របាយការណ៍រ​បស់​អ្នកជំនាញ ទាក់ទង​នឹង​ជនជាប់ចោទ នួន ជា និង​អៀង ធីរិទ្ធ​។ សវនាការនោះ​នឹងត្រូវធ្វើឡើង​រួមគ្នា ក្នុងពេល​តែមួយ​។

​តុលាការ​​បញ្ជាក់ថា គោលបំណង​នៃ​សវនាការ​នា​ចុងខែ​សីហា គឺ​ធ្វើឡើង ​ដើម្បី​ពិចារណា​តែត្រឹម​​បញ្ហា​​ដែល​មាន​នៅក្នុង​របាយការណ៍​កោសល្យវិច័យ​របស់​សាស្ដ្រ​ចារ្យ John CAMPBELL វេជ្ជបណ្ឌិត​ជំនាញ​ខាង​ព្យាបាល​ថែទាំ​ជំងឺ​មនុស្ស​ចាស់ នៅ​ទីក្រុង Dunedin ប្រទេស​នូវែលសេឡង់ និង​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ភាគី​លើក​ទឡ្ហីករណ៍​តទល់​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​អតីត​មេ​ខ្មែរក្រហម​ចាស់ជរា​ប៉ុណ្ណោះ​។

​តាមរយៈ​សវនាកា​រប​ឋ​ម កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១១ អតីត​មេ​ខ្មែរក្រហម​ចាស់ជរា​ទាំង ៤ រូប គឺ​លោក​ខៀវ​សំផន អាយុ ៨០ ឆ្នាំ​, លោក នួន​ជា អាយុ ៨៥ ឆ្នាំ​, លោក អៀង​សារី អាយុ ៨៥ ឆ្នាំ និង​លោកស្រី អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ បានលើកឡើង​ពី​បញ្ហា​សុខភាព​មិនល្អ និង​បាន​ដើរចេញ​ពី​បន្ទប់​សវនាការ​ជា​បន្ត​បន្ទាប់ មិន​អាច​អង្គុយ​ចូលរួម​តាមដាន​សវនាការ​បាន​យូរ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ