អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន-កូរ៉េខាងជើង

សេអ៊ូល​និង​តូក្យូ​នឹង​ចែក​រំលែក​គ្នា​នូវ​​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​បញ្ហា​កូរ៉េ​ខាង​ជើង​

 ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​រវាង​គ្នា​ ពាក់ព័ន្ធ​បញ្ហា​កូរ៉េ​ខាង​ជើង។ កិច្ច​ព្រមព្រៀងទ្វេភាគី​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ត្បូង​មួយ​ផ្នែក ធ្វើការ​ប្រឆាំង​ ដោយសារតែ ប្រជាជន​កូរ៉េ​ខាង​ត្បូង​មួយ​ផ្នែក​ធ្លាប់​មាន​អតីតកាល​ដ៏​ជូរ​ចត់​ជា​មួយ​ជប៉ុន​នៅ​ក្នុង​ជម្លោះ​ប្រវត្តិសាស្ត្រ។ 

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​លោក​​Fumio Kishida ​(ឆ្វេង​)​ ជួបជាមួយ​​ឯកអគ្គ​រដ្ឋទូត​ចិន​នៅ​ជប៉ុន​​លោក Cheng Yonghua​.
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​លោក​​Fumio Kishida ​(ឆ្វេង​)​ ជួបជាមួយ​​ឯកអគ្គ​រដ្ឋទូត​ចិន​នៅ​ជប៉ុន​​លោក Cheng Yonghua​. Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​វាយ​តម្លៃ​ថា”​ជា​កិច្ច​ព្រមព្រៀង​ចាំ​បាច់​មួយ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ ដោយ​សារ​តែ​ការ​គំរាម​កំហែង​ផ្នែក​យោធា​របស់​​ព្យុងយ៉ាង។​ដោយ​កន្លង​មក ព្យុងយ៉ាង បាន​​សាកល្បង​​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក​នៅ​ឆ្នាំ​នេះ​និង​ការ​បាញ់​គ្រាប់​មីស៊ីល​ចំនួន​២០​គ្រាប់។

 
នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន “សេអ៊ូល បាន​ព្រមាន​ប្រាប់​​​ថា “កូរ៉េ​ខាង​ជើង បាន​ត្រៀម​ជាស្រេច​ដើម្បី​​សាកល្បង​នុយក្លេអ៊ែរ​ឬ​ក៏​ធ្វើការ​បាញ់​គ្រាប់​មីស៊ីល​ថ្មីៗ​ទៀត។

ហេតុ​នេះ​ហើយ បាន​ជា​កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​​ពង្រឹង​លើ​ផ្នែក​សន្តិសុខ​ជាតិ​ខ្លួន​ឲ្យ​បាន​ខ្លាំងថែម​ទៀត ដោយ​សហប្រតិបត្តិការ​រួម​គ្នា​ជា​មួយ​​​ជប៉ុន​នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រឈម​​ទល់​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​​កូរ៉េ​ខាង​ជើង​ដែល​កាន់​តែ​​កើន​ឡើង​ជាលំដាប់។

ក៏ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​នេះ ពុំ​បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​នៅ​កូរ៉េ​ខាង​ត្បូង មាន​ការ​យល់ស្រប​គ្នា​​ទាំង​ស្រុង​នោះ​ទេ ដោយ​សារ​តែ​ប្រជាជន​កូរ៉េ​ខាង​ត្បូង​កាល​ពី​​ជំនាន់​អាណានិគម​ជប៉ុន​នៅ​​ឆ្នាំ​១៩១០-១៩៤៥ ធ្លាប់​បាន​​​ទទួល​រង​ការ​​អាម៉ាស​យ៉ាង​ល្វីង​ជូរ​ចត់​ក្នុង​អតីតកាល​ដែល​ជប៉ុន​ខ្លួន​ឯង ពុំ​ដែល​ធ្វើការ​សុំ​ទោស​ប្រជាជន​កូរ៉េ​ខាង​ត្បូងអោយ​​បាន​សមរម្យ​ឡើយ​នៅក្នុងជម្លោះ​ប្រវត្តិសាស្រ្ត​នោះ។
 

រីឯ គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​នៅ​កូរ៉េ​ខាង​ត្បូង បាន​សំដែង​ការ​ប្រឆាំង​​យ៉ាង​ខ្លាំងក្លា​និង​​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ ថា​”ជា​ការ​ក្បថ​ជាតិ​និង​ជា​ការ​អាម៉ាស​មុខ”។

 

នៅ​​ជប៉ុន​វិញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​Fumio Kishida ​ បាន​ប្រកាស​ថា”​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​ កាន់តែ​មានសារៈ​សំខាន់​ខ្លាំង​ឡើងៗ​ជាង​ពេលណាៗ​ទាំង​អស់​នៅ​លើ​វិស័យ​ការពារ​សន្តិសុខ​ជាតិ​​​នៅ​ក្នុង​កាលទសៈ​មួយ​ដែល​នុយក្លេអ៊ែរកូរ៉េ​ខាង​ជើង​​កាន់តែ​បង្កើន​ការ​គំរាម​ខ្លាំង​ឡើងៗ​នៅ​ក្នុង​តំបន់។ លោក Fumio Kishida បាន​ថ្លែង​សង្កត់​ពាក្យ​ទៀត​ថា “ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ មាន​អត្ថន័យ​ដ៏​សំខាន់បំផុត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ