អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីផុតអាណត្តិ ស្នើ​​សុំ​អភ័យ​ឯកសិទ្ធិសភា ដើម្បី​«​បម្រើជាតិ» ឬ​​«គេច​ពី​ការ​​កាត់ទោស​»?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចូល​ដល់​ដើម​ឆ្នាំ​២០២០ភ្លាម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ និង​មេធាវី​របស់​លោក បាន​ដាក់សំណើសុំ«អភ័យឯកសិទ្ធិសភា» ទៅកាន់​ប្រធាន​សភា​អ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ ពន្យល់​ថា ការ​ស្នើ​សុំ«អភ័យឯកសិទ្ធិសភា» គឺ​​ដើម្បីបន្តបេសកម្ម​«បម្រើជាតិ» តទៅទៀត​។ ក៏ប៉ុន្តែ ចំពោះ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ទង្វើ​របស់នាយករដ្ឋមន្ត្រីបណ្តោះ​អាសន្ន​រូបនេះ គឺ​ដើម្បី​«គេច​ផុត​ពី​ការ​​កាត់ទោស​ផ្លូវ​តុលាការ» តែប៉ុណ្ណោះ។ សូម​ជ្រាប​ថា កាលពីខែ​វិច្ឆិកា​កន្លងទៅ លោក នាយករដ្ឋមន្ត្រី បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាន​ត្រូវ​អគ្គរដ្ឋអាជ្ញា​អ៊ីស្រាអែល ចោទប្រកាន់​និង​សម្រេច​បញ្ចូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ លើបទល្មើស​ជាច្រើន  ដូច​ជាបទពុករលួយ កេងចំណេញនយោបាយ និងរំលោភលើសេចក្តីទុកចិត្ត។ ផ្ទុយទៅវិញ លោក ណេតាន់យ៉ាហ៊ូ បានចាត់ទុកការចោទប្រកាន់នេះ ថាជា​ការឃុបឃិតគ្នាធ្វើរដ្ឋប្រហារ ក្នុងគោលបំណង​ រារាំងលោកមិនឱ្យ​បន្តតំណែងជានាយករដ្ឋមន្ត្រី។នៅពេល​នេះ សភា​អ៊ីស្រាអែល នៅ​មិនទាន់​អាច​សម្រេច​អ្វី​បា​ននៅឡើយ ព្រោះ​នយោបាយ​ប្រទេស​ជាតិ​ជាប់​គាំង​ ​មួយ​ឆ្នាំ​មក​ហើយ។ ចំណែក​ តុលាការ​កំពូល​ ក៏​មិន​ទាន់ចេញ​​សេចក្តី​សម្រេច​យ៉ាងណាដែរ។ ដូច្នេះ តើ​​ជីវិ​ត​នយោបាយ​របស់​​លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នឹងទៅជា​យ៉ាងណា​?​

ជានាយករដ្ឋមន្ត្រីផុតអាណត្តិ កាន់​អំណាច​បណ្តោះអាសន្ន លោក​  បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ លើកឡើង​ថា «ប្រទេស​​​អ៊ីស្រាអែល គឺពលរដ្ឋ​អ៊ីស្រា​អែល​ជាអ្ន​កសម្រេច»។​
ជានាយករដ្ឋមន្ត្រីផុតអាណត្តិ កាន់​អំណាច​បណ្តោះអាសន្ន លោក​  បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ លើកឡើង​ថា «ប្រទេស​​​អ៊ីស្រាអែល គឺពលរដ្ឋ​អ៊ីស្រា​អែល​ជាអ្ន​កសម្រេច»។​ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ដើមឆ្នាំថ្មីភ្លាម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានដាក់សំណើភ្លែតតែម្តង ដើម្បី​សុំ«អភ័យឯកសិទ្ធិសភា»។ តើ​មាន​មូលហេតុអ្វីខ្លះ​នៅពីក្រោយ​រឿងនេះ​?

លោក​  បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ជានាយករដ្ឋមន្ត្រីផុតអាណត្តិ កាន់​អំណាច​បណ្តោះអាសន្ន។ នៅ​ក្នុង​សុន្ទរកថា​ផ្លូវការ​ ថ្លែង​ទៅកាន់​ប្រជាជាតិ​អ៊ីស្រាអែល នា​ថ្ងៃទី​១មករា លោក​បាន​ពន្យល់ ថា «អភ័យឯកសិទ្ធិសភា» គឺ​ជួយ​ការ​ពារ​អ្នក​តំណាង​រាស្ត្រ ដែល​បាន​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ ឱ្យ​គេច​ផុត​ពីការ​ចោទប្រកាន់​ព្រហ្មទណ្ឌ ដែល​លោកយល់ថា​«មិន​ត្រឹមត្រូវ​» ។

គួររម្លឹក កាលពីខែ​វិច្ឆិកា​២០១៩​ អគ្គ​រដ្ឋអាជ្ញា​អ៊ីស្រាអែល ចោទប្រកាន់ផ្លូវការលើ​លោក​ ណេតាន់យ៉ាហ៊ូ និងសម្រេចបញ្ចូនសំណុំរឿងទៅជំនុំជម្រះ លើបទល្មើសជាច្រើន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពុករលួយ។ អយ្យការ ​ទុក​ពេលមក​​ត្រឹម​ថ្ងៃទី​២មករានេះ ដើម្បី​ឱ្យ​លោក ​បង្ហាញ​ថា​​នៅ​មាន​ឬគ្មាន អភ័យ​ឯកសិទ្ធិសភា​​។​

ចំពោះក្រុមអ្នកនយោបាយប្រឆាំង ទង្វើរបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរូបនេះ គឺដើម្បី«គេចផុតពីការកាត់ទោសផ្លូវតុលាការ» តែប៉ុណ្ណោះ។  ​លោក បេនី ហ្កាន់ គូប្រជែងដ៏​មុខ​ស្រួច​បំផុត​ បាន​ប្រកាស​ថា «លោក​ បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ទទួល​ស្គាល់​ថា​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ហើយ ទើបដាក់​សំណើ​​​សុំ​អភ័យ​ឯកសិទ្ធិសភា ដើម្បី​ជៀស​ពីការជម្រះក្តី​​ផ្លូវ​​ច្បាប់​។ ដូច្នេះ អភ័យ​ឯកសិទ្ធិសភា នឹង​លែង​មែន​តម្លៃ​ហើយ ព្រោះ​ដើម្បី​បម្រើ​ប្រយោជន៍ការពារ​ជន​ពុក​រលួយ​។ ហេតុនេះ អភ័យ​ឯកសិទ្ធិសភា ក៏​លែង​ជា​មូលដ្ឋាន​នៃ​រដ្ឋ​ប្រជាធិបតេយ្យ​​អីទៀត​ដែរ​»។  

ក៏ប៉ុន្តែ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បញ្ជាក់​តប​ទៅវិញថា «ការសុំ​អភ័យ​ឯកសិទ្ធិសភា គឺ​មិន​មែន​ប្រឆាំង​នឹង​ប្រជាធិបតេយ្យ​នោះទេ​ តែ​សមស្រប​តាម​សិទ្ធិ​របស់​លោកដែល​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ ហើយ​បន្ត​ឱ្យ​រូប​លោក បន្ត​កិច្ចការ​បេសកម្ម​បម្រើ​ជាតិ​ តទៅទៀត ដើម្បី​ដឹកនាំ​អ៊ីស្រាអែល​និង​នាំ​ពលរដ្ឋ​អ៊ីស្រាអែល​ ទៅកាន់​អនាគត​នៃ​ភាព​ភ្លឺស្វាង​រុង​រឿង»។

តើ​នីតិវិធី​ស្នើ​​សុំ«អភ័យឯកសិទ្ធិសភា»នេះ​ អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច?​

រឿង​នេះ ពេល​នេះ​ ឋិត​ក្នុង​ភាព​ស្រពិច​ស្រពិល តែ​អ្វី​ដែល​​ច្បាស់ នោះគឺ ច្បាប់​ព្រហ្មទណ្ឌ​អ៊ីស្រាអែល តម្រូវ​ឱ្យ ​រដ្ឋមន្ត្រី ត្រូវតែ​លាចុះ​ពីតំណែង នៅពេល​រដ្ឋអាជ្ញា​ចោទប្រកាន់​សំណុំ​រឿង​ព្រហ្មទណ្ឌ។ តែអំណាច​​ច្បាប់​នេះ លែកលែង​តែករណីតំណែង​​នាយករដ្ឋមន្ត្រីមួយ​គត់​ ដែល​មាន​អាវក្រោះអភ័យឯកសិទ្ធិសភា​ ប៉ះពាល់​មិន​បាន​។

ចំពោះលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ គឺ​គាត់​កាន់តំណែង​ច្រើ​ន​ណាស់ ក្នុងជួរ​ដ្ឋាភិបាល​ ជា​នាយករដ្ឋមន្ត្រី​ផង និងជា​ រដ្ឋមន្ត្រី​បីក្រសួង​ទៀត គឺក្រសួង​កសិកម្ម ក្រសួង​ទទួល​បន្ទុក​អនិកជន​ជ្វីហ្វ​នៅបរទេស និង​ក្រសួង​សុខាភិបាល​។ ប្រឈម​នឹង​ខ​ចែង​នៃ​ក្រមព្រហ្មទណ្ឌ លោក ណេតាន់យ៉ាហ៊ូ ត្រូវ​បង្ខំ​ចិត្តលាលែង​​បោះបង់​តំ​ណែង​តួនាទី​រដ្ឋមន្ត្រីទាំង​បីក្រសួង​ ដោយ​រក្សា​តែ​តំណែង​នាយករដ្ឋមន្ត្រីមួយ​ប៉ុណ្ណោះ។ ​តួនាទី​​នាយករដ្ឋមន្ត្រី នេះទៀត​សោត ក៏​ជា​តំណែង​បណ្តោះ​អាសន្ន​ដែរ​។ ហេតុនេះហើយ លោក​ចាំបាច់​ត្រូវ​ស្នើ​សុំ​សភា ឱ្យ​សម្រេច​ថា​លោក​នៅ​មាន​អភ័យឯកសិទ្ធិសភា នៅឡើយ។

ចំពោះ​ករណីនេះ ត្រូវ​ រដ្ឋ​សភា​ ពិចារណា​ជាច្រើន​ខែតទៀត មើលទៅ ព្រោះថា​​ពេល​នេះ សភា​គ្មាន​គណៈ​កម្មពិសេស​ណាមួយ​ អាច​សម្រេច​រឿង​នេះ​បាន​ឡើយ។ សូម្បី​តែ​ ប្រធាន​សភាជាតិ​ខ្លួ​នឯង ក៏​ជា​តំណែង​បណ្តោះ​អាសន្ន​នៅឡើយដែរ​។

ប្រឈម​មុខ​នឹង​ពេល​វេលា​យូរ​យ៉ាងណា​នេះ  ក្រុម​អ្នក​ច្បាប់​ ពិសេស​តំណាង​អយ្យការ​ បាន​ដាក់​សំណើ​សុំ​​សេចក្តី​សម្រេច​ពី​តុលាការ​កំពូល ដើម្បី​ចាត់​ចែង​អូសខ្លួន​លោក ណេតាន់យ៉ាហ៊ូ ទៅ​ជម្រះ​ក្តី​។ នៅថ្ងៃទី​២មករា​ ចៅក្រម​ពិសេសចំនួន​៣នាក់ របស់​តុលាការ​កំពូល គឺ​បាន​ចាប់​ផ្តើម​ពិនិត្យ​ករណី​នេះហើយ តែ​មិន​ទាន់​ផ្តល់​ដំណឹង​ថា សម្រេច​យ៉ាងដូចម្តេច ហើយ​ថា​នៅអាច​សម្រេច​នៅពេលណា ក៏ទេ​ដែរ​។​​

ការ​ស្នើ​​សុំ«អភ័យឯកសិទ្ធិសភា» និង​សវនាការ​កាត់ទោស​រឿងពុករលួយ​របស់​លោក ណេតាន់យ៉ាហ៊ូ ​ ច្បាស់ជាត្រូវ​ពន្យារ​ពេល​​?

 តួនាទី​នាយករដ្ឋមន្ត្រី និង​ប្រធាន​សភា សុទ្ធតែ​ផុត​អាណត្តិ​ទាំងអស់​គ្នា​។ ដូចគេ​​បាន​ដឹងស្រាប់ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភា ដល់ទៅពីរលើកនៅឆ្នាំ២០១៩ គឺគ្មានបក្សណាមួយ អាចទទួលបានសំឡេងភាគច្រើន រៀបចំ​រដ្ឋសភា​ និង​ដើម្បីសម្រេចផ្តល់សេចក្តីទុកចិត្ត ក្នុងការតែងតាំងក្បាលម៉ាស៊ីនរដ្ឋាភិបាល បាន​ដែរ​។ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin ធ្លាប់បានចាត់តាំង ឱ្យលោក ណេតាន់យ៉ាហ៊ូ ម្តងនិងម្តងទៀត ឱ្យលោក បេនី ហ្កាន់ គូប្រជែង ដើម្បីរៀបចំរដ្ឋាភិបាល តែគ្មាននរណាអាចប្រមូលសំឡេងសមាជិកសភាគ្រប់គ្រាន់ សម្រាប់​ធ្វើកិច្ចការ​នេះ​ទេ។ ដូច្នេះ ប្រធានាធិបតី នៅទីបំផុត តម្រូវឱ្យប្រធានាសភាបណ្តោះអាសន្ន រៀបចំការបោះឆ្នោតជាថ្មី បោះឆ្នោត​ជាលើកទី៣ នៅខែមីនា ២០២០​។

ក្នុង​ដំណាក់​កាល​នេះ លោក ណេតាន់​យ៉ាហ៊ូ នៅតែបន្ត​កាន់​តំណែង​បណ្តោះ​អាសន្ន ហើយ​នៅតែ​តែ​លោក​ជាប់​បណ្តឹង​និង​ការ​ចោទ​ប្រកាន់​ច្រើន។ ក្រៅពី​បទចោទផ្លូវការ​របស់​រដ្ឋអាជ្ញា លោកត្រូវ​គេ​ចោទ​ក្រៅផ្លូវការ​ថាទទួល​លុយ​សំណូក​ពី​ផលិតករ​កុន​ហូលីវូដ និង​សេដ្ឋីអូស្ត្រាលី ហើយ​លោកក៏ត្រូវគេ​ចោទទៀត ថា​ជួយ​ជ្រោម​ជ្រែង​កាសែត​មួយនៅក្នុងស្រុក ឱ្យ​ល្បីល្បាញ ហើយ​ជាថ្នូរនឹងផ្សាយ​រឿង​ល្អៗ​ពីការ​ដឹកនាំ​របស់​លោក។

សម្រាប់​ពលរដ្ឋអ៊ីស្រាអែល​​មួយ​ចំនួន​ និងជាអ្នក​គាំទ្រ​លោកណេតាន់​យ៉ាហ៊ូផង គេ​យល់ថា ក្នុង​ស្ថានការណ៍​អ៊ីស្រាអែល ដែល​ត្រូវ​ប្រឈម​មុខ​នឹង​សត្រូវ​ជុំ​ទិស​នៅ​មជ្ឈិ​មបូព៌ា​យ៉ាងដូច្នេះ គឺ​ចាំបាច់​បុរសរដ្ឋ​ដ៏​ខ្លាំង កាន់​អំណាច​កណ្តាប់​ដៃ​ដែក​ ដូច​ណេតាន់យ៉ាហ៊ូ អ៊ីចឹងទើប​អាច​ទប់​ទល់​ឈ្នះ​សត្រូវ។ ទំនង​ដោយសារតែ​ការ​យល់​ដូច្នេះទេដឹង ទើប ​ណេតាន់​យ៉ាហ៊ូ អាច​កាន់​អំណាច​បាន​ដល់​ទៅ​៤អាណត្តិ​​ឯណោះ​ គឺ​ចាប់​តាំង​ពីឆ្នាំ១៩៩៦-១៩៩៩, និង​២០០៩។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​អ៊ីស្រាអែល និងអ្នក​និយម​ប្រជាធិបតេយ្យ​ គឺថា ​ការ​កាន់អំណាច​តែ​ម្នាក់​ឯង​ នាំឱ្យ​មានអំពើ​ពុករលួយ ការ​បង្កើត​បក្សពួក ក្រាញ​អំណាច​ ហើយ​ជា​សញ្ញាណ​មិន​ប្រសើរសោះ​​ឡើង។​ សម្រាប់​ប្រជាធិបេត្យ​នៃ​រដ្ឋ​មួយ ចាំបាច់​ត្រូវមានការ​ផ្លាស់ប្តូរ​វេន​គ្នា​កាន់​កិច្ចការ​ស្រុកទេស ក្នុង​ថេរវេលា​កំណត់​ណាមួយ។  ប៉ុន្តែ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ ណេតាន់យ៉ាហ៊ូ លើកឡើង​ថា «ប្រទេស​​​អ៊ីស្រាអែល គឺពលរដ្ឋ​អ៊ីស្រា​អែល​ជាអ្ន​កសម្រេច»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ