អានតួអត្ថបទ
វៀតណាម

​​ហាណូយ​ធ្វើ​សមយុទ្ធ​ក្រោមក្រសែ​ភ្នែកក្តៅ​ក្រហាយ​របស់​​​​ចិន

នៅ​ថ្ងៃ​ចន្ទ​នេះ វៀតណាម​បាន​រៀប​ចំ​ធ្វើ​សមយុទ្ធ​ មួយ​ខ្សែ ដោយ​បាញ់​គ្រាប់​មែន​ទែន​ នៅ​ក្នុង​ដែន​សមុទ្ទ​ចិន​ខាង​ត្បូង។ ជា​សមយុទ្ធ​ដែលធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ចិន និង​វៀតណាម​កំពុងដំឡើង​សរសៃ​ក​ដាក់​គ្នា​យ៉ាង​ខ្លាំង​ ក្នុង​ជម្លោះ​ទាមទារ​បូរណភាព​ដែន​ដី​លើ​​ប្រជុំ​កោះ​ Spratleys និង​ Paracels។

ក្រុម​បាតុករ​វៀតណាម នាំ​គ្នា​ដង្ហែ​ក្បួន​នៅ​មុខ​ស្ថាន​ទូត​ចិន​ក្រុង​ហាណូយ​ថ្ងៃ​ទី ១២ មិថុនា ២០១១
ក្រុម​បាតុករ​វៀតណាម នាំ​គ្នា​ដង្ហែ​ក្បួន​នៅ​មុខ​ស្ថាន​ទូត​ចិន​ក្រុង​ហាណូយ​ថ្ងៃ​ទី ១២ មិថុនា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ទ្រនិច​នាឡិកា​វាយ​ម៉ោង​៨​​ភ្លាម ព្រឹកមិញ​ កងទ័ព​ជើង​ទឹក​វៀតណាម​បានចុច​បង្ហើរ​​ ​គ្រាប់​មែនទែន ​ជា​កិច្ច​​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​ នៅ​ម្តុំ​កោះ​ ហុង អុង (Hon Ong) ប្រមាណ២០០​គីឡូម៉ែត្រ​​ពី​​ប្រជុំ​កោះ​​ Paracels រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់។

ដំណាក់​កាលទីពីរ​នៃ​សមយុទ្ធ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ ៦​រសៀល​ (ម៉ោង​នៅ​ក្នុង​ប្រទេស​វៀតណាម) សម្រាប់​រយៈ​ពេល​៦​ម៉ោង។ ប៉ុន្តែ​នាយ​ទាហាន​វៀតណាម​ ​​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ មិន​យល់​ព្រម​ផ្តល់​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ចំនួន​ទាហាន​ សម្ភារៈ និង​នាវា​ចម្បាំង​ដែល​ចូល​រួម​ធ្វើ​សមយុទ្ធ​ពេល​នេះទេ។ លោក​គ្រាន់​តែ​បង្ហើប​ថា​ មាន​តែ​ការ​បាញ់​កាំភ្លើង​ធំ គ្មាន​ទេ​ពពួក​មីស្ស៊ីល។

សម្រាប់​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម សមយុទ្ធ​នេះ​ជាការ​​ហ្វឹក​ហាត់​ដូច​ទម្លាប់​​ ជា​ប្រចាំ​ឆ្នាំ​របស់​វៀតណាម។ ប៉ុន្តែ​មហាអំណាច​ចិន​ ដែល​លែង​បញ្ចេញ​ប្រតិកម្ម​អ្វី​តប​វិញ​សោះ តាំង​ពី​ថ្ងៃ​សុក្រ​ទី ១០​មិថុនា​មក បាន​តាម​ដាន​ព្រឹត្តិការណ៍​នេះ ដោយ​ព្រួយ​បារម្ភ។ ​

ចិន​និង​វៀតណាម សង្កៀត​ធ្មេញ​ដាក់​គ្នា​​ជា​ថ្មី​ក្នុង​អធិករណ៍​ដណ្តើម​ប្រជុំ​កោះ​Spratleys និង​ Paracels តាំង​ពី​ដើម​ខែ​ម្ល៉េះ នៅពេល​ដែល​នាវាល្បាត​ចិន​ បាន​ធ្វើ​ឲ្យ​ខូច​ខាត​កប៉ាល់​រុក​រក​ប្រេង​វៀតណាម នៅ​ចន្លោះ​ប្រជុំ​កោះ​ Spratleys និង​ Paracels។ សម្រាប់​វៀតណាម ទង្វើ​របស់​ចិន គឺ​ជា​ការ​រំលោភ​អធិបតេយ្យ​របស់​ខ្លួន។ ចំពោះ​ចិន​វិញ គឺ​ជា​ការ​ការពារ​ប្រយោជន៍​ចិន​ប៉ុណ្ណោះ។

ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ បាន​ក្លាយ​ជា​កំហឹង​កាន់​តែ​ខ្លាំងឡើង ម្សិលមិញ​ប្រជាជន​វៀតណាម​ជា​ច្រើនរយ​​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុម្ម​ប្រឆាំងនយោបាយ​ក្រុង​ប៉េកាំង​ នៅ​​មុខ​ស្ថានទូត​ចិន​​ប្រចាំ​​ក្រុង​ហាណូយ​និង​ក្រុង​ហូជីមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ