អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា-ប៉ាគីស្ថាន៖ការ​បាញ់​តគ្នា​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល ១០នាក់ និង​របួស​ជា​ច្រើន​នាក់

ស្ថានភាព​បាន​ផ្តើម​តានតឹង​ជា​ថ្មី​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់ Cachemire។ នៅ​ថ្ងៃ​សុក្រ ទី២៨ សីហា​នេះ មាន​ការ​បាញ់​ដាក់​គ្នា​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ចំនួន ១០នាក់ និង​របួស​ប្រមាណ​ជា ៥០នាក់​ផ្សេង​ទៀត។ តើ​ទង្វើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច និង​ថា តើ​ភាគី​ណា​ជា​អ្នក​ផ្តើម​ផ្ទុះ​អាវុធ​មុន​គេ?។ ចម្លើយ​ដូច​សព្វ​មួយ​ដង ទីក្រុង​អ៊ីស្លាម៉ាបាត និង​ទីក្រុង​ញូដែលី​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

ការ​ដើរ​ល្បាត​របស់​ទាហាន​ឥណ្ឌា​នៅ​ក្នុង​តាម​ព្រំដែន​ខ័ណ្ឌ​ចែក​តំបន់​ Cachemire ជាមួយ​ប៉ាគីស្ថាន
ការ​ដើរ​ល្បាត​របស់​ទាហាន​ឥណ្ឌា​នៅ​ក្នុង​តាម​ព្រំដែន​ខ័ណ្ឌ​ចែក​តំបន់​ Cachemire ជាមួយ​ប៉ាគីស្ថាន REUTERS/Mukesh
ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​មួយ​ច្រំដែល និង​ក្លាយ​ទៅ​ជា​ទម្លាប់​ដែល​ទាហាន​ឥណ្ឌា និង​ទាហាន​ប៉ាគីស្ថាន​តែងតែ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ខ័ណ្ឌចែក​តំបន់ Cachemire ជា​ពីរ។ នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់ និង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​ផ្លូវ​អាវុធ​ជា​ថ្មី​ថ្ងៃ​នេះ មាន​ស្លាប់ ៦នាក់ និង​របួស ៤៦នាក់​នៅ​ខាង​ប៉ាគីស្ថាន និង​មាន​ស្លាប់ ៤នាក់ ព្រម​ទំាង​របួស ៧នាក់​នៅ​ខាង​ឥណ្ឌា។ ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ជិត​ខាង​ទំាង​ពីរ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ឆ្លង​ចូល​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង ទីក្រុង​អ៊ីស្លាម៉ាបាត និង​ទីក្រុង​ញូដែលី​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញ ទៅមក ដោយ​មិន​ដែល​ទទួល​សារភាព​ថា​ខ្លួន​ជា​អ្នក​ចាប់​ផ្តើម​ផ្ទុះ​អាវុធ​មុន​គេ​ទេ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ខែ​សីហា ឆ្នំា ១៩៤៧​មក ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​ដល់​ទៅ ៣លើក ក្នុង​នោះ​មាន ២លើក​ដើម្បី​ដណ្តើម​គ្នា​កាន់កាប់​តំបន់​ហ៊ីម៉ាឡាយ៉ា និង​តំបន់​យុទ្ធសាស្រ្ត​នៅ Cachemire។ ក្នុង​ឆ្នំា ២០០៣ កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា តែ​ភាគី​ជម្លោះ​ទំាង​ពីរ​បាន​ចោទ​ដាក់​គ្នា​ពី​ការ​មិន​គោរព​តាម។ ថ្មីៗ​នេះ ពោល​នា​ឱកាស​ទស្សនកិច្ច​នៅ​រស្ស៊ី​ក្នុង​ខែ​កក្កដា​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី និង​សមភាគី​ប៉ាគីស្ថាន​លោក​ណាវ៉ា ស្ហារីស្វ​បាន​ផ្តើម​ជួប​ចរចា​គ្នា​ឡើង​វិញ។ តែ​ទន្ទឹម​គ្នា​នេះ ការ​ប៉ះទង្គិច​ផ្លូវ​អាវុធ​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​តំបន់ Cachemire កំពុង​បន្ត​កើត​មាន​ជា​ហូរហែ។

តាម​គម្រោង ថ្នាក់ដឹកនំា​សន្តិសុខ​ឥណ្ឌា និង​ប៉ាគីស្ថាន​គ្រោង​នឹង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី៣០ និង​ថ្ងៃ​ចន្ទ ទី៣១ សីហា​ខាង​មុខ តែ​ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ​ដោយសារ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ប្រធានរឿង​ដែល​ត្រូវ​ជជែក។ ភាគី​ប៉ាគីស្ថាន​ចង់​និយាយ​លើ​សំណុំរឿង Cachemire តែ​ភាគី​ឥណ្ឌា​ចង់​ឲ្យ​និយាយ​លើ​បញ្ហា​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ