ឥណ្ឌា-ប៉ាគីស្ថានលុបចោលជំនួបពិភាក្សាប្រឆាំងភេរវនិយម ដោយហេតុវិបត្តិព្រំដែន
កិច្ចពិភាក្សាជាន់ខ្ពស់ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ឥណ្ឌា-ប៉ាគីស្ថាន គ្រោងធ្វើនៅថ្ងៃអាទិត្យទី ២៣សីហា នៅទីក្រុងញូវដេលី ត្រូវបានលុបចោលទៅវិញ បន្ទាប់ពីប៉ាគីស្ថានបានប្រកាសនៅនាទីចុងក្រោយ មិនបញ្ជូនទីប្រឹក្សាសន្តិសុខ និងរដ្ឋមន្ត្រីរបស់ខ្លួន មកកាន់ទឹកដីឥណ្ឌា។ ជំនួបនេះជាការផ្តួចផ្តើមរបស់ដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស កាលពីខែកក្កដា។ ប៉ុន្តែប៉ាគីស្ថានបានទទូចដាក់បញ្ហាព្រំដែននៅតំបន់កាស្មៀ តំបន់ជាប់ជម្លោះឥណ្ឌា-ប៉ាគីស្ថាន តាំងពីឆ្នាំ១៩៤៧មក ជាលក្ខខណ្ឌ។ ឯឥណ្ឌាបដិសេធជារហូត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៩
សម្រាប់ឥណ្ឌា គឺគ្មានអ្វីត្រូវតថ្លៃទេ ! ប៉ាគីស្ថាន មានពេលរហូតដល់ម៉ោងសូន្យ ថ្ងៃអាទិត្យទី ២៣សីហា ក្នុងការសម្រេចចិត្តបញ្ជូនទីប្រឹក្សាយោធា មកពិភាក្សាអំពីបញ្ហាសន្តិសុខប្រឆាំងនឹងភេរវនិយមរួមគ្នា ដោយមិនយកបញ្ហាព្រំដែនកាស្មៀមកលាយលំ និងមិនត្រូវមានទំនាក់ទំនងជាមួយក្រុមចង់ផ្តាច់ទឹកដី ពេលមកដល់ក្រុងញូវដេលី។
ប៉ាគីស្ថានមិនព្រម និងបានចោទប្រកាន់ឥណ្ឌាថាជាអ្នករាទឹកមិនឱ្យមានជំនួបប្រព្រឹត្តទៅបាន។ កាលពីមួយឆ្នាំមុន ជំនួបជាន់ខ្ពស់ឥណ្ឌានិងប៉ាគីស្ថាន ក៏ត្រូវលុបចោលទៅវិញដូចគ្នានេះម្តងរួចហើយ ដោយហេតុតែឧត្តមស្នងការប៉ាគីស្ថាន បានទៅជួបប្រមុខដឹកនាំចលនាប៉ះបោរចង់ផ្តាច់ទឹកដីកាស្មៀពីឥណ្ឌា Shabir Shah។ ដើម្បីកុំឱ្យមានរឿងបែបនេះទៀតកើតឡើងទៀត អាជ្ញាធរឥណ្ឌាបានចាប់ឃុំខ្លួនShabir Shah តាំងពីថ្ងៃសៅរ៍ម្ល៉េះ។
សូមបញ្ជាក់ជំនួបប្រជុំថ្នាក់ទីប្រឹក្សាយោធា ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ តែត្រូវលុបចោលទៅវិញ នៅនាទីចុងក្រោយ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស នាឱកាសជំនួបក្រៅផ្លូវការនៅប្រទេសរុស្ស៊ី កាលពីខែកក្កដា ដែលពេលនោះ លោក ម៉ូឌី ប្រមុខរដ្ឋាភិបាលឥណ្ឌានិងសមភាគីប៉ាគីស្ថាន លោក ស្ហារីហ្វ ហាក់ត្រូវរ៉ូវគ្នាយ៉ាងកក់ក្តៅ។ ប៉ុន្តែទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថាន បានធ្លាក់ចុះជាលំដាប់និងយ៉ាងលឿន ក្នុងរយៈពេលតែមួយសោះ។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជិតខាងថាបានរំលោភបទឈប់បាញ់ដល់ទៅ ៩០ដងក្នុងពេលតែមួយខែ នៅតំបន់កាស្មៀ ដែលខ័ណ្ឌចែកប្រទេសទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ