អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សហប្រជាជាតិ​ បន្ថែម​ទណ្ឌកម្ម កាន់តែ​ធ្ងន់​ទៅ​លើ​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពីថ្ងៃពុធ​ទី​ ៣០​វិច្ឆិកា​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​សម្រេច​បោះឆ្នោត​ជា​ឯកច្ឆ័ន ​លើ​សេចក្តី​សម្រេចចិត្ត​មួយ​ថ្មី ​ដើម្បី​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច ​យ៉ាង​ធ្ងន់​ ទៅ​លើ​កូរ៉េ​ខាងជើង។ សូម​បញ្ជាក់​ថា ​របប​កុម្មុយនីស្ត​ផ្តាច់ការ​កូរ៉េ​ខាង​ជើង​នេះ ​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ ​ ព្រមទាំង​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​ម្តង​ហើយ​ម្តង​ទៀត ​ ដោយ​បាន​ធ្វើការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ និង​កាំជ្រូច​មីស៊ីល​បាលីស្ទីក​ចំងាយ​ឆ្ងាយ ​ជាច្រើន​លើក។

ក្រុមប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជាជាតិ REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

លោក​បាន គីមូន ​បាន​លើកឡើង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៅ​លើ​កូរ៉េ​ខាងជើង ​លើក​នេះ ​គឺ​មាន​លក្ខណៈ​ពេញលេញ​ជាង​លើក​ណាៗ​ទាំងអស់។ ក្នុង​ន័យ​នេះ ​គឺ​គាត់​ចង់​សំដៅ​ជា​ពិសេស ​ ​គឺ​ប្រៀបធៀប​ទៅ​នឹង​ទណ្ឌកម្ម ​ដែល​បាន​ដាក់​កាល​ពីខែ​មីនា។ បើ​សរុប​គិត​ពី​ឆ្នាំ ​២០០៦​មក​ នេះ​គឺ​ជា​លើក​ទី៦ ​ហើយ ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ ​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េ​ខាងជើង ​ ហើយ​ម្តង​ធ្ងន់​បន្តិច​ ម្តង​ធ្ងន់​បន្តិច។

 
រាល់លើក ​ របប​កុម្មុយនិស្ត​ផ្តាច់ការ​ព្យុងយ៉ាង ​មិនដែល​គោរព​ សេចក្តី​សម្រេចចិត្ត​ របស់​អង្គការ​សហ​ប្រជាជាតិ​ទេ។ បើ​យើង​គិត​តែ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ កូរ៉េ​ខាង​ជើង ​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​២លើក​ ហើយ​និង​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​បាលីស្ទីក​ចំងាយ​ឆ្ងាយ​ប្រហែល​២៥​ដង​ ឯណោះ។ ដូច្នេះ ​កាលៈទេសៈ​នេះ ​ គឺ​អង្គការ​សហប្រជាជាតិ​តែ​ម្តង ​ ដែល​ត្រូវ​របប​កូរ៉េខាងជើង​ធ្វើ​ផ្គើន​ដាក់។

កំណត់​កម្រិត​អតិបរមា​ នៃការ​នាំចេញ​ធ្យូងថ្ម​កូរ៉េ​ខាងជើង៖
ចំណុច​ដែល​ធ្ងន់ ​ និង​ថ្មី ​នៅ​ក្នុង​ទណ្ឌកម្ម​ដែល​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃពុធ  ទី៣០​វិច្ឆិកា ​គឺ​ក្រុមប្រឹក្សា​សន្តិសុខ​ បាន​កំណត់​កម្រិត​នាំចេញ​ធ្យូង​ថ្ម​របស់​កូរ៉េ​ខាងជើង។ បើ​និយាយ​ងាយ​ស្តាប់​ម្យ៉ាង​ទៀត ​ ​គឺ​មិន​មែន​ទៅ​ដាក់​កំហិត​កូរ៉េ​ខាងជើង ​មិន​ឲ្យ​នាំចេញ​ធ្យូង​ថ្ម​ទេ ​ តែ​គឺ​គេ​ដាក់​កំហិត​ប្រទេស​ផ្សេងទៀត​ មិន​ត្រូវ​ទិញ​ធ្យូងថ្ម​របស់​កូរ៉េ​ខាងជើង ​ឲ្យ​លើស​កម្រិត​កំណត់​មួយ។ អ្នក​ដែល​ទិញ​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង ​ គឺ​មាន​តែ​ម្នាក់​គត់ ​ គឺ​ចិន​នេះ​តែ​ម្តង។

តាម​ការកំណត់ ​កម្រិត​អតិបរមា​នៃការ​ទិញ​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង ​ គឺ​មិន​ត្រូវ​ទិញ​ឲ្យ​លើស​ពី​ ៧,៥លាន​តោន​ ក្នុង​មួយ​ឆ្នាំ​ទេ ​ពោល​គឺ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជា​៤០០​លាន​ដុល្លារ។ កម្រិត​កំណត់​នេះ ​ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ បើ​ពិនិត្យ​លើ​តួលេខ​នេះ ​ មាន​ន័យ​ថា​ការ​នាំចេញ​ធ្យូងថ្ម ​របស់​កូរ៉េ​ខាងជើង ​នឹង​ត្រូវ​កាត់​បន្ថយ​ដល់​ទៅ​៦០% ​បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០១៥។

ក្រៅ​ពីការ​ដាក់​កំហិត​ ទៅ​លើ​ការ​នាំចេញ​ធ្យូងថ្ម ​ ចាប់​ពី​ពេល​នេះ​ទៅ​ គឺ​គេ​ហាម​ឃាត់​មិន​ឲ្យ​កូរ៉េ​ខាងជើង​ នាំចេញ​រ៉ែ​មួយ​ចំនួន ​ ដូច​ជា​រ៉ែ​ដែក ​ ស្ពាន់​ ប្រាក់​ សង្កសី ​និង​រ៉ែ​នីកែល ​ជាដើម។ ក្នុង​មួយ​ឆ្នាំៗ ​ការនាំ​ចេញ​រ៉ែ​ទាំងនេះ​ កូរ៉េ​ខាង​ជើង​អាច​រក​ចំណូល​បាន​ប្រមាណ​១០០​លាន​ដុល្លារ។ ចំណែក​ការ​ដាក់​កំហិត​ការ​នាំចេញ​ធ្យូង​ថ្ម​វិញ ​បើ​សិន​ជា​ធ្វើវា​ឲ្យ​មាន​ប្រសិទ្ធិភាព ​គឺ​កូរ៉េ​ខាងជើង​នឹង​បាត់​ចំណូល​ប្រមាណ​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

បន្ថែម​ឈ្មោះ ​ក្នុង​បញ្ជីខ្មៅ៖
ក្រៅ​អំពី​កំណត់​កម្រិត​អតិបរមា​ នៃ​ការ​នាំចេញ​ធ្យូង​ថ្ម​កូរ៉េ​ខាងជើង​នេះ ​ ក្នុង​ទណ្ឌកម្ម​ថ្មី​នេះ ​ ក៏​មាន​រិតបន្តឹង​ទណ្ឌកម្ម​ដែល​មាន​ពី​មុន​មក​ស្រាប់ ​បន្ថែម​ទៀត។ តួយ៉ាង ​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន ​រឺ​បុគ្គល​ឯកជន​មួយ​ចំនួន​ ដែល​មាន​ទំនាក់ទំនង​រកស៊ី ​ជាមួយ​រដ្ឋាភិបាល​ផ្តាច់ការ​កូរ៉េ​ខាងជើង។ ទណ្ឌកម្ម​នេះ ​ ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ហាមឃាត់ ​មិន​ឲ្យ​ធ្វើ​ដំណើរ ​ និង​ការ​ផ្អាក ​មិន​ឲ្យ​មាន​ចរាចរណ៍​បង្វិល​សាច់ប្រាក់ ​រឺ​ឥណទាន ​ ដែល​ជា​របស់​បុគ្គល​ឯកជន ​រឺ​នីតិបុគ្គល​នោះ។

ក្នុង​ទណ្ឌកម្ម​ចាស់ ​ គឺ​មាន​មនុស្ស​២៨នាក់​ និង​នីតិបុគ្គល​៣២ ​ដែល​ជាប់​ពាក់ព័ន្ធ។ ចំណែក​ទណ្ឌកម្ម​ថ្មី​នេះ ​បាន​បន្ថែម​ក្រុមហ៊ុន​ចំនួន​១០ ​និង​ មនុស្ស​ចំនួន​១១នាក់​បន្ថែម​ទៀត ​ទៅក្នុង​បញ្ជី​ខ្មៅ។ ហើយ​ក្នុង​ចំណោម​​មនុស្ស​១១​នាក់​ថ្មី​ ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ គឺមាន​ពីរ​នាក់​ ជា​អតីត​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាងជើង ​ប្រចាំការ​នៅ​អេហ្ស៊ីប ​និង​នៅ​ភូមា​ ទៀងផង។ ចំណុច​ថ្មី​មួយ​ទៀត​ដែរ​ ​គឺ​ចាប់​ពី​ឆ្នាំ​២០១៧​ទៅ ឯក​អគ្គរដ្ឋទូត​កូរ៉េខាង​ជើង ​ប្រចាំការ​នៅ​បរទេស​ទាំងអស់​ អាច​មាន​គណនី​ធនាគារ​តែ​មួយ​ប៉ុណ្ណោះ។ ធ្វើបែប​នេះ​ គឺ​ដើម្បី​បិទ​ច្រក​ចេញ​ចូល​ប្រាក់ ​ដែល​មន្ត្រី​ទូត​ទាំង​នោះ ​បន្លំ​ដើម្បី​យក​ទៅ​ចិញ្ចឹម​រដ្ឋាភិបាល​ព្យុងយ៉ាង។

ហេតុផល​នៅ​ពីក្រោយ ​ការ​បោះឆ្នោត​យល់ព្រម​របស់​ចិន៖
វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ ​ព្រោះ​ទំរាំ​ចរចា​គ្នា​ត្រូវ ​ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ ​គឺ​ចំណាយ​ពេល​ជិត​៣ខែ។ កម្មវត្ថុ​នៃ​ការ​ដាក់​ទណ្ឌកម្ម ​គឺ​ធ្វើ​យ៉ាងណា ​បិទ​ច្រក​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងជើង ​ដែល​របប​នេះ ​ យក​ទៅ​ចំណាយ ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ​អ្វី​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ពិបាក​សម្រេច​ចិត្ត ​ គឺ​គេ​ខ្លាចក្រែង ​ថា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ព្យុងយ៉ាង ​តែ​ប្រជាជន​កូរ៉េ​ខាងជើង​ទៅ​វិញ ​ ដែល​ជា​អ្នក​រង​ទុក្ខ​វេទនា ​ ព្រោះ​ត្រូវ​រដ្ឋាភិបាល​បង្អត់​កាន់​តែ​ខ្លាំង។ ហើយ​ជា​និច្ច​ជាកាល ​ ចិន​តែងតែ​ការពារ​ចំណុច​នេះ ​ ដោយ​លើក​ឡើង​ថា ​ គឺ​ប្រ​ជាជន​កូរ៉េ​ខាង​ជើង​ជា​អ្នក​រង​ការ​លំបាក។

លើកនេះ​ ចិន​បាន​ទទួល​យក​លក្ខខណ្ឌ​ថ្មី ​ដោយ​សុខចិត្ត​យល់​ព្រម ​កំណត់​កម្រិត​អតិបរមា​នៃ​ការ​នាំចេញ​ធ្យូងថ្ម​របស់​កូរ៉េ​ខាងជើង។ អាច​មាន​ហេតុផល​ពីរ​ ដែល​ធ្វើឲ្យ​ចិន ​សុខចិត្ត​ធ្វើ​ដូចនេះ៖

១-​ចិនមិន​ចង់​បង្ហាញ​ជំហរ​ថាខ្លួន ​គឺ​ជា​​អ្នក​ការពារ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង។ ដូច​យើង​ដឹង​ស្រាប់​ហើយ ​ ថា​កន្លង​មក ​កូរ៉េ​ខាង​ជើង​មាន​មិត្ត​តែ​ម្នាក់​គត់​ គឺ​ចិន។ ក៏​ប៉ុន្តែ​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ នៅ​ពេល​ គីម ជុងអ៊ុន ​ឡើង​កាន់​អំណាច ​ យើង​ឃើញ​ថា ​ កូរ៉េ​ខាងជើង ​មិន​សូវ​ជា​ស្តាប់​ឱវាទ​របស់​ចិន​ទេ ​ ហើយ​ធ្វើ​អី​ផ្តេសផ្តាស​ ដែល​អាច​ប៉ះពាល់​ផល​ប្រយោជន៍​ចិន ​ ជា​ពិសេស​គឺ​ទាក់ទង​នឹង​សន្តិសុខ​ស្ថិរភាព​តំបន់​តែម្តង។ អាវុធ​នុយក្លេអ៊ែរ​ វា​មិន​ស្គាល់ ​នរណា​ជា​មិត្ត​ នរណា​ជា​សត្រូវ​ទេ។​ ដូច្នេះ​ចិន ​ ក៏​អាច​ក្លាយ​ជា​ជន​រងគ្រោះ ​នៃ​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន​ ដែរ។ គឺ​តាម​រយៈទណ្ឌកម្ម​នេះ ​ដែល​ចិន​ចង់​ប្រាប់​ថា ​ចិន ​ បាន​កាត់​បន្ថយ​ការ​គាំទ្រ​ ទៅ​លើ​របប​ព្យុងយ៉ាង។

២-​តាម​ពិត​អាច​ជា​នយោបាយ​រួម​ របស់​រដ្ឋាភិបាល​ចិន ​ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម ​ ដែល​ជាប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ដ៏​សម្បើម​នៅ​ចិន។ បញ្ហា​ផ្សែង​ពុល​ក្នុង​បរិយាកាស ​គឺ​ជា​បញ្ហា​សង្គម​ធ្ងន់ធ្ងរ ​ដែល​កន្លង​មក ​បញ្ហា​នេះ​ជា​បញ្ហា​តែ​មួយ​គត់​ ដែល​ប្រជាជន​ចិន​ ហ៊ាន​ចេញ​មុខ​តវ៉ា​ររដ្ឋាភិបាល​ខ្លួន។ រដ្ឋាភិបាល​ចិន ​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ បាន​សន្យា​ជាមួយ​ជំហរ​មួយ​គួរឲ្យ​ទុកចិត្ត ​ថា​នឹង​កាត់​បន្ថតយ​ការ​ប្រើប្រាស់​ធ្យូងថ្ម។ ដូច្នេះ ​ការ​កាត់​បន្ថយ​ការ​ទិញ​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង ​គឺ​ជារឿង​ដែល​ចិន​ត្រូវ​ធ្វើ​ស្រាប់​ទៅ​ហើយ ​ ហើយ​ឆ្លៀត​ឱកាស​នេះ ​ អភិវឌ្ឍន៍​វិស័យ​ថាមពល​តាម​បែប​ធម្មជាតិ ​ ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​វិញ។ យើង​ឃើញ​ថា​ត្រង់​ចំណុច​នេះ ​ ចិន​ចំណេញ​ទាំង​នៅ​ក្នុង​ស្រុក ​ចំណេញ​ទាំង​លើ​ឆាក​អន្តរជាតិ។

ទណ្ឌកម្ម​ថ្មី ​មាន​ប្រសិទ្ធិភាព​ រឺគ្មាន​ អាស្រ័យ​លើ​ចិន​តែ​ម្នាក់​គត់៖
ចិន​តែ​ម្នាក់គត់ ​ដែល​ជា​អ្នក​ទិញ​ធ្យូងថ្ម ​ពី​កូរ៉េ​ខាង​ជើង។ កាល​ពី​ទណ្ឌកម្ម​លើក​មុន​ គេ​មិន​បាន​កំណត់​អំពី​ការ​ដាក់​កំហិត​លើ​ការ​នាំចេញ​ធ្យូងថ្ម​កូរ៉េ​ខាង​ជើង​ទេ។ បើ​គេ​ក្រលេក​មើល​ទៅ​លើ​តួលេខ​ផ្លូវការ​របស់​អាជ្ញាធរ​ចិន ​ គឺ​ឃើញ​ថា​ចិន​បាន​បង្កើន​ការ​នាំចូល​ធ្យូងថ្ម​ដល់​ទៅ​ មួយ​គុណ​ជា​ពីរ​ នៅ​រវាង​ខែ​មេសា ​ដល់ខែ​សីហា ​ពោល​គឺ​ប្រមាណ​ជា​១៩៧០០០​ តោន។ តែ​ក្រោយ​មក​នៅ​ខែ​តុលា ​ក៏​បាន​បន្ថយ​មក​វិញ​ នៅ​ត្រឹមតែ​៤៦០០០​តោន ​ដែល​មាន​តម្លៃ​ទឹកប្រាក់ ​ស្មើ​២,២៥​លាន​ដុល្លារ​ ប៉ុណ្ណោះ។

យោង​តាម​តួលេខ​នេះ ​ ​គឺ​វា​ឆ្លើយ​តប​ទៅ​នឹង​ហេតុផល​ទីពីរ ​​ពីខាងលើ​ ថា ​តាមពិត ​ចិន​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ទិញ​ធ្យូង​ថ្ម​ពី​កូរ៉េ​ខាងជើង​រួច​ទៅ​ហើយ ​មុន​នឹង​មាន​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ម្លេះ។ តែមុន​នឹង​កាត់​បន្ថយ​ គេ​បាន​ទិញ​ស្តុកទុក​ ក្នុង​ចំនួន​ក្រែល ​ដើម្បី​បង្ការ​តម្រូវការ​ជាក់ស្តែង។

តែយ៉ាងណា ​អ្វីៗ ​វា​អាស្រ័យ​លើ​វិធានការ​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ចិន។ មិនមែន​មាន​តែ​ធ្យូង​ថ្ម​មួយ​ទេ ​ដែល​ចិន​នាំចូល​ពី​កូរ៉េ​ខាងជើង ​ នៅ​មាន​ទំនិញ​ និង​វត្ថុ​ធាតុ​ដើម​ច្រើន​ទៀត ​ ដែល​ចិន​ទិញ​ពី​កូរ៉េ​ខាង​ជើង។ ហើយ​បើ​តាម​តួលេខ​របស់​អជ្ញាធរ​គយ​ចិន​ គឺ​ឃើញ​ថា​ការ​នាំចូល​ទំនិញ​ទាំង​នេះ ​កើន​ឡើង​ប្រហែល​២២% ​ក្នុង​ឆ្នាំ​២០១៦​នេះ។

ចិន​មិន​អាច​បន្ត ​ជើង​មួយ​ជាន់​ទូកពីរ​ នៅ​ខាង​មុខ​គេ​ថា​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ​ ​តែ​ខាង​ក្រោយ​ខ្នង​ បែរ​ជា​ជួយ​ទិញ​ទំនិញ ​ដើម្បី​ចិញ្ចឹម​ឆ្នាំងបាយ ​របស់​របប​ព្យុងយ៉ាង​នោះទេ។ គេដឹង​ថា ​ចិន​ខ្លាច​របប​នេះ​រលំ ​ព្រោះបើ​រលំ​ទៅ ​កូរ៉េ​ទាំងពីរ​នឹង​រួបរួម​គ្នា ​ហើយ​នឹង​ខិត​ទៅ​ជិត​អាមេរិក។ ទណ្ឌកម្ម​លើកនេះ ​ចិន​ស្មោះត្រង់ ​រឺ​យ៉ាងណា ​ គឺ​មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ ​ដែល​អាច​បញ្ជាក់​ការពិត​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ