អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមុទ្រចិន​ខាងត្បូង​កាន់តែ​ខិតកៀកមាត់​ជ្រោះ​សង្គ្រាម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​និង​កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​អាក្រក់​កាន់​តែ​ខ្លាំង​នារយៈ​ពេល​ចុងក្រោយ​នេះ។ ​ទោះបី​ជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ថា​បញ្ហា​នឹង​ត្រូវ​ដោះ​ស្រាយ​​ដោយ​សន្តិវិធី​ក៏ដោយ ​ក៏​ពេល​នេះ​សញ្ញា​អាសន្ន​ស្តីពី​ការ​ប្រកាស​សង្គ្រាម​បាន​បង្ហាញ​កាន់តែ​ច្បាស់​ហើយ។ ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​តំបន់​ជម្លោះ​ប្រជុំ​កោះ ​Paracels ​និង ​Spratlys ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណុច​ក្តៅ​បំផុត​មួយ​ប្រៀប​បាន​នឹង​ភ្នំ​ភ្លើង​ដែល​ហៀប​នឹង​ផ្ទុះ។ ​វៀតណាម ​និង​មហាយក្ស​ចិន​កំពុង​បង្ហាញ​សាច់ដុំ​ដាក់​គ្នា ​និង​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រៀប​ផ្ទុះ​សង្គ្រាម។

​តំបន់​​ជម្លោះ​​ប្រជុំ​កោះ​ ​Paracel ​និង ​​Spratly ​កំពុង​ស្ថិត​​នៅ​ក្នុង​​ចំណុច​​ក្តៅ​​បំផុត​នៅ​សមុទ្រចិន​ខាងត្បូង
​តំបន់​​ជម្លោះ​​ប្រជុំ​កោះ​ ​Paracel ​និង ​​Spratly ​កំពុង​ស្ថិត​​នៅ​ក្នុង​​ចំណុច​​ក្តៅ​​បំផុត​នៅ​សមុទ្រចិន​ខាងត្បូង © RFI
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធា​ទោល​(ធ្វើម្នាក់ឯង)​មិន​ធ្លាប់​មាន​រយៈពេល​ជិត​៣០ឆ្នាំ​ដែល​វៀតណាម​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ពិត​ជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ទំនាស់​ដែនដី​នៅ​ប្រជុំ​កោះ ​Paracels ​និង ​Spratlys ។ ​បើទោះបី​ជា​ទីក្រុង​ហាណូយ​​មិន​បាន​ភ្ជាប់​បញ្ហា​ទំនាស់​នេះ​ទៅ​នឹង​សមយុទ្ធ​យោធា​របស់​ខ្លួន​ក្តី ​ប៉ុន្តែ ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​ជួន​ចំ​ពេល​ដែល​ចិន ​និង​វៀតណាម​កំពុង​តឹង​សរសៃ​ក​ដាក់​គ្នា​ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​ទាំងពីរ​ខាង​លើ។

 
សញ្ញា​គ្រោះថ្នាក់​មួយចំនួន​ទៀត​ដែល​ត្រូវ​ពិនិត្យ​មើល​គឺ​៖ ​នៅ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នេះ​ វៀតណាម​បាន​បង្កើន​ថវិកា​ដល់​ទៅ​ជាង​៧០​ភាគរយ​សម្រាប់​វិស័យ​យោធា​ក្នុង​ឆ្នាំ២០១១​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០​ពោលគឺ​ចំណាយ​លើ​វិស័យ​យោធា​វៀតណាម​បាន​កើន​ដល់​ជិត​បីពាន់​លាន​ដុល្លារ​ក្នុង​នោះ​ទីក្រុង​ហាណូយ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​បាន​ទិញ​នាវា​ចម្បាំង​ចំនួន​៦​គ្រឿង​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង២​ពាន់​លាន​ដុល្លារ។ ​នៅ​មុន​នេះ​បន្តិច ​នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ​ង្វៀន តាន់ហ្ស៊ុង​ (Nguyen Tan Dung) បាន​ប្រកាស​ជាចំហ​ថា​វៀតណាម​ត្រូវ​តែ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​ទៅ​លើ​ទីប្រជុំកោះ​Paracels និង ​Spratlys ដែល​ជា​កម្មសិទ្ធិ​មិន​អាច​ប្រកែក​បាន​របស់​វៀតណាម។ ​ចុងក្រោយ​នេះ​ មេដឹកនាំ​ដ៏មាន​ឥទ្ធិពល​ទីក្រុង​ហាណូយ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​កេណ្ឌ​យុវជន​គ្រប់​អាយុ​ឲ្យ​ចូល​បម្រើ​កងទ័ព​ទៀតផង។

ចំណែក​ឯ​ចិន​វិញ​ ចិន​ក៏​បាន​បង្កើន​ថវិកា​បន្ថែម​១២​ភាគរយ​ឬ​ស្មើ​នឹង​៩៦​ពាន់​លាន​ដុល្លារ​ទៅ​លើ​វិស័យ​កងទ័ព​ដែរ​សម្រាប់​ឆ្នាំ ២០១១​នេះ។ ​ទន្ទឹម​នឹង​នោះ ​ទីក្រុង​ប៉េកាំង​ក៏​បាន​បង្ហាញ​ពី​នាវា​ដឹក​យន្តហោះ​ដ៏​ធំ​មិន​ធ្លាប់​មាន​របស់​ខ្លួន​ដែល​ការ​សាងសង់​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​មិថុនា​នេះ​ល្មម។ ​តើ​ទាំង​នេះ​មិន​មែន​សញ្ញា​នៃ​ការ​ប្រុងប្រៀប​ធ្វើ​សង្គ្រាម​ទេ​ឬ? ​មក​ដល់​ចំណុច​នេះ គេ​គួរ​កត់​សម្គាល់​ថា​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ចារឹក​ប្រវត្តិសាស្ត្រ​ផង ​ភូមិសាស្ត្រ​ផង ​និង​សេដ្ឋកិច្ច​ផង។

នៅ​ឆ្នាំ១៩៤៧ ​ចិន​ដែល​សម្អាង​លើ​របក​គំហើញ​ជា​ប្រវត្តិសាស្ត្រ​នៃ​នាវាចរណ៍​របស់​ខ្លួន​តាំង​ពី​សតវត្សរ៍​ទី​១៥ ​បាន​ផលិត​ផែនទី​មួយ​ដោយ​ក្រសោប​យក​ផ្ទៃ​សមុទ្រ​ស្ទើរតែ​ទាំងស្រុង​។ ​រហូត​ដល់​ឆ្នាំ​១៩៩២​ ច្បាប់​ចិន​មួយ​បាន​អនុញ្ញាត​ឲ្យ​ចិន​រក្សាសិទ្ធិ​កាន់​កាប់​ប្រជុំ​កោះ​ទាំង​នោះ​។

ចំណែក​ឯ​វៀតណាម​វិញ​បាន​សម្អាង​លើ​ទីតាំង​ភូមិសាស្ត្រ​និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដែល​បង្កើត​បាន​ជា​ទឡ្ហីករណ៍​ខាង​បុរាណវិទ្យា​រឹងមាំ​សម្រាប់​បញ្ជាក់​ថា​ដីនោះ​ជា​របស់​ខ្លួន​តាំងពី​បុរម​បុរាណ​មកម្ល៉េះ​។​ ទីក្រុង​ហាណូយ​សម្អាង​ថា​ ប្រជុំកោះ ​Paracels និង​ Spratlys ត្រូវ​បាន​ទាមទារ​ដោយ​បារាំង​តាំងពី​ឆ្នាំ​១៩៣០​ ដោយហេតុ​ថា​ ប្រជុំ​កោះ​ទាំងពីរ​ស្ថិត​នៅ​ក្នុង​ដែនដី​អាណាម ​(ឈ្មោះ​ដើម​នៃ​ប្រទេស​វៀតណាម)។

នៅ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ចវិញ​ សក្តានុពល​ដ៏​សម្បើម​នៅ​ក្នុង​វិស័យ​នេសាទ​ក៏ជា​មូលហេតុ​មួយ​ទៀត​នៃ​ជម្លោះ។ ​ចូរ​កុំភ្លេច​ថា ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​ទ្រព្យ​កំណប់​មហាសាល​មួយ​ដែល​មាន​តម្លៃ​ទាំង​ការ​នេសាទ ​និង​ប្រេងកាត ​សរុប​ប្រមាណ​ជា​១០០០ ​ពាន់​លាន​ដុល្លារ។
នៅ​មិន​ទាន់​អស់​ឡើយ​ សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ជា​ផ្លូវ​នាវាចរណ៍​សមុទ្រ​ដ៏​មមាញឹក​មួយ​របស់​ពិភពលោក​ផងដែរ។ ​សព្វ​ថ្ងៃ​នេះ​ជាង​ពាក់កណ្តាល​នៃ​ការ​ដឹកជញ្ជូន​ប្រេង​តាម​ដែន​សមុទ្រ​បាន​ឆ្លងកាត់​ទី​នោះ។​ តួលេខ​បាន​កើន​ឡើង​យ៉ាង​គំហុកដោយ​សារ​ការកើន​ឡើង​នៃ​តម្រូវការ​ប្រេង​ក្នុង​ប្រទេស​ចិន។ ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​នាវា​ចរណ៍នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​មាន​សកម្មភាព​៣​ដង​ច្រើនជាង​នៅ​ព្រែក​ជីក​ស៊ុយអេ ​និង​៥​ដង​ច្រើន​ជាង​ព្រែក​ជីក​ប៉ាណាម៉ា​។

ប៉ុន្តែ ​ភាព​សម្បូរ​បែប​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​បែរ​ជា​ធ្វើ​ឲ្យ​តំបន់​នេះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​មិន​ចប់​មិន​ហើយ​ទៅ​វិញ។ ​ទ្រព្យ​កំណប់​មហាសាល​នៅក្នុង​ដែន​សមុទ្រ​មិន​ត្រូវ​បាន​គេ​ទាញ​យក​ផល​ឡើយ​ដោយ​សារតែ​ជម្លោះ​ដណ្តើម​គ្នា​រវាង​ប្រទេស​ជិតខាង។ ​ឥឡូវ​នេះ ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​រវាង​វៀតណាម ​និង​មហាយក្ស​ចិន​បាន​ឈាន​ដល់​កម្រិត​អាសន្ន​មួយ​ មានន័យថា សមុទ្រចិន​ខាងត្បូង​កំពុង​ស្ថិតនៅ​ពីមុខ​មាត់ជ្រោះ​នៃសង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ