អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ទៅ​តួកគី​ ក្នុង​ពេល​មាន​ទំនាក់ទំនង​រវាង​គ្នាស្មុគស្មាញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក លោក អាស្តុន ការទ័រ Ashton Carter បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​អង់ការ៉ា ប្រទេស​តួកគី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​ពេល​ដែល​ទំនាក់ទំនង​រវាង​​សម្ព័ន្ធ​មិត្ត​ទាំងពីរ​អាមេរិក-តួកគី​ធ្លាក់​ក្នុង​សភា​ព​ស្មុគស្មាញ​។ ជា​ទស្សនកិច្ច​ខ្លី​ រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំតួកគី​សំខាន់ៗ​ជា​ច្រើន​រូប មុន​នឹង​បន្ត​ដំណើរ​មក​អឺរ៉ុប។ ទស្សនកិច្ច​នេះ​ប្រព្រឹត្តទៅ​ក្នុង​បរិបទតំបន់​​ដ៏​តាន​តឹង​មួយ​ទៀត គឺ​​ការ​បើក​ប្រតិបត្តិការ​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​មូស៊ូល​ប្រទេស​អ៊ីរ៉ាក់។

លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក Ashton Carter
លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក Ashton Carter Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក ការទ័រ មក​បំពេញ​ទស្សនកិច្ច​នៅ​​ប្រទេស​តួកគី​ តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ដោយ​បាន​​ជួប​​ពិភាក្សា​ជាមួយ​សមភាគី​តួកគី លោក ហ្វីគ្រី អ៊ីស៊ីក ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ និង​លោកប្រធានាធិបតីតួកគី​ លោក អែរដូហ្កាន។ កម្មវត្ថុ​ចំបង​នៃ​ទស្សនកិច្ច​គឺ ផ្តោត​ទៅ​លើ​បញ្ហាសន្តិសុខ​តំបន់ ជាពិសេស​ជុំវិញ​វិបត្តិ​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។

ប្រមុខ​ដឹកនាំមន្ទីរ​បញ្ចកោណ​អាមេរិក ត្រូវ​ការ​ជួបថ្នាក់​ដឹកនាំ​សំខាន់ៗ​​របស់​តួកគី​ ដើម្បី​ជជែក​អំពី​ផែនការ​ថ្ងៃ​មុខ សម្រុក​កម្ចាត់​ពួក​អង្គការរដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​រ៉ាខា ប្រទេស​ស៊ីរី ដែល​តួកគី​នៅ​មិន​ទាន់ព្រមព្រៀង ព្រោះ​មិន​ឱ្យ​យុទ្ធជន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​គួដឌីស្ថាន​ប្រចាំ​តំបន់​ស្វយ័ត​ភាគ​ខាង​ជើង​ស៊ីរី ចូល​ធ្វើ​ប្រតិបត្តិការ​​ជាមួយ​សម្ព័ន្ធមិត្តអន្តរជាតិ​ទេ។

ទាក់ទង​នឹង​​ប្រតិបត្តិការ​​នៅ​ក្រុង​មូស៊ូល​​។ អាមេរិក​ដែល​ចង់​រក្សា​ជំហរ​អព្យាក្រិត្យ​ឱ្យ​អ៊ីរ៉ាក់​និង​តួកគី ចង់​​ដាស់​តឿន​រំលឹក​តួកគី ឱ្យ​ស្គាល់​​ពាក្យ​ថា “គោរព​បូរណភាព​ដែនដី​» ដែល​​ជា​គោលការណ៍​គ្រឹះ​ដ៏​សំខាន់ និង​ដែល​​គ្មានសមាជិក​សម្ព័ន្ធ​អន្តរជាតិណា​អាច​​រំលោភ​បាន​ឡើយ។

តួកគី​ដែល មាន​បន្ទាត់​នយោបាយ​របស់​ខ្លួន​ច្បាស់​លាស់ ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ផង និង​ត្រូវ​ដោះស្រាយ​វិបត្តិ​​គួដឌីស្ថាន​ដែល​នៅ​ក្នុង​និង​ក្រៅ​របង​ផង រហូត​ដល់​ពេល​ខ្លះ​ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​អ្នក​ផ្សំ​គំនិត​ជាមួយ​ពួក​ជីហាត ពេល​ខ្លះ​ជា​សត្រូវ ​​ជំនះ​យ៉ាង​ដាច់​ខាត ថា​ត្រូវ​តែ​មាន​ចំណែក​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ចូល​លុក​ក្នុង​​នៅ​ក្រុង​មូស៊ូល​ដែរ បើ​ទោះ​បី​ជា​តាម​គោលការណ៍​គេ​អនុញ្ញាត​ឱ្យ​ទាហាន​និង​ប៉ូលិស​អ៊ីរ៉ាក់​ចូល​ក៏​ដោយ។ ព្រោះ​តួកគី​យល់​ថា​ជា​សិទ្ធិ​ត្រឹម​ត្រូវ​ និង​មាន​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​លើ​ក្រុង​មូស៊ូល​នេះ។

អ៊ីរាក់ សុំ​ជំនួយ​ទ័ព​ពី​តួកគី ?

តួកគី​មាន​មូលដ្ឋាន​ទ័ព​មួយ នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់នៅ​ចម្ងាយ​ប្រមាណ​ជា ១០​-២០គីឡូម៉ែត្រ​ពី​​ក្រុង​មូស៊ូល តាំង​ពី​ឆ្នាំ​២០១២​មក​ ហើយក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោ​យ​នេះ ​តួកគី​បានពង្រឹង​​កម្លាំង​យោធា ទៅបំពាក់បំប៉ន​យុទ្ធជនអ៊ីរ៉ាក់​និកាយ​ស៊ុននីត សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋអ៊ីស្លាម។ ​

បើ​តាម​លោក​អែរដូហ្កាន ប្រធានាធិបតី​តួកគី គឺរដ្ឋាភិបាល​ក្រុង​បាកដាត ជា​អ្នក​ធ្វើ​សំណើ​ជា​ផ្លូវការ​សុំ​កម្លាំង​ជំនួយ​ ដើម្បីប្រយុទ្ធ​ប្រឆាំង​​នឹង​ពួក​ជីហាត កាលពី​ឆ្នាំ​២០១៤។ ហើយ​កិច្ចព្រមព្រៀង​បែប​នេះ ក៏​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ​១៩៩០​មកដែរ។ ប៉ុន្តែ​ពេល​ខ្លះ​​ តួកគី​បាន​​និយាយ​ថា​វត្តមាន​ទ័ព​នេះ ជា​សំណើ​របស់​អភិបាល​តំបន់​ភាគខាង​ជើង​អ៊ីរ៉ាក់​ទៅ​វិញ ម្តង​ថា​ជា​សំណើ​របស់​អាជ្ញាធរ​សហព័ន្ធ។ ដូច្នេះ​មិន​ថា​មួយណា​ពិត​ទេ !

​សម្រាប់​តួកគី រដ្ឋាភិបាល​អ៊ីរ៉ាក់មាន​កង្វះ​ខាត​ច្រើន ដូច្នេះ​ទើប​តួកគីដែល​មាន​ព្រំដែន​ជាប់​ស៊ីរី និង​អ៊ីរ៉ាក់ ដល់​ទៅ​១ពាន់​គីឡូម៉ែត្រ ​​​ត្រូ​វតែ​មាន​ភារៈ​ចេះ​រក្សា​ថែតំបន់​​ព្រំដែន​​នេះ។ លោក អែរដូហ្កាន ចង់​ធានា​រ៉ាប់រង​ឱ្យ​ច្បាប់​ថា​នឹង​ភ្នែក​ថា​គ្មាន​កម្លាំង​គួដឌីស្ថាន​និង​កង​កម្លាំង​ឈីអ៊ីត​របស់​យោធា​អ៊ីរ៉ង់ ព្រមទាំង​កង​យុទ្ធជនឈីអ៊ីត​អ៊ីរ៉ាក់ ដណ្តើម​កាន់​កាប់​ក្រុង​​មូស៊ូល នៅ​កៀក​បង្កើយ​នឹង​ព្រំដែន​ខ្លួន​ ក្រោយ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​បែក​ខ្ចាត់​ខ្ចាយ​ទៅ។

អ្វី​ដែល​​ប្រាកដ​នោះ​គឺ​ក្រុង​មូស៊ូល​ ជា​តំបន់​យុទ្ធសាស្ត្រ​ ដែល​គ្រប់​ភាគី​ចង់​បាន​ចំណែក​គ្រប់គ្រង​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ