អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ព្រមព្រៀង​បើក​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ជា​ថ្មី

នៅ​ថ្ងៃ​ពុធ ទី៩ ធ្នូ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​បើក​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​នា​ថ្ងៃ​ខាង​មុខ។ ដំណឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ជិតខាង​ទាំង​ពីរ​ដែល​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​នឹង​ចំនួន ៣លើក​នា​ពេល​កន្លង​មក។ គួរ​ជម្រាប​ជូន​ថា កិច្ចចរចា​សន្តិភាព​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ តែ​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​ដង ហើយ​ភាព​តានតឹង​ក៏​បាន​ផ្ទុះ​ជា​ថ្មី ពិសេស​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌាណារ៉េនដ្រា ម៉ូឌី (រូបស្តាំ) និងសមភាគីប៉ាគីស្ថានណាវ៉ា ស្ហារី្វ
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌាណារ៉េនដ្រា ម៉ូឌី (រូបស្តាំ) និងសមភាគីប៉ាគីស្ថានណាវ៉ា ស្ហារី្វ AFP PHOTO/PIB
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមព្រៀង​ឲ្យ​ចាប់​បើក​ជា​ថ្មី​នូវ​កិច្ចចរចា​សន្តិភាព​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ការ​បិទបញ្ចប់​សន្និសីទ​បេះដូង​នៃ​តំបន់​អាស៊ី Heart of Asia ដែល​បាន​រៀបចំ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។ ជា​សន្និសីទ​តំបន់​ដែល​ចូលរួម​ដោយ​សមាជិក ១៤ប្រទេស ក្នុង​នោះ​ក៏​មាន​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែរ។ នា​ឱកាស​សន្និសីទ​តំបន់ លោក​ប្រមុខ​ការទូត​ឥណ្ឌា និង​សមភាគី​ប៉ាគីស្ថាន​បាន​ជួប​សន្ទនា​គ្នា រួច​ក៏​បាន​ឯកភាព​គ្នា​បើក​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​ឡើង​វិញ។ តែ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ដើម្បី​កំណត់​ពី​ថ្ងៃខែឆ្នាំ និង​ទីកន្លែង​ជំនួប។

បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម ប្រធានរឿង​នៃ​កិច្ចចរចា​នឹង​ផ្តោត​សំខាន់​លើ​ដំណើរ​ស្វែង​រក​សន្តិភាព បញ្ហា​សន្តិសុខ និង​ជម្លោះ​ដែនដី ពិសេស​នៅ​តំបន់ Cachemire ដែល​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ជិត​ខាង​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​ចំនួន ៣ដង​តាំង​ពី​ទទួល​បាន​ឯករាជ្យ​រៀងៗខ្លួន​ក្នុង​ឆ្នាំ ១៩៤៧។ នៅ​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៊ុមបៃ​នា​ខែ​វិច្ឆិកា ឆ្នាំ ២០០៨ ឥណ្ឌា​បាន​សម្រេច​ព្យួរ​កិច្ចចរចា​ជាមួយ​ប៉ាគីស្ថាន ព្រោះ​ឥណ្ឌា​យល់​ថា អំពើ​ភេរវកម្ម​នោះ​បាន​រៀបចំ​ចេញ​ពី​ទឹកដី​ប៉ាគីស្ថាន។

៣ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០១១ គូសត្រូវ​ទាំង​ពីរ​ក៏​បាន​សម្រេច​បើក​កិច្ចចរចា​សន្តិភាព​ជា​ថ្មី តែ​ទំនាក់ទំនង​រវាង​គ្នា​ហាក់​ដូច​ជា​កាន់​តែ​ធ្លាក់​ដុនដាប​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​តាំង​ពី​លោក​ណារ៉េនដ្រា ម៉ូឌី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ក្នុង​ឆ្នាំ ២០១៤។ តាំង​ពី​ឆ្នាំ ២០១៤ មាន​ការ​ប៉ះទង្គិច​ផ្លូវអាវុធ​ជា​ច្រើន​ដង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ប្រចាំការ​នៅ​តាម​ព្រំដែន​តំបន់ Cachemire។ គឺ​ទើប​តែ​នៅ​ក្រោយ​ជំនួប​រយៈពេល​ខ្លី​រវាង​លោក​ណារ៉េនដ្រា ម៉ូឌី និង​សមភាគី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​នា​ឱកាស​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី៣០ វិច្ឆិកា​ថ្មីៗ​នេះ​ទេ​ដែល​ភាព​តានតឹង​ហាក់​ដូច​ជា​ធូរស្រាល​បន្តិច និង​រហូត​មាន​ការ​ឯកភាព​គ្នា​ឲ្យ​បើក​កិច្ចចរចា​ជា​ថ្មី​នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ