អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េខាងជើង

កូរ៉េខាងត្បូង​ស្នើ​កិច្ចចរចា​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​រវាង​កូរ៉េ​ទាំងពីរ​នៅ​ខែ​មករា

កូរ៉េ​​ខាង​​ត្បូង​​នៅ​​ថ្ងៃ​​ចន្ទ​​២៩​​ធ្នូ​​នេះ​ បាន​​ធ្វើ​​សំណើ​ដល់​​កូរ៉េ​​ខាង​​ជើង​សុំ​ឲ្យ​មាន​​​កិច្ចចរចា​​ថ្នាក់​​មន្ត្រី​​​​ជាន់​​ខ្ពស់​​​រវាង​​កូរ៉េ​​ទាំង​​ពីរ​​​នៅ​​ខែ​​មករាខាង​មុខ​​ស្តី​​អំពី​បញ្ហា​​ប្រមូល​​ជួប​ជុំ​​ក្រុម​​គ្រួសារ​​កូរ៉េ​​​​​ដែល​បាន​​បែក​បាក់​គ្នា​ដោយសារ​សង្គ្រាម។ ​គំនិត​ផ្តួចផ្តើម​នេះ ​ត្រូវ​​បាន​​ប្រព្រឹត្ត​​ទៅ​​​នៅ​​ខណៈ​ពេល​​ ដែល​​ការ​រំលោភសិទ្ធិ​មនុស្ស​​នៅ​កូរ៉េ​ខាង​ជើង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​​​និង​​រង​​ការ​ចោទ​ប្រកាន់​របស់​​អាមរិក​នៅ​ក្នុង​ការ​​​វាយ​ប្រហារ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​រប​ស់​​ក្រុមហ៊ុន​​ផលិត​​ភាពយន្ត​​SONY។​

ទាហានកូរ៉េខាងត្បូងម្នាក់យាមល្បាតនៅតំបន់ Paju​ ភាគខាងជើងសេអ៊ូល នៅជិត តំបន់គ្មានកងទ័ពខ័ណចែកកូរ៉េទាំងពីរ
ទាហានកូរ៉េខាងត្បូងម្នាក់យាមល្បាតនៅតំបន់ Paju​ ភាគខាងជើងសេអ៊ូល នៅជិត តំបន់គ្មានកងទ័ពខ័ណចែកកូរ៉េទាំងពីរ Reuters/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទទួល​បន្ទុក​សំណុំរឿង​កូរ៉េ​ខាង​ជើង លោក Ryoo Kuhl-Jae, បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ-ថា​លោក​បាន​ត្រៀម​​ជាសេ្រច​ដើម្បី​ជួប​ចរចា​ជាមួយ​អ្នក​តំណាង​របស់​កូរ៉េ​ខាង​ជើង ​នៅ​ទី​ណា​ក៏​បាន  គឺ​នៅ​សេអ៊ូល​ឬ​​ក៏​ព្យុងយ៉ាង។​ រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​ បាន​បន្ត​ទៀត​ថា«លោក សង្ឃឹម​ថា​កូរ៉េ​ខាង​​ជើង​​ពិត​ជា​នឹង​យល់ព្រម​តាម​សំណើរ​របស់​កូរ៉េ​ខាង​ត្បូង ​ដោយ​បាន​​បញ្ជាក់​ដែរ-ថា​សំណើ​​ជា​ផ្លូវការ​​ដើម្បី​ជំរុញ​កិច្ច​ចរចា​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​លោក Kim Yang-Gon សមភាគី​កូរ៉េ​ខាង​ជើង​ដែរ។

 
ក្រៅពី​បញ្ហា​ជំនួប​រវាង​ក្រុម​គ្រួសា​កូរ៉េ កិច្ច​ចរចា​នឹង​ត្រូវ​ផ្តោត​ផងដែរ​ទៅ​លើ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​​នានា​​ ដូច​ជា​ពិធី​រំលឹក​ខួប​​៧០​ឆ្នាំ​នៃ​ការ​បែងចែក​ឧបទ្វីប​កូរ៉េ ក្រោយពី​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៤៥ គឺ​៥​ឆ្នាំ ​មុន​សង្គ្រាម​នៅ​កូរ៉េ ១៩៥០-១៩៥៣។

 “យើង​ត្រូវការ​ចាំបាច់​កិច្ចចរចា​និង​សហ​ប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាង​ជើង​ ដើម្បី​អាច​ឲ្យ​យើង​ មាន​លទ្ធភាព​ក្នុង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់​ៗ​​បែប​នេះ​បាន” មិនតែប៉ុណ្ណោះ កិច្ចចរចា​នេះ ក៏​អាច​នឹង​អាច​ជួយ​​សម្រាល​ផង​ដែរ​ សេចក្តី​ទុក្ខសោក​របស់​ក្រុម​គ្រួរសា​កូរ៉េ​ នៅ​មុន​ចូល​ឆ្នាំ​ចិ​នខាង​មុខ​នេះ​”-នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង។

កាលពី​ខែ​តុលា​មុន ប្រទេស​គូ​សត្រូវ​ទាំង​ពីរ បាន​សំរេចចិត្ត​រៀបចំ​កិច្ចចរចា​ជាមួយ​គ្នា​ឡើង​​វិញ បន្ទាប់ពី​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​៣​រូប បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​សេអ៊ូល​។ ក៏​ប៉ុន្តែ បន្ទាប៉​ពីមាន​ភាពតានតឹង​នៅ​តំបន់​ព្រំដែន គម្រោង​កិច្ចចរចា​​នេះ ក៏​ត្រូវ​អាក់​ខាន​វិញ ។

ស្ថានភាព​នៅ​ព្រំដែន​ ក៏​មិន​ងាយ​ធូស្រាលដែរ ដោយហេតុ​សកម្មជន​​​កូរ៉េ​ខាង​ត្បូង បាន​បង្ហោះ​ខិតប័ណ្ណ​ឥត​ស្រាកស្រាន្ត​ប្រឆាំង​នឹង​របប​ព្យុងយ៉ាង។ កូរ៉េ​ខាង​ជើង បាន​ទាមទារ​ឲ្យ​កូរ៉េ​ខាង​ត្បូង ​ចាត់​វិធានការ បញ្ចប់​សកម្មភាព​បង្ហោះ​ខិត​ប័ណ្ណ​​ប្រឆាំង​ខ្លួន​សិន មុន​នឹង​ចាប់​ផ្តើម​កិច្ច​ចរចា​ជា​ថ្មី​ឡើង​វិញ តែ​កូរ៉េ​ខាង​ត្បូង បាន​ឆ្លើយ​បដិសេធ ថា ​ គ្មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​ហាមប្រាម​ការ​បង្ហោះ​ខិតប័ណ្ណ​ទេ។

ម្យ៉ាង​ទៀត យោងតាម​យោបល់​របស់​អ្នក​វិភាគ​ម្នាក់​នៅ​វិជ្ជាស្ថាន Sejong “ របប​ព្យុងយ៉ាង មិន​ច្បាស់​ជា​យល់ព្រមស្រួលៗ តាម​សំណូមពរ​កូរ៉េ​ខាង​ត្បូង​ឡើយ​នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ចរចា​នៅ​ពេល​ខាង​មុខ​ ពីព្រោះ កូរ៉េ​ខាង​ត្បូង ពុំ​បាន​ឆ្លើយ​តប​ជា​វិជ្ចមាន​ណា​មួយ​ឡើយ​ចំពោះ​កូរ៉េ​ខាង​ជើង​​នៅ​លើ​ដំណោះស្រាយ​ការ​បង្ហោះ​ខិត្តបណ្ណ​ប្រឆាំង​​កូរ៉េ​ខាង​ជើង។

ក៏ប៉ុន្តែ របប​កូរ៉េ​ខាង​ជើង នា​ពេល​នេះ មាន​អារម្មណ៍​ដឹង​ថា ខ្លួន​កំពុង តែ​ជាប់​កុន​នៅ​ក្នុង​វិបត្តិ​មួយ​ជាមួយ​អាមេរិក ចាប់តាំងពី​អាមេរិក បាន​ចោទ​របប​ព្យុងយ៉ាង​ថា ជា​អ្នក​វាយ​ប្រហារ​​ក្រុមហ៊ុន​SONY មក។ ដូច្នេះ កូរ៉េ ខាង​ជើង​អាច​នឹង​ហុច​ដៃ​ទៅ​សេអ៊ូល​ដែរ ដើម្បី​ប៉ុនប៉ង​រិះរក​ការ​បន្ធូរស្រាល​នូវ​ភាពតានតឹង​ទាំង​នេះ-នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​នៃ​វិជ្ជាស្ថាន Sejong របស់​កូរ៉េ​ខាង​ត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ