អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​សាធារណរដ្ឋ​បោះឆ្នោត​ច្បាប់​ស្តី​ពី​ថវិកា​បន្ថែម​សម្រាប់​រដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ សភា​អាមេរិកាំង ដែល​មាន​អ្នកតំណាងរាស្រ្ត ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​បោះឆ្នោត​ច្បាប់​ថវិកា​ថ្មី​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បន្ត​ខ្ចី​ប្រាក់បំណុល​បន្ថែម​ប្រមាណ​៩៨៦​ពាន់​លាន​ដុល្លារ។ ច្បាប់​ថវិកា​នេះត្រូវ​បាន​អនុម័ត​ដោយ​រលូន គឺ​ដោយ​សំឡេង​គាំទ្រ​២៣០ នៅពេល​មាន​អ្នកប្រឆាំង​១៨៩។ នៅថ្ងៃ​ទី ១ តុលា រដ្ឋាភិបាល​អាមេរិក​នឹង​អស់​ថវិកា​ពី​ហិប ដើម្បី​បើកប្រាក់ខែ​ដល់​មន្រ្តី​រដ្ឋការ​របស់ខ្លួន។

លោក​John Boehnerប្រធានក្រុម​សាធារណរដ្ឋ​នៅ​សភា និង​លោក​អូបាម៉ា នៅក្នុង​ឱកាស​ពិភាក្សា​ស្តី​ពី​វិបត្តិ​ស៊ីរី
លោក​John Boehnerប្រធានក្រុម​សាធារណរដ្ឋ​នៅ​សភា និង​លោក​អូបាម៉ា នៅក្នុង​ឱកាស​ពិភាក្សា​ស្តី​ពី​វិបត្តិ​ស៊ីរី ©REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

មើល​ពី​សំបក​ខាងក្រៅ រដ្ឋាភិបាល​អាមេរិក​នឹង​អស់​បញ្ហា លែង​ជួប​ឧបសគ្គ​ខ្វះថវិកា​ទៀត ហើយ ព្រោះ​សភា និយាយ​ឲ្យ​ចំ គឺ​ក្រុមសាធារណរដ្ឋ​បាន​យល់ព្រម​បោះឆ្នោត​លើ​ថវិកា​បន្ថែម​ដល់​រដ្ឋាភិបាល។ ប៉ុន្តែ បើមើល​ឲ្យ​ស៊ីជម្រៅ តាមពិត វា​ជា​អំណោយ​ដែល​បង្កប់​ដោយ​ថ្នាំ ពិសពុល ព្រោះថា ក្រុមសាធារណរដ្ឋ​យល់ព្រម​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់​បន្ថែម​មែន ប៉ុន្តែ គឺ​គ្រាន់តែ ដើម្បី​ដោះទ័ល​តែ​ប៉ុណ្ណោះ គឺរហូត​ដល់​ចុងឆ្នាំនេះ។ ដូច្នេះ ចាប់ពីដើម​ឆ្នាំក្រោយទៅ រដ្ឋាភិបាល​នឹង​អាច​ជួប​វិបត្តិថវិកា​ជាថ្មីទៀត នៅពេល​ចាយអស់លុយ​ដែល​សភា​បាន​អនុម័ត។

 
ទីពីរទៀត នៅក្នុង​ច្បាប់​ដែល​អ្នកតំណាងរាស្រ្ត​សាធារណរដ្ឋ​បាន​បោះឆ្នោត​អនុម័ត គេ​បាន​ចងលក្ខខណ្ឌ​មួយ​ភ្ជាប់​ជាមួយ គឺ​គេ​ត្រូវ​លុប​ចោល​ថវិកា​សុខភាព​របស់​លោក​អូបាម៉ា​ចោល។ គឺ​រឿង​លុបចោល​ថវិកា​ផ្គត់ផ្គង់​សេវា​សុខភាពនេះ​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​ច្បាប់​ថវិកា​នេះ​លែង​ទៅជា​មានន័យ​ទៅវិញ។ ប្រធានក្រុមតំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគច្រើន នៅ​ព្រឹទ្ធសភា បាន​អះអាង​ហើយ​ថា នឹង​បដិសេធ​រុញច្រាន​ចោល នៅពេល​ច្បាប់​មកដល់​ព្រឹទ្ធសភា។ មានន័យថា ច្បាប់​នឹង​ត្រូវ​បញ្ជូន​ត្រលប់មក​ឲ្យ​រដ្ឋសភា​សិក្សា កែប្រែ ឡើងវិញ។ មួយវិញ​ទៀត នៅ​តែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​ការបោះឆ្នោត​របស់​រដ្ឋសភា លោក​អូបាម៉ា​ផ្ទាល់ ដែល​ជា​អ្នកស្នើ ច្បាប់​សុខភាព​នេះ បាន​ប្រកាស​ហើយថា លោក​នឹង​វេតូ​មិន​ឲ្យ​ច្បាប់​នេះ ចេញ បាន​ជា​ដាច់ខាត។
 
បើសិន​ជា​សភា​អាមេរិក​ខកខាន​មិន​ព្រម​អនុម័តចេញ​​ច្បាប់​ថវិកា​នេះ​បន្ថែម គឺ​ច្បាស់ណាស់​ថា រដ្ឋ​នឹង​គ្មាន​លុយ​នៅក្នុង​ហិប​ដើម្បី​បើកប្រាក់ខែ​ដល់​មន្រ្តីរដ្ឋការ។ ជារួម សេវាសាធារណៈ​នឹង​ត្រូវផ្អាក ការិយាល័យ​រដ្ឋបាល ដូចជា​កន្លែង​ធ្វើ​លិខិតឆ្លងដែន ឬ​សួនសាធារណៈ​នឹង​ត្រូវ​បិទទ្វារ ដោយសារ​គ្មាន​ថវិកា​សម្រាប់​បុគ្គលិករដ្ឋ។

បុគ្គលិករដ្ឋ​មួយ​ចំនួន​ដែល​មាន​មុខងារ​មិន​សំខាន់​នឹងត្រូវ​ព្យួរផ្អាកការងារ គឺដូចគ្នា​នឹង​មន្រ្តីកងទ័ព​មួយចំនួន។ តាម​អ្នកតំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បុគ្គលិក​របស់​FBI និង​ប៉ូលិស​ត្រួតពិនិត្យ​សុវត្ថិភាព​ក៏​នឹង​ត្រូវ​ផ្អាកការងារ​ដោយសារ​តែ​រដ្ឋខ្វះថវិកានេះដែរ។ នេះ​បើ​និយាយ​ពី​កញ្ចប់​ថវិកា​ដែល​គេ​ត្រូវការ​បន្ទាន់ ឲ្យ​បាន​មុន​ថ្ងៃ​ទី ១​តុលាការ ជាថ្ងៃ ដែល​រដ្ឋ​អាមេរិកអស់​លុយ​ពី​ហិប​ជា​ផ្លូវការ។

មួយវិញទៀត ក្រៅតែ​ច្បាប់​ថវិកា​បន្ថែម នៅ​មាន​ច្បាប់​មួយ​ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​សភា​អនុម័ត នោះ​គឺ​ការដំឡើង​ចំនួន​ប្រាក់បំណុល​ព្រោះថា ពេលនេះ រដ្ឋាភិបាល​បាន​ខ្ចីប្រាក់បំណុល​គេ​រហូត​ដល់​ចំនួន​ដែលច្បាប់​កំណត់ គឺ​ប្រមាណ ១៦​៧០០​ពាន់​លាន​ដុល្លារ។ រដ្ឋាភិបាល​កំពុង​ទាមទារ​ឲ្យ​សភា​ទាំងពីរថ្នាក់​ធ្វើ​ច្បាប់​នេះ​ឲ្យ​ឆាប់ គឺ​មុន​ពាក់កណ្តាល​ខែ​តុលា​ខាងមុខ។ បើ​មិន​ដូច្នោះទេ រដ្ឋមិនត្រឹម​តែ​គ្មាន​ប្រាក់​ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋ​ក៏​នឹង​គ្មានប្រាក់​ដើម្បី​សងការប្រាក់​ដល់​ម្ចាស់​បំណុលទៀត។ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​ធ្លាប់​ព្រមាន​ហើយថា អាមេរិក​នឹង​អាច​ជួប​វិបត្តិ​ប្រាក់​បំណុលជាថ្មី បើសិន​ជា​សភា​ខកខាន​មិន​ធ្វើ​ច្បាប់​ដំឡើង​ប្រាក់​បំណុលទាន់ពេល។ អាមេរិកជួប​វិបត្តិ​ថវិកា នឹង​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់បំណុល​លែង​ទុកចិត្ត ឲ្យ​ប្រាក់ខ្ចី ឬ​បើឲ្យ​ខ្ចី គឺ​ជាមួយ​អត្រាការប្រាក់ខ្ពស់។ ផលវិបាក​នេះ​មិនត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ប៉ុណ្ណោះទេ ប៉ុន្តែ នឹង​ប៉ះពាល់​ដល់​ទីផ្សារ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។

រហូតមកដល់ពេលនេះ គេ​កំពុង​បារម្ភ​ពី​រឿង​នេះ ព្រោះថា ភាគី​ទាំងពីរ សភា មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកប្រធានាធិបតី​អូបាម៉ា នៅតែ​រឹងរូស​និយាយ​មិនត្រូវគ្នា។ ក្រុមប្រឆាំង​បាន​បោះឆ្នោត​ច្បាប់នេះ មែន ប៉ុន្តែ គេទាមទារ​ឲ្យ​លុបចោល​ច្បាប់​សុខភាព​របស់​លោកអូបាម៉ា។

លោកអូបាម៉ា​វិញដែល​ជា​បាន​ចេញមុខ​ការពារ​ច្បាប់​សុខភាព​យ៉ាង​ដាច់ខាត ​បាន​បញ្ជាក់​ហើយ​ថា លោក​នឹង​មិនចរចា ឬ​ក៏​យល់ព្រម​ធ្វើ​សម្បទាន ជាមួយ​គណបក្ស​សាធារណរដ្ឋ ដូច​ដែល​លោក​ធ្លាប់​​បាន​ធ្វើ កាលពី​វិបត្តិ​ថវិកា​ឆ្នាំ ២០១១​កន្លងមក​នោះ​ទេ។

កាលណោះ ដើម្បី​ឲ្យ​ក្រុម​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគច្រើន​នៅ​សភា យល់ព្រម​បោះឆ្នោត​ឲ្យ​ដំឡើង​ចំនួន​ប្រាក់បំណុល​បន្ថែម ដែល​រដ្ឋាភិបាល​ត្រូវការចាំបាច់ លោកអូបាម៉ា​បាន​យល់ព្រម​តាមការទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ គឺ​សុខចិត្ត​អនុវត្ត​នយោបាយ​កាត់បន្ថយ​ចំណាយ​សាធារណៈ​ប្រមាណ ២១០០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​១០​ឆ្នាំ។

លោកអូបាម៉ា​នឹង​មិនចរចា​ដើម្បី​និយាយ​ពីការលុប​ច្បាប់​សុខភាព
ច្បាប់សុខភាព​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​នៅឆ្នាំ​២០១០។ ច្បាប់​នេះ​ដែល​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃ​ទី១​ខែ​តុលា​បាន​ចែងថា ប្រជាជន​អាមេរិកាំង​មាន​សិទ្ធិ​បាន​ទទួល​សេវា​សុខភាព។ ច្បាប់នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ចាប់​ពី​មនុស្ស​៥០​នាក់​ឡើងទៅ ចូលរួម​វិភាគទាន​ដើម្បី​សេវាធានា​សុខភាព​របស់​បុគ្គលិក។ ប្រជាពលរដ្ឋអាមេរិកាំង​រាប់លាន​នាក់ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវាធានារ៉ាប់រ៉ង សុខភាព នឹង​បាន​ទទួល​ប្រយោជន៍​ពី​ច្បាប់​សុខភាព​របស់​លោកអូបាម៉ា។ ប៉ុន្តែ ក្រុមសាធារណរដ្ឋ​វិញ​យល់ថា ច្បាប់នេះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ដើរថយក្រោយ​ទៅវិញទ។ ពោល គឺ​ម្ចាស់ក្រុមហ៊ុន នឹង​កាត់បន្ថយ​បុគ្គលិក ឬ​មិន​ហ៊ាន​រើសបញ្ចូល​បុគ្គលិក​បន្ថែម ដោយ​គេខ្លាច​បង់​វិភាគទាន​ច្រើន​លើ​ផ្នែកសុខភាព​របស់​បុគ្គលិក។ ក្រុមសាធារណរដ្ឋ​ដែល​បាន​ចូលកាន់កាប់​សភា តាំងពី​ឆ្នាំ ២០១០​អះអាងថា ប្រជាជន​អាមេរិកាំង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ជួប​វិបត្តិថវិកា ហើយ​ក៏​មិន​ចង់​បាន​ច្បាប់​សុខភាព​របស់​លោកអូបាម៉ា។ ប្រធានក្រុមសាធារណរដ្ឋ​នៅ​រដ្ឋសភា​បាន​និយាយ​ហើយថា លោកអូបាម៉ា​នឹង​ទទួល​ខុសត្រូវ​លើ​ជោគវាសនា​អាមេរិក និង​មន្រ្តី​ដែល​មិន​បាន​ទទួល​ប្រាក់ខែ បើសិន​ជាលោក​​មិនយល់ព្រម​ទទួល​យក​ច្បាប់​ថវិកា​បោះឆ្នោត កាលពីថ្ងៃ​ម្សិលមិញ។

ប៉ុន្តែ តាម​ការស្រង់មតិ​របស់​ទូរទស្សន៍ CNN​ប្រជាជន​អាមេរិកាំង​ជាង ៥១ភាគរយ​បាន​យល់​ថា គឺ​ក្រុមសាធារណរដ្ឋ​ទេ ដែល​ជាអ្នកទទួល​ខុសត្រូវ​លើ​ការជាប់គាំង​បញ្ហាថវិកា​លើកនេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ