អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី​​ចាប់ខ្លួន​​​និពន្ធនាយក​​កាសែត​​ប្រឆាំង​ និង​​ដក​​តំណែង​​មន្ត្រី​​រដ្ឋការ​​ជាង​​១ម៉ឺននាក់​​ថ្មីទៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​នេះ ប៉ូលិស​​​តួកគី​បានចាប់ខ្លួន​និពន្ធនាយក​សារព័ត៌មា​ន​ប្រឆាំង Cumhuriyet  ​រួមទាំង​​អ្នក​​សារព័ត៌មាន និង​ថ្នាក់ដឹកនាំ​​​​​ជាច្រើនរូប របស់​កាសែត​​​ប្រឆាំង​មួយនេះ​ដែរ។ អាជ្ញាធរ​​បានចុះ​ទៅឆែកឆេរ​​ផ្ទះ​សម្បែង​​របស់​ពួកគេ។ ​​​ការចាប់ខ្លួន​ទាំងនេះ ស្ថិត​ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​​​បោសសម្អាត​រដ្ឋប្រហារ​មិនបា​នសម្រេច​ខែកក្កដា។

ខែ​ឧសភា ​២០១៥៖កាសែត​ប្រចាំ​ថ្ងៃ​តួកគី​ Cumhuriyet ចុះផ្សាយ​​ថា ផ្នែកចារកិច្ច​តួកគី​ផ្តល់អាវុធ​អោយ​ក្រុមឧទ្ទាម​នៅ​ស៊ីរី​
ខែ​ឧសភា ​២០១៥៖កាសែត​ប្រចាំ​ថ្ងៃ​តួកគី​ Cumhuriyet ចុះផ្សាយ​​ថា ផ្នែកចារកិច្ច​តួកគី​ផ្តល់អាវុធ​អោយ​ក្រុមឧទ្ទាម​នៅ​ស៊ីរី​
ផ្សាយពាណិជ្ជកម្ម

ក្នុង​ការ​បោសសម្អាត​ផ្ទៃក្នុង ​មន្ត្រី​រដ្ឋការ​ជាង​១ម៉ឺននាក់​ថ្មីទៀត បម្រើការ​ផ្នែក​អប់រំ យុត្តិធម៌ និង​សុខាភិបាល ត្រូវបាន​គេដក​តំណែង។ ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុមប្រឹក្សា​អឺរ៉ុប បាន​ព្រមាន​រដ្ឋាភិបាល​តួកគី ពី​រឿងចង់​បង្កើត​អោយ​មាន​​ការកាត់ទោស​ប្រហារជីវិត​ឡើងវិញ។

Cumhuriyet ជា​កាសែត​​មានជំហរ​ប្រឆាំង​រដ្ឋអំណាច​តួកគី
Cumhuriyet ជុំហួរីយេត​ ជា​កាសែត​ប្រឆាំង​ប្រចាំថ្ងៃ ​​ធំមួយ​​​ ក្នុងស្រុក​​តួកគី។ មិនមែន​លើក​ទី១​ទេ ដែល​​កាសែត​នេះ​មានរឿងជាមួយ​រដ្ឋាភិបាល។ ​​កាសែត​នេះ​​មានជំហរ​ប្រឆាំង​ប្រធានាធិបតី​​អ៊ែរដូហ្កាន ពេញទំហឹង​​តែម្តង។ ​កាសែតជុំហួរីយេត​​ ​បាន​​​​បង្កើន​ការ​ស៊ើប​អង្កេត​ជាច្រើន​​​​​ ប្រឆាំង​នឹង​រដ្ឋអំណា​ច។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គេឃើញ​កាសែត​នេះ​បាន​ចុះផ្សាយ​​​​​​​​​​ការ​​ស៊ើបអង្កេត​ គួរកត់សម្គាល់មួយ​​​ ​លើកឡើង​ពិ​សកម្មភាព​ផ្នែកចារកិច្ច​តួកគី។

ការស៊ើបអង្កេត​​​ផ្អែក​លើ​រូបភាពវីដេអូ​មួយ បង្ហាញ​​ថា​ ទីភ្នាក់ងារ​ចារកិច្ច​តួកគី​ បាន​ផ្គត់ផ្គង់​​​អាវុធ​អោយ​ដល់​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី។ ​ការ​ស៊ើបអង្កេត​​នេះ ធ្វើឡើង ពេល​កាសែតជុំហួរីយេត​​​ ​​​ស្ថិត​ក្រោម​ការគ្រប់គ្រង​​របស់​និពន្ធនាយក​មុន គឺ​លោក ​Can Dündar ចាន់ ឌុនដាស្ហ។ ​ដោយសារ​រឿងនេះ ​លោក​ ចាន់ ឌុនដាស្ហ បាន​រងការចោទប្រកាន់​ថា ​ទំលាយ​រឿងសំងាត់​ជាតិ ​ហើយ​ត្រូវបាន​តួកគី​កាត់ទោស​អោយជាប់​គុក ​៥ឆ្នាំ។ សព្វថ្ងៃ ​លោក​ឌុនដាស្ហ​ កំពុង​ភៀសខ្លួន​នៅ​អាល្លឺម៉ង់។

គួរបញ្ជាក់ថា ​​ថ្ងៃចន្ទ​នេះ ប៉ូលិស​តួកគី​​ចាប់ខ្លួន​​និពន្ធនាយក​ថ្មីរបស់​កាសែត​ជជុំហួរីយេត​ នោះ​គឺ​លោក ​Murat Sabuncu មួរ៉ាត សាប៊ុនជូ បូករួម​ទាំង​ថ្នាក់ដឹកនាំ​និង​អ្នកសារព័ត៌មាន​កាសែត​​ជុំហួរីយេត​ ច្រើនរូប​ផ្សេងទៀត​ដែរ។ ពួកគេ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​ថា ពួកគេ​អាច​ធ្វើ សកម្មភាព​​​ពាក់ព័ន្ធ​នឹង​​​រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃ​១៥កក្កដា រឺ​ក៏​​ពាក់ព័ន្ធ​នឹង​ក្រុមភេរវជន​គួដឌីស្ថាន​​ PKK។

កាលពី​​ថ្ងៃសៅរ៍ កាសែត​ផ្លូវការ​តួកគី ​បាន​ចុះផ្សាយ​ដែរថា តួកគី​បានចេញក្រឹត្យ​​​បិទ​ទ្វារ​សារព័ត៌មាន​ ទស្សនាវដ្តី និង​ទីភ្នាក់ងារ​សារព័ត៌មានផ្សេងៗ​​ ​​ចំនួន​១៥។ ​ក្រុមការពារ​សេរីភាព​សារព័ត៌មាន​វិញ ​លើកឡើងថា ​ក្នុងយុទ្ធនាការ​​​​បោសសម្អាត​​​រដ្ឋប្រហារ​កន្លងមក មាន​អ្នកកាសែត​​​១២៧នាក់ ​ត្រូវបាន​ឃុំខ្លួន។

ក្រុមប្រឹក្សា​អឺរ៉ុប​ព្រមាន​តួកគី​ពី​រឿងចង់​បង្កើត​អោយ​មាន​ការកាត់ទោសប្រហារ​ជីវិត​ឡើងវិញ
ការបោសសម្អាត​ផ្ទៃក្នុង​នៅ​តែ​បន្តធ្វើ តែ​​​ប្រធានានាធិបតិ​តួកគី​ ​​លោក​អ៊ែរដូហ្កាន​មិនទាន់​អស់ចិត្ត​ទេ។ ​​រហូតពេលនេះ ​​​​មេចលនា​ប្រឆាំង គឺ​​​ហ្វេទូឡា ហ្គូឡិន មិន​ត្រូវបាន​អាមេរិក​បញ្ជូន​មកអោយ​តួកគី​កាត់ទោសទេ។ ​​លោក​ហ្គូឡិន​នេះហើយ ​ជាប្រភព​ភ្លើង​​កំហឹង​របស់​រដ្ឋាភិបាល​តួគកី។

​លោក​ហ្គូឡិន​ ដើមឡើយ ​ជា​មិត្ត​ជិតដិត​នឹង​រដ្ឋាភិបាល។ ប៉ុន្តែ​ ឆ្នាំ២០១៣ មានផ្ទុះរឿង​អាស្រូវពុករលួយ ប៉ះពាល់​រដ្ឋាភិបាល ​និង​កិត្តិយស​លោក​អ៊ែរដូហ្កាន​​ ​ធ្វើអោយ​លោក​ហ្គូឡិន រង​ការចោទប្រកាន់​ថា ប្រឌិត​​​​រឿងពុករលួយ បង្ខូច​កិត្តិយស​រដ្ឋាភិបាល។ ​មិត្តបាន​​​ប្រែ​ក្លាយ​​ទៅជា​សត្រូវ។ ហើយ​បើ​លោក​ហ្គូឡិន​ ពិត​​ជា​នៅក្រោយ​រដ្ឋប្រហារ​ខែកក្កដា​មែន ​ពិតជា​ធ្វើអោយ​លោក​អ៊ែរដូហ្កាន ខឹង​​មិនងាយ​បាត់​អញ្ចឹង​ហើយ។

រដ្ឋប្រហារ​ខែកក្កដា​នៅតួកគី​កន្លងទៅ​​​ បាន​សម្លាប់​មនុស្ស​២៤១នាក់។ ​​រហូតពេលនេះ ​​​អាមេរិក​មិនព្រម​​បញ្ជូន​ហ្គូឡិន មក​អោយ​តួកគី​កាត់ទោស​ តួកគី​ពិតជា​មិនអស់ចិត្ត​ទេ។

ប្រហែល​​អញ្ចឹងហើយមើលទៅ ទើប​រដ្ឋាភិបាល​លោកអ៊ែរដូហ្កាន បោសសម្អាត​ផ្ទៃក្នុង​សម្បើម​​ដៃ​ដូច្នេះ ប្រហែល​ដើម្បី​​ដាក់សម្ពាធ​​​ដល់​អាមេរិក និង​លោក​ហ្គូឡិន​ ក៏ដូច​ជា​ដល់​ក្រុមប្រឆាំង​ផ្សេងៗ អោ​យ​បាក់ស្បាត​​រាងចាល​ម្តង។

​ក្រោយរដ្ឋប្រហារ​ខែកក្កដា​នេះ​ ​​លោក​អ៊ែរដូហ្កានបាន​បង្ហាញ​បំណង​​រហូត​ចង់អោយ​តួកគី​​អនុវត្ត​ការ​កាត់ទោស​​​​​​​ប្រហារ​ជីវិត​ឡើងវិញ។ កាលពី​ថ្ងៃសៅរ៍ លោក​បាន​បញ្ជាក់ថា ​រដ្ឋាភិបាល​​នឹង​ដាក់សំណើ​នេះ​ ​ទៅសភា តែ​មិនដឹងថា ដាក់ទៅ​សភា​ពេលណា​ពិតប្រាកដ​ទេ។​​

ដោយសារ​រឿងចង់​អោយ​មាន​​​ទោស​ប្រហារជីវិតឡើងវិញ​​នេះ ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​ក្រុមប្រឹក្សា​​អឺរ៉ុប​បាន​ព្រមាន​និង​​រំលឹក​​តួកគី​​ថា ការ​កាត់ទោស​ប្រហារជីវិត ​ជាការ​​ដើរផ្ទុយ​ពីគោលការណ៍​​​​រដ្ឋអឺរ៉ុប។ ​សូម​បញ្ជាក់​​ថា ​​តួកគី​ជា​សមាជិក​មួយ ក្នុង​ចំណោម​សមាជិក​ទាំង​៤៧នៃ​ក្រុមប្រឹក្សា​អឺរ៉ុប។

ក្នុង​ក្របខណ្ឌ​នៃ​ការ​ដាក់បេក្ខភាព​​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ​តួកគី​បាន​លុបចោល​ទោស​​ប្រហារ​ជីវិត​ កាលពី​ឆ្នាំ​២០០៤។ មិនត្រឹម​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ ដែល​ព្រមាន​តួកគី រឿងទោស​ប្រហារជីវិត​ ​អូទ្រីស​ក៏ព្រមាន​ដូចគ្នា។ រដ្ឋមន្ត្រី​ការបរទេស​អូទ្រីស​លើកឡើង ទៅ​តួកគី​​ថា ​ទោស​ប្រហារជីវិតជា​ទង្វើ​អមនុស្សធម៌ និង​ឃោរឃៅ។ ​

គួររំលឹកដែរថា ​ដោយសារ​រឿងបោសសម្អាត​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​នៅតួកគី ​អូទ្រីស​ធ្លាប់​ស្នើទៅ​​​​សហភាព​អឺរ៉ុប ​អោយ​​ព្យួរ​ការ​ចរចា​​ជាមួ​យតួកគី រឿង​តួកគី​ចង់ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នេះទៀតផង។

តួកគី​ចង់​រកតម្រុយ ​ចាត់ទុក​​​​ចលនា​ហ្គូឡិន​ ​ និង​ក្រុមភេរវជនPKK ថា​ជាក្រុម​តែមួយ ?​​
អ្នកសារព័ត៌មាន​និង​ថ្នាក់ដឹកនាំ​កាសែត​ប្រឆាំង​ជុំហួរីយេត ដែល​ប៉ូលិសបាន​ចាប់ខ្លួន ពេលនេះ ​មិនត្រឹម​អាច​រងការ​ចោទប្រកាន់​ថា បានធ្វើសកម្មភាព​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ថ្ងៃ​១៥កក្កដា​ទេ តែ​​​ក៏​អាច​រងការ​ចោទប្រកាន់​ថា បាន​​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​​ជាមួយ​ក្រុម​ភេរវជន​ជ្រុល​និយម គួដឌីស្ថាន​ PKK ​ដែរ។  

តាមមើល ​រដ្ឋាភិបាល​តួកគី​ប្រហែល​ជា​ចង់ចាត់​​បញ្ចូល​ចលនា​ហ្គូឡិន ទៅក្នុង​​ក្រុមភេរវជន គួដឌីស្ថាន​ PKK នេះក៏ថាបាន​។ ​ក្រុមមួយនេះ​ តែង​បង្ក​ភេរវកម្ម ​ប្រឆាំង​ប៉ូលិស​ក្នងស្រុក​តួកគី។ ​អាមេរិក និង​​អឺរ៉ុប សុទ្ធតែ​ចាត់ទុក​ក្រុម​​ PKK ថា ជា​ក្រុមភេរវជន។

បើ​អាច​រកបាន​​ភស្តុតាង និង​​​​​ហេតុផល​ថា ចលនា​ហ្គូឡិន មាន​ពាក់ព័ន្ធរឺ​បាន​​រួមដៃ​ជាមួយ​​​ក្រុម​ភេរវជន​​មួយនេះ តួកគី​ប្រហែល​អាច​ដាក់​សម្ពាធ​អាមេរិក អោយព្រម​​​​បញ្ជូន​លោក​ហ្គូឡិន មកអោយ​តួកគី​កាត់ទោស​​​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ