អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គីមជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រៀម​ចូល​ចរចា​ជាមួយ​សេអ៊ូល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​កូរ៉េខាង​ជើង បាន​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០១៥ ជា​មួយ​នឹង​ការ​បោះដៃ​ទៅ​រក​កូរ៉េខាង​ត្បូង ជា​បងប្អូន​គូ​សត្រូវ​នឹង​គ្នា។ នា​ឱកាសថ្លែង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ប្រមុខ​ដឹកនាំ គីម ជុងអ៊ុន បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១ មករា​ នេះ ត្រៀម​ទៅ​ចូល​ចរចា​ ជាន់ខ្ពស់ ជា​មួយ​ក្រុង​សេអ៊ូល ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ចារ​អំពី​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។ សេចក្តីថ្លែងការណ៍​នេះ ធ្វើ​ឡើង​តែ​ពីរ​បី​ថ្ងៃ​ក្រោយ​ សំណើ​របស់​អាជ្ញាធរ​កូរ៉េខាង​ត្បូង។

លោក គីម ជុងអ៊ុន ថ្លែង​សារ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥
លោក គីម ជុងអ៊ុន ថ្លែង​សារ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំរបប​កុម្មុយនិស្ត​កូរ៉េខាង​ជើង​ គីមជុងអ៊ុន បាន​ធ្វើ​សំណើ ថា​​ត្រៀម​ទៅ​ចរចា​ជាមួយ​កូរ៉េខាង​ត្បូង ក្នុង​ពេល​ថ្លែង​សុន្ទរកថា ជា​ប្រពៃណី ​ជូន​ពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ដែល​គ្មាន​នរណា​គិត​ស្មាន​ដល់​សោះ។ សុន្ទរកថា​ឆ្នាំ​ថ្មី នៅ​កូរ៉េខាង​ជើង ជា​ទូទៅ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រកាស​ផែនការ​ ឬ​បន្ទាត់​នយោបាយ និង​ការ​ដឹកនាំ​ប្រទេស​ រយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ

 
នៅ​ក្នុង​សារ​នេះ ប្រមុខ​ដឹកនាំ​ព្យុងយ៉ាង បាន​បង្ហើ​ប​លក្ខខណ្ឌ​ថា បើ​បរិបទ និង​បរិយាកាស​ហុច​ឱ្យ​ហើយ "គ្មាន​ហេតុផល​អ្វី​ដែល​មិន​ត្រូវ​រៀប​ចំ​​ជំនួប​ជាន់​ខ្ពស់​ឡើយ"។ ប្រសិន​បើ​អាជ្ញាធរ​កូរ៉េខាង​ត្បូង មាន​ចេតនា​ពិត​ចង់​ធ្វើ​ឱ្យ​ទំនាក់ទំនង​​កូរ៉េទាំង​ពីរ​ប្រសើរ​ឡើង​មែន ការ​ពិភាក្សា​ជាន់​ខ្ពស់​នឹង​ត្រូវ​​​មានឡើង​វិញ” ! ពាក្យ​មួយ​ឃ្លា ដែល​សារព័ត៌មាន​កូរ៉េខាង​ត្បូង​ បក​ស្រាយ​ថា​ជា​ការ​ព្រម​ឱ្យ​មាន​ជំនួប​ថា្នក់​កំពូល​ជាមួយ​នឹង​លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ តែម្តង។

ជំនួប​ជាន់​ខ្ពស់ អន្តរ-កូរ៉េ ត្រូវ​បាន​អាក់ខាន​ជាយូរ​ឆ្នាំមក​ហើយ។ ជំនួប​ចុងក្រោយ​បង្អស់​ ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ២០០៧ នៅ​ទីក្រុង​ព្យុងយ៉ាង តាំង​ពី​សម័យ​កូរ៉េខាង​ត្បូង​ដឹកនាំ​ដោយ​ ប្រធានាធិបតី Roh Moo-Hyun (ដែល​បាន​បាត់​ជីវិត​ទៅ​ហើយ) ជាមួយ​លោក គីម ជុងអ៊ីលអគ្គមគ្គុទេសក៍​របប​កុម្មុនិស្ត​កូរ៉េ​ខាង​ជើង ​ (ដែល​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១១) និង​ទទួល​ស្នង​តំណែង​បន្ត​ដោយ​លោក គីម ជុងអ៊ុន ជា​កូន​នាពេល​បច្ចុប្បន្ន​នេះ។

ព្យុងយ៉ាង​ក្នុង​សំឡេង​ផ្សះផ្សា

លោកគីមជុនអ៊ុន បាន​​ត្រៀម​ទៅ​ចរចា​ជាមួយ​កូរ៉េខាង​ត្បូង ​ ប៉ុន្តែ​ បាន​ដាក់​លក្ខខណ្ឌ​មួយ​ ចង់​ឃើញ​កូរ៉េខាង​ត្បូង​បិទ​បញ្ចប់​សមយុទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ទាំង​សារ និង​ទាំង​ភាសា​របស់​លោក គីម​ ជុងអ៊ុន​ហាក់​ដូច​ជា​​មាន​សភាព​ស្រទន់​ និង​ ផ្សះផ្សា ជាងមុន។ ព្យុងយ៉ាង​ចង់ឱ្យ​ប្រទេស​ដែល​ជា​គូសត្រូវ នៅ​​​មាន​សង្គ្រាម​នឹង​គ្នា​បើ​និយាយ​តាម​ភាសា​បច្ចេកទេស ​មាន​ភាព​ប្រសើរ​នឹង​គ្នា​ឡើង​វិញ តាមផ្លូវ​ចរចា។ មិន​តែ​ប៉ុណ្ណោះ គីម ជុងអ៊ុន បាន​ថែម​ទាំង​​អញ្ជើញ​វ៉ាស៊ីនតោន​ឱ្យ​ មាន​សេចក្តី​ក្លាហាន​ប្តូរ​​ឥរិយាបថ​និង​ទស្សនៈ​ចំពោះ​របប​ព្យុងយ៉ាង​ ក្នុង​នាម​ជា​មហាអំណាច​ ឱ្យ​ដើរ​តួ​គោរព​សិទ្ធិមនុស្ស​ និង​បានលើក​ឡើង​អំពី​លក្ខខណ្ឌ​ជីវិត​ប្រសើរ​ឡើង​​នៅ​កូរ៉េខាង​ជើង ខុស​កាលពី​ សុន្ទរកថា​នៅ​ឆ្នាំ​២០១១ នាពេល​ទើប​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​ភ្លាម លោក គីមជុងអ៊ុន​បាន​សន្យា​ដឹកនាំ​ប្រទេស​បន្តនយោបាយ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​យោធា មិន​គិត​ពី​បញ្ហា​សេដ្ឋកិច្ចឡើយ។

មួយ​រយៈចុងក្រោយ​នេះ របប​ដឹកនាំ​កុម្មុយនិស្ត​ព្យុងយ៉ាង​ រង​ការ​រិះគន់​ខ្លាំង​ណាស់​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ខែ​ធ្នូ ២០១៤ ពិចារណា​លើ​សំណុំ​រឿង​កូរ៉េខា​ង​ជើង ដោយ​ចង់​នាំ​រដ្ឋាភិបាល និង​ប្រមុខ​ដឹក​នាំ​ប្រទេស​នេះ ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​រំលោភ​សិទ្ធិមនុស្ស​។ កូរ៉េខាង​ជើង ប្រទេស​ដ៏​ឯកា និង​បិទ​ជិត​ឈឹង​ជាង​គេ​នៅ​លើ​ពិភពលោក បាន​រង​ការ​កាត់​ផ្តាច់ប្រព័ន្ធ​អ៊ីនធ័រនែត យ៉ាង​ចម្លែកមិន​ធ្លាប់​មាន ​ម្តង​ជា​ពីរ​ដង​ បន្ទាប់​ពីមាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​ជាមួយ​សហរដ្ឋ​អាមេរិក​ ​៖ វ៉ាស៊ីនតោន​ចោទ​ព្យុងយ៉ាង ថា​បាន​លួច​វាយប្រហារ​តាម​អ៊ីនធ័រនែត​ក្រុមហ៊ុន​ភាពយន្ត​សូនី និងសន្យា​សង​សឹក…

ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត ពិបាក​ធ្វើ​ឱ្យ​ប្រសើរ​ខ្លាំង​ណាស់ ! ដូច្នេះ​កូរ៉េខាង​ជើង​គ្មាន​ជម្រើស​អ្វី​ទៀត​ទេ ! ក្រៅ​ពី​ទទួល​ស្គាល់​ការពិត ងាក​ទៅ​រក កូរ៉េខាង​ត្បូង​ជា​បងប្អូន​បង្កើតគូសត្រូវ​នឹង​គ្នា។ ​​​ ​កូរ៉េខាង​ជើង​ទំនង​ជា​យល់ និង​មើល​ឃើញ​​ការពិត​ថា អាច​បំបែក​ភាព​ឯកា​របស់​ខ្លួន ដោយ​ចាំបាច់​ត្រូវ​តែ​​ឆ្លង​កាត់​កូរ៉េខាង​ត្បូង​។

តាំង​ពី​បាន​​ជាប់​ឆ្នោត​ ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ នៅ​ដើម​ឆ្នាំ​២០១៣​មក លោក​ស្រី ប៉ាក់ គុនហេ បាន​ទន្ទេញ​ពាក្យ​ដដែលៗ ថា​ទ្វារ​បើក​ចំហ​ចាំ​ជានិច្ច ឱ្យ​ព្យុងយ៉ាង​សុខចិត្ត​ចាត់​វិធានការ​ច្បាស់​លាស់​​ឈាន​ទៅ​រក​ការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ។ ការ​ចរចា​ផ្លូវការ​អន្តរកូរ៉េ ​កាលពី​ខែ​កុម្ភៈបាន​ជំរុញ​ឱ្យ​គ្រួសារ​បែក​បាក់​ព្រោះ​សង្គ្រាម​បាន​ជួប​គ្នា​ ទោះ​បី​កូរ៉េខាង​ត្បូង​​និងសហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធរួម​គ្នា ក៏​ការ​ជួបជុំ​គ្រួសារ​នៅតែ​ប្រព្រឹត្ត​ទៅ​រហូត​ចប់​ចុង​ចប់​ដើម។ ជំនួយ​ឯកជន​ពី​កូរ៉េខាង​ត្បូង​ទៅ​ខាង​ជើង ក៏​ត្រូវ​បាន​អនុគ្រោះ​ មាន​ជាហូរហែ​ផង។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មន្ត្រី​ជាន់​ខ្ពស់​កុម្មុយនិស្ត​បីរូប​គ្រាក់ៗ នៅ​សេអ៊ូល កាលពី​ខែ​តុលាកូរ៉េ​ទាំងពីរ​បាន​សុខចិត្តសុខកាយ​ចាប់​បើក​ការ​ចរចា​ឡើង​វិញ​។

កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ របស់​កូរ៉េខាង​ត្បូង បាន​ប្រកាសត្រៀម​ជួប​ពិភាក្សា​ជាមួយ​តំណាង​របស់​​ខាង​ជើង និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ ផ្តល់​ចម្លើយ​ឱ្យ​បាន​ឆាប់​រហ័ស។ ក្រោយ​ពីបាន​ឮ​សំដី​របស់​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង​ភ្លាម ក្រសួង​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាង​ត្បូង​បាន​សម្តែង​ការ​ស្វាគមន៍ និង​បាន​ស្នើ​ជួប​ពិភាក្សា​គ្នា ចាប់​ពី​ខែ​មករា​នេះ​ទៅ​ភ្លាម​តែ​ម្តង។ តំណាង​សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​អំពី​ការ​គាំទ្រ​ នៅ​ពេល​ឃើញ​កូរ៉េ​ទាំង​ពី​រ​មាន​ទំនាក់ទំនង​នឹង​គ្នា​ប្រសើរ​ឡើង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ