អាមេរិកចង់ធ្វើអន្តរាគមន៍យោធាដើម្បីបិទបញ្ចប់របបផ្តាច់ការកាដាហ្វី
ការងើបបះបោរនៃប្រជាជនលីប៊ីប្រឆាំងនឹងរបបផ្តាច់ការរបស់ មូអាម៉ារកាដាហ្វីបានឈានមកដល់ថ្ងៃទី១៤ហើយ បច្ចុប្បន្ននេះកងកម្លាំងរបស់កាដាហ្វីក្តោបត្រួតត្រាបានតែនៅ ទីក្រុងទ្រីប៉ូលីប៉ុណ្ណោះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់គេគិតដាក់សម្ពាធយោធាឲ្យ យ៉ាងខ្លាំងក្លាដើម្បីធ្វើការទម្លាក់របបផ្តាច់ការកាដាហ្វី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទវិភាគរបស់ សៀក សារិន
សហរដ្ឋអាមេរិកចង់ទម្លាក់របបផ្តាច់ការកាដាហ្វីដោយប្រើគ្រប់មធ្យោបាយដែលខ្លួនមាន ដែលក្នុងនោះមានជាអាទិ៍៖
-ការបង្កើតឲ្យមានតំបន់មួយដែលហាមឃាត់ពុំឲ្យមានយន្តហោះហោះហើរឆ្លងកាត់។ ទាំងនេះដើម្បីខាឃាំងកុំឲ្យកងកម្លាំងអាកាសរបស់កាដាហ្វីអាចមានលទ្ធភាពប្រើយន្តហោះរបស់ខ្លួនទៅធ្វើការទម្លាក់គ្រាប់បែកឬបាញ់សម្លាប់ប្រជាជនលីប៊ីស្លូតត្រង់។ នេះជាសារដែលបានប្រកាសឲ្យសហគមន៍អន្តរជាតិដឹងកាលពីម្សិលមិញដោយលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកហ៊ីឡារីគ្លីនតុននៅទីក្រុងហ្សឺណែវ។
-សហរដ្ឋអាមេរិកក៏ត្រូវពិភាក្សារិះរកជាបន្ទាន់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប អារ៉ាប់ និងអាហ្វ្រិករបស់ខ្លួននូវ “យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព” មួយសម្រាប់ជួយការពារប្រជាជនស្លូតត្រង់លីប៊ីឲ្យគេចផុតពីការសម្លាប់រង្គាលយ៉ាងលីលារបស់មូអាម៉ារកាដាហ្វី។
-លោកស្រីគ្លីនតុនក៏បានបញ្ជាក់ឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយសព្វបែបយ៉ាងឲ្យដល់បក្សប្រឆាំងលីប៊ីដែលកំពុងវាយប្រយុទ្ធផ្តួលរំលំរបបផ្តាច់ការកាដាហ្វី។
-លោកស្រីគ្លីនតុនបានថ្លែងបរិហារផងទៀតនៅមុខក្រុមប្រឹក្សាការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា មូអាម៉ារកាដាហ្វីបានជួលអ្នកស៊ីឈ្នួលធ្វើសង្គ្រាមនិងក្រុមយូកូមកវាយប្រហារយ៉ាងសែនសាហាវទៅលើប្រជាជនលីប៊ីស្លូតត្រង់។ ហើយលោកស្រីគ្លីនតុនបានប្រកាសអំពាវនាវឲ្យបញ្ឈប់ទង្វើឧក្រិដ្ឋកម្មទាំងនេះជាបន្ទាន់។ មេដឹកនាំរបបផ្តាច់ការលីប៊ីមូអាម៉ារកាដាហ្វីនិងបរិវារត្រូវមានការទទួលខុសត្រូវនៅមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។
សហរដ្ឋអាមេរិកបានបន្ថែមសម្ពាធរបស់ខ្លួនទៅលើកាដាហ្វី ដោយបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់ដែនសមុទ្រនៃប្រទេសលីប៊ី។ ជាផ្លូវការនាវាពីរគ្រឿងនេះមានបេសកកម្មជំនួយមនុស្សធម៌។ ក៏ប៉ុន្តែនៅទីក្រុងហ្សឺណែវ លោកស្រីគ្លីនតុនបានថ្លែងឲ្យដឹងថា នាវាអាមេរិកនេះអាចមានលទ្ធភាពនឹងធ្វើអន្តរាគមន៍យោធា។
ក្រោយពីបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទទី២៨កុម្ភៈឆ្នាំ២០១១ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិបានចាប់ធ្វើការអង្កេតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តដោយមូអាម៉ារកាដាហ្វីនៅប្រទេសលីប៊ី។ អ ស ប បានទាមទារឲ្យមានការប្តឹងចាប់ខ្លួនអ្នកទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តចាប់តាំងពីថ្ងៃទី១៥កុម្ភៈឆ្នាំ២០១១ដែលជាថ្ងៃចាប់ផ្តើមមានការបះបោររបស់ប្រជាជនលីប៊ីប្រឆាំងផ្តួលរំលំរបបផ្តាច់ការរបស់មូអាម៉ារកាដាហ្វី។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចចិត្តមួយដែលបានអនុម័តជាឯកច្ឆ័ន្ទនៅថ្ងៃទី២៦កុម្ភៈឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខនៃអ ស ប បានទាមទារឲ្យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិធ្វើការអង្កេតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តនៅប្រទេសលីប៊ី។
លោកស្រីគ្លីនតុនបានបញ្ជាក់ឲ្យដឹងពីវិធានការបន្ថែមទៅលើទណ្ឌកម្មដែលបានអនុម័តដោយអ ស ប មានជាអាទិ៍៖
-ការហាមឃាត់ពុំលក់សព្វាវុធឲ្យប្រទេសលីប៊ី។
-ការឃាត់ផ្អាប់ទុកប្រាក់របស់អ្នកដឹកនាំលីប៊ី។
-ការហាមឃាត់ពុំឲ្យធ្វើដំណើរទៅក្រៅប្រទេសដោយពុំផ្តល់ទិដ្ឋាការឲ្យអ្នកដឹកនាំលីប៊ី។ ជាពិសេសមួអាម៉ារកាដាហ្វីនិងក្រុមគ្រួសារ។
-ចំណែកឯធនាគារអាមេរិកឯណោះវិញ គេបានឃាត់ផ្អាប់ទុកនូវប្រាក់ប្រមាណ៣០ពាន់លានដុល្លាររបស់មូអាម៉ារកាដាហ្វីកាលពីចុងសប្តាហ៍កន្លងទៅនេះ។
បើកាដាហ្វីពុំចង់ស្លាប់តាយហោងទេត្រូវតែសុខចិត្តនិរទេសខ្លួនទៅនៅឯបរទេស។ ក៏ប៉ុន្តែ បញ្ហានៅត្រង់ថាតើមានប្រទេសណាទៅដែលយល់ព្រមទទួលយកមេដឹកនាំផ្តាច់ការលីប៊ីឲ្យជ្រកនៅ។ ហើយបើទុកជានិរទេសខ្លួនទៅជ្រកនៅឯបរទេសក៏គង់តែតុលាការព្រហ្មទណ្ឌអន្តរជាតិតាមចាប់ខ្លួនយកមកជម្រះក្តីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តនៅប្រទេសលីប៊ីដដែលជាដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ