អានតួអត្ថបទ

អ៊ីស្រាអែល ទំនងត្រូវរៀបចំការបោះឆ្នោតជាថ្មីបន្ទាប់ពីគណបក្សធំៗពីរបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ

នៅអ៊ីស្រាអែល វិបត្តិជាប់គាំងនយោបាយ នៅតែមិនទាន់អាចរកច្រកផ្លូវដើរចេញបាន។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល ទំនងជាគេចមិនផុត ពីការរៀបចំបោះឆ្នោតមុនកំណត់ជាលើកទី ៣ ក្នុងរយៈពេលតែ មួយឆ្នាំបាននោះឡើយ។ មិនអាចគេចផុត ពីព្រោះថា មិនត្រឹមតែគណបក្សដឹកនាំរដ្ឋាភិបាលរបស់លោកនេតាន់យ៉ាហ៊ូ​ នោះទេ ដែលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន ក៏បុន្តែ បក្សប្រឆាំងដឹកនាំដោយលោកបេនី ហ្កង់ នាខណៈនេះ ក៏បានប្រកាសអំពីបរាជ័យដូចគ្នាដែរ។

មេបក្សប្រឆាំងអ៊ីស្រាអែលបេនី ហ្កង់។
មេបក្សប្រឆាំងអ៊ីស្រាអែលបេនី ហ្កង់។ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ការប្រកាសអំពីបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី របស់មេបក្សបណ្តាលនិយម គឺលោកបេនី ហ្កង់ បង្ហាញឲ្យឃើញកាន់តែច្បាស់អំពី វិបត្តិជាប់គាំងផ្នែកនយោបាយរបស់អ៊ីស្រាអែល ដែលកាន់តែមានសភាពដុនដាបខ្លាំងជាងមុន។

លោកបេនី ហ្កង់ ដែលជាគូប្រជែងដ៏ស្វិតស្វាញរបស់ លោកនាយករដ្ឋមន្ត្រីផុតអាណត្តិអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានព្យាយាមគ្រប់បែបយ៉ាង និងអស់ពីសមត្ថភាពហើយ ក្នុងអំឡុងពេល ២៨ ថ្ងៃ ដែលលោកមាន ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភារបស់អ៊ីស្រាអែល ដែលមានអាសនៈចំនួន ១២០។ ក៏ប៉ុន្តែ នៅទីបំផុតទៅ លោកនៅតែមិនអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបានឡើយ។

គួររំឭកជូនថា លោកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ ដែលបានឡើងកាន់អំណាចតាំងតែពីឆ្នាំ ២០០៩ គឺជាអ្នកនយោបាយដំបូងគេបង្អស់ ដែលត្រូវប្រធានាធិបតីអ៊ីស្រាអែលលោក រឺវ៉ែន រីវលីន (Reuven Rivlin) ផ្តល់សិទ្ធិឱ្យបង្កើតរដ្ឋាភិបាលថ្មីកាលពីខែតុលាកន្លងទៅ ប៉ុន្តែមិនបានទទួលជោគជ័យ។ នេះជាហេតុ ជំរុញឱ្យលោកប្រធានាធិបតីអ៊ីស្រាអែល ផ្តល់ឱកាសឱ្យមេបក្សប្រឆាំងលោកហេនី ហ្កង់ វិញម្តង តែក៏ត្រូវបរាជ័យដូចគ្នា។

ស្ថិតក្នុងកាលៈទេសៈដូចពេលបច្ចុប្បន្ននេះ ប្រធានាធបិតីអ៊ីស្រាអែល នឹងត្រូវប្រគល់សិទ្ធិ ទៅឱ្យសភារយៈពេលបីសប្តាហ៍ ដើម្បីស្វែងរកបេក្ខជនថ្មី ដែលមានសមត្ថភាពអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។

ដោយឡែក ប្រសិនណាបើសភាអ៊ីស្រាអែល មិនអាចស្វែងរកបេក្ខជនថ្មី តាមកាលកំណត់បាន នោះ ការបោះឆ្នោតមុនកាលកំណត់ជាលើកទី៣ ក្នុងរយៈពេលតែ ១២ ខែ ទំនងជាត្រូវរៀបចំធ្វើឡើង នៅដើមឆ្នាំ ២០២០ ខាងមុខនេះជាក់ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ