អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ដូណាល់ ត្រាំ ​រៀបចំ​ក្រុម​ការងារ​ដើម្បី​ទទួល​តំណែង ​ខណៈ​បាតុកម្ម​ប្រឆាំង​កំពុង​បន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

៣ថ្ងៃ​បន្ទាប់​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី ​ លោក​ដូណាល់ត្រាំ ​បាន​ចាប់​ផ្តើម​ពន្លឿន​ល្បឿន​ការងារ​ ដោយ​បាន​ចាត់តាំង​ក្រុម​ការងារ ​ដើម្បី​ធ្វើការ​ទទួល​សំណុំ​ឯកសារ​ពី​ក្រុម​ការងារ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា។ ដោយឡែក ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ ​ប្រធានាធិបតី​ទើប​ឈ្នះ​ឆ្នោត​ថ្មី ​ នៅតែ​បន្ត​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​ធំៗ ​ទូទាំង​សហរដ្ឋ​អាមេរិក ​និង​កាន់​តែ​ធំៗ​ទៅ។ វាសនា​សហរដ្ឋ​អាមេរិក ​សំណុំ​រឿង​អន្តរជាតិ ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​ជាច្រើន ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​ ដោយសារ​គ្រប់គ្នា ​មិន​អាច​ស្មានចិត្ត​ដឹង​ពី​គោល​ជំហរ​របស់​លោក​ដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ និង​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃ​ទី​​១០ វិច្ឆិកា ២០១៦
លោកដូណាល់ ត្រាំ និង​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃ​ទី​​១០ វិច្ឆិកា ២០១៦ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេល​នេះ​ទៅ ​ លោក​ដូណាល់ ត្រាំ ​មាន​ពេល​២ខែ​ ដើម្បី​ទទួល​ការងារ​ ផ្ទេរ​ឲ្យ​ដោយ​រដ្ឋបាល​របស់​លោក​អូបាម៉ា ​មុន​ឈាន​ទៅ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅថ្ងៃ​ទី​​២០​ មករា​​ខាង​មុខ​នេះ។ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ​ត្រូវ​ធ្វើការ​ផ្ទេរ​សំណុំ​ឯកសារ​ការងារ​ ព្រមទាំង​ធ្វើការ​ប្រជុំ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ ​ទៅ​ឲ្យ​ក្រុម​ការងារ​របស់​ប្រធានាធិបតី​ថ្មី។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ លោក​ដូណាល់ ត្រាំ ​ បាន​ចូល​ទៅ​ជួប​លោក​អូបាម៉ា ​នៅ​សេតវិមាន​ ហើយ​លោក​អូបាម៉ា ​បាន​សន្យា​ថា​រដ្ឋបាល​លោក ​ និង​ចាត់ចែង​ធ្វើ​ការ​ផ្ទេរ​ការងារ​ទាំងអស់​ ឲ្យ​រលូន​តាម​សំរួល​ ដោយ​ល្អ​បំផុត ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្មី ​ អាច​ចាប់​ផ្តើម​ការងារ ​ដឹកនាំ​ប្រទេស​ យ៉ាង​មាន​ប្រសិទ្ធិភាព។

 
ដូណាល់ ត្រាំ​តែងតាំង​ Mike Pence​ជា​ប្រធាន​ក្រុម​ការងារ​អន្តរកាល ​តែ​មិន​ភ្លេច​កូន​ប្រុសស្រី៖
កាល​ពីល្ងាច​ថ្ងៃ​សុក្រ ទី​១១ វិច្ឆិកា​ លោក​ដូណាល់ ត្រាំ ​បាន​ចាប់ផ្តើម​ពន្លឿនល្បឿន​ការងារ។ គាត់​បាន​ចេញ​លិខិត​ប្រកាស​មួយ ​ ដោយ​បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុម​ការងារ​សម័យ​អន្តរកាល​ ដើម្បី​ទទួល​ការងារ​ពី​រដ្ឋបាល​លោក​អូបាម៉ា។ តាម​ការ​ឲ្យ​ដឹង ​លោក​ដូណាល់ ត្រាំ ​បាន​ប្រគល់​កិច្ចការ​នេះ​ ទៅ​ឲ្យ​លោក​ Mike Pence ​ដែល​នឹង​ក្លាយ​ជា​អនុប្រធានាធិបតី ​ជា​អ្នក​ដឹកនាំ។ នៅ​ក្នុង​ក្រុម​ការងារ​នេះ ​មាន​មនុស្ស​សំខាន់ៗ ​ជំនិត​របស់​លោក​ដូណាល់ ត្រាំ​ផ្សេង​ទៀត ​ដូចជា ​លោក​ Rudy Giuliani ​អតីត​អភិបាល​ក្រុង​ New York ​លោក​ Newt Gingrich ​អតីត​ប្រធាន​សភា​តំណាង  ​លោក​Reince Priebus ​ប្រធាន​គណបក្ស​សាធារណរដ្ឋ ​និង​លោក ​Jeff Sessions ​សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ​Alabama។

ក្រៅ​ពី​មនុស្ស​ជំនិត​របស់​លោក​ដូណាល់ ត្រាំ ​ដែល​ជា​អ្នក​នយោបាយ​ធំៗ​ទាំងនេះ ​ គឺ​នៅ​មាន​កូន​ប្រុស​ស្រីគាត់​ គឺ​លោក ​Donald Trump Jr ​លោក ​Eric Trump ​លោកស្រី ​Ivanka Trump ​និង​កូន​ប្រសារ​ប្រុស​គាត់​ ផងដែរ ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ការងារ ​ចាត់ចែង​ការ​ទទួល​អំណាច​នេះ។ ក្នុង​ខណៈ​ពេល​នេះ ​ យើង​នៅ​មិន​ទាន់​ដឹង​អំពី​សមាសភាព​រដ្ឋាភិបាល​ថ្មី ​ថា​អុ្នក​ណា​នឹង​ធ្វើ​ជា​រដ្ឋមន្ត្រី​អី​នៅ​ឡើយ​ទេ ​ តែ​​បើ​តាម​ការ​ស្មាន ​មនុស្ស​ទាំង​អំបាលម៉ាណ​ខាង​លើនេះ​ សុទ្ធតែ​ជា​មនុស្ស​ស្និទ ​នឹង​គាំទ្រ​លោក​ត្រាំ​ពេញ​ទំហឹង។ ដូច្នេះ ​មនុស្ស​ទាំង​អស់​នេះ ​អាច​នឹង​មាន​ឈ្មោះនៅ​តាម​ក្រសួង​ធំៗ ​មិន​ខាន​ទេ។
 
ដូណាល់ត្រាំ ​ក្រោយ​ជាប់ឆ្នោត ​ស្លូត​ជាង​មុន?
តាម​ការ​សង្កេត ​គេ​យល់ថា​ លោក​ដូណាល់ ត្រាំ​ បា​នផ្លាស់ប្តូរ​ឥរិយាបថ​ច្រើន ​ក្រោយ​ពេល​ជាប់ឆ្នោត ​ពោល​គឺ​លោក​ដូណាល់​ ​ត្រាំ​ពេល​ឃោសនា ​បោះឆ្នោត​ដែរ​ជា​មនុស្ស​សម្តី​ខ្លាំងៗ ​សម្តី​រើសអើង​ប្រកាន់​ពូជសាសន៍ ​សម្តី​បែប​កោងកាច​នោះ ​ ហាក់​បន្ទន់​មក​ស្លូត​បន្តិច​វិញ។

ជា​ការពិត​មែន ​ ជា​ពិសេស​ក្នុង​ឱកាស​ជួប​ប្រជុំ​ជា​មួយលោក​អូបាម៉ា ​ លោក​ដូណាល់ ត្រាំ ​ដែល​ធ្លាប់​តែជេរ​ប្រមាថ ​ រិះគន់​លោក​អូបាម៉ា ​កប់ៗ​មាត់ ​បែរ​ជា​អង្គុយ​និយាយ​បែប​យ៉ាង​ស្លូត​បូត​ ព្រម​ទាំង​បាន​និយាយ​ថា​ខ្លួន​មាន​កិត្តិយស​ណាស់ ​ដែល​បាន​ជួប​ប្រាស្រ័យ​ជាមួយ​លោក​អូបាម៉ា ​ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា ​ លោក​ត្រូវការ​ជួប​លោក​អូបាម៉ា ​ច្រើន​ដង​ទៀត​ ដើម្បី​ប្រឹក្សា​យោបល់។ ក្នុង​ឱកាស​នោះ ​ ទាំង​អ្នក​សារព័ត៌មាន ​ ទាំង​អ្នក​នយោបាយ ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​លោក​ដូណាល់ ត្រាំ ​មិន​បាន​សម្តែង​អាកប្បកិរិយា​ក្រអឺតក្រទម ​ បែប​កោងកាច ​រឺ​មាន​ពាក្យ​សម្តី​ជ្រុល​ហួសហេតុ ​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក ​ ក្នុង​ពេល​ឃោសនា​ទេ។

ចំណុច​មួយ​ទៀតនោះ​ គឺ​លោក​ដូណាល់ ត្រាំ ​បាន​ធ្វើ​សន្ទរកថា ​បន្ទាប់​ពី​បាន​ទទួល​លទ្ធផល​ឆ្នោត ​ ដោយ​​និយាយថា​ លោក​នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ ក្នុង​នាម​ជា​ប្រធានាធិបតី​របស់​ប្រជាជន​អាមេរិក​ទាំង​អស់​គ្នា។ គឺ​ពាក្យ​ចុងក្រោយ ​ “ទាំងអស់​គ្នា” ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង។ កាល​ពី​ពេល​ឃោសនា​បោះឆ្នោត ​លោក​ត្រាំ ​បាន​ញុះញ៉ង់ ​ឲ្យ​មាន​ការ​បែកបាក់ ​ ឲ្យ​មនុស្ស​ស្អប់គ្នា​ ដោយ​គាត់​ចង់​ឲ្យ​អាមេរិក​វិល​ត្រលប់​ទៅ​រក​អតីតកាល​វិញ ​ដែល​ជា​ប្រទេស​មាន​តែ​មនុស្ស​ស្បែក​ស​ជា​អ្នក​មាន​សិទ្ធិ​អំណាច ​ឯមនុស្ស​ស្បែក​ខ្មៅ​ គឺ​ជា​ទាសករ។ តែ​ពេល​នេះ ​គាត់ថា ​គាត់​ចង់​ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រជាជន​អាមេរិក​ទាំង​អស់​គ្នា ​ដែល​វា​មាន​ខ្លឹមសារ​ប្រមូល​ផ្តុំ ​ឱបក្រសោប​និង​សាមគ្គី​គ្នា​ ជា​ជាង​ការ​បែកបាក់។

ដូណាល់ត្រាំ ​អាច​ប្តូរចិត្ត ​មិន​លប់​ច្បាប់​ Obamacare៖
ចំណុច​មួយ​ទៀតដែរ ​គឺ​ទាក់ទិន​ទៅនឹង​ ច្បាប់​ធានា​រ៉ាប់រង​សុខភាព​រដ្ឋ​ ​រឺហៅ​ថាObamacare  ​ដែល​លោក​ដូណាល់ត្រាំ ​បាន​ស្រែក​ហើយ​ស្រែក​ទៀត​ថា ​លោក​នឹង​លប់​ចោល ​នៅ​ពេល​ឡើង​កាន់​អំណាច ​តែ​ពេល​នេះ ​ គាត់​បែរ​ជា​និយាយ​ថា ​កាត់​កំពុង​ពិចារណា ​ថា​នឹង​មិន​លប់​ចោល​ទេ​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែប្រែ​ខ្លឹមសារ ​នៃ​មាត្រា​មួយ​ចំនួន​ តែ​ប៉ុណ្ណោះ។ លោក​ដូណាល់ត្រាំ​និយាយ​បែប​នេះ ​ ​គឺ​នៅ​ក្រោយ​ពេល​បាន​ជួប​ជាមួយ​លោក​អូបាម៉ា ​ហើយ​គាត់​ថា ​លោក​អូបាម៉ា ​បាន​និយាយ​ពន្យល់​គាត់​ច្រើន​ អំពី​សារៈសំខាន់​នៃ​ច្បាប់​នេះ ​ ដែល​អនុញ្ញាតិ​ឲ្យ​ប្រជាជន​អាមេរិក​ក្រីក្រ​ប្រមាណ​២២លាន​អ្នក​ អាច​មាន​លទ្ធភាព​ទទួល​សេវា​សុខភាព​របស់​រដ្ឋ។ លោក​អូបាម៉ា ​បាន​សុំ​ឲ្យ​លោក​ត្រាំ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ​មុន​នឹង​សម្រេច​ចិត្ត​លប់​ច្បាប់​នេះ ​ ហើយ​ដោយ​ការ​គោរព​ចំពោះ​លោក​អូបាម៉ា ​លោក​ដូណាល់ ត្រាំ​ បាន​សន្យា​ថា​លោក​នឹង​ពិចារណា​ឲ្យ​បាន​ច្បាស់។

បាតុកម្ម​ប្រឆាំង​លោកត្រាំ ​មានកាន់​តែ​ច្រើន ​និង​កាន់តែ​ធំ៖
យើងឃើញ​ថា ​ចំណុច​ទាំង​អស់​នេះ ​បង្ហាញ​ថា​ លោក​ត្រាំពី​មុន ​ នឹង​លោក​ត្រាំ​ឥឡូវ​មិន​ដូច​គ្នា​ប៉ុន្មាន​ទេ។ តែ​យ៉ាណាក៏​ដោយ​  ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​បន្តិច​បន្តួច​នេះ ​ នៅ​មិន​ទាន់​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មួយ​ចំនួន​ធំ ​ ស្ងប់​ចិត្ត​បានទេ។ ជាក់ស្តែង​បាតុកម្ម​នៅ​តែ​បន្ត​ធ្វើ ​នៅ​​តាម​ទីក្រុង​ធំៗ​នានា។ បាតុកម្ម​ទាំង​នោះ​ មិ​នមែន​គេ​តវ៉ា ​ពី​លទ្ធផល​បោះឆ្នោត​ទេ ​ ​តែ​គេ​តវ៉ា​ឲ្យ​លោក​ដូណាល់ ត្រាំ ​ធ្វើការ​កែប្រែ​គោលជំហរ ​ ព្រោះ​កម្មវិធី​នយោបាយ​គាត់​ក្នុង​ពេល​ឃោសនា ​គឺ​គេ​មិន​អាច​ទទួល​យក​បាន​ទេ។ វាសនា​របស់​សហរដ្ឋ​អាមេរិក​​ កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​គាត់។ ប្រជាជន​ដែល​មក​ធ្វើ​បាតុកម្ម ​គេ​មាន​ការ​ព្រួយបារម្ភ​ ពី​​វាសនា​របស់​សហរដ្ឋ​អាមេរិក ​បើសិន​ជា​លោក​ត្រាំ ​អនុវត្ត​កម្ម​វិធី​នយោបាយ​ដូច​ដែល​គាត់​បាន​ឃោសនា។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​ TPP​ ស្ថិត​ក្នុង​កណ្តាប់ដៃ​រដ្ឋាភិបាល​ថ្មី៖
ក្នុងពេល​ឃោសនា ​លោកត្រាំ​ បាន​សន្យា​ថា​នឹង​លប់​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ ​ទាំង​អា​ចុះ​ហត្ថលេខា​ហើយ ​ ទាំង​អា​កំពុង​តែ​ចរចា។ ឧទាហរណ៍ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាមេរិក​ខាងជើង​ ហៅ​កាត់​ថា​ Alena ​រវាង​អាមេរិក​ កាណាដា ​និង​មិចស៊ិចកូ ​ដែល​បាន​អនុម័ត​រួច​ហើយ ​និង​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក ​ហៅ​កាត់​ថា ​TPP ​ដែល​កំពុង​គ្រោង​រៀបចំ​អនុម័ត​ផ្តល់​សច្ចាប័ន ​ជាដើម។

កាលពី​ថ្ងៃ​សុក្រ ​ទី​១១ វិច្ឆិកា​ លោក​អូបាម៉ា ​ទើប​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​លោក​ បាន​សម្រេច​ព្យួរ​នីតិវិធី​អនុម័ត​កិច្ច​ព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​TPP ​ ហើយ​ប្រគល់​ការងារ​នេះ​ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ត្រាំជា​អ្នក​ធ្វើ។ នៅ​សប្តាហ៍​ក្រោយ ​លោក​អូបាម៉ា ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉េរូ ​ដើម្បី​ចូលរួម​ជំនួប​កំពូល​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​ចំនួន​១១​ប្រទេស ​ដែល​ជា​ប្រទេស​សាម៉ី ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ក្នុង​នោះ​ក៏​មាន​ចិន​ដែរ។ លោក​អូបាម៉ា ​នឹង​ព្យាយាម​ពន្យល់​ពី​បញ្ហា​នេះ​ ទៅ​កាន់​ប្រទេស​ដែល​ជាប់​ទាក់ទង ​ហើយ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​វាសនា​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក​ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ដូណាល់ត្រាំ ​និង​សភា​ទាំង​ពីរ​របស់​អាមេរិក។

កិច្ច​ព្រមព្រៀង​ស្តី​ពី​អាកាសធាតុ៖​លោក​បាន គីមូន ​មាន​សុទិដ្ឋិនិយម​លើ​លោកត្រាំ
ទាក់ទិន​ទៅនឹង ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ ស្តីពី​អាកាសធាតុ ​ លោក​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​ថា​លោក​មាន​សុទិដ្ឋិនិយម​ច្រើន​ ដោយ​លោក​ជឿ​ថា​ លោក​ដូណាល់ត្រាំ ​ប្រាកដ​ជា​យល់​ពី​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​​ ហើយ​នឹង​ធ្វើការ​ប្តូរ​គំនិត ​ មិន​ដូច​ពេល​ឃោសនា​បោះឆ្នោត​ទេ។

លោក​បាន គីមូន​ បាន​ទូរស័ព្ទ​ទៅ​និយាយ​ពី​បញ្ហា​នេះ ​ ជាមួយ​លោក​ដូណាល់ ត្រាំ ​ដោយ​បាន​ពន្យល់​លោក​ត្រាំថា​ បើ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​​ស្តីពី​អាកាសធាតុ​ នោះ​អាមេរិក​នឹង​បំផ្លាញ​កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ដ៏​ទៃ ​ ហើយ​អាមេរិក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ លោក​បាន គីមូន ​ក៏​បាន​បន្ថែម​ថា ​លោក​នឹង​ជួប​លោក​ដូណាល់​ត្រាំ ​ ដោយ​ផ្ទាល់ ​ក្នុង​ពេល​ឆាប់ៗ​នេះ ​ មុន​ដាច់ឆ្នាំ​២០១៦ ​ ពោលគឺ​មុន​ពេល​អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ ​ចូល​កាន់​តំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ