អានតួអត្ថបទ
វៀតណាម-ចិន

ង្វៀន តាន់ហ្ស៊ុងថា Paracels និង Spratleys ជា​កម្មសិទ្ធិ​វៀតណាម

នាយករដ្ឋមន្ត្រី​វៀតណាម​ង្វៀន តាន់ហ្ស៊ុង​(Nguyen Tan Dung) បាន​ប្រកាស​យ៉ាង​ចំហ​ថា​ប្រទេស​របស់​លោក​ត្រូវ​តែ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​ទៅ​លើ​ទីប្រជុំកោះ​Paracels និង​Spratleys។ សេចក្តី​ប្រកាស​នេះ​បាន​ធ្លាក់​មក​ដល់ ជួនចំ​ពេល​មួយ​ដែល​ទំនាក់ទំនង​រវាង​ចិន​និង​វៀតណាម​មាន​លក្ខណៈ​តានតឹង​ខ្លាំង ដោយហេតុតែ​ទំនាស់​ដែនដី​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

លោក​ង្វៀន តាន់ ហ្ស៊ុង (Nguyen Tan Dung) នាយករដ្ឋមន្រ្តី​វៀតណាម
លោក​ង្វៀន តាន់ ហ្ស៊ុង (Nguyen Tan Dung) នាយករដ្ឋមន្រ្តី​វៀតណាម REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

 

ចំពោះ​លោក ង្វៀន តាន់ហ្ស៊ុងអធិបតេយ្យ​របស់​ប្រទេស​វៀតណាម​ទៅ​លើ​Paracels និង​Spratleys គឺ​ជា​ការ​មួយ​ប្រកែក​មិន​បាន។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​នាយករដ្ឋមន្ត្រី​វៀតណាម​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​និង​យ៉ាង​ចំហ​អ៊ីចឹង នៅ​ក្នុង​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ។

អន្តរាគមន៍​ជា​ផ្លូវការ​បែប​នេះ​របស់​លោក​ង្វៀន តាន់ហ្ស៊ុង​ស្តែង​ឲ្យ​ឃើញ​នូវ​ទំនាស់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ជាលំដាប់​រវាង​ហាណូយ​និង​ប្រទេស​ចិន​ដែល​បាន​និង​កំពុង​បន្ត​ដណ្តើម​គ្នា​កាន់កាប់​ទីប្រជុំ​កោះ​ទាំង​ពីរ​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

«យើង​សូម​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​បក្ស របស់​ប្រជាជន និង​របស់​កងទ័ព ក្នុង​ការ​ការពារ​អធិបតេយ្យ​របស់​យើង​ទៅ​លើ​តំបន់​សមុទ្រ​និង​កោះ​នានា​របស់​ប្រទេស​យើង»។ នេះ​ជា​ពាក្យ​សំដី​របស់​លោក ង្វៀន តាន់ហ្ស៊ុង​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​មាន​អំណាច​ខ្លាំង​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៦​មិថុនា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ប្រជាជន​វៀតណាម​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ហាណូយ ដើម្បី​សម្តែង​នូវ​កំហឹង​របស់​ពួក​គេ។ បាតុកម្ម​នេះ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​នាវា​ចិន​បាន​កាត់​ផ្តាច់​ខ្សែ​កាប​របស់​កប៉ាល់​រុករក​ប្រេង​កាត​វៀតណាម និង​ក្រោយ​ពី​នាវា​ល្បាត​ចិន​បាន​គំរាម​ជាថ្មី​ទូក​នេសាទ​វៀតណាម នៅ​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

មហិច្ឆតា​កាន់​តែធំ​របស់​ចិន កំពុង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ព្រួយ​បារម្ភ។ វា​ក៏​កំពុង​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ទៅ​លើ​ទំនាស់​ដែនដី​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ